លោក ហ៊ុន សែន ថ្លែង​ថា មេរោគ​កូរ៉ូណា​ថ្មី​កំពុងវាយ​ប្រហារ​ដោយ​ផ្ទាល់​លើ​វិស័យ​ទេសចរណ៍​កម្ពុជា

ទិដ្ឋភាពប្រាសាទអង្គរវត្ត និង ភ្ញៀវទេសចរដែលមកទស្សនា កាលពីចុងឆ្នាំ២០១៩។ (ជន ចាន់រ៉ែន)

លោក​នាយ​ក​រដ្ឋម​ន្ត្រី ហ៊ុ​ន សែ​ន ​លើ​កឡើ​ងថា​ ជំ​ងឺ​ភ័យខ្លាច ​និងការ​រើសអើងដែល​បណ្ដាល​មក​ពី​ការ​ផ្ទុះ​ឡើង និង​ការ​រីក​រាល​ដាល​នៃ​មេរោគកូ​រ៉ូ​​ណាថ្មី ឬ Covid-19 កំពុងវាយ​ប្រហារ​លើ​សេដ្ឋកិច្ចក្នុងតំបន់ រួមទាំងកម្ពុជា​ផង​ដែរ។

​ការថ្លែ​ងរ​បស់​លោក​នាយ​ក​រដ្ឋមន្ត្រីនេះ ​ធ្វើឡើងក្នុង​ពិ​ធីចែក​ស​ញ្ញាប​ត្រដ​ល់គ​រុសិស្ស​ និង​គរុ​និស្សិត​នៅរា​ជធានី​ភ្នំពេ​ញ ​នាថ្ងៃ​អង្គា​រនេះ​។

​លោក ហ៊ុន សែន ថ្លែងថា៖ «​ឥឡូវស​ណ្ឋាគារ និងភោជនីយដ្ឋាន​កំពុ​ង​ដាំក្បាលចុះ​ៗ​។ ចំណុចនេះ ជាចំណុចវាយប្រហារទៅលើសេដ្ឋកិច្ចផាំងតែម្តង ហើយដំបូង គឺសេវាទេសចរណ៍ បន្ទាប់ទៅស្អីទៀត គឺសេវាដឹកជញ្ជូន រួចទៅស្អីទៀត គឺវាចំអាវត្ថុធាតុដើមសម្រាប់ផលិតតាមប្រទេស»។

មេដឹកនាំរូបនេះ ថ្លែងទៀតថា គិតត្រឹមថ្ងៃអង្គារនេះ មិនទាន់មានពលរដ្ឋកម្ពុជាណាម្នាក់ ត្រូវបានរកឃើញថា បានឆ្លងមេរោគរលាកផ្លូវដង្ហើមថ្មីនៅឡើយទេ ប៉ុន្តែ លោក​ថា​ អ្វីដែលកំពុងកើតមានពិតប្រាកដលើពលរដ្ឋកម្ពុជានោះ គឺជំងឺភ័យខ្លាចទៅវិញទេ។

ប្រធានសមា​​គ​ម​ទីភ្នា​ក់ងា​រ​ទេ​សច​រណ៍ក​ម្ពុជា (CA​TA) ​អ្នកស្រី​ ឆា​យ ​ស៊ីវលី​ន ​បាន​ទទួល​ស្គាល់​អំពី​ផល​ប៉ះ​ពាល់​លើ​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា ដែល​កើត​ចេញ​ពី​ការ​ផ្ទុះ​ឡើង និង​ការ​រីក​រាល​ដាលនៃ​មេរោគ​កូរ៉ូណា​ថ្មី​នេះ ប៉ុន្តែ អ្នកស្រី​ប្រាប់​ថា ទំហំ​នៃ​ការ​ខូច​ខាត​នេះ មិន​ទាន់​ត្រូវ​បាន​វាយ​តម្លៃ​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ពេល​នេះ។

អ្នកស្រី ឆាយ ស៊ីវលីន ឱ្យដឹងទៀតថា ក្រុមហ៊ុនទេសចរណ៍មួយចំនួនធំបានលុបចោលគម្រោងមកកម្ពុជា លុបចោលសេវាផ្គត់ផ្គង់ផ្នែកសណ្ឋាគារ ភោជនីយដ្ឋាន និងសេវាដឹកជញ្ជូនទៅតំបន់ទេសចរណ៍ផ្សេងៗ។ លោកស្រីថា ជាងនេះទៅទៀត សណ្ឋាគារធំៗចំនួន ១០បានបិទទ្វា ហើយ​សណ្ឋាគារ​ខ្លះ បាន​រំសាយបុគ្គលិក ៥០ភាគរយ​ទៅ​ហើយ។

អ្នកស្រី ឆាយ ស៊ីវលីន ប្រាប់​ថា៖ «ទំហំទឹកប្រាក់ [នៃផលប៉ះពាល់] មិនទាន់ដឹងនៅឡើយទេ ប៉ុន្តែ ក្រុមហ៊ុននីមួយៗដែលធ្លាប់រកចំ​ណូល​បា​ន ១ម៉ឺនដុល្លារ ឧទាហរណ៍ គាត់រកបាន តែឥឡូវគាត់រកបានតែ ២ពាន់។ ឥឡូវខាតទៅទៀត​។ សណ្ឋាគារខ្លះដែលអត់​ទាន់បិទ ក៏ឱ្យបុគ្គលិកសម្រាក ទុកតែ ៥០ភាគរយ គឺឱ្យមក ១ថ្ងៃឈប់សម្រាកមួយថ្ងៃ មានតែជួយគ្នាអញ្ចឹង»។

