អាជ្ញាធរខេត្តព្រះសីហនុនៅមិនទាន់សម្រេចយ៉ាងណាចំពោះអ្នកធ្វើដំណើរលើនាវាទេសចរណ៍ Westerdam នៅឡើយទេ ដែលគិតត្រឹមថ្ងៃនេះ ទាំងអ្នកធ្វើការងារ និងអ្នកទេសចរនៅសល់៩៨០នាក់។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់វីអូឌីថា គិតមកត្រឹមថ្ងៃទី១៧ ខែកុម្ភៈនេះ នៅមានអ្នកដំណើរចំនួន ២៣៣នាក់ និងអ្នកបម្រើការងារលើនាវាចំនួន ៧៤៧នាក់ ស្ថិតនៅលើនាវា Westerdam នៅឡើយ ដោយមិនឱ្យចេញក្រៅទេ។
ពេលសួរថា តើជនបរទេសទាំងនេះពេលណាចាកចេញពីកម្ពុជា? ហើយអាជ្ញាធរខេត្តនេះកំពុងគ្រប់គ្រងពួកគេដោយរបៀបណា? លោក ឃាង ភារម្យ បញ្ជាក់ថា លោក និងមន្ត្រីផ្សេងទៀតកំពុងប្រជុំលើបញ្ហានេះ។
លោក ឃាង ភារម្យ៖«កិច្ចផ្សេង យើងកំពុងធ្វើកិច្ចប្រជុំ ឥឡូវនេះ កំពុងប្រជុំនៅឡើយដើម្បីសម្រេច។»
ការសម្រេចរបស់អាជ្ញាធរកម្ពុជាដែលមិនឱ្យអ្នកដំណើរ និងបុគ្គលិកបម្រើការងារ ៩៨០នាក់ចេញពីនាវា Westerdam នេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរម៉ាឡេស៊ី ប្រកាសកាលពីថ្ងៃទី១៥ ខែកុម្ភៈ ថារកឃើញស្ត្រីជនជាតិអាមេរិកម្នាក់មានផ្ទុកវីរុសកូវីដថ្មី ក្រោយចាកចេញពីនាវា Westerdam ដែលបាន និងកំពុងសំចតនៅកំពង់ផែខេត្តព្រះសីហនុ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឱ្យនាវា Westerdam បានចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។
កប៉ាល់ទេសចរណ៍អាមេរិក វ៉េសស្ទើដាម «Westerdam» មានផ្ទុកអ្នកដំណើរ និងបុគ្គលិកបម្រើការងារចំនួន២ ២៥៧នាក់ មកពី ៤១ជាតិសាសន៍ បានចេញធ្វើដំណើរពីទីក្រុងហុងកុងកាលពីថ្ងៃទី០១ ខែកុម្ភៈ។ នាវាវ៉េសស្ទើដាម (Westerdam) ត្រូវបានអាជ្ញាធរកោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ និងប្រទេសថៃ បដិសេធមិនឱ្យចូលចត ដោយពួកគេបារម្ភថា អ្នកនៅលើនាវានោះអាចមានផ្ទុកវីរុសកូរ៉ូណា។









