ចំនួនសិស្សស្រីបោះបង់ចោលការសិក្សាបន្តកើតឡើង
វិទ្យាល័យអន្តេវាសិកដ្ឋាន ក្នុងក្រុងបានលុង ខេត្តរតនគិរី គឺជាទីកន្លែងដែលកំពុងតែផ្តល់ការសិក្សា និងជម្រក ដល់សិស្សដែលធ្វើដំណើរមកពីតំបន់ដាច់ស្រយាលនៃខេត្តនេះ។ នាយកសាលាវិទ្យាល័យអន្តេវាសិកដ្ឋាន លោក ឡាក់ ឈាងឡាយ ប្រាប់អ្នកយកព័ត៌មានថា សិស្សដែលមកស្នាក់នៅក្នុងអគារគិតត្រឹមឆ្នាំ២០១៩នេះ មានសរុប៦០០នាក់ ក្នុងនោះមានសិស្សជាយុវតីជាង៥០ភាគរយ។ លោកថា សិស្សទាំងនោះ គឺមកពី៨ស្រុកផ្សេងគ្នា រួមមាន ស្រុកអូរជុំ អណ្តូងមាស អូរយ៉ាដាវ និងស្រុកវើនសៃជាដើម។
លោក ឡាក់ ឈាងឡាយ ប្រាប់ថា នៅឆ្នាំ២០១៩ មានសិស្សសរុប៧៩៦នាក់ ក្នុងនោះមានសិស្សស្រី៤២៨នាក់។ នៅក្នុងចំណោមសិស្សទាំងនោះ មានសិស្សប្រុស៥៥នាក់ និងសិស្សស្រី១៨នាក់ បោះបង់ការសិក្សា។ លោកថា ពួកគេគឺជាសិស្សរៀនចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២។ បើតាមលោក ឡាក់ ឈាងឡាយ អ្នកដែលបោះបង់ចោលការសិក្សា គឺ៩១ភាគរយជាជនជាតិដើមភាគតិច។

លោកថា៖ «កត្តាដែលនាំឱ្យពួកគេបោះបង់ការសិក្សា ដោយសារបញ្ហាសុវត្ថិភាពធ្វើដំណើរ (ផ្ទះឆ្ងាយពីសាលារៀន) ប្រពៃណី និងជួយធ្វើការងាររកប្រាក់ទ្រទ្រង់ជីវភាពគ្រួសារជាដើម។»
បើតាមរបាយការណ៍សាលាវិទ្យាល័យអន្តេវាសិកដ្ឋានឆ្នាំ២០១៩ បានឱ្យដឹងថា សាលាបង្រៀនដែលផ្តល់ទីកន្លែងស្នាក់នៅដល់សិស្សទូទាំងខេត្តរតនគិរី រួមមានចំនួន៩កន្លែងផ្សេងគ្នា ដូចជា វិទ្យាល័យអន្តេវាសិកដ្ឋាន វិទ្យាល័យសម្តេចឪ សម្តេចម៉ែ វិទ្យាល័យអណ្តូងមាស វិទ្យាល័យបរកែវ វិទ្យាល័យត្រពាំងក្រហម វិទ្យាល័យលំផាត់ អនុវិទ្យាល័យអូរជុំ អនុវិទ្យាល័យតាវែង និងអនុវិទ្យាល័យអូរយ៉ាដាវ។
យោងតាមរបាយការណ៍របស់មន្ទីរអប់រំខេត្តរតនគីរីឆ្នាំ២០១៩ បង្ហាញថា ចំនួនសិស្សដែលបានបោះបង់ចោលការសិក្សាក្នុងខេត្តនេះបានកើនឡើងចាប់តាំងពីឆ្នាំ២០១៦។ ចំនួនសិស្សបោះបង់ការសិក្សាក្នុងឆ្នាំសិក្សា២០១៦-២០១៧ មាន២៧.៧ភាគរយ ក្នុងនោះ២២.១ភាគរយគឺជាយុវតី។ នៅឆ្នាំសិក្សា២០១៧-២០១៨ មានសិស្សបោះបង់ចោលការសិក្សា២៦.៨ភាគរយ ប៉ុន្តែ ចំនួនសិស្សស្រីបានកើនឡើងដល់២៩.៣៧ភាគរយ។ ដាច់ដោយឡែក ក្នុងឆ្នាំសិក្សា២០១៨-២០១៩ ចំនួនសិស្សបោះបង់ចោលការសិក្សាបានធ្លាក់ចុះបន្តិចមកវិញ គឺ១៩.៧ភាគរយ ចំនួនសិស្សស្រីគឺ១១.៤៩ភាគរយ។ [សូមកែតម្រូវកថាខណ្ឌនេះនៅចុងបញ្ចប់នៃអត្ថបទ]
មូលហេតុមួយនៅក្នុងចំណោមមូលហេតុនៃការបោះបង់ចោលការសិក្សាគឺសុវត្ថិភាពរបស់យុវតីវ័យក្មេង
លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំខេត្តរតនគីរី។ លោកបានលើកឡើងពីការព្រួយបារម្ភមួយរបស់លោក។

«ពួកខ្ញុំតែងតែជំរាបជូនសមត្ថកិច្ចពាក់ព័ន្ធអំពីការព្រួយបារម្ភរបស់យើង រឿងនៅក្រៅសាលា អញ្ចឹងយើងឃើញនៅតាមផ្លូវប៉ូលីសគេដាក់ផ្លាកលេខហត់ឡាញ (Hotline) ថា មានបញ្ហាអ្វីទាក់ទង។ ហើយនាយកសាលាក៏មានលេខទូរសព្ទទាក់ទង និងសមត្ថកិច្ចដែលពាក់ព័ន្ធទាំងអស់ តាំងពីប៉ុស្តិ៍ តាំងពីប៉េអ៊ឹម អធិការដ្ឋាននគរបាលស្រុក គឺគេមានទាំងអស់ បើមានរឿងអ្វី ងាយស្រួលទាក់ទងឆ្លើយឆ្លងគ្នា»។
ការរំលោភសម្លាប់ធ្វើឱ្យមានការព្រួយបារម្ភសម្រាប់យុវតីជនជាតិដើមភាគតិច និងឱពុកម្តាយរបស់ពួកគេ