បើតាមអ្នកស្រី ឆាយ ស៊ីវលីន ខេត្តសៀមរាមប៉ះពាល់ខ្លាំងជាងគេ ដែលថា ភ្ញៀវចិនបាត់ ៩០ភាគរយ និងភ្ញៀវបរទេសផ្សេងទៀតមានទាំងពួកអឺរ៉ុបផង បាត់អស់​ប្រហែល ៦០ភាគរយ។ អ្នកស្រីបន្ថែមថា មកដល់ពេលនេះ ការ​បាត់​បង់​ចំនួនភ្ញៀវ​បរទេស ​នៅតែបន្តធ្លាក់ចុះ។

តួលេខ​របស់​ធនាគារ​ពិភព​លោក បាន​បង្ហាញ​ថា សេដ្ឋកិច្ច​កម្ពុជា​ទទួល​បាន​កំណើន​ ៧​ភាគរយ ​នៅ​ឆ្នាំ​២០១៩​កន្លង​មក​នេះ បើធៀប​ទៅ​នឹង​កំណើន ៧.៥ភាគរយ​ នៅ​ឆ្នាំ​២០១៨​កន្លង​មក ហើយ​តួលេខ​កំណើន​សេដ្ឋកិច្ច​នេះ នឹង​ធ្លាក់​ចុះ​បន្ថែម​ទៀត​មក​នៅ​ត្រឹម​កំណើន ៦.៩​ភាគរយ​ប៉ុណ្ណោះ​នៅ​ក្នុង​ឆ្នាំ​នេះ។

បណ្ឌិតសេដ្ឋកិច្ច និងជាអ្នកស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ បាន​ប្រាប់​ថា កំណើន​សេដ្ឋកិច្ច​​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​​នេះ​ នឹង​ត្រូវ​ថម​ថយ​បន្ថែម​ទៀត ដោយសារ​តែ​ឧស្សាហកម្ម​​ទេសចរណ៍​ជួប​បញ្ហា​ប្រឈម​បណ្ដាល​មក​ពី​មេរោគ​កូរ៉ូណាថ្មី ខណៈ​លោក​បញ្ជាក់​ថា វិស័យទេសចរណ៍បានចូលរួមចំណែកជំរុញដល់កំណើនសេដ្ឋកិច្ច​កម្ពុជា​ពី១៨ ទៅជិត២០ភាគរយ។

លោក គី សិរីវឌ្ឍន៍ ប្រាប់ថា៖ «កាលណាយើងនិយាយពីវិស័យទេសចរណ៍ហ្នឹង បើភ្ញៀវលែងមក វាសល់ទាំងអស់ សល់ទី១ សល់សណ្ឋាគារ ទី២ សល់ភោជនីយដ្ឋាន និងសេវាកម្មកំសាន្តផ្សេងៗ និងទី៣ សល់ការដឹកជញ្ជូន ហើយទី៤ វានឹងឆ្លើយទៅនឹងវិស័យកសិកម្មដែលយើងផលិតម្ហូបអាហារ ស្បៀងអាហារសម្រាប់ទេសចរហ្នឹង គឺប៉ះទាំងអស់»។

យ៉ាងនេះក្តី លោក ហ៊ុន សែន អះអាងថា កម្ពុជាមានសំណាងជាងប្រទេសមួយចំនួន ដោយសារតែកម្ពុជា មិនបានបិទជើងហោះហើរ និងផ្លូវទឹកជាមួយចិន ដើម្បីរក្សាទំនាក់ទំនងសេដ្ឋកិច្ច។

សមាគមរោចក្រកាត់ដេរកម្ពុជា GMAC បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាលពីថ្ងៃទី១២​​កុម្ភៈថា រោងចក្រ​កាត់ដេរ​មួយ​ចំនួន​នៅ​កម្ពុជា នឹង​ព្យួរ​ការងារ និង​ចង្វាក់​ផលិតកម្ម​របស់​ពួកគេ ខណៈ​ដែល​ឧស្សាហកម្ម​នេះ​ប្រឈម​មុខ​នឹង​ការ​ផ្គត់​ផ្គង់​វត្ថុធាតុ​ដើម​ដល់​ទៅ ៦០​ភាគរយ ដែល​ផ្គត់ផ្គង់​ចេញ​ពី​ប្រទេស​ចិន ជា​ទីដែល​មេរោគ​កូរ៉ូណា​ថ្មី​បាន​ផ្ទុះ​ឡើង និង​រីក​រាល​ដាល។

គិត​ត្រឹម​ថ្ងៃ​ម្សិល​មិញ​នេះ មេរោគ​កូរ៉ូណាថ្មី បាន​សម្លាប់​មនុស្ស​ដល់​ទៅ​ ១ ៨៦៨​នាក់​ហើយ​នៅ​ក្នុង​ប្រទេស​ចិន និង​ប្រទេស​ខ្លះ​ទៀត​នៅ​ក្នុង​តំបន់ ខណៈ​ករណី​ឆ្លង​មេរោគ​នេះ បាន​កើន​ឡើង​ដល់​ជិត ៧២ ៥០០​នាក់​នៅ​ទូទាំង​ពិភព​លោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