លោក ព្រំ បូរ អាយុ ៦០ឆ្នាំ កំពុងសម្រាន្តនៅលើគ្រែក្នុងបន្ទប់នៃមន្ទីរពេទ្យឯកជនមួយស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ។ លោក ព្រំ បូរ បានថយផ្អែកទៅសម្រាកនៅចុងគ្រែពេទ្យនោះដោយខ្លួនរបស់គាត់ត្រូវគ្រូពេទ្យពាក់ឧបករណ៍បង្ហូរទឹកនោមចេញនៅនឹងខ្លួនផង។
លោក ព្រំ បូរ ថ្លែងប្រាប់អ្នកយកព័ត៌មានវីអូឌីថា គាត់នោមមិនចេញអស់រយៈបីថ្ងៃមកហើយ។ គាត់ក៏មិនមានប្រវត្តិមានជំងឺទឹកនោមផ្អែម លើសឈាម បញ្ហាបេះដូង ឬខ្សោយផ្នែកណាមួយនៃរាងកាយនោះដែរ។
លោកប្រាប់ថា លោកត្រូវបានដឹកយកមកពិនិត្យនៅមន្ទីរពេទ្យកាល់ម៉ែត្រ និងត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជននេះតាំងពីថ្ងៃទី២១ ខែកុម្ភៈមកម្ល៉េះ។ លោក បូរ បញ្ជាក់ថា គាត់នោមមិនចេញដោយសារត្រូវគេវាយចំពោះ ធ្វើឱ្យប៉ះពាល់ត្រូវប្លោកនោម។

វីដេអូឃ្លីបដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក បង្ហាញក្រុមបុរសស្លៀកពាក់ខោអាវពណ៌ប្រផេះ បានចាប់បុរសម្នាក់ ហើយរុញគាត់ដាក់បញ្ចូលក្នុងរថយន្តប្រភេទ Pickup មួយគ្រឿង។
លោក ព្រំ បូរ ចង្អុលរូបនោះ និងអះអាងថា គឺគាត់ហ្នឹងហើយដែលត្រូវបានគេចាប់រុញបញ្ចូលរថយន្ត។ ឯក្រុមបុរសស្លៀកពាក់ឯកសណ្ឋានពណ៌ប្រផេះទាំងនោះ គឺជាក្រុមប្រជាការពាររបស់សាលាខណ្ឌឫស្សីកែវ។ លោកប្រាប់ថា លោកត្រូវរងអំពើហិង្សានៅក្នុងឡាននោះតែម្ដង។
លោក ព្រំ បូរ និយាយថា៖ «ខ្ញុំទៅឃាត់មិនអោយគេធ្វើរបង។ ពេលជជែកគ្នាតិចតួចទៅ គេចាប់ខ្ញុំញាត់ឡានតែម្ដង។ មកដល់កន្លែងផ្លូវបត់ចេញហួសស្នងការ [នគរបាល] មកជើងហ្នឹង គួយដៃ [កែងដៃ] អុកអ៊ីចឹងហ្មង ចំកន្លែងហ្នឹង [គាត់ធ្វើកាយវិការប្រាប់អុកចំក្បាលពោះ] វាចុក ចុកខ្លាំងណាស់ណា។ ហើយដល់អ៊ីចឹង គួយដៃ [កែងដៃ] អុកមួយទៀត គេថា កុំរើៗ រឿងអីមិនឱ្យខ្ញុំរើ។ ដល់ហើយទៅ ខ្ញុំងាកបង្វិលខ្លួន ជង្គង់មកអញ្ចេះទៀត [គាត់ធ្វើកាយវិការប្រាប់ពីជង្គង់ដែលអុកចំក្បាលពោះគាត់] ឡើងជង្គង់នៅក្នុងឡានហ្នឹងឯង។ គឺប្រាំគួយដៃ [កែងដៃ] និង១ជង្គង់»។
