ចិនច្រាន​ចោល​ការចោទប្រកាន់​ដែល​​ថាវីរុស​​កូរ៉ូណា​​កើត​ចេញពី​កម្ម​វិធីអាវុធជីវសាស្រ្ត

បុគ្គលិកសុខាភិបាលចិន​កំពុងពិនិត្យកម្តៅ​ពលរដ្ឋរកមើលកូរ៉ូណាវីរុសនៅក្បែរទូដកប្រាក់ក្នុងក្រុងវូហាន នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។ (រូបភាពផ្តល់ឳ្យដោយនិស្សិតខ្មែរកំពុងសិក្សានៅទីក្រុងវូហាន)

រដ្ឋាភិបាល​ក្រុងប៉េកាំង បាន​បដិសេធចំពោះ​ការលើកឡើង​ដែល​ថា ​មេរោគកូរ៉ូណាថ្មី​ ឬហៅថា COVID-19 ត្រូវបានបង្កើតឡើង និងលេចចេញពី​មន្ទីរពិសោធន៍ជីវសាស្រ្តរបស់​ចិន។

សារព័ត៌មា​នបស្ចិម​ប្រទេសមួយចំនួន​ បាន​ចុះ​ផ្សាយ​ដោយដាក់ការសង្ស័យថា​ COVID-19 អាចកើតចេញ​ពីកម្មវិធីអាវុធជីវសាស្រ្ត ហើយ​វាបាន​រួចចេញ​មកក្រៅ​ពី​មន្ទីរពិសោធន៍។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បាន​លើកឡើងក្នុងសន្និសីទសារព័ត៌មាន​កាលពីថ្ងៃម្សិលមិញថា​ ការផ្សព្វផ្សាយបែប​នេះជាចេតនាមួលបង្កាច់​ និងមើលរំលង​ពី​ការខិតខំប្រឹងប្រែងរបស់​ប្រជាជន​ចិនទាំងអស់​ក្នុងការប្រយុទ្ធជាមួយ ​COVID-19 នេះ។

លោក Geng Shuang បាន​ថ្លែងការពារ​ប្រទេសរបស់​ខ្លួនថា ​​អង្គការ​សុខភាពពិភពលោកបានលើកឡើងម្តងជាពីរដងហើយថា ​គ្មាន​ភស្តុតាងណាមួយ​ដែល​ថា វីរុសកូរ៉ូណាថ្មីនេះត្រូវបាន​បង្កើតឡើងក្នុងមន្ទីរពិសោធន៍ជីវសាស្រ្ត ឬក៏កើតចេញ​ពីការផលិត​អាវុធជីវសាស្រ្ត។ អ្នកនាំពាក្យក្រសួងការបរទេសចិន លើកឡើងបន្តទៀតថា ​អ្នកជំនាញវេជ្ជសាស្រ្តល្បីៗនៅលើ​ពិភពលោក ក៏យល់​ស្របនឹង​ចិន​ផងដែរថា ការ​ចោទប្រកាន់ថា​​ COVID-19 លេចចេញ​ពី​មន្ទីរពិសោធន៍ មិនមានមូលដ្ឋានវិទ្យាសាស្រ្តនោះទេ។

លោក Geng Shuang បានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ព្រឹត្តិបត្រវេជ្ជសាស្រ្តអន្តរជាតិ​ The Lancet បានចុះផ្សាយ​​សេចក្តី​ថ្លែងការណ៍ដែល​ចុះ​ហត្ថលេខាដោយ​អ្នកជំនាញវេជ្ជសាស្រ្តមានឈ្មោះ​បោះសំឡេង​ចំនួន​២៧នាក់ ច្រានចោលការសង្ស័យនេះ។ អ្នកវិទ្យាសាស្រ្តទាំងនោះបាន​ធ្វើការ​វិភាគ​ទៅលើបណ្តុំហ្សែន​នៃ​វីរុស COVID-19 បង្ហាញថា ​វីរុសនេះកើតចេញ​ពីសត្វព្រៃ និងភ្នាក់​ងារចំលងមេរោគ​ដទៃទៀត។ ការចុះ​ផ្សាយ​ចោទប្រកាន់​ និងដាក់ការសង្ស័យពីប្រភពនៃ​វីរុសនេះ ដោយសារព័ត៌មាន​មួយចំនួន​មិន​បានជួយអ្វីនោះទេ ក្រៅពីបង្កើតភាពភ័យខ្លាច ពាក្យចចាមអារ៉ាម និងការរើសអើងដែលបង្កអន្តរាយដល់ការសហការជាសកលក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 នេះ។

អ្នកនាំពាក្យ​ក្រសួងការបរទេសចិនរូបនេះ សង្កត់ធ្ងន់​ថា អ្វី​ដែល​ចិន​ចង់​បាន​ពីភាគី​នានានៅពេលនេះគឺ​ការបកស្រាយសមហេតុផលបែបវិទ្យាសាស្រ្ត និង​កិច្ចសហប្រតិបត្តិការ។ លោក​សង្ឃឹម​ថា សហគមន៍អន្តរជាតិនឹងបន្តចូលរួម​ជាមួយចិន​ក្នុងការប្រយុទ្ធ​នឹង​វីរុស​នេះ ក៏ដូចជាប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដែលមានលក្ខណៈនយោបាយ​ផ្សេងទៀតជុំវិញ​ការផ្ទុះ​នៃ COVID-19 នេះ។

វីរុសកូរ៉ូណាថ្មី​ ឬ COVID-19 បាន​ផ្ទុះ​ឡើងនៅក្នុងប្រទេសចិនកាលពីពាក់កណ្តាល​ខែធ្នូ ឆ្នាំ២០១៩ ក្នុងទីក្រុង​វូហាន​។ រដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ការសង្ស័យថា ​មេរោគ​នេះបាន​កើតចេញ​ពី​ផ្សារលក់សត្វព្រៃមួយកន្លែងក្នុងក្រុងវូហាន​។ តាមការចុះផ្សាយរបស់​សារព័ត៌មាន​ South China Morning Post គិតត្រឹម​រសៀលថ្ងៃសុក្រនេះ អ្នកឆ្លងវីរុសកូរ៉ូណាថ្មីនៅទូទាំងពិភពកើនដល់ ​៧៦៧១៧នាក់ ខណៈអ្នកបាត់បង់​ជីវិតមាន​ ២២៤៧នាក់។ ដោយឡែក​អ្នកដែល​ជាសះស្បើយមាន​ជាង ១៨០០០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