កម្មករ-កម្មការិនីបម្រើការងារនៅរោងចក្រ សឺពីយ៉ា ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននាំគ្នាចូលធ្វើការងារវិញនៅថ្ងៃនេះ ក្រោយថៅកែបើកប្រាក់ឈ្នួលឱ្យពួកគេ ប៉ុន្តែ លុយថ្លៃបាយ និងប្រាប់ឧបត្ថម្ភភាគីរោងចក្រសន្យាបើកឱ្យក្នុងសប្តាហ៍នេះ។
កាលពីថ្ងៃទី២៦ ខែកុម្ភៈ កម្មករប្រមាណ៦០០នាក់បម្រើការងារនៅរោងចក្រ សឺពីយ៉ា (SEPIA) បានផ្ទុះការតវ៉ា៣ថ្ងៃជាប់ៗគ្នា ដើម្បីទាមទារទៅថៅកែឱ្យបើកប្រាក់ឈ្នួល និងប្រាប់ឧបត្ថម្ភផ្សេងៗជូនពួកគេ។
កម្មការិនី សុខ ដាណា ប្រាប់វីអូឌីថា នៅថ្ងៃនេះក្រុមកម្មករបាននាំគ្នាចូលធ្វើការងារធម្មតាវិញហើយ ក្រោយថៅកែបើកប្រាក់ឈ្នួលជូនពួកគាត់កាលពីថ្ងៃទី២៩ ខែកុម្ភៈ ប៉ុន្តែ ថៅកែមិនទាន់បើកប្រាក់ឧបត្ថម្ភ ប្រាក់ថ្លៃបាយ ប្រាក់៥ភាគរយ និងប្រាក់រំលឹកអតីតភាពការងារនៅឡើយទេ។
កម្មការិនីរូបនេះបន្តថា ជារៀងរាល់ខែ គឺថៅកែបើកប្រាក់ឧបត្ថម្ភ និងប្រាក់ថ្លៃបាយឱ្យកម្មករ១សប្តាហ៍ម្តង ប៉ុន្តែសម្រាប់ខែកុម្ភៈ មិនទាន់បានបើកឱ្យនៅឡើយ ខណៈឆ្លងចូលខែថ្មីហើយនោះ។
អ្នកស្រីបន្ថែមថា៖ «និយាយទៅ ឥលូវលើសថ្ងៃរហូត។ លើសរហូតដល់ដាច់ខែទៅហើយ មិនទាន់បើកទេ។ ហើយអត់ប្រកាសប្រាប់កម្មករថា បើកថ្ងៃណាទេ។ កម្មររង់ចាំ។ កម្មករត្រូវការលុយសម្រាប់ប្រចាំថ្ងៃបានលុយហ្នឹង»។
កម្មករម្នាក់ទៀតគឺលោក ហោ វាសនា ដែលអះអាងថា បម្រើការងារនៅរោងចក្រ សឺពីយ៉ា រយៈពេល៥ឆ្នាំ និយាយថា ភាគីរោងចក្រតែងបង្ខំឱ្យកម្មករធ្វើការងារថែមម៉ោង និងបង្ខំឱ្យធ្វើការគ្រប់ចំនួន ប៉ុន្តែ បើកប្រាក់ឈ្នួលឱ្យកម្មករមានភាពយឺតយ៉ាវ ដែលបង្ករឱ្យកម្មករមានការលំបាកលើចំណាយប្រចាំថ្ងៃនេះ។
កម្មកររូបនេះឱ្យដឹងថា កម្មករម្នាក់អាចបានលុយឧត្ថម្ភចន្លោះពី៧ ទៅ៨ដុល្លារក្នុង១សប្តាហ៍ និងលុយថ្លៃបាយទទួល៣០០០រៀលក្នុង១ថ្ងៃ។
លោកបន្ថែមថា៖ «រោងចក្រហ្នឹងនៅតែបន្តគៀបសង្កត់ដដែលអីចឹង។ វានៅតែបើកលុយឱ្យយើងយឺតយ៉ាវ វាអត់ដោះស្រាយឱ្យពួកយើងបានលឿន។ ប៉ុន្តែ ការងារវិញ បង្ខំយើងឱ្យធ្វើរហូត»។
លោក ថេន ដែលកម្មករអះអាងថា ជាប្រធានរដ្ឋបាលរោងចក្រ សឺពីយ៉ា ប្រាប់វីអូឌីថា ក្រុមហ៊ុននឹងបើកលុយថ្លៃបាយ និងឧបត្ថម្ភជូនកម្មករនៅក្នុងសប្តាហ៍នេះ។
លោកបន្ថែមថា៖ «ខាងខ្ញុំកំពុងតែរៀបចំបើកឱ្យនៅក្នុងសប្តាហ៍នេះ ប៉ុន្តែ មិនទាន់ដឹងចុងសប្តាហ៍ ឬដើមសប្តាហ៍ទេ»។
កាលពីថ្ងៃទី២៨ ខែកុម្ភៈ អ្នកគ្រប់គ្រងទូទៅនៅរោងចក្រ សឺពីយ៉ា លោក ណៃ ឌឿន ប្រាប់វីអូឌីថា ករណីថៅកែបើកប្រាក់ឈ្នួលឱ្យកម្មករយឺតយ៉ាវ ដោយសារក្រុមហ៊ុនមានបញ្ហាហិរញ្ញវត្ថុ ដោយសារធនាគារនៅប្រទេសចិនដែលថៅកែផ្ញើលុយ មិនដំណើរការ។
បើតាមអ្នកគ្រប់គ្រងទូទៅ លោក ណៃ ឌឿន រោងចក្រ សឺពីយ៉ា (SEPIA) ទទួលដេរសម្លៀកបំពាក់បន្តពីក្រុមហ៊ុនផ្សេង ដែលមានថៅកែជាជនជាតិចិន និងមានកម្មករប្រមាណជាង៦០០នាក់កំពុងបម្រើការងារ។
កាលពីថ្ងៃទី២៧ ខែកុម្ភៈ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ មានប្រសាសន៍ក្នុងសន្និសីទកាសែតមួយថា តាមរយៈការព្យាករ និងវាយតម្លៃជាក់ស្តែងរបស់អាជ្ញាធរពាក់ព័ន្ធ គឺនៅខែមីនា អាចមានរោងចក្រសហគ្រាសជិត២០០ ប្រឈមកង្វះវត្ថុធាតុដើម និងប៉ះពាល់ដល់កម្មករប្រហែល១៦ម៉ឺននាក់ ដោយសារបញ្ហាជំងឺកូរ៉ូណាវីរុសថ្មី ឬ Covid-19៕