នៅឆ្នាំ២០១៩នេះ យុវតីឈ្មោះ កេល ស្រីតូច មានអាយុ១៧ឆ្នាំ។ នាងរៀនថ្នាក់ទី១២ នៃវិទ្យាល័យអន្តេវាសិកដ្ឋាន ក្នុងក្រុងបានលុង ខេត្តរតនគិរី ហើយស្នាក់នៅទីនោះតែម្តង។ គាត់ស្នាក់នៅក្នុងបន្ទប់មួយដែលមានទទឹងប្រហែល៤ម៉ែត្រ និងបណ្តោយប្រហែល៦ម៉ែត្រ ជាមួយមិត្តភក្តិប្រហែលជា២០នាក់ ។
យុវតី កេល ស្រីតូច បានមកស្នាក់នៅ និងរៀនសូត្រទីនេះរយៈពេល៦ឆ្នាំមកហើយ ដើម្បីបន្តការសិក្សារបស់គាត់។ ប្រសិនបើមិនស្នាក់នៅទីនេះទេ នាងត្រូវធ្វើដំណើរទៅផ្ទះរបស់នាងដែលមានចម្ងាយ៥០គីឡូម៉ែត្រពីទីរួមខេត្តរតនគីរី។
ស្រីតូច និងឱពុកម្តាយរបស់នាង រស់នៅភូមិចាងរ៉ា ឃុំបាតាង ស្រុកលំផាត់។ នាងនិយាយថា ជាង១ឆ្នាំកន្លងទៅនេះ នាងមិនហ៊ានធ្វើដំណើរទៅស្រុកកំណើតតែម្នាក់ឯងនោះទេ។

នាងនិយាយថា៖ «ហើយណាមួយវាផ្លូវស្ងាត់ ព្រៃកៅស៊ូ ហើយសម័យឥឡូវសំបូរទៅដោយអ្នកជក់ថ្នាំ»។
កាលពីមុនឆ្នាំ២០១៧ ស្រីតូច និងបងស្រីរបស់នាងឈ្មោះ កេល ស្រីលាភ តែងតែធ្វើដំណើរទៅលេងផ្ទះនៅពេលសម្រាកពីការសិក្សា។ ស្រីតូច និយាយថា នាងធ្វើដំណើរទៅផ្ទះកន្លះខែម្តងយ៉ាងតិច។ ប៉ុន្តែ កាលពីឆ្នាំ២០១៧ បងស្រីរបស់នាងគឺ ស្រីលាភ ត្រូវបានជនល្មើសរំលោភជាក្រុម និងសម្លាប់។
នាងនិយាយថា៖ «ពេលដឹងមូលហេតុ ពិសេសកើតលើបងស្រីរបស់ខ្លួនឯងផ្ទាល់ ផ្លូវឆ្ងាយ ជួនកាលចាប់ឃាតករមិនទាន់បាន អត់ទាន់អស់ យើងចេះតែព្រួយបារម្ភខ្លួនឯង ខ្លាចគេមកសងសឹក»។
កញ្ញា កេល ស្រីលាភ គឺជាសិស្សថ្នាក់ទី១១ នៅវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ស្ថិតនៅទីរួមខេត្តរតនគិរី។ នាងត្រូវបានជនល្មើសមួយក្រុមចាប់រំលោភ និងសម្លាប់ កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧។ សាកសពរបស់នាងត្រូវបានប្រទះឃើញនៅតាមដងផ្លូវត្រឡប់ទៅផ្ទះរបស់នាង។
យុវតីដូចជាស្រីតូច និងមិត្តភ័ក្ររបស់នាងផ្សេងទៀត ត្រូវធ្វើដំណើរឆ្លងកាត់ចំការកៅស៊ូ ចំការដំឡូងមី ស្ងាត់ជ្រងំ ប្រសិនបើពួកគេចង់ត្រឡប់ទៅស្រុកកំណើតរបស់ពួកគេ។
យុវតី កៅ ស្រីមី វ័យ១៧ឆ្នាំ រៀនថ្នាក់ទី១០ នៅវិទ្យាល័យអន្តេវាសិកដ្ឋាន។ នាងរស់នៅភូមិសាយ៉ស់ ឃុំកាលែង ស្រុកលំផាត់ ខេត្តរតនគិរី ដែលមានចម្ងាយ៥០គីឡូម៉ែត្រពីទីរួមខេត្តដែរ។

នាងនិយាយថា៖ «នៅពេលជិះទៅដល់ព្រៃកៅស៊ូ ស្ងាត់ គិតរហូត មិនដឹងស្រមើស្រមៃដល់ណាទេ ប្រហែលជាអារម្មណ៍ពេលហ្នឹងអត់មាននៅលើម៉ូតូ គិតថា ខ្លាចគេស្ទាក់អីចឹងទៅ ខ្លាចគេធ្វើអីចឹងទៅ គិតច្រើនមែនទែនលោកគ្រូ ពេលទៅដល់ហ្នឹង! តែនៅពេលជិះផុតពីន្លែងហ្នឹង ក៏លែងភ័យ»។
ម៉ូ ព្រៀក គឺជាយុវតីជនជាតិទំពួន។ នាងមានអាយុ១៨ឆ្នាំ និងមានទីលំនៅក្នុងភូមិបាតាង ឃុំបាតាង ស្រុកលំផាត់។ ព្រៀក និយាយថា នាងត្រូវហៅឪពុកម្តាយរបស់នាង ឬបងប្អូន ឬត្រូវធ្វើដំណើរជាក្រុមជាមួយមិត្តភក្តិប្រសិនបើនាងចង់ត្រឡប់ទៅលេងផ្ទះ។

នាងនិយាយថា៖ «ភូមិខ្ញុំជាភូមិដាច់ស្រយាល អត់មានសេវាទូរសព្ទ ចង់ទាក់ទងទៅម៉ែឪដែរ និយាយរួមតេអត់ចូល»។
នាងបន្តនិយាយទៀតថា៖ «ចង់មានសន្តិសុខការពារភូមិដើម្បីកម្ចាត់ជនខិលខូច រឿងស្ទាវជក់គ្រឿងញៀន ជនគ្រឿងញៀន ជួយឱ្យគេកាត់បន្ថយ ចង់ឱ្យគេជួយអប់រំ»។
របាយការណ៍របស់សមាគមអាដហុក ឱ្យដឹងថា យុវតីវ័យក្មេងដែលជាសិស្សសាលាចំនួន២នាក់ ត្រូវបានរំលោភសម្លាប់ គិតត្រឹមឆ្នាំ២០១៨។
