សមាគម​ខ្មែរ​ក្រោម​បារម្ភ​ពី​ផល​ប៉ះពាល់​កើត​ចេញ​ពី​កិច្ច​ព្រមព្រៀង​ផ្ទេរ​អ្នក​ទោស​កម្ពុជា​-​វៀតណាម​

នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ​ លោក ង្វៀង ហ៊្វូជុង (Nguyen Phu Trong)​​ប្រមុខរដ្ឋវៀតណាម។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

ថ្នាក់ដឹកនាំ​សមាគម​ខ្មែរក្រោម​មួយចំនួន​បាន​លើកឡើង​ថា​ កិច្ច​ព្រមព្រៀង​ផ្ទេរ​អ្នកទោស​ រវាង​កម្ពុជា​-វៀតណាម​ អាច​ជា​ការ​ធ្វើឡើង​តាម​ការ​ចង់បាន​របស់​វៀតណាម​ ហើយ​ពួកគេ​បារម្ភ​ថា ​កិច្ច​ព្រមព្រៀង​នេះ​នឹងអាច​ប៉ះពាល់​ដល់​ពលរដ្ឋខ្មែរ​ក្រោម​ថែមទៀត​ផង​។ ក្តី​បារម្ភ​នេះ​កើតឡើង​ក្រោយពេល​ក្រសួង​យុត្តិធម៌​បាន​បញ្ជូន​កិច្ច​ព្រមព្រៀង​ចំនួន២ទៅ​រដ្ឋសភា​កាលពី​ថ្ងៃម្សិលមិញ​ ដោយ​កិច្ច​ព្រមព្រៀង​មួយ​ក្នុងចំណោម២នោះ​ គឺជា​កិច្ច​ព្រមព្រៀង​ផ្ទេរ​អ្នកទោស​រវាង​ប្រទេស​ទាំងពីរ​។ 

អគ្គលេខាធិការ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ដើម្បី​សិទ្ធិមនុស្ស​ និង​ការ​អភិវឌ្ឍ​ លោក​ សឺន​ ជុំ​ជួន​ យល់ឃើញ​ថា​ប្រសិនបើ​កិច្ច​ព្រមព្រៀង​នេះ​លេចចេញ​ជា​ផ្លូវការ​ ពលរដ្ឋខ្មែរ​ក្រោម​ដែល​មាន​សញ្ជាតិ​វៀតណាម​នឹង​ត្រូវ​បញ្ជូន​ទៅ​ឃុំខ្លួន​បន្ត​នៅ​ប្រទេស​កុម្មុយនិស្ត​នេះ​ ហើយនឹង​មានការ​គាបសង្កត់​សិទ្ធិ​សេរីភាព​ពួកគាត់​ធ្ងន់ធ្ងរ​ជាក់ជា​មិនខាន​។ ​

លោក​មានប្រសាសន៍​ថា​៖ «វា​ប្រឈម ​ជាពិសេស​សម្រាប់​បងប្អូន​ខ្មែរក្រោម​យើង​ ប្រឈម​នៅពេល​ដែល​បញ្ជូន​ទៅ​វៀតណាម​វិញ​ គឺ​ត្រូវ​ស្ថិតនៅ​ក្នុង​ការ​រឹត​បន្តឹង​យ៉ាង​ខ្លាំង​ ហើយ​ពួកគាត់​អាច​ប្រឈម​ទៅ​នឹង​ការវិនិច្ឆ័យ​ទោស​យ៉ាងធ្ងន់ធ្ងរ​»។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក​ ជិន​ ម៉ា​លីន​ មានប្រសាសន៍​ថា​ កិច្ច​ព្រមព្រៀង​ស្តី​ពី​ការផ្ទេរ​ទណ្ឌិត​ ឬអ្នកទោស​ប្រទេស​ទាំងពីរ​ និង​កិច្ច​ព្រមព្រៀង​ស្តី​ពី​ការ​ជួយគ្នា​ទៅវិញទៅមក​លើ​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​ផង​ដែរ​ បាន​បញ្ជូន​ទៅ​រដ្ឋសភា​រួចហើយ​កាលពី​ថ្ងៃម្សិលមិញ​ ក្រោយ​ដំណើរការ​បង្កើត​កិច្ច​ព្រមព្រៀង​ទាំងនេះ​អស់​រយៈពេល​ប្រមាណ៣ឆ្នាំ​។ 

លោក​ថា​ កិច្ច​ព្រមព្រៀង​នេះ​ ជា​ការ​ស្នើ​ឡើង​រួម​គ្នា​រវា​ងរាជរដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​វៀតណាម​ ហើយ​កិច្ច​ព្រមព្រៀង​នេះ​ ដើម្បី​ការពារ​ផលប្រយោជន៍​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ ក្នុងករណី​ប្រព្រឹត្ត​បទល្មើស​ ហើយ​ត្រូវ​បាន​កាត់ទោស​ឱ្យជាប់ពន្ធ​នា​គារ​រួចរាល់​។ 