លោក ព្រំ បូរ រំលឹកបន្ថែមថា រថយន្ដនោះបានដឹកលោកទៅដល់សាលាខណ្ឌឫស្សីកែវ។ លុះពេលទៅដល់សាលាខណ្ឌ ក្រុមសន្តិសុខ និងមន្ត្រីសាលាខណ្ឌ បានរុញលោកចេញពីក្នុងឡានឱ្យចូលក្នុងសាលប្រជុំ។ លោកអះអាងថា លោកចាប់ផ្តើមចុកពោះខ្លាំង និងថប់ៗដង្ហើម ហើយសន្លប់តែម្ដង។
លោក ព្រំ បូរ ប្រាប់ថា៖ «វាហប់ ហប់អ៊ីចឹងទៅ ណាមួយវាចុកផង ខ្ញុំទារចេញមកម្តងលើកទី១លើកទី២ ក៏គេអត់ឱ្យចេញមកដែរ ឱ្យតែងើបក្បាលមក គេរុញបញ្ចូលវិញ។ ដល់អស់លទ្ធភាពហ្នឹង ទន់ខ្លួនអស់អីរើ។ ខ្ញុំឈរផ្អែកជញ្ជាំង ខ្ញុំឈរយូរទៅ ចុកពេកទន់ជង្គង់អង្គុយម្ដង។ ក្រោយមក ខ្ញុំអត់ដឹងដែរ ដឹងខ្លួនទៅដល់មន្ទីរពេទ្យកាល់ម៉ែត្រហើយ»។
លោក ព្រំ បូរ បន្តថា លោកប្រហែលជានឹងមានគ្រោះថ្នាក់ធ្ងន់ជាងនេះ ប្រសិនណាកែងដៃក្រុមសន្តិសុខខណ្ឌឫស្សីកែវ បុកចំចុងដង្ហើមរបស់លោក។
លោក ព្រំ បូរ ប្រាប់បន្តថា៖ «ពេលហ្នឹងណា ខ្ញុំសំណាងល្អមែនទែនហើយ។ បើសិនណាវាអុកមកអ៊ីចឹង ហើយងើបឡើងលើបន្តិច វាចំចុងដង្ហើមនេះ ប្រហែលជាបេះដូងគាំងបាត់ទៅហើយ។ ប្រសិនណាខិតឡើងបន្តិច [ខ្ញុំប្រហែលជា] ងាប់នៅក្នុងឡានហ្នឹងតែម្ដង»។
ករណីដែលលោក ព្រំ បូរ អះអាងថា ខ្លួនត្រូវរងនូវអំពើហិង្សានេះ ក៏ត្រូវបានផ្សាយតាមតាមរយៈអង្គភាពសារព័ត៌មានក្នុងស្រុកមួយចំនួនដែរ។
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងជាប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានបង្ហោះក្នុងហ្វេសប៊ុកផ្លូវការរបស់ខ្លួនចោទថា អាជ្ញាធរខណ្ឌឫស្សីកែវ ប្រើហិង្សាចំពោះលោក ព្រំ បូរ។
ឆ្លើយតបនឹងការលើកចោទប្រកាន់នេះ រដ្ឋបាលខណ្ឌឫស្សីកែវ បានចេញលិខិតផ្លូវការមួយ ដោយបដិសេធរាល់ការលើកឡើងរបស់លោក ព្រំ បូរ និងការផ្សាយតាមទំព័រហ្វេសប៊ុករបស់តំណាងគណបក្សខ្មែរក្រោក។
សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខណ្ឌឫស្សីកែវសរសេរថា៖ «កាលពីថ្ងៃទី២១ ខែកុម្ភៈ ឈ្មោះ ព្រំ បូរ បានរារាំងការអនុវត្តវិធានការរដ្ឋបាល ហើយក្រុមការងារបានអញ្ជើញគាត់មកសាលាខណ្ឌ ដើម្បីធ្វើការពន្យល់ និងណែនាំផ្លូវច្បាប់ ប៉ុន្តែ ឈ្មោះ ព្រំ បូរ បានសម្ដែងជាឈឺធ្ងន់ និងដេកសន្លប់ស្ដូកស្ដឹងនៅក្នុងបន្ទប់ប្រជុំ ដោយមានរថយន្ដសង្គ្រោះបន្ទាន់មកទទួលភ្លាមៗ ហើយក្រុមការងារក៏ប្រគល់គាត់ឱ្យគ្រួសារយកទៅដោយមានកិច្ចសន្យាត្រឹមត្រូវ មិនមានការប្រើហិង្សាដូចការចោទប្រកាន់ឡើយ»។