ករណីកញ្ញា កេល ស្រីលាភ គឺជាករណីមួយក្នុងចំណោមករណីទាំង២នោះ។ ករណីយុវតី អាក់ ស៊ីង អាយុ១៨ឆ្នាំ រៀនថ្នាក់ទី១២ នៅវិទ្យាល័យភូមិថ្មី ខេត្តរតនគិរី គឺជាករណីទី២។ នាងត្រូវបានជនល្មើសចាប់រំលោភនៅក្បែរតូបលក់គ្រឿងទេសរបស់នាង កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៩យប់ ក្រោយពេលនាងត្រឡប់មកពីរៀនគួរវិញ។
ករណីរំលោភលើកុមារីក៏ត្រូវបានរាយការណ៍ផងដែរនៅក្នុងឆ្នាំ២០១៩
កុមារីម្នាក់ឈ្មោះ ថ.វ អាយុ៧ឆ្នាំ រៀននៅថ្នាក់ទី១ រស់នៅស្រុកវើនសៃ ត្រូវបានសាច់ញាតិរបស់នាងប៉ុនប៉ងចាប់រំលោភ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩។ ករណីរបស់កុមារី (ឈ្មោះ ក.ស) រស់នៅស្រុកអណ្តូងមាស គឺជាករណីដាច់ដោយឡែកមួយផ្សេងទៀត។ កុមារី ក.ស អាយុ៤ឆ្នាំរូបនេះ ត្រូវបានជនល្មើសឈ្មោះ សល់ ប៊ុង ចាប់រំលោភបានសម្រេច នៅថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៩។
ឪពុកបង្កើតរបស់កុមារី ឈ្មោះ ថ.វ រស់នៅស្រុកវើនសៃ និយាយថា គាត់បានសម្របសម្រួលជាមួយខាងជនល្មើសបញ្ចប់រឿង គឺមិនធ្វើពាក្យប្តឹងទៅតុលាការទេ ដោយសារ អ្នកដែលប្រព្រឹត្តត្រូវជាបងប្អូនរបស់គាត់ ហើយលោកមិនចង់ឱ្យប៉ះពាល់ដល់កិត្តិយសទាំងសងខាងនោះទេ។
របាយការណ៍សមាគមអាដហុកប្រចាំខេត្តរតនគិរី បានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ តុលាការបានសម្រេចចោទប្រកាន់ជនល្មើសឈ្មោះ សល់ ប៊ុង ដែលរំលោភកុមារី ក.ស ពីបទរំលោភសេព សន្ថវៈលើអនីតិជន និងផ្តន្ទាទោសដាក់ពន្ធនាគារ៧ឆ្នាំ។ បច្ចុប្បន្ន ជនឈ្មោះ សល់ ប៊ុង កំពុងជាប់ឃុំនៅក្នុងពន្ធនាគារខេត្តរតនគិរី។
លោក ឌិន ខន្នី មន្រ្តីអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគិរី និយាយថា ករណីរំលោភផ្លូវភេទលើស្ត្រី និងក្មេងស្រីជាសិស្សសាលាអាចមានច្រើនជាងនេះ។ លោកថា ករណីខ្លះ ជនរងគ្រោះមិនហ៊ានប្តឹង និងមិនដឹងប្តឹងនៅទីណា។
ចំណែក៩ខែ ឆ្នាំ២០១៩នេះ អាដហុកបានទទួលពាក្យបណ្តឹងពីករណីរំលោភកុមារី និងអនីតិជន សរុប៤ករណី គឺមិនមានករណីរំលោភសម្លាប់នោះទេ។
ក្នុងរបាយការណ៍របស់សមាគមអាដហុកដដែលបញ្ជាក់ថា បើទោះបីជាបទល្មើសរំលោភសម្លាប់មានចំនួនថយចុះ ក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០១៨ ប៉ុន្តែ បទល្មើសរំលោភនៅតែមានកំណើនច្រើនជាងមុន។ របាយការណ៍នេះនិយាយថា មានករណីរំលោភ៦ករណីត្រូវបានរាយការណ៍ ដែលក្នុងនោះ អាដហុកទទួលបានពាក្យបណ្តឹងពីជនរងគ្រោះផ្ទាល់ ចំនួន៤ករណី។
ពីរឆ្នាំក្រោយ ក្រុមគ្រួសាររបស់ជនរងគ្រោះរំលោភសម្លាប់និយាយថា ពួកគេនៅមិនទាន់ទទួលបានយុត្តិធម៌
វាមានរយៈពេលពីរឆ្នាំមកហើយដែលកូនស្រីរបស់លោក ខាំ ឡាកេល គឺកញ្ញា កេល ស្រីលាភ ត្រូវបានរំលោភសម្លាប់។ លោក ឡាកេល និយាយថា លោកមិនដែលឱ្យកូនស្រីរបស់លោក [ស្រីតូច] ធ្វើដំណើរទៅរៀន និងត្រឡប់មកលេងស្រុកកំណើតតែម្នាក់ឯងនោះទេ ព្រោះខ្លាចមានគ្រោះថ្នាក់ដូចបងស្រីនាង។
លោក ឡាកេល និយាយថា ជនល្មើសដែលមិនត្រូវបានចាប់ខ្លួន បានធ្វើឱ្យគាត់កាន់តែបារម្ភ និងអស់សង្ឃឹមពីយុត្តិធម៌សម្រាប់កូនស្រីរបស់លោកដែលស្លាប់។

