អយ្យការអមសាលាដំបូងខេត្តព្រះសីហនុសម្រេចចោទប្រកាន់នាវិកទាំង១៦នាក់របស់នាវា MT-COURAGEOUSដែលបានបំពានដែនទឹកកម្ពុជាកាលពីចុងខែមុនពាក់ព័ន្ធនឹងការរំលោភបូរណភាពដែនទឹកកម្ពុជា និងប៉ុនប៉ងរត់ពន្ធទំនិញ។
អ្នកនាំពាក្យអយ្យការខេត្តព្រះសីហនុព្រះរាជអាជ្ញារង លោក លឹម ប៊ុនហេង បានប្រាប់VOD ថាអយ្យការបានសម្រេចចោទប្រកាន់នាវិកទាំង១៦នាក់នៃនាវា MT-COURAGEOUS ពីបទរំលោភលើបូរណភាពដែនទឹកមាត្រា២៩ នៃច្បាប់អន្តោប្រវេសន៍ និងបទប៉ុនប៉ងរត់ពន្ធទំនិញក្នុងដែនគយនៃព្រះរាជាណាចក្រកម្ពុជាតាមមាត្រា១១ និងមាត្រា៧៤នៃច្បាប់គយ។
លោកសរសេរប្រាប់VODថា៖ « តំណាងអយ្យការបានសម្រេចចោទប្រកាន់បញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីបន្តនីតិវិធី » ។
យោងតាមបទចោទទាំងពីរនេះ នាវិកទាំង១៦នាក់នោះអាចនឹងប្រឈមនឹងទោសជាប់ពន្ធនាគារពីរ១ខែ ដល់១ឆ្នាំ ឬនឹងត្រូវពិន័យជាប្រាក់ស្នើនឹងទំហំ១ ដល់៣ដងនៃប្រាក់ពន្ធដែលបានគេចវេះ។
កាលពីម្សិលមិញ នាវិកនៃនាវា MT-COURAGEOUS ចំនួន១៦នាក់ ក្នុងនោះមាន១២នាក់ជាជនជាតិមីយ៉ាន់ម៉ា និង៤នាក់ជាជនជាតិឥណ្ឌូនេស៊ី ត្រូវបាននគរបាលព្រំដែនទឹកកម្ពុជាបញ្ជូនទៅតុលាការខេត្តព្រះសីហនុ បន្ទាប់ពីរកឃើញថា នាវិកទាំងនោះបញ្ជាកប៉ាល់ល្មើសចូលដែនទឹកកម្ពុជាកាលពីថ្ងៃទី២៦ ខែកុម្ភៈកន្លងទៅ។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១ ខែមីនា អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា កប៉ាល់ MT-COURAGEOUS មានផ្ទុកនាវិកចំនួន១៦នាក់ និងបានចាកចេញពីកំពង់ផៃ KAO HSIUNG នៃកោះតៃវ៉ាន់កាលពីថ្ងៃទី១៥ ខែកុម្ភៈកន្លងទៅ និងបានបោះយុថ្កាបំពានដែនទឹកកម្ពុជាកាលពីថ្ងៃទី២៦ ខែកុម្ភៈ។
បើតាមសេចក្តីប្រកាសនោះនាវានេះធ្លាប់ធ្វើការផ្ទេរទំនិញពីនាវាទៅនាវា ឬទៅទូកដឹកទំនិញរបស់កូរ៉េខាងជើងដែលត្រូវបានចាត់ទុកជាសកម្មភាពបំពានទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិដែលបានអនុម័តកាលពីឆ្នាំ២០១៧ផងដែរ៕