រដ្ឋបាលខណ្ឌឫស្សីកែវ បានបង្ហោះវីដេអូមួយរយៈពេល ៨នាទី ដែលថតបានដោយកាមេរ៉ាសុវត្ថិភាព (CCCTV) និងបានផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុក។ រដ្ឋបាលខណ្ឌអះអាងថា វីដេអូនោះថតចេញពីក្នុងសាលប្រជុំសាលាខណ្ឌឫស្សីកែវ នៅពេលដែលអាជ្ញាធរខណ្ឌបានអញ្ជើញលោក ព្រំ បូរ មកដោះស្រាយគ្នានៅសាលាខណ្ឌ។ វីដេអូនោះកាត់ចេញពីវីដេអូដែលថតនៅចន្លោះម៉ោង០៩ និង៥៩នាទី រហូតដល់ម៉ោង១១ និង១៦នាទី។
វីដេអូនោះ បង្ហាញរូបលោក ព្រំ បូរ ឈរក្នុងសាលប្រជុំមួយ និយាយទូរសព្ទរួចផ្អែកជញ្ជាំង បន្ទាប់មកដេកនៅដី និងមានក្រុមមនុស្សចូលមកជួយសង្គ្រោះ។
ក្រុមប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីជាមួយ និងអាជ្ញាធរខណ្ឌឫស្ស៊ីកែវ រួមទាំងលោក ព្រំ បូរ ផង បានស្នើឱ្យអាជ្ញាធរខណ្ឌបង្ហាញវីដេអូពេញលេញ ប៉ុន្តែ អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី បានបដិសេធ ដោយអះអាងថា វីដេអូនោះវែងពេក។
អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី៖ «វីដេអូហ្នឹង វាចូល ២ម៉ោងបីម៉ោង អ្នកណាទៅបង្ហោះវាទាំងអស់។ គាត់ឈរហ្នឹង ១ម៉ោង អង្គុយជាងកន្លះម៉ោង ដេកហ្នឹងកន្លះម៉ោង យើងដកស្រង់យកតែចំណុចសំខាន់ៗមកបង្ហោះទេ។ យើងលាតត្រដាងបានតែក្នុងហ្វេសប៊ុកហ្នឹង យើងមិនដាក់អស់បានទេ អ្នកណាទៅមើលវីដេអូជាង ៣ម៉ោងអីអស់នោះ»។
លោក ជា ពិសី បន្តថា សាលាខណ្ឌអាចបង្ហាញវីដេអូពេញជាសាធារណៈបានបើសិនជាចាំបាច់។
ទន្ទឹមនឹងនេះ នាយករដ្ឋបាលសាលាខណ្ឌឫស្សីកែវ លោក សន សោភ័ណ្ឌ បានបដិសេធថា ក្រុមការងារលោកមិនបានប្រើហិង្សានោះទេ។
លោក សន សោភណ្ឌ ប្រាប់ថា៖ «ត្រង់ចំណុចដែលចោទថា យើងឡើងជង្គង់ យើងវ៉ៃ អាហ្នឹងយើងអត់មានទេ យើងអត់មានបានវ៉ៃទេ ហើយបើចោទប្រកាន់ហ្នឹង សូមឱ្យមានភស្តុតាងមក។ គេចោទខ្ញុំថា វ៉ៃ ខ្ញុំតបថា អត់បានវ៉ៃទេ ប្រាប់តែប៉ុណ្ណឹង»។
