រយៈពេល​២​ខែ​ដើម​ឆ្នាំ​នេះ​ កម្ពុជា​នាំ​អង្ករ​ទៅ​ក្រៅ​ប្រទេស​កើន​ឡើង​ជាង​២២​%​

អង្ករគ្រប់ប្រភេទដែលបានដាក់លក់នៅក្នុងហាងមួយកន្លែង ក្នុងក្រុងភ្នំពេញ។ (ណាត សុភាព/ មករា ២០១៩)

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា រយៈពេល២ខែ ឆ្នាំ២០២០ កម្ពុជានាំចេញអង្ករទៅទីផ្សារអន្តរជាតិ មានការកើនឡើងជាង ២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នៅក្នុងហ្វេសប៊ុកសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីម្សិលមិញថា ក្នុងរយៈពេល២ខែដើមឆ្នាំ២០២០ កម្ពុជាបាននាំអង្ករទៅលក់ក្រៅប្រទេសចំនួន១៣៦ ៤៩៩តោន រួមមាន ទៅកាន់ប្រទេសចិនចំនួន ៣៧% សហគមន៍អឺរ៉ុប រួមទាំងអង់គ្លេស ៣០% ប្រទេសក្នុងសហគមន៍អាស៊ាន ១៨% និងបណ្តាគោលដៅផ្សេងៗមានជាង ១៤%។ តួលេខនេះ មានការកើនឡើងជាង ២២% បើធៀបនឹងរយៈពេល២ខែ ដើមឆ្នាំ២០១៩កន្លងទៅ។

ហ្វេសប៊ុកដដែលបញ្ជាក់ថា ដើមចមដែលនាំឱ្យអង្ករកើនឡើងនេះ ដោយសារទីផ្សារសហគមន៍អឺរ៉ុបអត្រាពន្ធនាំចូលបានធ្លាក់ចុះពី ១៧៥អឺរ៉ូ មក ១៥០អឺរ៉ូ កេរ្តិ៍ឈ្មោះអង្ករកម្ពុជាបានកំពុងកើនឡើង និងទំនាក់ទំនងល្អរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយថ្នាក់ដឹកនាំប្រទេសចិនជាដើម។

អគ្គ​លេខា​ធិការ នៃ​លេខា​ធិការ​ដ្ឋាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក លន់ យ៉េង មានប្រសាសន៍បន្ថែមថា អង្ករដែលកម្ពុជានាំទៅក្រៅប្រទេសនោះ រួមមាន អង្ករផ្ការំដួល អង្ករសែនក្រអូប ដែលជាអង្ករប្រភេទលេខ១ជាដើម។ លោករំពឹងថា នៅឆ្នាំនេះ កម្ពុជានឹងនាំចេញអង្ករទៅក្រៅប្រទេស មានការកើនពី ១៥%ឡើងទៅ។

នាយិកា​មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្ម កម្ពុជា (អង្គការ CEDAC) លោកស្រី តុង ចាន់ធៀង បានសាទរនឹងសហព័ន្ធស្រូវអង្ករកម្ពុជា ដែលនាំទៅកាន់ទីផ្សារអន្តរជាតិមានការកើនឡើង។ ​ប៉ុន្តែ លោកស្រី បង្ហាញការព្រួយបារម្ភថា បើរដ្ឋាភិបាលមិនយកចិត្តទុកដាក់កំណត់តម្លៃឱ្យប្រជាកសិករឱ្យទទួលបានសមរម្យទេ នឹងធ្វើឱ្យពួកគេអាចបោះបង់ការដាំស្រូវ ខណៈកន្លងទៅប្រជាកសិករមួយចំនួនបានត្អូញត្អែរពីតម្លៃស្រូវធ្លាក់ចុះផងដែរ។

