ប្រធាន​​​អាស៊ាន​​​ស្នើ​​​​​សមាជិក​​ធ្វើ​​​សមយុទ្ធ​​ទប់​ស្កាត់​​​ជំងឺ​​​ឆ្លង​​​ក្រោយ​​​ផ្ទុះ​​​ជំងឺ​​​រលាក​សួត​​ Covid-19

បណ្ដារដ្ឋមន្ត្រីការពារជាតិ និងប្រទេសក្នុងតំបន់អាស៊ានទាំងអស់ ឈរលើកដៃនៅលើវេទិកាក្នុងកិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​អាស៊ាន នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។ (VNA)

ប្រទេស​វៀតណាមក្នុង​នាម​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន​ បាន​ស្នើ​ដល់​ប្រទេស​ជាសមាជិកពិចារណារៀបចំការធ្វើសមយុទ្ធដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃជំងឺ និងរាលដាល ក្រោយ​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​ Covid-19 វាយ​លុក​ប្រទេស​ចិន និង​ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន​។

យោង​តាម​សារព័ត៌មាន​រដ្ឋ​វៀតណាម Vietnam Plus ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​អាស៊ាន​នៅ​ថ្ងៃ​នេះ ​រដ្ឋមន្ត្រី​ការពារជាតិ​វៀតណាម​ដែល​ជា​ប្រធាន​កិច្ច​ប្រជុំ​ លោក Ngo Xuan Lich បាន​ថ្លែង​ថា កិច្ច​ប្រជុំ​អាស៊ាន​នាពេល​នេះ ​ចំពេល​ដែល​មាន​បញ្ហា​សន្ដិសុខ​ពិភព​លោក ​ជាពិសេស​​ការ​រីករាល​ដាល​ដ៏​ឆាប់​រហ័ស​នៃ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម ​ដែល​បណ្ដាល​មក​ពី​វីរុស​កូរ៉ូណា ដោយ​លោក​ស្នើដល់​ប្រទេស​ជា​សមាជិក​អាស៊ាន​ពិចារណា​រៀប​ចំ​សមយុទ្ធពេទ្យ​ទាហានទប់​ទល់​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​រាលដាល​នៅ​ក្នុងប្រទេស​ផង​ដែរ។

លើស​ពី​នេះ ​លោកក៏​បាន​ស្នើ​បន្ថែម​ដល់​ប្រទេស​ប្រ៊ុយណេ និង​អូស្ត្រាលី ដែល​ជា​ដៃ​គូរបស់​អាស៊ាន​ ធ្វើ​ការ​លើ​ផ្នែក​ពេទ្យ​ទាហាន ឱ្យ​ដាក់​បញ្ចូល​ការ​ឆ្លើយ​តប​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​ក្នុង​​លំហាត់សមយុទ្ធចាប់​ពី​ឆ្នាំ​២០២០ រហូត​ដល់​ឆ្នាំ​២០២៣ផង​ដែរ។

Vietnam Plus ក៏​បាន​ដកស្រង់​ប្រសាសន៍​របស់​លោក Ngo Xuan Lich បន្ថែម​ផង​ដែរ​ ដោយ​ជំរុញ​ដល់​ប្រទេស​ដែល​ជា​ដៃ​គូអាស៊ាន​ឱ្យ​បង្កើនកិច្ចសហប្រតិបត្តិការរបស់ពួកគេក្នុងការបង្កើនសមត្ថភាពរបស់ប្រទេសអាស៊ានក្នុងវិស័យ​ពេទ្យ​យោធា​ ដើម្បីឆ្លើយតបនឹងការផ្ទុះឡើងនៃជំងឺរាតត្បាត​ផង​ដែរ។

ទាក់ទង​នឹង​ការ​ផ្ទុះ​វីរុស​កូរ៉ូណា នៅ​ថ្ងៃ​នេះ ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ និង​ចិន​ ក៏បាន​​បើក​កិច្ច​ប្រជុំ​ពិសេស​មួយ​នៅ​ទីក្រុង​វៀងច័ន្ទ​ ប្រទេស​ឡាវ​ផង​ដែរ ដើម្បី​ពិភាក្សា​ផ្លាស់ប្ដូរ​យោបល់​ រិះរក​មធ្យោបាយ​ និង​របៀប​ថ្មី​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការរីករាល​ដាល​នៃ​ជំងឺ​ឆ្លង​កូរ៉ូណានេះ​ដែរ។

បច្ចុប្បន្ន​ ប្រទេស​ចំនួន​៦​ហើយ​នៅអាស៊ាន ដែល​ត្រូវ​បាន​រក​ឃើញ​អ្នក​ជំងឺ ​Covid-19 ដែល​មាន​ប្រទេស​សឹង្ហបុរី ៨១​ករណី ថៃ​ ៣៥​ករណី ម៉ាឡេស៊ី ២២ករណី វៀតណាម ១៦​ករណី ភីលីពីន ៣​ករណី និង​កម្ពុជា ១ករណី។

មេរោគកូរ៉ូណាផ្ទុះឡើងនៅក្នុងប្រទេសចិនកាលពីចុងឆ្នាំ២០១៩ ហើយកំពុងឆ្លងរាលដាលទៅប្រទេសផ្សេងនៅលើពិភពលោក ដែលគិតត្រឹមរសៀលថ្ងៃពុធនេះ បណ្តាលឱ្យអ្នកស្លាប់កើនឡើងដល់ ២ ០១២នាក់ អ្នកផ្ទុកមេរោគកើនឡើងដល់ ៧៥ ២០០នាក់ និងមានអ្នកជាសះស្បើយឡើងវិញជាង ១៤ ៨៦៦នាក់។

ចំពោះ​វិបត្តិ​កូរ៉ូណា​ ប្រទេស​វៀតណាម​ក៏​ផ្ដល់​ជំនួយជា​សម្ភារ​​ដែល​គិត​ជាទឹក​ប្រាក់ជាង​៥០ម៉ឺន​ដុល្លារ​ដល់​ប្រទេស​ចិន​ផង​ដែរ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