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​យុត្តិធម៌​រូប​នេះ​ ថា​ការ​ព្រួយបារម្ភ​ចំពោះ​កិច្ច​ព្រមព្រៀង​នេះ​ នឹងអាច​ធ្វើទុក្ខ​បុកម្នេញ​ដល់​ពលរដ្ឋខ្មែរ​កម្ពុជា​នោះ​ គឺជា​រឿង​យល់​ខុស​ ប្រាសចាក​ពី​គោលដៅ​នៃ​កិច្ច​ព្រមព្រៀង​នោះ​ទាំងស្រុង​។

លោក​មានប្រសាសន៍​ថា​៖ «ការ​ព្រួយបារម្ភ​វា​អត់​ត្រូវ​ទេ​ ព្រោះ​គាត់​មិនបាន​យល់​ពី​ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​ហ្នឹង​។ វា ​[កិច្ច​ព្រមព្រៀង​] អត់មាន​ទាក់ទង​ទៅ​នឹង​អ្វី​ដែល​ពួកគាត់​ព្រួយបារម្ភ​ហ្នឹង​ផង​។ បានន័យ​ថា ​ការផ្ទេរ​ទណ្ឌិត​ គឺ​យើង​ជា​ជនល្មើស​បាន​ប្រព្រឹត្ត​បទល្មើស​ បានន័យ​ថា ត្រូវ​បាន​គេ​ផ្តន្ទា​ទោស​ និង​អនុវត្ត​ទោស។ អីចឹង ​កិច្ច​ព្រមព្រៀង​នេះ​ គឺ​ឱ្យ​ប្រទេស​សា​ម៉ី​ ផ្ទេរ​ពលរដ្ឋ​គេ​ដែល​ជា​ទណ្ឌិត​ យក​មក​អនុវត្តទោស​នៅ​ប្រទេស​ដើម​ ឬប្រទេសកំណើត​។ អីចឹង​ វា​អត់មាន​ទាក់ទង​ការ​ធ្វើទុក្ខ​បុកម្នេញ​ទៅដល់​ខ្មែរ​កម្ពុជាក្រោម​អី​នោះ​ទេ​។ វា​អត់​ទាក់ទង​សោះតែ​ម្តង​ »។ 

ដោយឡែក ​ប្រធាន​សមាគម​ខ្មែរ​កម្ពុជាក្រោម​ លោក​ ថាច់​ សេដ្ឋា​ មើលឃើញ​ថា ​មូលហេតុ​ដែល​ជំរុញ​កិច្ច​ព្រមព្រៀង​នេះ​ចេញ​រូបរាង​នៅពេល​នេះ​ ត្បិត​រដ្ឋាភិបាល​បច្ចុប្បន្ន​ដឹកនាំ​ដោយ​ឯក​បក្ស​ គ្មាន​សំឡេង​ជំទាស់​អ្វី​ទាំងអស់​ ដោយ​ថា ​ជា​ការ​ធ្វើឡើង​តាម​ការ​ចង់បាន​របស់​វៀតណាម​។ លោក​ព្រួយបារម្ភ​ចំពោះ​កិច្ច​ព្រមព្រៀង​ទាំងនេះ ​ត្បិត​កន្លងមក ​ការអនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​កម្ពុជា​មិនបាន​ត្រឹមត្រូវ​ ហើយ​តែង​ធ្វើតាម​ការ​ស្នើសុំ​របស់​វៀតណាម​ ជាហេតុ​ធ្វើ​ឱ្យ​ពលរដ្ឋខ្មែរ​ក្រោម​មួយចំនួន​រងគ្រោះ​។ 

លោក​បន្ត​ថា​៖ «អីចឹង​ដែល​យើង​មានការ​បារម្ភ​។ ដូច្នេះ​ ខ្ញុំ​គ្រាន់តែ​សំណូមពរ​ទេ ​ថា​បើ​ច្បាប់​ហ្នឹង​វា​ឆ្លង​ដល់​ព្រឹទ្ធសភា​អនុម័ត​ សម្រាប់​ច្បាប់ស្រុក​ខ្មែរ​ហើយ​ ប៉ុន្តែ​ ត្រូវ​អនុវត្ត​ស្របតាម​រដ្ឋធម្មនុញ្ញ​កម្ពុជា​ផង​ ព្រោះ​ខ្មែរក្រោម​ហ្នឹង​ជាខ្មែរ​ទេ​ មិន​ត្រូវ​បាន​បញ្ជូន​ទៅវិញ​ [ប្រទេស​វៀតណាម​] ដូចជា​តិ​សាសន៍​ដទៃ​ទេ​»។