លោកនិយាយថា៖ «ព្រោះ “សម្ពាធ ឌី” ប្រាប់ហើយ គ្នាមាន៤នាក់ គឺ៥នាក់ទាំងវា ឱ្យតែចាប់បានមួយ ខ្ញុំថាដូចជា មាន២ ឬ៣នាក់ហើយ។ ឥឡូវស្ងាត់ឈឹង អត់សោះ។ គេមិនបានចាប់ ក៏ខ្ញុំអត់ដឹង។ ចាប់តែ “សម្ពាធ ឌី” តែម្នាក់ឯង អស់សង្ឃឹមហ្នឹង»។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីមានការរំលោភសម្លាប់ស្រីលាភ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចចាប់ជនល្មើសបានតែម្នាក់ប៉ុណ្ណោះ ឈ្មោះ សម្ពាធ ឌី។ ចំណែកគូកនជាច្រើននាក់ទៀត បានរត់គេចខ្លួនរហូតមកដល់សព្វថ្ងៃនេះ។
ជនសង្ស័យឈ្មោះ សម្ពាធ ឌី និងគូកនដែលសមត្ថកិច្ចកំពុងតាមចាប់នោះរួមមាន ឈ្មោះ ឡុង ឈ្មោះភ័គ្រ និងឈ្មោះត្រា ជាដើម។
មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបាតាង លោក ប្លាង នា និយាយថា ជនល្មើសបួននាក់ទៀតចំណាកស្រុក ហើយតុលាការបានចេញដីការតាមចាប់ខ្លួនពួកគេ។
លោកថា៖ «៤នាក់ទៀតគេចខ្លួនចេញពីស្រុក។ ខ្ញុំសួរចម្លើយ សម្ពាធ ឌី គឺ៤នាក់ អត់មានឈ្មោះ នៅក្នុងឃុំខ្ញុំទេ។ ពួកចំណាកស្រុក ដើរចល័តចៀរជ័រ ចៀរអី វាដើរអត់ពិតប្រាកដ។ តុលាការក៏ចេញដីកាស្វែងរកចាប់ខ្លួន [អ្នកដទៃទៀត] ដែរ»។
អ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី លោក កែវ ពិសិដ្ឋ មានប្រសាសន៍ថា សំណុំរឿង សម្ពាធឌី ត្រូវបានចៅក្រមជំរះ ឈ្មោះ គង់ តាំងម៉េង សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារមួយជីវិត កាលពីខែកក្កដា ឆ្នាំ២០១៩ ដោយចោទពីបទ រំលោភសម្លាប់មានភាពឃោរឃៅ។ ចំណែកគូកនផ្សេងទៀត ទុកឱ្យព្រះរាជអាជ្ញាដែលកាន់ សំណុំរឿងនេះ ចាត់ការតាមនីតិវិធីច្បាប់បន្តទៀត។
លោកមានប្រសាសន៍ថា៖ «តំណាងអយ្យការ បើគាត់រកមិនឃើញឃាតកម្មហ្នឹង គាត់អាចបញ្ជាទៅខាងជំនាញរបស់គាត់ ខាងមន្ត្រីយុត្តិធម៌ដែលជាកូនចៅរបស់គាត់ ដើម្បីស៊ើបសួរបន្ថែមទៀត ដើម្បីរកឃាតករមកផ្តន្ទាទោស»។
អ្នកនាំពាក្យរូបនោះ អះអាងថា ចៅក្រម សាន ប៊ុនធឿន នឹងចេញដីកាតាមចាប់ខ្លួនជនសង្ស័យប្រហែលជា៥នាក់ទៀតដែលកំពុងរត់គេចខ្លួន ប៉ុន្តែ លោកមិនបានបញ្ជាក់ឈ្មោះជនសង្ស័យទាំងនោះទេ ដោយថា ទុកឱ្យតុលាការធ្វើតាមនីតិវិធីច្បាប់។
អធិការនគរបាលស្រុកលំផាត់ លោក ហេង ណារ៉ាក់ មិនបានអត្ថាធិប្បាយពន្យល់ពីវិធានការនៃការចាប់ខ្លួនជនសង្ស័យដែលនៅសេសសល់ទេ ដោយបង្វិលឱ្យសួរទៅស្នងការនគរបាលខេត្តវិញ។
មន្ត្រីជំនាញនៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី សុំមិនបញ្ចេញឈ្មោះ មានប្រសាសន៍ថា លោកបានសហការជាមួយស្ថាប័នពាក់ព័ន្ធ ឱ្យបិទលេខទូរសព្ទប៉ូលីសនៅលើជញ្ជាំងផ្ទះ និងដាក់កម្លាំងល្បាតនៅតាមភូមិឃុំ ស្រាវជ្រាវចាប់ជនដៃដល់មកផ្តន្ទាទោសតាមច្បាប់។
នៅពេលដែលជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួនក្នុងករណីរំលោភ កេល ស្រីលាភ ជនសង្ស័យសម្លាប់យុវតី អាក់ ស៊ីង ត្រូវបានតុលាការដោះលែង។
យុវតី អាក់ ស៊ីង អាយុ១៨ឆ្នាំ អតីតសិស្សរៀនថ្នាក់ទី១២។ នាងត្រូវបានបានជនល្មើសរំលោភ ហើយសម្លាប់ កាលពីខែកុម្ភៈ ឆ្នាំ២០១៨។
៤ថ្ងៃក្រោយពេលយុវតី អាក់ ស៊ីង ត្រូវបានរំលោភសម្លាប់ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជា ដែន។ ជា ដែន ត្រូវបានសមត្ថកិច្ចសង្ស័យថា ចាប់រំលោភយុវតី អាក់ ស៊ីង។ គាត់ត្រូវបានសមត្ថកិច្ចបញ្ជូន ទៅតុលាការនៅខែដដែលនោះ។ តុលាការបានចោទប្រកាន់ឈ្មោះ ជា ដែន ពីបទឃាតកម្មដោយអំពើទារុណកម្មអំពើឃោរឃៅ។ ជា ដែន បានជាប់ពន្ធនាគាររយៈពេល១០ខែ និង១៥ថ្ងៃ។ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ សាលាដំបូងខេត្តរតនគីរី បានចេញដីការបង្គាប់មួយឱ្យដោះលែងឈ្មោះ ជា ដែន។ មិនមានមូលហេតុណាមួយត្រូវបានបញ្ជាក់ជុំវិញការដោះលែងនេះទេ។
