អង្គការសង្គមស៊ីវិលជាង ១០០ស្ថាប័ន បានសម្តែងការសោកស្តាយ និងហួសចិត្តចំពោះការរឹតត្បិតសមាជិកសហគមន៍ ព្រះសង្ឃ និងសកម្មជនបរិស្ថានរាប់រយនាក់ មិនឱ្យចូលទៅតំបន់ការពារព្រៃឡង់កាលពីចុងសប្តាហ៍មុន។
ក្នុងសេចក្តីថ្លែងការណ៍រួមមួយរបស់អង្គការ សមាគម និងសហគមន៍ ជាង១រយ នៅថ្ងៃអង្គារនេះ បានលើកឡើងថា ការប្រើប្រាស់មន្រ្តីឧទ្យានុរក្សប្រដាប់ដោយកាំភ្លើង ដើម្បីរារាំងសមាជិកបណ្ដាញសហគមន៍ព្រៃឡង់ ពីការប្រារព្ធពិធីបុណ្យបំបួសដើមឈើប្រចាំឆ្នាំនៅក្នុងព្រៃ គឺជាការរឹតត្បិតមិនសមហេតុផលទៅលើសេរីភាពដើរហើរ និងបង្អាក់ការខិតខំប្រឹងប្រែងអភិរក្សព្រៃឈើ។
ជាងនេះទៀត ការហាមឃាត់នោះ មិនបានបង្ហាញអំណះអំណាងត្រឹមត្រូវតាមច្បាប់នោះឡើយ បើទោះបីជាការរៀបចំពិធីរបស់សហគមន៍ពួកគាត់បានជូនដំណឹងទៅអាជ្ញាធរក៏ដោយ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន ព្រះសង្ឃ ប្រជាសហគមន៍ទាំង៤ខេត្ត និងអង្គការក្រៅរដ្ឋាភិបាល គ្រោងរៀបចំពិធីបុណ្យព្រៃឡង់ ចំនួន២ថ្ងៃ គឺថ្ងៃទី២២ និង២៣ ខែកុម្ភៈ មានគោលបំណងរំលឹកគុណព្រៃឈើ និង បួងសួងសុំឱ្យព្រៃឈើនៅគង់វង្សសម្រាប់ក្មេងជំនាន់ក្រោយ ដើម្បីរក្សាអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចកួយ។
លើសពីនេះ ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាសហគមន៍ និងសាធារណជនទូទៅអំពីសារៈសំខាន់ព្រៃឈើ ព្រមទាំងបានស្វែងយល់ពីតំបន់សក្តានុពលជម្រកសត្វព្រៃមួយនេះជាដើម។ ប៉ុន្តែគម្រោងនេះត្រូវបរាជ័យ ក្រោយមន្ត្រីបរិស្ថានហាមឃាត់មិនអនុញ្ញាតឱ្យបណ្តាញសហគមន៍ចូលព្រៃដើម្បីរៀបចំពិធីនេះឡើយ ក្រោមហេតុផលថា មិនបានសុំការអនុញ្ញាតចូលទៅតំបន់ស្នូលព្រៃឡង់ជាមុន។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា ប្រាប់វី.អូ.ឌី កាលពីថ្ងៃម្សិលមិញតាមប្រព័ន្ធតេឡេក្រាមដោយចោទបណ្តាញសហគមន៍ព្រៃឡង់ថា បានធ្វើការងារការពារព្រៃឈើកន្លងមកខុសច្បាប់ ព្រោះសហគមន៍មិនបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃទេ បើទោះបីជាក្រសួងបរិស្ថានបានណែនាំឱ្យពួកគេទៅចុះបញ្ជីស្របច្បាប់ជាច្រើនលើកច្រើនសារ។
លោកព្រមានទៀតថា៖ «ប្រសិនបើពួកគាត់ [ប្រជាសហគមន៍ព្រៃឡង់] មិនគោរពច្បាប់ សមត្ថកិច្ចគ្មានជម្រើសអ្វីក្រៅពីការអនុវត្តច្បាប់ចំពោះអ្នកប្រព្រឹត្តខុសច្បាប់នោះឡើយ»។
យ៉ាងនេះក្តី នៅក្នុងសេចក្តីថ្លែងការណ៍ដដែលបានដកស្រង់ពីការលើកឡើងរបស់តំណាងបណ្ដាញសហគមន៍ព្រៃឡង់នៅខេត្តកំពង់ធំ លោក ហឿន សុភាព ថា កាលពីមុន យើងអាចចូលទៅព្រៃឡង់ដោយសេរីដើម្បីធ្វើសកម្មភាពរបស់យើងក្នុងការការពារព្រៃនេះ។ ប៉ុន្តែ ថ្មីៗនេះ លោកថា យើងមានការលំបាកកាន់តែខ្លាំងឡើងៗ ហើយក្រសួងរឹតត្បិតសកម្មភាពរបស់ពួកយើងច្រើនឡើងៗផងដែរ។
បន្ទាប់ពីបានបដិសេធមិនឱ្យសមាជិកសហគមន៍ចូលព្រៃ ក្រសួងបរិស្ថានបានសរសេរបង្ហោះសារនៅលើបណ្ដាញទំនាក់ទំនងហ្វេសប៊ុកថា មាត្រា១១នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ហាមឃាត់មិនឱ្យអ្នកណាចេញចូលតំបន់ការពារធម្មជាតិដោយគ្មានការអនុញ្ញាតទេ។
ប្រភពដដែលថា៖ «មាត្រា១១នេះ សំដៅលើតំបន់ដែលបានកំណត់ និងបែងចែករួច ហើយមានតែតំបន់ស្នូលប៉ុណ្ណោះដែលជាតំបន់ការពារខ្លាំងជាងគេក្នុងចំណោមតំបន់ទាំងបួន ដែលតម្រូវឱ្យមានការអនុញ្ញាតពីក្រសួងមុនពេលចូលទៅកាន់តំបន់ការពារធម្មជាតិ»។
ប៉ុន្តែ ច្រើនឆ្នាំបន្ទាប់ពីអនុម័តច្បាប់នេះក្នុងឆ្នាំ២០១៦ មិនទាន់មានការកំណត់ និងបែងចែកតំបន់ព្រៃឡង់នៅឡើយទេ ទោះបីជាការកំណត់ និងបែងចែកតំបន់ការពារនេះត្រូវបានលើកទឹកចិត្តដោយក្រុមអ្នកអភិរក្សបរិស្ថានក៏ដោយ ដោយសារវាជាកិច្ចការពារបន្ថែមប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើ។
កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយដាក់តំបន់ព្រៃឡង់ដែលមានទំហំជាង៤៣ម៉ឺនហិកតា (៤៣១.៦៨៣) ស្ថិតនៅជាប់ខេត្តចំនួន៤ រួមមានខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ ទៅជាដែនជម្រកសត្វព្រៃ «ព្រៃឡង់»។ តំបន់នេះ ត្រូវបានដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ដែលមានកាតព្វកិច្ចធានាគាំពារបរិស្ថាន និងការអភិរក្សជីវចម្រុះ។
ប៉ុន្តែ យោងតាមទិន្នន័យផ្កាយរណបរបស់អង្គការឃ្លាំមើលព្រៃឈើអន្តរជាតិ អះអាងថា ព្រៃឡង់បានបាត់បង់ជិត ៤២.០០០ហិកតា ឬប្រហែល ១០ភាគរយនៃគម្របព្រៃឈើដែលបាត់បង់ ចន្លោះឆ្នាំ២០០១ និង២០១៨៕