សម​ត្ថ​កិច្ច​​ច្រាន​ចោល​​ព័ត៌មាន​​ពី​​ការ​អល់អែក​​អនុវត្ត​​ច្បាប់​​ ក្រោយ​​រក​​ឃើញ​​បទ​ល្មើស​​ព្រៃឈើ​​តំបន់​​កន្ទុយ​នាគ​​

អ្នកនាំពាក្យគណៈកម្មការជាតិ​ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក អេង ហ៊ី ថ្លែងក្នុងសន្និសីទសារព័ត៌មាន​នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ ច្រានចោល​ព័ត៌មាន​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​ថា​ ស្ថាប័ន​ខ្លួន​អល់អែក​អនុវត្តច្បាប់ ​ក្រោយពី​រក​ឃើញ​ឈើ​ល្មើសច្បាប់​រាប់ពាន់​ម៉ែត្រគូប​នៅ​តំបន់​កន្ទុយនាគ​ ខេត្តរតនគិរី​។ 

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​ជាតិ​ ដើម្បី​ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ នៅ​ថ្ងៃទី៤​ ខែមីនា​នេះ​ថា​ ក្រុមការងារ​ស្រាវជ្រាវ​ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ បាន​ចុះទៅ​តំបន់​កន្ទុយនាគ​ ស្ថិតនៅ​ក្នុង​ឧទ្យានជាតិ​វីរៈ​ជ័យ​ ស្រុក​តាវែង​ ខេត្តរតនគិរី​ នៅ​ថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០១៩​ ហើយ​បាន​បញ្ចប់​នៅ​ថ្ងៃទី១៦​ ខែមករា​ ឆ្នាំ២០២០​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា​ ក្រោយពី​ចុះ​ស្រាវជ្រាវ​ សមត្ថកិច្ច​បាន​ចាប់​យក​ឈើ​ល្មើសច្បាប់​ (មូល ​និង​ឡាំង​ជ្រុង​) សរុប​ចំនួន២០៦៨កំណាត់​ (ឆេះ១៨១កំណាត់​) ប្រគល់​ជូន​អាជ្ញាធរ​ថ្នាក់​ខេត្ត​គ្រប់គ្រង​ ថែរក្សា​ ការពារ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅតាម​នីតិវិធី​។ ករណីនេះ​ សមត្ថកិច្ច​អះអាង​ថា​ បាន​អនុវត្ត​តួនាទី​ ភារកិច្ច​ទៅតាមច្បាប់​ គឺ​មិន​អល់​អែក​ដូច​ការ​ផ្សព្វផ្សាយ​មួយចំនួន​នោះ​ទេ​។

ខ្លឹមសារ​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា​៖ «យើង​សូម​បញ្ជាក់​ថា​ គណៈកម្មការ​ជាតិ​ ដើម្បី​ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ បង្កើត​ដោយ​សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល​ គឺ​អនុវត្ត​តួនាទី​ ភារកិច្ច​ទៅតាមច្បាប់​ មាន​បទល្មើស​ត្រូវតែ​បង្ក្រាប​ មិន​មាន​អ្វី​អល់អែក​នោះ​ទេ​»។

អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ លោក​ អេង​ ហ៊ី​ បញ្ជាក់​បន្ថែម​ថា​ សមត្ថកិច្ច​បាន​យក​វត្ថុ​តាង​នៃ​បទល្មើស​ សម្រាប់​ដាក់​ឱ្យ​ដេញថ្លៃ​ ឬពិគ្រោះ​ថ្លៃ​ជាបន្តបន្ទាប់​ ដើម្បី​ប្រមូល​ថវិកា​ជូន​ជាតិ​។ លោក​បន្ត​ថា ​ជាក់ស្តែង​ ឈើ​ចំនួន៧៣៨៥,៩០៧​ម៉ែត្រ​ត្រីគុណ​ នៅក្នុង​ខេត្តមណ្ឌលគិរី​ ខេត្តក្រចេះ​ និង​ខេត្ត​ត្បូងឃ្មុំ​ ត្រូវ​បាន​ដេញថ្លៃ​រួចរាល់​ ហើយ​ក្រសួង​កសិកម្ម​ជា​អ្នកដេញថ្លៃ​បាន​។ ប៉ុន្តែ​ លោក​មិនបាន​បញ្ជាក់​ពី​ចំនួន​ទឹកប្រាក់​ប៉ុន្មាន​នោះ​ទេ​ ដោយ​បង្វែរ​សំនួរ​ឱ្យទៅ​សួរ​ក្រសួង​កសិកម្ម​វិញ​។

វី​អូ​ឌី​ មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រ​សួង​កសិកម្ម លោក​ ស្រី​ វុទ្ធី​ បានទេ​នៅ​រសៀល​នេះ​ ដោយ​លោក​ថា​ជាប់រវល់​ប្រជុំ​។

មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ លោក​ ប៉ែន​ ប៊ុ​ណ្ណា​រ៍​ ​មានប្រសាសន៍​ថា ការអនុវត្ត​ច្បាប់​របស់​មន្ត្រី​រដ្ឋ​ និង​ស្ថាប័ន​តុលាការ​នៅ​មានកម្រិត​នៅឡើយ​ ទើប​បណ្តែតបណ្តោយ​ឱ្យ​បទល្មើស​បំផ្លាញ​ព្រៃឈើ​បន្ត​កើតមាន​។ លោក​ផ្តល់​ជា​អនុសាសន៍​ថា ​សមត្ថកិច្ច​ និង​មន្ត្រី​តុលាការ​ ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្របតាម​អភិក្រម​របស់​រដ្ឋាភិបាល​ ទើប​ទទួល​បានផល​វិជ្ជមាន​។

លោក​ផ្តល់​ជា​អនុសាសន៍​ថា​៖ «ស្ថាប័ន​ទាំងពីរ​ ត្រូវ​ធ្វើ​យ៉ាងណា​ឱ្យមានការ​ផ្តន្ទា​ទោស​ឱ្យបាន​ជាក់លាក់​ណាមួយ​ តាំងពី​ឈ្មោះ​ [បង្ក្រាប​បាន​] អ្នក​ទី១​ អ្នក​ទី២​ ហើយ​បាន​ប្រកាស​ផ្សាយ​ជា​សាធារណៈ​ យើង​បានឃើញ​នៅ​តាម​ទំព័រ​កាសែត​ មានឈ្មោះ​ មាន​មន្ត្រី​ជាន់ខ្ពស់​ ឧកញ៉ា​មាន​ច្រើន​ ក៏ប៉ុន្តែ​ យើង​អត់​ទាន់​មាន​ឃើញ​នរណា​ម្នាក់​ត្រូវ​ទទួលទោស​តាម​អភិក្រម​របស់​សម្តេច​តេជោ​ មានន័យថា​ ផ្តន្ទា​ទោស​ហើយ​បង្កក រឹបអូស​ទ្រព្យសម្បត្តិ​»។

គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្រ្កាប​បទល្មើស​ធនធាន​ធម្មជាតិ​ អះអាង​ថា​ ក្នុង​ឆ្នាំ២០១៩​ បាន​ចាប់​ និង​បញ្ជូន​ខ្លួន​អ្នក​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ចំនួន៥៩នាក់​ទៅ​តុលាការ​។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្រ្កាប​បទល្មើស​ធនធាន​ធម្មជាតិ​ ចេញផ្សាយ​កាលពី​ថ្ងៃទី២​ ខែកុម្ភៈ​ ឆ្នាំ២០២០​ ឱ្យ​ដឹង​ថា​ ក្រៅពី​ឃាត់ខ្លួន​អ្នក​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ គណៈកម្មការ​នេះ​ ក៏បាន​ចាប់​យក​ឈើ​ចម្រុះ​ជាង៩ពាន់​ម៉ែត្រគូប​ និង​រឹបអូស​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ ៤៩១គ្រឿង​។

គណៈកម្មការ​ជាតិ​ ឱ្យ​ដឹង​ថា​ មធ្យោបាយ​ដឹកជញ្ជូន​ ៤៩១គ្រឿង​ ក្នុង​នោះ​មាន​ រថយន្ត​បា​កុង​ និង​មធ្យោបាយ​កែច្នៃ​ ២១២គ្រឿង​ ត្រូវ​បាន​យក​ទៅ​បំផ្ទុះ​ ដុត​ និង​កាត់​បំផ្លាញ​ចោល​ផង​ដែរ​។ 

របាយ​ការណ៍​ក្រសួងបរិស្ថាន​ប្រចាំឆ្នាំ២០១៩​ បង្ហាញថា​ កម្ពុជា​មាន​ព្រៃឈើ៥០ភាគរយ​គ្រប​ដណ្តប់​ទូទាំង​ប្រទេស​ ដែល​ជា​អត្រា​មាន​ព្រៃឈើ​ខ្ពស់​ជាងគេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។

ចំណែក​របាយការណ៍​អង្គការ​ណា​សា​ កាលពី​ឆ្នាំ២០១៧​ បង្ហាញថា​ កម្ពុជា​មានការ​កាប់​បំផ្លាញ​ព្រៃឈើ​កាន់តែ​ខ្លាំង​ ចន្លោះ​ឆ្នាំ២០០១​ ដល់២០១៤​។ របាយការណ៍​បញ្ជាក់​ថា​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ធ្វើឡើង​ក្រោម​រូបភាព​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