ប្រធានតុលាការខេត្ត លោក នៅ យ៉ារ័ត្ន ដែលទើបកាន់ដំណែងនេះ កាលពីខែកក្កដា ឆ្នាំ២០១៩ និយាយថាមិនបានដឹងរឿងនោះទេ។ យ៉ាងណាក៏ដោយ ប្រធានតុលាការរូបនោះ អះអាងថា នឹងចាត់មន្ត្រីរដ្ឋបាលជួយស្រាវជ្រាវសំណុំរឿងនេះ។
ក្រោយពេលដែលមានការដោះលែងឈ្មោះ ជា ដែន នៅចុងឆ្នាំ២០១៨ មិនមានជនសង្ស័យណាផ្សេងទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួននោះទេ។
មេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាចាញ លោក សួន សាវុធ សុំមិនធ្វើការបកស្រាយជុំវិញការដោះលែង ឈ្មោះ ជា ដែន ដោយបង្វែរសំនួរឱ្យទៅសួរថ្នាក់លើវិញ។
គិតមកដល់ចុងខែកញ្ញា ឆ្នាំ២០១៩នេះ មេប៉ុស្តិ៍រូបនោះ អះអាងថា សមត្ថកិច្ចមិនទាន់កំណត់មុខសញ្ញាជនល្មើសដែលសម្លាប់កញ្ញា អាក់ ស៊ីង នៅឡើយ។
អធិការនៃអធិការដ្ឋាននគរបាលក្រុងបានលុង លោក ហួត បូរី សុំមិនធ្វើការបកស្រាយជុំវិញករណីនេះ ដោយថា សំណុំរឿងនេះផុតដែនសមត្ថកិច្ចរបស់លោកហើយ។
លោក ស៊ុត អាក់ គឺជាជនជាតិគ្រឹង រស់នៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង។ គាត់គឺជាឱពុករបស់ អាក់ ស៊ីង។ លោក ស៊ុត អាក់ បញ្ជាក់ថា ចាប់ពីកូនស្រីរបស់គាត់ស្លាប់រហូតមកដល់ចុងខែកញ្ញា ឆ្នាំ២០១៩នេះ តុលាការទើបតែកោះហៅលោកទៅសួរនាំចំនួនពីរដង។ ក្រោយពីបញ្ចប់ការសាកសួរ លោកថា តុលាការបែរជាដោះលែងឈ្មោះ ជា ដែន ដោយមិនបានជូនដំណឹងមកក្រុមគ្រួសារគាត់ទៅវិញ។

លោកមានប្រសាសន៍ថា៖ «មានគេប្រាប់ខ្ញុំថា តុលាការខេត្តរតនគិរី ឥឡូវឃើញម្នាក់ហ្នឹង [ជា ដែន] ចេញពី [ពន្ធនាគារ] ហើយ ខ្ញុំអត់ដឹងដែរ អត់ដឹងថាចេញផង ដល់យូរខ្ញុំឃើញបានខ្ញុំថា គេដោះលែងហើយ ហើយខ្ញុំគិតក្នុងចិត្តរបស់ខ្ញុំថា អស់សង្ឃឹមហើយ អស់សង្ឃឹមខ្លាំងមែនទែន ហេតុអ្វីបានតុលាការគេកាត់ក្តីហើយ គេអត់មានផ្តល់ដំណឹងដល់ក្រុមគ្រួសាររបស់ខ្ញុំ ឬមួយក៏ខ្ញុំអត់ចេះដឹង អត់យល់ដឹង ហើយម្យ៉ាងទៀត ខ្ញុំជាជនជាតិដើមភាគតិច បានគេធ្វើអញ្ចឹង ក៏មិនដឹងដែរ»។
លោក ស៊ុត អាក់ និយាយថា បើសមត្ថកិច្ចមិនអាចរកយុត្តិធម៌ឱ្យក្រុមគ្រួសារលោកបានទេ នោះការសិក្សា របស់ក្មេងស្រីផ្សេងទៀត អាចនឹងរងអំពើរំលោភ ឬរំលោភសម្លាប់ដូចកូនស្រីគាត់ដែរ។
ប្រធានពន្ធនាគារខេត្តរតនគិរី លោក អ៊ុក គឹមជន សុំមិនធ្វើការបកស្រាយជុំវិញករណីនេះទេ ដោយសារមិនមានបញ្ជាពីថ្នាក់លើ។
ក្នុងលិខិតដោះលែងរបស់ពន្ធនាគាររខេត្តរតនគិរី មានខ្លឹមសារថា អនុវត្តតាមដីកាបង្គាប់ដោះលែង លេខ ១៣១ អក/១៨ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ របស់សាលាដំបូងខេត្តរតនគិរី ដោះលែងឈ្មោះ ជា ដែន ដើម្បីឱ្យបានទៅរស់នៅលំនៅដ្ឋានវិញ ដោយមានសេរីភាពជាពលរដ្ឋ ហើយនៅក្នុងលិខិតដោះលែងនោះ មិនបានបញ្ជាក់ពីមូលហេតុដែលនាំឱ្យមានការដោះលែងនោះទេ។
លោក កែវ ពិសិដ្ឋ និយាយថា ប្រធានក្រុមប្រឹក្សាជំនុំជំរះ លោក សាន ប៊ុនធឿន សម្រេចលើកលែងការចោទប្រកាន់ជនសង្ស័យឈ្មោះ ជា ដែន ឱ្យមានសេរីភាពវិញ ដោយសាររកមិនឃើញភស្តុតាងដាក់បន្ទុក។
