លោក ហ៊ុន សែន៖ បើ​ពូ​ជា​នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​វិញ ពូ​នឹង​ដក​រដ្ឋ​មន្ត្រី​សុខាភិបាល​ចោល

នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចុះទទួលស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ Westerdam នៅកំពង់ផែក្រុងព្រះសីហនុ។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន លើក​ឡើង​ថា ប្រសិន​បើ​លោក​ជា​មេដឹកនាំ​ម៉ាឡេស៊ី លោក​នឹង​ដក​តំណែង​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ប្រទេស​នេះ ជុំ​វិញ​ដំណើរការ​​តេស្ត​រក​វីរុស​កូរ៉ូណា​ថ្មី​នៅ​លើ​ស្ត្រី​អ្នក​ដំណើរ​ជា​ពលរដ្ឋ​អាមេរិក​ម្នាក់ ដែល​កម្ពុជា​នៅ​តែ​មាន​មន្ទិល​សង្ស័យ​នៅ​ឡើយ។

មេដឹកនាំ​កម្ពុជា​រូប​នេះ បាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក តប​នឹង​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

លោក ហ៊ុន សែន សរសេរ​ថា​៖ «បើ​ពូ​ជា​នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​វិញ ពូ​នឹង​ដក​រដ្ឋ​មន្ត្រី​សុខាភិបាល​ចោលដោយសារ​ការ​ធ្វើ​ការ​ខ្ជីខ្ជា​ខ្វះ​ការ​ទទួល​ខុស​ត្រូវ ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ជាតិ​សាសន៍ ៤១​ប្រទេស»។

មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ បាន​លើក​ឡើង​បែប​នេះ បន្ទាប់​ពី​សារព័ត៌មាន The Straits Times របស់​សិង្ហបុរី បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ស្ត្រី​ជា​ម្នាក់​ដែល​ជា​អ្នក​ដំណើរ​​ចាក​ចេញ​ពី​នាវា MS Westerdam និង​ត្រូវ​បាន​តេស្ត​​រក​ឃើញ​វីរុស​កូរ៉ូណា​ថ្មី​នោះ មិន​មាន​ផ្ទុក​វីរុស​កូរ៉ូណាថ្មី​ទៀត​ឡើយ។

ស្ត្រី​ម្នាក់​វ័យ ៨៣​ឆ្នាំ គឺ​ជា​​អ្នក​ដំណើរ​ម្នាក់​ក្នុង​ចំណោម​អ្នក​ដំណើរ​ដទៃ​ទៀត​ដែល​ចាក​ចេញ​ពី​នាវា​​កម្សាន្ត MS Westerdam ដែល​ត្រូវ​បាន​កម្ពុជា​អនុញ្ញាត​ឱ្យ​ចូល​សំចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ។

ស្ត្រី​រូប​នោះ ត្រូវ​បាន​អាជ្ញាធរ​សុខាភិបាល​ម៉ាឡេស៊ី​ធ្វើ​តេស្ត និង​រក​ឃើញ​មេរោគ​កូរ៉ូណា​ថ្មី នៅ​ពេល​ពលរដ្ឋ​អាមេរិក​រូប​នេះ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​គួឡាឡុំពួរ​កាលពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ។

ក្រោយ​ពី​កម្ពុជា​ទាមទារ​ឱ្យ​ម៉ាឡេស៊ី​ត្រួត​ពិនិត្យ​ឡើង​វិញ​លើ​ដំណើរការ​តេស្ត​នោះ រដ្ឋាភិបាល​ម៉ាឡេស៊ី​នៅ​តែ​អះ​អាង​ពី​ការ​រក​ឃើញ​លទ្ធផល​«វិជ្ជមាន»​ជា​លើក​ទី​ពីរ​នៅ​លើ​ខ្លួន​ស្ត្រី​ជា​ពលរដ្ឋ​អាមេរិក​នោះ​ដដែល។

ប៉ុន្តែ ឧប​នាយករដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​កិច្ចការ​នារី​ម៉ាឡេស៊ី អ្នកស្រី Wan Izizah Wan Ismail ត្រូវ​បាន​សារព័ត៌មាន The Straits Times ដក​ស្រង់​សម្ដី ដែល​អ្នកស្រី​ថ្លែង​ថា ស្ត្រី​ជា​ពលរដ្ឋ​អាមេរិក​រូប​នោះ ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការព្យាបាល​នៅ​ឯ​មន្ទីរ​ពេទ្យ Sungai Buloh ហើយ​ត្រូវ​បាន​ធ្វើ​តេស្ត​ម្ដង​ហើយ​ម្ដង​ទៀត​រក​មេរោគ​កូរ៉ូណា​ថ្មី។