ទោះជាយ៉ាងណាក្ដី ឯកសារវេជ្ជសាស្ត្រ ដែលចេញដោយមន្ទីរសម្រាកព្យាបាល និងសម្ភពខេមា បានបញ្ជាក់ថា អ្នកជំងឺឈ្មោះ ព្រំ បូរ ភេទប្រុសអាយុ ៦០ឆ្នាំ មុខរបរជាយោធា បានចូលសម្រាកពេទ្យនៅថ្ងៃទី២១ ខែកុម្ភៈ និងចេញពីពេទ្យ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នោះ មានរោគវិនិច្ឆ័យឈឺពោះ ឈឺសាច់ដុំ និងស្ទះទឹកនោម ក្រោយលោកជួបប្រទះនឹងការប៉ះទង្គិចជាមួយអ្វីមួយដែលរឹង។
នីតិវិធីដែលអាជ្ញាធរខណ្ឌឫស្សីកែវចាប់ខ្លួនលោក ព្រំ បូរ នាំឱ្យមានមន្ទិលសង្ស័យ
អាជ្ញាធរខណ្ឌឫស្សីកែវ ដែលរួមមានមន្ត្រីសាលាខណ្ឌមួយចំនួន បានដឹកនាំកម្លាំងប្រជាការពារខណ្ឌ ចុះសង់របងនៅតំបន់ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅតំបន់អភិវឌ្ឍន៍ឫស្សីកែវ ស្ថិតនៅតាមផ្លូវលេខ៥៩៨ ក្នុងភូមិទទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២១ ខែកុម្ភៈ។ ទីតាំងនោះជាកន្លែងទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ៨គ្រួសារ និងគម្រោងតំបន់អភិវឌ្ឍន៍ឫស្សីកែវ។
ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋទាំងប្រាំបីគ្រួសារ គឺលោក ធុន វីរៈ ថ្លែងប្រាប់វីអូឌីថា អាជ្ញាធរខណ្ឌឫស្សីកែវ បានចាប់ខ្លួនលោក ព្រំ បូរ នៅពេលដែលលោកទៅមើលការវាស់វែងធ្វើរបងលើដីធ្លីមានទំនាស់ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ។ លោកអះអាងថា លោកបានឃើញដោយផ្ទាល់ភ្នែកនូវសកម្មភាពអាជ្ញាធរបានចាប់អូសលោក ព្រំ បូរ រុញចូលឡានទាំងបង្ខំ ដោយមិនមានឯកសារផ្លូវច្បាប់ណាមួយនោះឡើយ។
លោក ធុន វីរៈ ប្រាប់ថា៖ «នៅក្នុងហេតុការណ៍ហ្នឹង [នៅជាមួយលោក ព្រំ បូរ] មានឈ្មួញដីជាអ្នកធូរធារហ្នឹងគាត់ថា ចាប់ទៅ ចាប់អាពីរនាក់ហ្នឹងទៅ។ អ៊ីចឹង គ្រាន់តែពាក្យថា ចាប់មួយម៉ាត់ហ្នឹង មួយសន្ទុះមានឡានដែលចាប់ខ្លួនគាត់មកដល់ ហើយមានលោកម្នាក់ចុះមកគំហកឱ្យចាប់តែម្ដង។ ចាប់គាត់យកទៅខណ្ឌថ្ងៃហ្នឹង ខ្ញុំនៅក្រោមដើមឈើជាមួយគាត់ ខ្ញុំជាប់និយាយទូរសព្ទមួយភ្លែតហ្នឹងក៏មានរឿងបណ្ដោយ ឃើញគេចាប់អូសប្រទាញប្រទង់គាត់ចូលក្នុងឡាន ដឹកចេញមក គឺខ្ញុំអ្នកឈរថត ឈរថតឡាននោះ»។
ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យសាលាខណ្ឌឫស្សីកែវ លោក សន សោភ័ណ្ឌ មានប្រសាសន៍ថា អាជ្ញាធរខណ្ឌបាននាំខ្លួនលោក ព្រំ បូរ មកសាលាខណ្ឌ គឺធ្វើឡើងតាមស្ថានភាពជាក់ស្ដែងក្នុងការអនុវត្តការងាររដ្ឋបាលប៉ុណ្ណោះ មិនមែនជាការចាប់ខ្លួនតាមដីការ ឬបណ្ដឹងព្រហ្មទណ្ឌណាមួយនោះទេ។