លោកមានប្រសាសន៍ថា៖ «ទាក់ទងនឹងរឿងនៅភូមិ៤ តុលាការបានឱ្យរួចផុតពីបទចោទហើយ ការស៊ើបអង្កេតទៅ វាអត់ស៊ីសង្វាក់គ្នា គ្មានភស្តុតាងដាក់បន្ទុក ព្រោះរកមិនឃើញ គាត់ធ្វើការចោទប្រកាន់ម៉េចកើត»។
ចៅសង្កាត់កាចាញ លោក ទុន ពៅ មានប្រសាសន៍ថា បច្ចុប្បន្ននេះ គាត់ឃើញឈ្មោះ ជា ដែន រួចចេញពីពន្ធនាគារ មករស់នៅក្នុងភូមិ៤ ប្រាកដមែន។ លោកបង្ហាញការសោកស្តាយជំនួសសាច់ញាតិជនរងគ្រោះ ដែលមិនទាន់ទទួលបានយុត្តិធម៌ ខណៈជនល្មើសមិនទាន់ចាប់យកមកផ្តន្ទាទោសនៅឡើយ។
លោក ទុន ពៅ អះអាងថា រហូតមកដល់ពេលបច្ចុប្បន្ននេះ សមត្ថកិច្ចមិនទាន់កំណត់មុខសញ្ញា ឬមានតម្រុយអ្វីថ្មីលើជនល្មើសដែលសម្លាប់កញ្ញា អាក់ ស៊ីង នោះទេ។

គាត់និយាយថា៖ «លំបាកដែរ ព្រោះកន្លងមក សមត្ថកិច្ចពាក់ព័ន្ធដូចជាស្នងការជំនាញ ខាងព្រហ្មទណ្ឌគេតាមដាន ស្រាវជ្រាវមើលដែរ ហើយមុខសញ្ញាដែលយើងសង្ស័យក្រៅពីជនសង្ស័យម្នាក់ហ្នឹង ក៏យើងដូចជា មិនមានអ្វីទទួលបានលទ្ធផលល្អសោះ ព្រោះយើងសង្ស័យ យើងស៊ើបសួរទៅដូចវាអត់មានពាក់ព័ន្ធ»។
ចំណែក មេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាចាញ លោក សួន សាវុធ សុំមិនធ្វើការបកស្រាយជុំវិញការដោះលែងឈ្មោះ ជា ដែន ដោយបង្វែរសំនួរឱ្យទៅសួរថ្នាក់លើវិញ។
គិតមកដល់ចុងខែកញ្ញា ឆ្នាំ២០១៩នេះ មេប៉ុស្តិ៍ សួន សាវុធ អះអាងថា សមត្ថកិច្ចមិនទាន់កំណត់មុខសញ្ញាជនល្មើសដែលសម្លាប់កញ្ញា អាក់ ស៊ីង នៅឡើយ។
អធិការនៃអធិការដ្ឋាននគរបាលក្រុងបានលុង លោក ហួត បូរី សុំមិនធ្វើការបកស្រាយជុំវិញករណីនេះ ដោយថា សំណុំរឿងនេះផុតដែនសមត្ថកិច្ចរបស់លោកហើយ។
អ្នកយកព័ត៌មានបានធ្វើដំណើរទៅដល់ស្នងការនគរបាលខេត្តរតនគិរី ដើម្បីស្វែងរកការពន្យល់។ ស្នងការនគរបាលខេត្ត លោក ចៅ នាង បានណែនាំឱ្យទាក់ទងទៅលោកស្នងការរង។ លោក ផែន ឌីណា ស្នងការរងខេត្ត ណែនាំឱ្យអ្នកយកព័ត៌មានទាក់ទងទៅមន្រ្តីជំនាញ។ មន្រ្តីជំនាញដែលនិយាយក្នុងលក្ខខណ្ឌ សុំមិនបញ្ចញឈ្មោះ បានប្រាប់ថា លោករង់ចាំបញ្ជាពីតុលាការក្នុងករណីដែលមានតម្រូវការឱ្យស្រាវជ្រាវចាប់ជនល្មើសផ្សេងទៀត។
តំណាងអយ្យការនៃតុលាការខេត្តរតនគិរី លោក រ៉ាបូ រ៉ាន់ឌី មានប្រសាសន៍ពន្យល់តាមច្បាប់ថា អាជ្ញាយុកាលនៃបទល្មើសឧក្រិដ្ឋ មានរយៈពេល១៥ឆ្នាំ រាប់ចាប់ពីថ្ងៃប្រព្រឹត្ត។
លោក រ៉ាបូ រ៉ាន់ឌី មានប្រសាសន៍ថា សំណុំរឿង អាក់ ស៊ីង និងសំណុំរឿង កេល ស្រីលាភ ជារឿងឧក្រិដ្ឋ។ ករណីនេះ តុលាការបានជូនដំណឹងទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀត ផ្តល់យុត្តិធម៌ជូនជនរងគ្រោះ។
អង្គការមិនមែនរដ្ឋាភិបាលបារម្ភថា និទណ្ឌភាពអាចប៉ះពាល់ដល់ការសិក្សារបស់យុវតីជនជាតិដើម
លោក ឌិន ខន្នី បញ្ជាក់ថា បើសមត្ថកិច្ចមិនទប់ស្កាត់បទល្មើសរំលោភ ឬរំលោភសម្លាប់ ឱ្យមានប្រសិទ្ធភាពខ្ពស់ទេ នឹងធ្វើឱ្យវប្បធម៌និទណ្ឌភាពបន្តកើតឡើង។

លោកថា៖ «ជនប្រព្រឹត្ត ប្រព្រឹត្តិហើយមិនត្រូវបានស៊ើបអង្កេតឱ្យបានម៉ត់ចត់ មិនត្រូវបានផ្តន្ទាទោសដាក់ទណ្ឌកម្មណាមួយទៅលើគាត់ទេ វាធ្វើឱ្យករណីហ្នឹងវាចេះតែកើនឡើង ហើយវាធ្វើឱ្យករណីនិទណ្ឌភាព វាទៅជាវប្បធម៌មួយនៅក្នុងស្រុកខ្មែរយើង ដែលវាមិនអាចស្រាយបាន»។
លោក ឌិន ខន្នី បញ្ជាក់ថា ប្រសិនបើវប្បធម៌និទណ្ឌភាពនៅតែបន្តកើតមាន នឹងធ្វើឱ្យក្មេងស្រីជំទង់ជនជាតិ ដើមភាគតិចភាគច្រើនបោះបង់ការសិក្សា ដោយសារបារម្ភពីសុវត្ថិភាព។
