ក្រសួងសុខាភិបាលដាក់មនុស្ស៤នាក់តាមដាន បន្ទាប់ពីរកឃើញថាមានទំនាក់ទំនងជិតស្និទ្ធជាមួយជនជាតិជប៉ុនម្នាក់ដែលរកឃើញថា មានCOVID-19។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះថា តាមមន្ទីរសុខាភិបាលខេត្តសៀមរាប មនុស្សទាំង៤នាក់នោះត្រូវបានមន្ត្រីសុខាភិបាលតាមដានស្ថានភាព និងត្រូវដាក់ឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ បន្ទាប់ពីរកឃើញថា អ្នកទាំងនោះមានទំនាក់ទំនងជិតស្និទ្ធជាមួយជនជាតិជប៉ុនដែលផ្ទុកCOVID-19។
លោកស្រី ឱ វណ្ណឌីន៖ «បើសិនជារកឃើញយ៉ាងម៉េច ថាត្រូវធ្វើតេស្តយ៉ាងម៉េចៗទៀត អាហ្នឹងយើងនឹងធ្វើតាមបច្ចេកទេសរបស់យើង»។
តាមនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង មនុស្សប្រមាណ ៤០នាក់ប៉ះពាល់ប្រយោល ក៏ត្រូវដាក់ឱ្យនៅដាច់ដោយឡែកចំនួន ១៤ថ្ងៃ និងតាមដានសុខភាព បេីមានចេញរោគសញ្ញាត្រូវយកវត្ថុវិភាគជាបន្ទាន់។ ប្រភពដដែលឱ្យដឹងថា រហូតពេលនេះពួកគាត់ពុំទាន់មានរោគសញ្ញានៅឡេីយទេ
យោងតាមសារព័ត៌មាន Vietnam Express ចេញផ្សាយកាលពីម្សិលមិញ បានឱ្យដឹងថា អ្នកដំណើរជាបុរសជនជាតិជប៉ុនម្នាក់ត្រូវបានជប៉ុនរកឃើញថាមានជំងឺ Covid-19 បន្ទាប់ពីបានជិះយន្តហោះក្រុមហ៊ុនអាកាសចរណ៍វៀតណាម ចេញពីព្រលានយន្តហោះខេត្តសៀមរាប ទៅកាន់ព្រលានយន្តហោះ Tan Son Nhat ក្រុងហូជីមីញ នៅថ្ងៃអង្គារ មុនពេលបន្តដំណើរទៅព្រលានយន្តហោះ Nagoya ប្រទេសជប៉ុននៅថ្ងៃទី៤ ខែមីនា។
ក្នុងលិខិតជូនរដ្ឋមន្ត្រីក្រសួងការបរទេសចុះថ្ងៃទី៥ ខែមីនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន លោក អ៊ឹង រចនា បានបញ្ជាក់ថា បុរសជនជាតិជប៉ុនអាយុជាង៤០ឆ្នាំរូបនោះ បានធ្វើដំណើរចេញចូលកម្ពុជាចំនួន២លើក គឺលើកទីមួយនៅថ្ងៃទី១៦ ខែកុម្ភៈ និងលើកទីពីរនៅថ្ងៃទី២៨ ខែកុម្ភៈ។ បុរសនោះបានចេញរោគសញ្ញាដំបូងនៅប្រទេសភីលីពីននាថ្ងៃទី២១ និងរោគសញ្ញាលើកទីពីរនៅកម្ពុជានាថ្ងៃ៣ ខែមីនា មុនចាកចេញពីប្រទេស៕