លោក មហាធា មហាមេដ សម្តែងការសោកស្តាយថា ការតែងតាំងលោក Muhyiddin Yassin ជានាយករដ្ឋមន្រ្តីថ្មី ត្រូវបានធ្វើឡើងផ្ទុយពីច្បាប់ជាតិ ដោយលោកថា លោក Muhyiddin មិនបានទទួលការគាំទ្រភាគច្រើនពីសមាជិកសភាដែលមានចំនួន ២២២រូបឡើយ។
អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក Muhyiddin បានស្បថឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីម៉ាឡេស៊ីនៅថ្ងៃម្សិលមិញ បន្ទាប់ពីព្រះមហាក្សត្រ Sultan Abdullah ជ្រើសតាំងលោកនៅថ្ងៃទី២៩ ខែកុម្ភៈ ជំនួសលោក មហាធា ដែលស្នើសុំលាលែងកាលពីថ្ងៃចន្ទសប្តាហ៍មុន។
លោក មហាធា ត្រូវបានសារព័ត៌មាន Strait Times របស់សិង្ហបុរី ស្រង់សម្តីរបស់លោកថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃម្សិលមិញថា បេក្ខភាពនាយករដ្ឋមន្រ្តីត្រូវតែឆ្លងកាត់ការជ្រើសតាំងដោយសំឡេងគាំទ្រភាគច្រើនក្នុងសភា។ លោកថា លោក Muhyiddin គឺជាប្រធានគណបក្ស Bersatu ដែលបរាជ័យក្នុងការបោះឆ្នោតឆ្នាំ២០១៨។
អតីតនាយករដ្ឋមន្រ្តីវ័យ ៩៤ឆ្នាំរូបនេះ បន្ថែមថា ការជ្រើសតាំងនេះជារឿងដ៏គួរឱ្យចម្លែក និងធ្វើឡើងដោយផ្ទុយពីច្បាប់ ហើយលោកថា លោកនឹងស្នើទៅសភាឱ្យបើកការកោះប្រជុំបន្ទាន់មួយ ដើម្បីបញ្ជាក់ថា លោក Muhyiddin ពិតជាមានសំឡេងគាំទ្រភាគច្រើន។
សភាម៉ាឡេស៊ី គ្រោងនឹងផ្តើមបើកសម័យប្រជុំនៅថ្ងៃទី៩ ខែមីនា ប៉ុន្តែ គម្រោងនេះត្រូវបានអ្នកនាំពាក្យសភា លោក Mohamad Yusof លើកឡើងថា អាចនឹងត្រូវលើកពេល។ លោកថា លោកនឹងសុំការបញ្ជាក់ពីខុទ្ទកាល័យនាយករដ្ឋមន្រ្តីនៅថ្ងៃស្អែក។
ថ្លែងទៅកាន់ក្រុមអ្នកកាសែតនៅថ្ងៃម្សិលមិញ លោក មហាធា ប្រាប់ថា ការសុំលាលែងរបស់លោកធ្វើដោយបង្ខំចិត្ត ដើម្បីបញ្ចៀសការបែកបាក់ក្នុងសម្ព័ន្ធគណបក្សដឹកនាំប្រទេស ដោយគណបក្ស Bersatu ឬ PPBM របស់លោកចង់បំបែកខ្លួនទៅបង្កើតរដ្ឋាភិបាលថ្មីជាមួយបក្ស UMNO។
ការសម្រេចតែងតាំងលោក Muhyiddin ជានាយករដ្ឋមន្រ្តីម៉ាឡេស៊ីទី៨ គឺជារឿងដែលគួរឱ្យភ្ញាក់ផ្អើល ខណៈអ្នកដែលត្រូវបានរំពឹងថា នឹងមកជំនួសតំណែងលោក មហាធា គឺមានតែលោក Anwar Ibrahim ដែលជាប្រធានគណបក្សយុត្តិធម៌ប្រជាជន និងជាប្រធានសម្ព័ន្ធគណបក្ស PH។
ព្រះមហាក្សត្រម៉ាឡេស៊ី មានបន្ទូលថា លោក Muhyiddin ជាជម្រើសល្អបំផុតសម្រាប់មុខតំណែងជានាយករដ្ឋមន្រ្តីថ្មី។ បើតាមដីកាតែងតាំងដែលត្រូវបានកាសែត Aljazeera ស្រង់មកចុះផ្សាយបានឱ្យដឹងថា សេចក្តីសម្រេចរបស់ព្រះចៅ Abdullah គឺធ្វើឡើងដើម្បីបញ្ចប់វិបត្តិនយោបាយក្នុងប្រទេស ដោយសារព្រះអង្គមើលឃើញថា លោកមានសំឡេងគាំទ្រភាគច្រើនក្នុងចំណោមតំណាងរាស្រ្ត។
អ្នកវិភាគនយោបាយ និងជានាយកសមាជសមាគមអ្នកសិក្សាម៉ាឡេស៊ី MACC លោក Hohd Masri មើលឃើញថា ការតែងតាំងប្រធានបក្ស Bersatu ជានាយករដ្ឋមន្រ្តី អាចជាដំណោះស្រាយវិវាទនយោបាយដែលបានកើតឡើងក្នុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយ។
យ៉ាងណា លោកថា ស្ថានភាពអាចនឹងកើតឡើងសារជាថ្មីទៀត បើលោក Muhyiddin មិនអាចដោះស្រាយបញ្ហាផ្សេងៗ។ លោក Hohd Masri បន្ថែមថា បញ្ហាប្រឈមធំបំផុតរបស់នាយករដ្ឋមន្រ្តីថ្មី គឺការស្វែងរកការគាំទ្រលើភាពជាអ្នកដឹកនាំរបស់លោក និងកម្មវិធីនយោបាយអភិវឌ្ឍជាតិរបស់រដ្ឋាបាលថ្មីរបស់លោក៕