លោកបញ្ជាក់ថា៖ «កាលណាមានករណីចាប់រំលោភច្រើនកើតឡើង វាអាចធ្វើឱ្យប៉ះពាល់ដល់សិស្សសាលា ដែលគាត់ផ្ទះឆ្ងាយពីសាលា ធ្វើឱ្យគាត់ភ័យខ្លាចក្នុងការទៅរៀន ទាក់ទិននឹងការចាប់រំលោភផ្សេងៗដែលវា កើតឡើង»។
លោកបន្តលើកឡើងទៀតថា៖ «តំបន់យើង ជនជាតិដើមភាគតិច វានៅតំបន់ដាច់ស្រយាលច្រើន ហើយការរស់នៅរបស់គាត់មានលក្ខណៈប្រពៃណី ច្រើនរស់នៅក្នុងព្រៃ ធ្វើឱ្យមានបញ្ហាប្រឈមខ្ពស់ដែរ បញ្ហាអស់ហ្នឹង»។
នាយិកាអង្គការសមាគមខ្មែរលើ លោកស្រី ដាំ ចន្ធី មានប្រសាសន៍ថា បើអាជ្ញាធរមិនចាប់ជនល្មើសរំលោភ ឬរំលោភសម្លាប់ក្មេងស្រីជនជាតិដើមភាគតិចមកផ្តន្ទាទោសទេ នឹងធ្វើឱ្យក្មេងស្រីទាំងនោះមានការភ័យខ្លាច ហើយឈានដល់បោះបង់ការសិក្សា។
លោកស្រីមានប្រសាសន៍ថា៖ «បើសិនចាប់អត់បាន ពួកគាត់ខ្លាច ព្រោះភូមិគាត់នៅឆ្ងាយៗដែរ មករៀន គាត់អត់ហ៊ានមករៀន គាត់ខ្លាចគេចាប់រំលោភ ព្រោះស្រុកអត់មានមហាវិទ្យាល័យ គាត់អាចមករៀននៅបានលុង ពេលថ្ងៃសៅថ្ងៃអាទិត្យ គាត់អាចធ្វើដំណើរទៅផ្ទះរបស់គាត់ ២០,៣០,៤០ និង៥០គីឡូម៉ែត្រ វាអាចឈានទៅបាត់បង់ការសិក្សា គាត់ខ្លាច»។
មាត្រា១៤ នៃសេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមភាគតិច ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០៧ ក្នុងវាក្យខ័ណ្ឌទី២ ចែងថា បុគ្គលជនជាតិដើមភាគតិចគ្រប់រូប ជាពិសេសកុមារមានសិទ្ធិទទួលបានការអប់រំនៅគ្រប់កំរិត និងគ្រប់រូបភាពនៃការអប់រំរបស់រដ្ឋដោយគ្មានការរើសអើង។
ក្នុងសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សចែងថា បុគ្គលម្នាក់ៗមានសិទ្ធិមានសន្តិសុខផ្ទាល់ខ្លួន។ ជនគ្រប់រូបមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ និងមានសិទ្ធិទទួលបានការការពារពីច្បាប់ស្មើៗគ្នាដោយគ្មានការរើសអើង។ ចំណែករដ្ឋធម្មនុញ្ញកម្ពុជាក៏បានចែងដូចគ្នានេះដែរ។
បង្កើតសាលារៀនដើម្បីដោះស្រាយបញ្ហា និងការធានាសន្តិសុខ
ពីរឆ្នាំក្រោយដែល ស្រីលាភ ត្រូវបានរំលោភសម្លាប់ លោក ខាំ ឡាកេល នៅតែមានក្តីបារម្ភចំពោះប្អូនស្រី របស់ស្រីលាភ។ គាត់គិតថា បើជនល្មើសនៅតែមិនត្រូវបានចាប់ខ្លួនទេ ស្រីតូចដែលកំពុងបន្តការសិក្សានៅក្រុងបានលុង នឹងមិនមានសុវត្ថិភាពនោះទេ។
លោកមានប្រសាសន៍ថា៖ «បើមិនចាប់ [ជនល្មើសទាំងអស់] សង្ស័យថា ពួកគេធ្វើបាបកូនខ្ញុំនៅម្នាក់ទៀត នៅរៀន [វិទ្យាល័យអន្តេវាសិកដ្ឋាន ក្រុងបានលុង] ទើបថ្នាក់ទី១១ចប់ ចូលថ្នាក់ទី១២ ឆ្នាំ២០១៩នេះ ដូចគេកំហឹងមិនចេះចប់មិនដឹង យើងអត់ឃើញគេ [ជនល្មើស]»។
លោក ឡាកេល និយាយថា លោកបានណែនាំកូនស្រីគាត់ម្នាក់ទៀតឈ្មោះ ស្រីតូច ឱ្យប្រុងប្រយ័ត្ននៅពេលធ្វើដំណើរទៅស្រុកកំណើតតាមផ្លូវស្ងាត់ ត្រូវមានមិត្តិភក្តិ បងប្អូន ឬរូបលោកផ្ទាល់ជូនទៅជូនមក ទើប អនុញាតឱ្យមកស្រុកកំណើត។
មេឃុំបាតាង លោក កិត ចេម ទទូចឱ្យពលរដ្ឋនៅមូលដ្ឋានផ្តល់ព័ត៌មានដល់អាជ្ញាធរមូលដ្ឋានឱ្យបានលឿន។ លោក ចេម អះអាងថា ការរំលោភសម្លាប់ ទប់ស្កាត់មិនបានទាន់ពេលវេលា ដោយសារតែប្រជាពលរដ្ឋ ជាពិសេសជនជាតិដើមភាគតិច ខ្វះចំណេះដឹង និងយឺតយ៉ាវក្នុងការផ្តល់ព័ត៌មានជូនអាជ្ញាធរពាក់ព័ន្ធ។
