លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់រដ្ឋមន្ត្រីក្រសួងការបរទេសឱ្យហៅឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា មកឆ្លើយបំភ្លឺ ជុំវិញព័ត៌មានដែលប្រកាសថា រកឃើញស្រ្តីអាមេរិកម្នាក់ផ្ទុកជំងឺកូរ៉ូណាវីរុសថ្មី ឬ Covid-19 ក្រោយចាកចេញពីកម្ពុជា។
លោក ហ៊ុន សែន បានថ្លែងសារពិសេសមួយជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ ដែលធ្វើឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃនេះ បានប្រាប់ទៅរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន កោះហៅឯកអគ្គរាជទូតម៉ាឡេស៊ីមកឆ្លើយបំភ្លឺចំពោះការប្រកាសថា រកឃើញស្រ្តីម្នាក់ផ្ទុកជំងឺកូរ៉ូណាវីរុសថ្មី ឬ Covid-19 ក្រោយចាកចេញពីកម្ពុជា ដើម្បីកុំឱ្យសាធារណជនមានការភាន់ច្រឡំជុំវិញរឿងនេះ។
លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ «ខ្ញុំចង់បញ្ជាក់ទៅលោក ប្រាក់ សុខុន ឱ្យបញ្ជាក់ឱ្យច្បាស់ ដើម្បីកុំឱ្យមានសង្គ្រាមការទូត។»
កាលពីថ្ងៃទី១៦ ខែកុម្ភៈ ម៉ាឡេស៊ីបានចេញសេចក្តីប្រកាសថា ស្ត្រីជនជាតិអាមេរិកវ័យ៨៣ឆ្នាំម្នាក់ ដែលចាកចេញពីកម្ពុជា ក្រោយពេលចុះពីនាវាទេសចរណ៍ Westerdam មានផ្ទុកមេរោគកូរ៉ូណា។ អាមេរិកបញ្ជាក់ថា បច្ចុប្បន្ន ស្ត្រីរូបនេះស្ថិតនៅដាច់ដោយឡែកពីគេ ដើម្បីទទួលការព្យាបាល៕