លោកស្រីផ្តល់ជាអនុសាសន៍ថា រដ្ឋាភិបាលគួរតែគិតគូរឡើងវិញពីតម្លៃទីផ្សារសម្រាប់កសិករក្នុងស្រុកឱ្យបានសមរម្យ ដើម្បីលើកទឹកចិត្តឱ្យពួកគាត់ប្រកបមុខរបរនេះបានថិតថេរ។

លោកស្រីផ្តល់ជាអនុសាសន៍ថា៖ «ដើម្បីឱ្យកសិករនៅរក្សាផលិតស្រូវបន្តទៀត ទាំងឈ្មួញអ្នកទិញ ទាំងរដ្ឋាភិបាលយើង គួរពិចារណាកំណត់តម្លៃស្រូវអប្បបរមាមួយ ត្រឹមថា កសិករគាត់អាចរួចថ្លៃដើម ឬគាត់អាចចំណេញខ្លះៗតិចតួច ដើម្បីឱ្យគាត់មានទុនសំរាប់ធ្វើបន្តទៀតនៅឆ្នាំខាងមុខ»។

ឆ្លើយតបនឹងករណីនេះ អគ្គ​លេខា​ធិការ នៃ​លេខា​ធិការ​ដ្ឋាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក លន់ យ៉េង គាំទ្រនឹងការលើកឡើងរបស់ប្រជាពលរដ្ឋមួយចំនួន ដែលថា ស្រូវដែលផលិតបាន លក់បានតម្លៃទាប [ក្រោម១០០០រៀល ក្នុង១គីឡូក្រាម]។

ប៉ុន្តែ លោក យ៉េង បញ្ជាក់ថា តម្លៃស្រូវទាបដោយសារប្រជាពលរដ្ឋមិនយល់ដឹងពីបច្ចេកទេសជ្រើសរើសពូជ បច្ចេកទេសដាំស្រូវ និងការប្រើប្រាស់ថ្នាំជាដើម។ ករណីនេះ លោកលើកទឹកចិត្តឱ្យពលរដ្ឋនៅទូទាំងប្រទេសចូលរួមជាមួយសហគមន៍ស្រូវអង្ករ ដើម្បីទទួលបានផលច្រើន និងតម្លៃខ្ពស់ផងដែរ។

លោកបញ្ជាក់ថា៖ «គាត់ត្រូវចូលរួមជាមួយសហគមន៍ ឥឡូវសហគមន៍មាននៅទូទាំងប្រទេស មាននៅគ្រប់ស្រុក គ្រប់ឃុំ មានជាង១ពាន់សហគមន៍ យើងនឹងព្យាយាមធ្វើការជាមួយសហគមន៍ឱ្យបានច្រើនបំផុត ហើយភ្ជាប់​គាត់ទៅក្នុងកិច្ចសន្យាកសិកម្ម ហើយភ្ជាប់គាត់ទៅជាមួយរោងម៉ាស៊ីន ជាមួយអ្នកនាំចេញ សហគមន៍ហ្នឹង គាត់ផលិត…យ៉ាងហោចណាស់គាត់មានទីផ្សារមួយរឹងមាំ ហើយគាត់ផលិតស្រូវដែលអាចឆ្លើយតបទៅនឹងគុណភាព និងប្រភេទស្រូវដែលទីផ្សារគេត្រូវការ ជាទូទៅធ្វើកិច្ចសន្យាកសិកម្ម វាតម្លៃខ្ពស់ជាងតម្លៃធម្មតាបន្តិច»។

អគ្គលេខាធិការ នៃលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា លោក លន់ យ៉េង បានឱ្យដឹងថា ក្នុងឆ្នាំ២០១៨ ការនាំអង្ករនៅកាន់ទីផ្សារអន្តរជាតិចំនួន ៦២៦ ២២៥តោន បើធៀបនឹងឆ្នាំ២០១៩ មានចំនួន ៦២០ ១០៦តោន ពោលធ្លាក់ចុះប្រហែលជា១%៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