ខ្មាន់កាំភ្លើងដែលជាយោធាថៃម្នាក់ បានបរិហារភាពលោភលន់លើបណ្តាញសង្គមហ្វេសប៊ុក មុនផ្តើមបើកការបាញ់រះលើហ្វូងមនុស្សនៅផ្សារទំនើបមួយកន្លែង ក្នុងក្រុង Korat ខេត្តភាគឥសានប្រទេសថៃ បណ្តាលឱ្យមានអ្នកស្លាប់២៩នាក់ និងមនុស្ស ៥៧នាក់ផ្សេងទៀតរងរបួស។
ខ្មាន់កាំភ្លើងដែលមានឋានៈជាពលបាលឯកឈ្មោះ Jakrapanth Thomma បានបង្ហោះសារលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយរិះគន់អ្នកដែលលោភលន់ចង់មានចង់បានដោយការកេងប្រវ័ញពីអ្នកដទៃ។
ឈ្មោះ Jakrapanth បានសរសេរថា៖«មានបានមកពីការបន្លំ មកពីការកេងប្រយោជន៍ពីអ្នកដទៃចឹង តើគិតថាអ្នកអាចចាយលុយនេះនៅឋាននរកបានឬ?។ មនុស្សម្នាក់ៗមិនអាចជៀសផុតពីសេចក្តីស្លាប់បាននោះទេ»។
ហេតុការបាញ់សម្លាប់ទ្រង់ទ្រាយធំនេះ ត្រូវបាននាយករដ្ឋមន្រ្តីថៃអះអាងថា ផ្តើមចេញពីជម្លោះបុគ្គល លើការលក់អចលនទ្រព្យ រវាងជនដៃដល់ និងមេបញ្ជាការរបស់គេឈ្មោះ Anantharot Krasae ដែលអ្នកទាំងពីរជា មន្រ្តីយោធានៅបន្ទាយតែមួយ។
នាយករដ្ឋមន្រ្តីថៃ លោក Prayuth Chan-ocha បានប្រាប់ក្រុមអ្នកសារព័ត៌មានអំឡុងពេលលោកចុះសួរសុខទុក្ខជនរងគ្រោះ នៅថ្ងៃម្សិលមិញថា ហេតុការនេះផ្តើមចេញពីជម្លោះផ្ទាល់ខ្លួន លើការលក់ផ្ទះមួយខ្នងដែលពាក់ព័ន្ធនឹងមេបញ្ជាការរបស់ខ្មាន់កាំភ្លើង។
តាមប្រភពពីកាសែត New York Time ឱ្យដឹងថា នៅរសៀលថ្ងៃសៅរ៍ ជនដៃដល់បានមកជួបថ្នាក់លើរបស់ខ្លួនដើម្បីយកលុយដែលបានព្រមព្រៀងគ្នាលើការលក់ផ្ទះពីលោកស្រី Anong Mitchan ដែលត្រូវជាម្តាយក្មេករបស់ Anantharot និងដែលគេស្គាល់ថា ជាអ្នកលក់អចលនទ្រព្យដល់មន្រ្តីយោធានៅខេត្ត Korat។
តាមប្រភពដដែល ដោយមានការមិនសុខចិត្តឈ្មោះ Jakrapanth បានបាញ់សម្លាប់ឈ្មោះ Anantharot វ័យ ៤២ឆ្នាំ និងម្តាយក្មេករបស់គេ វ័យ៦៣ឆ្នាំ ឈ្មោះ Anong Mitchan នៅផ្ទះរបស់គេ អំឡុងពេលចរចាពាក់ព័ន្ធនឹងការលក់ផ្ទះ។ អំឡុងហេតុការនោះ មានភាគីម្នាក់ទៀត តែរូបគេមិនត្រូវបានរងគ្រោះថ្នាក់អ្វីនោះទេ បើទោះជា រូបគេគ្មានលទ្ធភាពរត់រួចក៏ដោយ។
ប្រភពដដែលឱ្យដឹងបន្ថែមថា បន្ទាប់ពីធ្វើសកម្មភាពរួច ជនដៃដល់បានទៅលួចកាំភ្លើងនៅប៉ុស្តិ៍យាមក្នុងបន្ទាយ និងរថយន្តយោធាមួយគ្រឿង ហើយបើកមកកាន់ផ្សារ Terminal 21 ក្នុងក្រុង Korat។
នៅទីនោះ គេក៏ចាប់ផ្តើមបើកការបាញ់ប្រហារដោយមិនរើសមុខលើមហាជននៅក្នុងផ្សារ នៅបរិវេណជុំវិញ និងបានធ្វើការផ្សាយផ្ទាល់លើគណនីហ្វេសប៊ុករបស់ខ្លួន។
ក្រោយមក វីដេអូផ្សាយផ្ទាល់ និងសាររបស់គេ ត្រូវបានក្រុមហ៊ុន Facebook លុបចោលក្រោយបង្ហោះចេញប្រមាណ ៤ម៉ោង។
ម្តាយរបស់ជនដៃដល់ត្រូវបានប៉ូលីសនាំមកកន្លែងកើតហេតុ នៅផ្សារ Terminal 21 ដើម្បីបញ្ចុះបញ្ចូលកូនប្រុសរបស់ខ្លួនឱ្យបញ្ឈប់ការបាញ់សម្លាប់ មុនពេលគេត្រូវបានកងកម្លាំងពិសេសបាញ់សម្លាប់នៅទីនោះ។ ម្តាយជនរងគ្រោះថា កូនរបស់គាត់មានបញ្ហាឆាប់ខឹងខ្លាំង និងមានជំងឺបាក់ទឹកចិត្ត។
Korat គឺជាទីប្រជុំជនដ៏ធំមួយរបស់ខេត្តនរគរាជសីមារបស់ប្រទេសថៃ ដែលមានពលរដ្ឋរស់នៅប្រមាណ ១៦៦ ០០០នាក់។ ទីក្រុងនេះ គឺជា ទីប្រជុំនៃមូលដ្ឋានយោធា និងតំបន់កសិកម្ម ហើយមានចម្ងាយប្រមាណ ២៣៧គីឡូម៉ែត្រពីច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។
ទាក់ទងនឹងហេតុការបាញ់សម្លាប់រង្គាលនេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង ប្រាប់ វីអូឌីនៅរសៀលថ្ងៃនេះថា ក្នុងចំណោមជនរងគ្រោះក្នុងហេតុការបាញ់សម្លាប់ទ្រង់ទ្រាយធំនៅមជ្ឈមណ្ឌលពាណិជ្ជកម្មមួយរបស់ប្រទេសថៃនោះ ពុំមានជនជាតិខ្មែរក្នុងនោះនោះទេ។
លោក កុយ គួង មានប្រសាសន៍ថា៖«អត់ដឹងថា ជនជាតិថៃ ឬជនជាតិផ្សេងទៀតទេ។ ប៉ុន្តែ គ្រាន់តែដឹងទេ នៅក្នុងហ្នឹងអត់មានជនជាតិខ្មែរក្នុងហ្នឹងទេបាទ»៕