អគ្គលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា​ លោក​ ឡេង​ ប៉េង​ឡុង​ មានប្រសាសន៍​ថា ​ខាង​រដ្ឋសភា​បាន​ទទួល​កិច្ច​ព្រមព្រៀង​ទាំងពីរ​នោះ​ និង​បាន​បញ្ជូន​ទៅ​គណៈកម្មការ​ទី៦​ រដ្ឋសភា​ ដែល​ជា​គណៈកម្មការ​នីតិកម្ម​ និង​យុត្តិធម៌​ ដើម្បី​សិក្សា​លម្អិត​។ លោក​ថា​ កិច្ច​ព្រមព្រៀង​បែបនេះ​ កម្ពុជា​ចាប់ផ្តើម​ធ្វើ​ដំបូង​គេ​ជាមួយ​វៀតណាម​ ហើយ​គ្រោង​នឹង​ធ្វើជា​មួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ក្នុង​គោលបំណង​ដើម្បី​ប្រយោជន៍​ប្រជាជាតិ​ខ្មែរ​។ 

លោក​មានប្រសាសន៍​ថា​៖ «ហើយ​អី​លូ​វហ្នឹង​ ទើបតែនឹង​ធ្វើឡើង​ជាមួយ​ប្រទេស​វៀតណាម​ទេ​។ តាមធម្មតា​ប្រទេស​យើង​ទាក់ទងគ្នា​ទាំងអស់​ ហើយចៀស​មិន​រួចពី​មានទោស​ព្រហ្មទណ្ឌ​ ហើយ​មានច្បាប់​ព្រហ្ម​ទណ្ឌ​ខុស​ៗគ្នា​បន្តិច​។ អីចឹង ​យើង​សម្របសម្រួល​ទាំង​ច្បាប់​ ទាំង​នីតិវិធី​ហ្នឹង​ ប្រសិនបើ​ធ្វើ​បាន​ ដើម្បី​ការពារ​សិទ្ធិ​និង​ប្រយោជន៍​ប្រជាជន​យើង​ ប្រទេស​យើង​»។ ​

មុន​មាន​កិ​ច្ច​ព្រម​ព្រៀង​ផ្ទេរ​អ្នកទោស​រវាង​ប្រទេស​ទាំងពីរ​ កម្ពុជា​-វៀតណាម​ ក៏​ធ្លាប់​បាន​ចុះ​សន្ធិសញ្ញា​មួយ​កាលពី​ចុងឆ្នាំ២០១៣​ ស្តី​ពី​ការ​ផ្តល់​បត្យាប័ន​ចាប់​បញ្ជូន​ជនល្មើស​ឱ្យ​គ្នា​ទៅវិញទៅមក​តាម​ការ​ស្នើសុំ​របស់​ភាគី​ម្ខាង​។ 

សន្ធិសញ្ញា​នេះ​ ធ្វើឡើង​ក្នុង​គោលបំណង​ សហប្រតិបត្តិ​ការ​ឱ្យ​មានប្រសិទ្ធភាព​ក្នុង​ការ​បង្ក្រាប​បទល្មើស​រវាង​ប្រទេស​ទាំងពីរ​ ដោយ​ឈរ​លើ​មូលដ្ឋាន​គោរព​អធិបតេយ្យ​ភាព​ សមភាព​ និង​ប្រយោជន៍​រួម​រវាង​ប្រទេស​ទាំងពីរ​។ ប៉ុន្តែ ​សន្ធិសញ្ញា​នេះ​ បាន​បដិសេធ​ការ​ធ្វើ​បត្យាប័ន​ ឬការ​បញ្ជូន​ខ្លួន​សា​ម៉ី​ជន​ ពាក់ព័ន្ធ​បទល្មើស​នយោបាយ​ បទល្មើស​យោធា​ បទល្មើស​ដែល​មាន​លក្ខណៈ​ធ្វើទុក្ខ​បុកម្នេញ​ផ្នែក​ពូជសាសន៍​ ជាតិ​ពិន្ធុ​ ជំនឿ​ សាសនា​ ឬទស្សននយោបាយ​ជាដើម​។ 

យ៉ាងនេះ​ក្តី​ លោក​ ជិន​ ម៉ា​លីន​ ថា​ ជា​នីតិវិធី​ ក្រោយ​គណៈកម្មការ​ជំនាញ​សិក្សា​រួច​ កិច្ច​ព្រមព្រៀង​ទាំងពីរ​ នឹង​ត្រូវ​បញ្ជូន​ត្រឡប់ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​វិញ​ ដើម្បី​កំណត់កាល​បរិច្ឆេទ​លើកយក​ទៅ​អនុម័ត​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​នៃ​រដ្ឋសភា​ ព្រមទាំង​ព្រឹទ្ធសភា​ផង​ មុននឹង​ដាក់ថ្វាយ​ទៅ​ព្រះមហាក្សត្រ​ ដើម្បី​ឡាយ​ព្រ​ហស្តលេខា​ទទួលស្គាល់​ជា​ផ្លូវការ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