បើ​សារព័ត៌មាន​ដដែល​នេះ អ្នកស្រី Wan Azizah ថ្លែង​ថា​៖ «លទ្ធផល​បង្ហាញ​ថា គាត់[ស្ត្រី​ជា​អ្នក​ដំណើរ]​មិន​មាន​វីរុស​ទេ»។

ក្រោយ​មន្ត្រី​ជាន់​ខ្ពស់​ម៉ាឡេស៊ី​បញ្ជាក់​បែប​នេះ ក្រសួង​សុខាភិបាល​កម្ពុជា បានចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​យប់​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​​ចាត់​ទុក​ដំណើរ​ការ​ធ្វើ​តេស្ត​លើ​ស្ត្រី​អ្នក​ដំណើរ​រូប​នោះ ត្រូវ​បាន​ធ្វើ​ឡើង​«មិន​ប្រក្រតី»។

នាវា MS Westerdam ដែលផ្ទុកទៅដោយអ្នកដំណើរ ១ ៤៥៥នាក់ និងបុគ្គលិកបម្រើការលើនាវា ៨០២នាក់ ត្រូវបានកម្ពុជាអនុញ្ញាតចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​ម្សិល​មិញ អ្នក​ដំណើរ​នៅ​សេស​សល់​លើ​នាវា និង​បុគ្គល​បម្រើ​ការ​លើ​នាវា​សរុប ១,៥៨០​នាក់ ត្រូវ​បាន​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា​ថ្មី ហើយ​រក​ឃើញ​ថា គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ផ្ទុក​វីរុស​នេះ​នោះ​ទេ។

វីអូឌី​ពុំ​អាច​ស្វែង​រក​ការ​បក​ស្រាយ​ភ្លាមៗ​ពី​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា​នៅ​ថ្ងៃ​នេះ។

សារព័ត៌មាន​អាមេរិក US Today បាន​ដក​ស្រង់​សម្ដី​អ្នក​នាំ​ពាក្យ​​មជ្ឈ​មណ្ឌល​គ្រប់​គ្រង​ជំងឺ​ឆ្លង​អាមេរិក លោក Richard Quartarone ដែល​បាន​ថ្លែង​ថា តាម​អ្វី​ដែល​លោក​ដឹង គឺ​ថា ស្ត្រី​ជា​ពលរដ្ឋ​អាមេរិក​រូប​នោះ មិន​​ដែល​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ទេ។

មន្ត្រី​អាមេរិក​រូប​នេះ ថ្លែង​បន្ត​ថា ស្ត្រី​ដែល​ត្រូវ​បាន​នាំ​ចូល​មន្ទីរ​ពេទ្យ​នោះ អាច​​មាន​ជំងឺ​ផ្លូវ​ដង្ហើម ប៉ុន្តែ ប្រសិន​បើ​គាត់​មាន «វា​មិន​មែន​ជា​ COVID-19 ទេ»។

លោក ហ៊ុន សែន បាន​រៀបរាប់​លើ​ហ្វេសប៊ុក​លោក​នៅ​ព្រឹក​ថ្ងៃ​នេះ​ថា កម្ពុជា​បាន​ក្លាយ​ទៅ​ជា​អ្នក​រង​គ្រោះ​ បន្ទាប់​ពី​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​នាវា MS Westerdam ចូល​សំចត ដែល​លោក​ថា ជា​ទង្វើ​មនុស្ស​ធម៌។

ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន សរសេរ​ថា​៖ «ការ​មិន​ទទួល​ខុស​ត្រូវ​របស់​ជន​បរទេស​ខ្លះ​លើ​ការ​ពិនិត្យ​សុខភាព​របស់​ភ្ញៀវ​ទេសចរ​ដែល​ជិះ​លើ​នាវា Westerdam បាន​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​ជន​រង​គ្រោះ​នៃ​ទង្វើ​មនុស្ស​ធម៌​របស់​ខ្លួន​អស់​រយៈ​ពេល​ជិត​មួយ​សប្ដាហ៍»។

នាវា MS Westerdam ដែល​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន Holland America Line បាន​ចំណាយ​ពេល ២​សប្ដាហ៍​នៅ​លើ​លំហ​សមុទ្រ បន្ទាប់​ពី​ប្រទេស និង​ដែន​ដី​កោះ​ចំនួន ៥ មាន​ជប៉ុន ហ្វីលីពីន តៃវ៉ាន់ ថៃ និង​កោះ​ហ្គាំ មិន​អនុញ្ាត​ឱ្យ​ចូល​ចត​ជុំ​វិញ​ក្ដី​បារម្ភ​អំពី​ការ​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី ក្រោយ​ពី​នាវា​នេះ​ចាក​ចេញ​ពី​កំពង់ផែ​នៅ​ទីក្រុង​ហុងកុង​កាល​ពី​ថ្ងៃទី​១ ខែ​កុម្ភៈ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