លោកមានប្រសាសន៍ថា៖ «ពលរដ្ឋរាយការណ៍ក៏យឺតដែរ ម្យ៉ាងគាត់អត់យល់រឿងអាយុជីវិត ខ្លះគេយល់ការ រាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ អ្នកខ្លះយល់ខុស រឿងរបស់គេ កុំប៉ះពាល់ដល់ខ្លួនឯង គេគិតអញ្ចឹងទៀត ប្រជាពលរដ្ឋអញ្ចឹង បានវាយឺត»។
មន្រ្តីសិទ្ធិមនុស្សផ្តល់ដំណោះស្រាយផ្សេង។ លោក ឌិន ខន្នី មន្រ្តីអាដហុកប្រចាំខេត្តរតនគិរី ជម្រុញឱ្យអាជ្ញាធរបង្កើតសាលារៀននៅមូលដ្ឋាន។ លោកថា ដើម្បីទប់ស្កាត់បញ្ហារំលោភសម្លាប់លើជនជាតិដើមភាគតិចឱ្យថយចុះបាន លុះត្រាតែរដ្ឋាភិបាលបង្កើតសាលារៀនបឋម អនុវិទ្យាល័យ និងវិទ្យាល័យនៅតាមតំបន់ដាច់ស្រយាល ជាពិសេសនៅភាគឦសានឱ្យបានច្រើន ទើបទទួលបានផលវិជ្ជមាន។
នៅឯវិទ្យាល័យសន្តេវាសិកដ្ឋាន នាយកសាលា លោក ឡាក់ ឈាងឡាយ មើលឃើញថា អាណាព្យាបាលមានតួនាទីសំខាន់នៅក្នុងការផ្តល់ការធានាសុវត្ថិភាពកូនស្រីរបស់ពួកគាត់ដែលកំពុងបន្តការសិក្សា។ លោកមានប្រសាសន៍ថា ដើម្បីទប់ស្កាត់បញ្ហាបោះបង់ការសិក្សាបាន លុះត្រាតែឪពុកម្តាយប្រាប់កូនកុំធ្វើដំណើរទៅផ្ទះម្នាក់ឯង និងជួយផ្តល់លុយកូនឱ្យបានគ្រប់គ្រាន់ជាដើម។
លោកមានប្រសាសន៍ថា៖ «កន្លងមក អ្នកដែលបញ្ហាលំបាក គាត់មកខ្លួនឯងវិញ កាលណាយើងណែនាំគាត់ទៅ គាត់គិតពីសុវត្ថិភាព គាត់មកខ្លួនឯងហើយ គាត់អត់ឱ្យកូនទៅទេ កាលណាចុងសប្តាហ៍ កូនអស់លុយ»។
វាមិនទាន់មានដំណោះស្រាយអ្វីឱ្យប្រាកដប្រជា ដើម្បីផ្តល់នូវភាពកក់ក្តៅសម្រាប់ឱពុកក្មេងស្រីដែលស្លាប់ទាំងពីររូបនោះទេ។ លោក ឡាកេល និងលោក ស៊ុត អាក់ ចង់ឃើញជនល្មើសត្រូវបានផ្តន្ទាទោសទៅតាមច្បាប់។ ទោះយ៉ាងណា ការបង្កើតសាលារៀនបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យបន្ថែមនៅក្នុងខេត្តរតនគិរី គឺមិនទាន់អាចឆ្លើយតបបានឡើយ។ ប្រធានមន្ទីរអប់រំខេត្ត លោក ខាត់ សាម៉ាល់ មានប្រសាសន៍ថា រដ្ឋមិនទាន់មានគម្រោង និងថវិកា ដើម្បីសាងសង់សាលាបន្ថែមនោះទេ៕
កែតម្រូវ៖
ដោយយោងតាមការបកស្រាយបំភ្លឺរបស់ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគីរី VODសូមធ្វើការកែតម្រូវអត្ថបទនៃព័ត៌មានដែលមានចំណងជើងថា៖ «អសន្តិសុខគំរាមកំហែងដល់ការសិក្សារបស់កុមារជនជាតិដើមនៅខេត្តរតនគីរី»ចុះផ្សាយនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងកថាខណ្ឌខាងក្រោម៖
«យោងតាមរបាយការណ៍របស់មន្ទីរអប់រំខេត្តរតនគីរីឆ្នាំ២០១៩ បង្ហាញថា ចំនួនសិស្សដែលបានបោះបង់ចោលការសិក្សាក្នុងខេត្តនេះបានកើនឡើងចាប់តាំងពីឆ្នាំ២០១៦។ ចំនួនសិស្សបោះបង់ការសិក្សាក្នុងឆ្នាំសិក្សា២០១៦-២០១៧ មាន២៧.៧ភាគរយ ក្នុងនោះ២២.១ភាគរយគឺជាយុវតី។ នៅឆ្នាំសិក្សា២០១៧-២០១៨ មានសិស្សបោះបង់ចោលការសិក្សា២៦.៨ភាគរយ ប៉ុន្តែ ចំនួនសិស្សស្រីបានកើនឡើងដល់២៩.៣៧ភាគរយ។ ដាច់ដោយឡែក ក្នុងឆ្នាំសិក្សា២០១៨-២០១៩ ចំនួនសិស្សបោះបង់ចោលការសិក្សាបានធ្លាក់ចុះបន្តិចមកវិញ គឺ១៩.៧ភាគរយ ចំនួនសិស្សស្រីគឺ១១.៤៩ភាគរយ។»
សូមកែដូច្នេះវិញថា៖
«សិស្សបោះបង់ចោលការសិក្សា នៅកម្រិតមធ្យមសិក្សាទុតិយភូមិមានការថយចុះនៅក្នុងឆ្នាំសិក្សា២០១៧-២០១៨ គឺចំនួន៣.៥៥%ក្នុងនោះសិស្សស្រី៣.៣៧% បើប្រៀបធៀបឆ្នាំសិក្សា២០១៦-២០១៧ដែលមាន១៣.២% ក្នុងនោះសិស្សស្រី១១.១%។ យ៉ាងនេះក្តី តួលេខនេះបានកើនឡើងមកវិញនៅក្នុងឆ្នាំសិក្សា២០១៨-២០១៩ដែលមាន៧.២៥%ក្នុងនោះសិស្សស្រី៦.០៩%។»









