សមត្ថកិច្ច​បញ្ជូន​ខ្លួន​អ្នក​លក់​សម្លៀក​បំពាក់​អនឡាញ​ ដែល​ស្លៀក​ពាក់​ស៊ិច​ស៊ី​មួយ​រូប​ទៅ​តុលាការ​

ស្ត្រីអ្នកលក់អនឡាញម្នាក់ឈ្មោះ ថៃ ស្រីនាង ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បញ្ជូនទៅតុលាការ នៅវេលាម៉ោង ១៥:៣០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។ (ហ្វេសប៊ុក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

សមត្ថកិច្ចសម្រេចបញ្ជូន​ខ្លួន​អ្នកលក់​ខោ និងអាវទ្រនាប់ ដែលតែងឡាយលក់ ដោយស្លៀកពាក់ស៊ិចស៊ី ឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រីនាង ទៅតុលាការនៅរសៀលថ្ងៃព្រហស្បតិ៍នេះ ក្រោយមានការបញ្ជាផ្ទាល់មាត់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យចាត់វិធានការលើស្ត្រីឡាយហ្វេសប៊ុក​លក់ផលិតផល។​

ទំព័រហ្វេសប៊ុក​របស់ស្នងការនគរបាលរាជធានីភ្នំពេញនៅថ្ងៃនេះ បានឱ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនអ្នកលក់សម្លៀកបំពាក់អនឡាញឈ្មោះ ថៃ ស្រីនាង កាលពីថ្ងៃម្សិលមិញ និងបញ្ជូននាងទៅតុលាការនៅរសៀលថ្ងៃនេះ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ដោយចោទប្រកាន់​ពីបទផុសរូបភាព និងសម្ភារអាសអាភាស។

ប្រភពដដែលបញ្ជាក់ថា ការឃាត់ខ្លួននេះ៖ «ពាក់ព័ន្ធករណីផុសរូបភាពស៊ិចស៊ី និងត្រូវបានសមត្ថកិច្ច ចោទពីបទផុសរូបភាព និងសម្ភារៈអាសអាភាស ដោយយោងតាមមាត្រា ៣៨-៣៩ ច្បាប់ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលជាប់ទោសចាប់ពី ១ខែ ដល់ ១ឆ្នាំ» ។

ទំព័រហ្វេសប៊ុក​របស់ស្នងការនគរបាលរាជធានីភ្នំពេញ ដដែលបញ្ជាក់ថា អ្នកលក់សម្លៀកបំពាក់​តាមអនឡាញរូបនេះ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកមក​អប់រំ ណែនាំ និងធ្វើកិច្ចសន្យា ចំពោះកំហុសឆ្គងដែលគាត់បានផុសរូបភាព និងវីដេអូខ្លីប​កាលពីថ្ងៃទី១៨ ខែកុម្ភៈ។

ក្នុងវីដេអូដែលផ្សព្វផ្សាយ​នៅលើទំព័រសារព័ត៌មាន Fresh News ថៃ ស្រីនាង បាន​ទទួលស្គាល់កំហុសខ្លួន​ និងសន្យា​មិនថតរូប ឬវីដេអូ ឬឡាយតាមបណ្តាញសង្គម​​មានលក្ខណៈស៊ិចស៊ី ដែលធ្វើឱ្យប៉ះពាល់ដល់ទំនៀមទំលាប់ប្រពៃណី ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ស្ត្រីខ្មែរទៀត។ ក្នុងវីដេអីខ្លីបនោះ នាង ក៏បាន​ប្រាប់ទៅស្ត្រីផ្សេងទៀត មិនឱ្យយកគំរូតាមនាងនោះដែរ។  ​

យ៉ាងនេះក្តី ទំព័រហ្វេសប៊ុក​របស់ស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យដឹងថា បន្ទាប់ពីធ្វើកិច្ចសន្យា និងសារភាពកំហុសរួច សមត្ថកិច្ចក៏បានអនុញ្ញាតអោយ ថៃ ស្រីនាង ត្រឡប់ទៅផ្ទះវិញ ប៉ុន្តែ ស្រាប់តែម៉ោងជាង ២​រសៀលថ្ងៃដដែល ថៃ ស្រីនាង នៅតែផុសរូបអាក្រាតកាយ ដែលស្លៀកតែខោលីអូបន្តទៀត។

ប្រភពដដែលនេះ ថាដោយមានការឯកភាពយល់ព្រមពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះទៅនាំខ្លួន ថៃ ស្រីនាង ម្តងទៀត និងរៀបចំសំណុំឯកសារបញ្ជូនបន្តទៅតុលាការ និងអនុវត្តតាមនីតិវិធីច្បាប់នៅថ្ងៃនេះតែម្តង ។

កាលពីថ្ងៃទី១៧ ខែកុម្ភៈ លោ​ក​នា​យ​ករ​ដ្ឋ​មន្ត្រី ​ហ៊ុ​ន ​សែន ​​​បា​​ន​ផ្តល់​អនុ​សាសន៍​ទៅ​ក្រ​​សួង​​​ពាក់ព័​ន្ធ​ ឱ្យបង្កើនកា​រស៊ើ​ប​អង្កេត ​និងប​ង្ក្រាបតា​មប្រព័​ន្ធប​ច្ចេក​វិទ្យា​ ដែ​លធ្វើ​ឱ្យប៉ះ​ពាល់​ដល់​សី​លធ​ម៌សង្គម ​តម្លៃ​ស្ត្រីខ្មែ​រ ​និងវ​ប្បធម៌ជាតិ ​ពាក់ព័​ន្ធ​ទៅ​នឹង​ស្ត្រីប្រក​បមុ​ខរបរ​តាម​អន​ឡាញ​ស្លៀ​​កពា​ក់លេច​លើលេចក្រោ​ម ​ដោយថា វា​បានបង្កឱ្យមានអំពើហិង្សា និងការរំលោភផ្លូវភេទទៀតផង។​

យ៉ាងនេះក្តី ក្រុមអង្គការសង្គមស៊ីវិល អង្គ​កា​រចំ​នួន៧ តាម​លិ​ខិត​ចំ​ហចុះថ្ងៃ​ទី១​៩ ខែកុម្ភៈ​ រួមមានអ​ង្គការយេនឌ័រ​​ និង​​កា​រអ​ភិ​​វឌ្ឍដើម្បីកម្ពុ​ជា ​មជ្ឈមណ្ឌលសិ​ទ្ធិមនុស្សក​ម្ពុជា​ អង្គការក្លាហាន ជាដើ​ម​ បាន​ចាត់​ទុក​ប្រសា​សន៍​រប​ស់​នាយករ​ដ្ឋម​ន្ត្រី​នេះថា ​ជា​ការស្តីប​ន្ទោសជ​នរ​ងគ្រោះ​ ​​ជំរុ​ញឱ្យមាន​អំ​ពើហិង្សា​ និ​ង​រើ​​សអើ​ងផ្នែកយេនឌ័រក្នុងសង្គមកម្ពុជាទៀតផង៕

ចែករំលែកព័ត៌មាន
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

ចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មានវីអូឌី
តាមដានព័ត៌មាន វីអូឌី

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered