ក្រសួងថាជនជាតិចិនឆ្លងមេរោគនៅព្រះសីហនុនោះបាត់មេរោគហើយ

អ្នកជំងឺជាជនជាតិចិន អាយុ៦០ឆ្នាំ​ ដែលឆ្លងមេរោគកូរ៉ូណា ត្រូវបានដាក់ឱ្យស្នាក់នៅក្នុងបន្ទប់ដោយឡែកក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC/ ៣ កុម្ភៈ ២០២០)

ក្រសួងសុខាភិបាលកម្ពុជាអះអាងថា លទ្ធផលពិសោធន៍លើកទី១ កាលពីថ្ងៃទី៥ ខែកុម្ភៈ ​ម្សិលមិញ លើជនជាតិចិន​ដែលរកឃើញថា ផ្ទុកមេរោគកូរ៉ូណានៅក្នុងខេត្តព្រះសីហនុនោះ គឺរកមិនឃើញមេរោគទៀតទេ។​

តាមទំព័រហ្វេកប៊ុករបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបញ្ជាក់ថា លទ្ធផលមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រ លើកទី១ ពិនិត្យលើបុរសជនជាតិអាយុ៦០ឆ្នាំ ឈ្មោះ Jia Jianhua គឺអវិជ្ជមាន បានន័យថា រកមិនឃើញមេរោគ។​

ក្រសួង៖ «ជនជាតិចិនដែលឆ្លងមេរោគកូរ៉ូណាវីរុសប្រភេទថ្មី​ នៅក្រុងព្រះសីហនុ លទ្ធផលមន្ទីរពិសោធន៏បង្ហាញថា អវិជ្ជមានជាលើកទី១​ ដោយមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ នៅថ្ងៃទី​៥​ កុម្ភ:​ ២០២០ តែយើងនៅតែបន្តដាក់គាត់ក្នុងមន្ទីររពេទ្យដដែល បន្តតាមដានសុខភាព​»

ទោះយ៉ាងណា ក្រសួងមិនបានបញ្ជាក់ថា ជនជាតិចិនរូបនេះជាសះស្បើយពីជំងឺ ឬយ៉ាងណាទេ គ្រាន់បញ្ជាក់ថា នៅបន្តរក្សាបុរសរូបនេះនៅដាច់ដោយឡែកពីគេ ដើម្បីបន្តតាមដាន។​ ចំពោះការបន្តរក្សាឱ្យនៅដាច់ដោយឡែកនេះ ក៏មិនបានកំណត់ពេលណាត្រូវបញ្ចប់ដែរ។​

ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសកាលពីថ្ងៃទី២៧ ខែមករា ថា បានរកឃើញមេរោគកូរ៉ូណា លើជនជាតិចិនឈ្មោះ Jia Jianhua នៅក្នុងខេត្តព្រះសីហនុ។ បុរសរូបនេះធ្វើដំណើរមកពីទីក្រុងវូហាន ប្រទេសចិន​មកកម្ពុជា ជាមួយក្រុមគ្រួសារ៣នាក់ផ្សេងទៀត។ ក្រសួងសុខាភិបាលបញ្ជាក់ថា ក្រុមគ្រួសារ៣នាក់ផ្សេងទៀតរបស់លោក Jia Jianhua នៅតែបន្តរក្សាទុកឱ្យនៅដាច់ដោយឡែកពីគេ បន្តតាមដាន ទោះរកមិនឃើញមេរោគកូរ៉ូណាក៏ដោយ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