អ្នកភូមិ និងអាជ្ញាធរក្នុងឃុំពន្លៃ ខេត្តតាកែវ លើកឡើងស្រដៀងគ្នាថាការបំពាក់អំពូលពន្លឺព្រះអាទិត្យ ឬហៅថាអំពូលសូឡា មិនត្រឹមតែជួយបំភ្លឺដល់អ្នកធ្វើដំណើរក្នុងពេលរាត្រីប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយទប់ស្កាត់បញ្ហា អសន្តិសុខក្នុងមូលដ្ឋានទៀតផង។
លោក យស ហ៊ាន រស់នៅភូមិសំរោង ឃុំពន្លៃ ស្រុកអង្គបុរី មានប្រសាសន៍ថាបង្គោល និងអំពូលភ្លើងសូឡាត្រូវបានដាក់ទូទាំងឃុំរបស់លោករយៈពេល៣ខែមកហើយ។
បុរសវ័យ៧៤ឆ្នាំរូបនេះ បន្ថែមថាការបំពាក់អំពូលតាមដងផ្លូវនេះធ្វើឱ្យរួបលោក ក៏ដូចជាអ្នកភូមិដទៃទៀតកាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរនៅពេលយប់ ជាពិសេសមិនសូវបារម្ភពីបញ្ហាអសន្តិសុខទៀតនោះឡើយ។
លោក យស ហ៊ាន និយាយដោយទឹកមុខញញឹមថា៖«ភ្លឺល្អងាយស្រួលធ្វើដំណើរ! ម្យ៉ាងវិញទៀតមិនសូវបារម្មណ៍បញ្ហាសន្តិសុខហើយអាអ្នកមានគំនិតអាក្រក់ក៏វាញញើតដែរ»។
ចំណែកស្ត្រីម្នាក់កំពុងឈរកៀបទឹកអំពៅលក់នៅមុខផ្ទះ គឺអ្នកស្រី សុខ សៀកហ៊ុន លើកឡើងថាការបំពាក់អំពូលសូឡានៅតាមដងផ្លូវមិនត្រឹមតែធ្វើឲ្យភូមិខ្លួនមានភាពស្រស់ស្អាតនៅពេលរាត្រីតែប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្តល់ប្រយោជន៍ច្រើនដល់អ្នកស្រី និងអ្នកភូមិផងដែរ។ អ្នកស្រី បន្តថាតាំងពីមានការបំពាក់អំពូលសូឡានេះអ្នកស្រីអាចប្រកបរបរលក់ដូររបស់ខ្លួននៅពេលយប់ និងជាពិសេសក្នុងភូមិដូចជាមានសុវត្ថិភាពជាងមុន។
អ្នកស្រី សុខ សៀកហ៊ុន លើកជាយោបល់ថាភូមិឃុំដ៏ទៃគួរតែប្រើប្រាស់អំពូលសូឡានេះនៅតាមដងផ្លូវដូចឃុំអ្នកស្រីដែរព្រោះវាល្អទាំងកាធ្វើដំណើរនិងផ្តល់សន្តិសុខ។
លោកប៊ី ទិត្យ មេឃុំពន្លៃ មានប្រសាសន៍ថាក្នុងឃុំរបស់លោកមាន៦ភូមិហើយមាន១៤០៥គ្រួសារ ភាគច្រើន ប្រជាជនទាំងអស់ជាកសិករនិងមួយចំនួនតូចចំណាកស្រុកទៅធ្វើកានៅក្រៅប្រទេសដូចជាថៃ កូរ៉េជាដើម។
លោក ប្រាប់អ្នកសារព័ត៌មានវីអូឌីថាគំនិតនៃការបំពាក់អំពូលសូឡាតាមដងផ្លូវនេះកើតឡើងកាលពីចុងឆ្នាំ ២០១៩។ មេឃុំរូបនេះបន្តថាអំពូលទាំងនេះបានមកពីសប្បុរសជន សមាគមន៍យុវជន និងម្ចាស់ក្រុមហ៊ុនឯកជន។
លោកប៊ី ទិត្យ បន្ថែមថាទូទាំងឃុំពន្លៃមានអំពូលសូឡា២០០បង្គោល ដែលក្នុងមួយបង្គោលចំណាយទឹកប្រាក់អស់៦០ដុល្លារ។ មេឃុំរូបនេះយល់ថាការដាក់អំពូលបំភ្លឺតាមដងផ្លូវពិតជាផ្ដលសារៈប្រយោជន៍ក្នុងការកសាងភាពសុខដុមរមនាក្នុងមូលដ្ឋានរបស់ខ្លួន។
លោក លើកឡើថា៖«ទី១និយាយឱ្យចំជួយកាត់បន្ថយគ្រោះចរាចរណ៍។ ទី២និយាយឱ្យចំកាត់បន្ថយក្មេងទំនើង។ ទី៣និយាយឱ្យចំពេលភ្លឺតាមដងផ្លូវចឹងពួកខិលខូចអីក៏កាត់បន្ថយដែរ»។
លោក មិន សុន នាយប៉ុស្ តិ៍ឃុំពន្លៃមានប្រសាសន៍ថាក្នុងឃុំរបស់លោក មិនធ្លាប់មានបញ្ហាឆក់ប្លន់ធំដុំអីនោះទេ។ នាយប៉ុស្តិ៍វ័យ៥៥ឆ្នាំរូបនេះ ទទួលស្គាល់ថាការបំពាក់អំពូលសូឡាតាមដងផ្លូវនេះពិតជាបានជួយសម្រួលច្រើនដល់ការងាររបស់លោកនិងសហការី។
លោក បញ្ជាក់ថា៖ «ខ្ញុំសសើរបងៗបានជួយអាហ្នឹងមកជួយការងារសន្តិសុខខ្ញុំបាន៧០ភាគរយ។ ពេលដាច់ភ្លើងដាច់អីហ្នឹងបានអាហ្នឹងជួយបំភ្លឺវាមិនសូវហ៊ាន»
លោកបន្តទៀតថាតាំងពីមានអំពូលបំភ្លឺផ្លូវមកក្រុមក្មេងប្រណាំងម៉ូតូ បង្ហោះម៉ូតូមិនហ៊ានខ្លាចធ្វើសកម្មភាពទៀតទេ ព្រោះពួកគេខ្លាចប្រជាពលរដ្ឋថតសកម្មភាពបង្ហោះប្រាប់សមត្ថកិច្ច៕
អត្ថបទដោយ៖ លោក កង ថា សិក្ខាកាម Newsroom Cambodia វគ្គទី២