លោក សន សោភណ្ឌ ប្រាប់ថា៖ «មិនមែនជាការសម្រេចតាមដីកាតុលាការអីហ្នឹងទេ វាជាវិធានរដ្ឋបាល។ ឃើញថា ព្រំ បូរ ហ្នឹងមករារាំងការងាររដ្ឋបាលសាធារណៈ ខាងពួកខ្ញុំអត់មានទៅប្ដឹងគាត់ស្ថិតនៅក្នុងក្រមព្រហ្មទណ្ឌអីហ្នឹង ខ្ញុំអត់ទេ។ គាត់អុកឡុកទៅ យើងបណ្ដេញគាត់ចេញពីរង្វង់អនុវត្តហ្នឹងទៅ។ យើងបានអញ្ជើញគាត់មកខណ្ឌហ្នឹងពីរបីលើកហើយ»។
ទាក់ទងនីតិវិធីអនុវត្តវិធានរដ្ឋបាលនេះ មន្ត្រីអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា មានប្រសាសន៍ថា អាជ្ញាធរខណ្ឌមិនមានសិទ្ធិប្រើប្រាស់កម្លាំងប្រជាការពារ ដើម្បីចាប់ខ្លួនប្រជាពលរដ្ឋទេ ព្រោះថា ពួកគេមិនមែនជានគរបាលយុត្តិធម៌។
លោក សឹង សែនករុណា៖ «អភិបាលខណ្ឌជាមេបញ្ជាការគណៈបញ្ជាការឯកភាពខណ្ឌដូច្នេះ គាត់ត្រូវប្រើកម្លាំងនគរបាលយុត្តិធម៌ដែលច្បាប់បានកំណត់។ ក្រុមប្រជាការពារ ឬសន្តិសុខខណ្ឌ មិនមែនជាកម្លាំងនគរបាលយុត្តិធម៌នោះទេ។ ចំពោះនីតិវិធីវិញ អាជ្ញាធរត្រូវអនុវត្តច្បាប់ជាគោល មិនត្រូវប្រើប្រាស់ហិង្សាឡើយ។ អំពើហិង្សាទាំងអស់ ជាអំពើខុសច្បាប់ដែលត្រូវតែផ្តន្ទាទោសតាមច្បាប់ជាធរមាន»។
ប្រវត្តិដ៏ចម្រូងចម្រាសនៃទំនាស់ដីធ្លីក្នុងគម្រោងអភិវឌ្ឍន៍ឫស្សីកែវ
តំបន់អភិវឌ្ឍន៍ឫស្សីកែវ ស្ថិតក្នុងភូមិទទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។ តាមប្រភពឯកសារមួយចំនួនដែលវីអូឌីទទួលបាន បង្ហាញថា តំបន់អភិវឌ្ឍន៍ឫស្សីកែវនេះ ជាអតីតដីធ្លីដែលអាជ្ញាធរក្រុងភ្នំពេញ ចែកឱ្យក្រុមសាមគ្គីបង្កបង្កើនផល កាលពីសម័យរដ្ឋកម្ពុជា។ លុះដល់អំឡុងដើមទសវត្សរ៍ទី៩០ អាជ្ញាធរក្រុងបានចែកដីនេះឱ្យពលរដ្ឋមួយចំនួនកាន់កាប់បន្ត ហើយបន្ទាប់មក អ្នកអាស្រ័យផលទាំងនោះ បានលក់ដីនោះទៅឱ្យអ្នកផ្សេងទៀត។ ទំនាស់ដីធ្លីនៅតំបន់អភិវឌ្ឍន៍ឫស្សីកែវនោះ បានអូសបន្លាយអស់ជាង ២០ឆ្នាំមកហើយ។
លោក ឆាយ ដាវី អាយុ ៦២ឆ្នាំ ជាប្រជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋមានជម្លោះដីធ្លី ៨គ្រួសារនៅតំបន់នោះ អះអាងថា ដីឡូតិ៍របស់គាត់ ក៏អាចនឹងរងការឈូសឆាយនៅពេលខាងមុខ។ លោករៀបរាប់ថា ដីរបស់លោកមានទំហំជាង ២ពាន់ម៉ែត្រការ៉េ មានសង់ផ្ទះទំហំ ៨គុណនឹង១២ម៉ែត្រ និងមានដាំដំណាំហូបផ្លែមួយចំនួនផង។
លោកថា ដីមួយដុំនេះ លោកទិញបន្តគ្នាពីម្ចាស់បន្តបន្ទាប់ដែលមានម្ចាស់ដើមឈ្មោះ ទុង តុលា កាលពីឆ្នាំ១៩៩៩។ លោកបន្ថែមថា ឈ្មោះ ទុង តុលា បានទទួលដីនេះពីក្រុមសាមគ្គីបង្កបង្កើនផល។ លោក ឆាយ ដាវី បានបង្ហាញលិខិតទិញលក់ដែលចេញដោយចៅសង្កាត់ និងមានលិខិតផ្ទេរត្រឹមត្រូវ។ លោកបញ្ជាក់ថា អាជ្ញាធរខណ្ឌឫស្សីកែវ ចោទថា លោករស់នៅលើដីរដ្ឋដោយខុសច្បាប់ ហើយគ្រោងយកដីលោកទៅឱ្យអ្នកផ្សេង។
លោក ឆាយ ដាវី ប្រាប់ថា៖ «គិតទៅ ដីខ្ញុំ ៤ឡូតិ៍លើស។ ឥឡូវហ្នឹង គេថា ឱ្យខ្ញុំតែ ១ឡូតិ៍ ខ្ញុំថា សុំ ២ឡូតិ៍មក ព្រោះបាត់បង់វាច្រើនពេក។ ខ្ញុំមិនដឹងថា គេប្រុងយកដីនៅសល់ហ្នឹងទៅឱ្យអ្នកណាទេ ហើយគេក៏មិនដែលប្រជុំប្រាប់ខ្ញុំដែរ»។
លោក ព្រំ បូរ លើកឡើងថា ទំនាស់ដីធ្លីនេះកើតឡើងរវាងប្រជាពលរដ្ឋកាន់កាប់ដីធ្លីដែលទិញពីអ្នកកាន់កាប់មុនៗ និងក្រុមអ្នកមានដែលទិញបង្កាន់ដៃពីសាលាក្រុងភ្នំពេញកាលពីជំនាន់នោះ។ លោកបន្តថា អាជ្ញាធរខណ្ឌលម្អៀង និងមានចេតនាមិនល្អចំពោះរឿងនេះ។
លោក ព្រំ បូរ ប្រាប់ថា៖ «ឥឡូវនេះ ដីឡើងដល់កម្រិតកំពូលហើយ ហាងឆេងដីមួយឡូតិ៍ទំហំ ២០ម៉ែត្រគុណនឹង ៣០ម៉ែត្រផ្លូវធំ តម្លៃ ១លានដុល្លារ ផ្លូវទី ២តម្លៃ ៥០ម៉ឺន ផ្លូវទី៣ តម្លៃ ៤០ម៉ឺនអីហើយ។ អ៊ីចឹងអ្នកដែលទិញដីពីសាលាក្រុង ឬទើបនឹងទិញ គេបង្ខំយកដីហ្នឹង។ អ៊ីចឹង គេអាចបុកលុយហើយ អានេះខ្ញុំស្មានទេ!។ គាត់ [រដ្ឋបាលខណ្ឌ] អត់ចាំតុលាការហ្នឹងកាត់ជាស្ថាពរទេ។ គាត់ប្រឹងពីមួយទៅមួយ បានន័យថា មានស្អីមួយហើយនៅពីក្រោយខ្នង។ បើអត់ទេ មិនប្រឹងទេ អានេះប្រឹងពីយក ក ទៅឱ្យ ខ ហ្នឹង»។
ប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា ដីធ្លីនៅតំបន់អភិវឌ្ឍន៍ឫស្សីកែវនេះ ត្រូវបានអាជ្ញាធរសាលារាជធានីភ្នំពេញ បែងចែកជាឡូតិ៍រាប់រយឡូតិ៍សម្រាប់ចែកឱ្យអ្នកផ្សេង ដែលខ្លះមានងារជាឧកញ៉ា និងក្នុងនោះក៏មានតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាម្នាក់ផង។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី មិនបានបង្ហាញលម្អិតពីករណីអ្នកកាន់កាប់ដីធ្លីម្នាក់ៗនោះទេ ប៉ុន្តែ លោកថា អាជ្ញាធររាជធានីគ្រោងនឹងចូលរួមដោះស្រាយបញ្ចប់ទំនាស់ដីធ្លីនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោក ម៉េត មាសភក្ដី ប្រាប់ថា៖ «ដីហ្នឹង យើងរៀបចំជាឡូតិ៍ជាអី ដើម្បីឱ្យមានការកាន់កាប់ស្របតាមច្បាប់ទម្លាប់ ជូនអ្នកដែលធ្លាប់កាន់កាប់កន្លងមក តាមនីតិវិធីដែលរៀបចំដោយអាជ្ញាធរដោះស្រាយទំនាស់ដីធ្លី។ ដីហ្នឹងទាស់គ្នាជាង ២០ឆ្នាំមកហើយ។ យើងត្រូវតែធ្វើការងារហ្នឹងឱ្យចប់សព្វគ្រប់ ព្រោះកន្លងមក វាមានភាពរញ៉េរញ៉ៃ។ អ្នកណាត្រូវបានប៉ុន្មានឡូតិ៍ៗនោះ គឺជាសមត្ថកិច្ចរបស់អាជ្ញាធរដោះស្រាយទំនាស់ដីធ្លី»។
វីអូឌីមិនអាចទាក់ទងប្រធានគណៈកម្មាធិការជាតិដោះស្រាយទំនាស់ដីធ្លី លោក ជា សុផារ៉ា តាមសារអេឡិចត្រូនិច ដើម្បីពន្យល់បន្ថែមចំពោះករណីនេះបាននៅឡើយទេ មកដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០។
ទិន្នន័យតម្លៃដីធ្លីចេញដោយក្រុមហ៊ុន ឃី រៀលអ៊ីស្តេត កាលពីឆ្នាំដើមឆ្នាំមុន បង្ហាញថា ដីធ្លីនៅតំបន់សង្កាត់ទួលសង្កែ ក្នុងខណ្ឌឫស្សីកែវ មានតម្លៃចាប់ពី ៨០០ដុល្លារដល់ ១៥០០ដុល្លារក្នុង១ម៉ែត្រការ៉េ។
គេហទំព័រលក់អចលនទ្រព្យមួយចំនួន បានផ្សាយលក់ដីមួយចំនួននៅម្តុំសង្កាត់ទួលសង្កែ២ នាថ្ងៃទី០៣ ខែមីនានេះ ដោយលក់ក្នុងតម្លៃជិត ១ពាន់ដុល្លារក្នុង១ម៉ែត្រការ៉េ។
កាលពីខែតុលា ឆ្នាំ២០១៩ កាសែតក្នុងស្រុកស្រង់សម្តីអភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី អះអាងថា អាជ្ញាធរនឹងបែងចែកដីជូនឈ្មោះ ព្រំ បូរ ចំនួន ៤ឡូតិ៍ ក្នុងនោះមាន ៣ឡូតិ៍ នៅលើផ្លូវធំលេខ ៥៩៨ ដែលជាឡូតិ៍សំខាន់។
លោក ព្រំ បូរ អះអាងថា លោកមិនព្រមទទួលយកចំណែកដីដែលអាជ្ញាធរខណ្ឌឫស្សីកែវសម្រេចចែកឱ្យលោកនោះឡើយ ដោយលោកថា ដីរបស់លោកធំជាងនេះឆ្ងាយ ហើយថា អាជ្ញាធរចង់យកដីលោកទៅលក់ឱ្យឈ្មួញអ្នកមាន៕
ខាងក្រោមជាវីដេអូឃ្លីបដែលមានរយៈពេលជាង៨នាទី បង្ហោះដោយសាលាខណ្ឌឫស្សីកែវ ក្នុងករណីលោក ព្រំ បូរ ចោទប្រកាន់អាជ្ញាធរប្រើអំពើហិង្សាលើរូបលោក។