ការ​ស្រាវ​ជ្រាវ​ថ្មី​៖​ បើ​ចិន​ពន្យារ​វិធានការ​៥​ថ្ងៃ ទំហំ​រាត​ត្បាត​មេរោគ​កូវីដ​១៩​នឹង​កើន​៣​ដង​

បុគ្គលិកសុខាភិបាលចិន​កំពុងពិនិត្យកម្តៅ​ពលរដ្ឋរកមើលកូរ៉ូណាវីរុសនៅក្បែរទូដកប្រាក់ក្នុងក្រុងវូហាន នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។ (រូបភាពផ្តល់ឳ្យដោយនិស្សិតខ្មែរកំពុងសិក្សានៅទីក្រុងវូហាន)

ក្រុមអ្នកវិទ្យាសាស្រ្តចិនបានព្យាករក្នុងការស្រាវជ្រាវថ្មីមួយថា ការរាតត្បាតនៃមេរោគកូរ៉ូណាថ្មី ឬ កូវីដ១៩ ក្នុងប្រទេសចិន អាចនឹងធ្ង​ន់ធ្ងរជាងពេលបច្ចុប្បន្ន៣ដង បើរដ្ឋាភិបាលក្រុងប៉េកាំងពន្យារពេលដាក់ចេញវិធានការទប់ស្កាត់ការរីករាលដាល៥ថ្ងៃនោះ។

ការព្យាករនេះ គឺពួកគេធ្វើឡើងដោយផ្អែកលើគោលនយោបាយគ្រប់គ្រងរបស់រដ្ឋាភិបាលចិន ដែលបានចាប់អនុវត្តមុនថ្ងៃទី៩ ខែកុម្ភៈ ក្នុងការប្រយុទ្ធប្រឆាំងមេរោគវាយប្រហារផ្លូវដង្ហើមថ្មី នៅខេត្តហ៊ើប៉ីភាគកណ្តាលប្រទេស។    

យោងតាមគណកម្មការសុខាភិបាលចិន គិតត្រឹមថ្ងៃពុធម្សិលមិញ មេរោគកូវីដ១៩បានសម្លាប់មនុស្សនៅចិនជាង៣ពាន់នាក់ និងជាង៨ម៉ឺននាក់ផ្សេងទៀតកំពុងផ្ទុក ក្នុងនោះអ្នកជំងឺជិត៦ពាន់នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈពួកគេជាង៥ម៉ឺន២ពាន់នា​ក់​ជាសះស្បើយ។

តាមប្រភពដដែល តួលេខអ្នកស្លាប់ និងឆ្លងថ្មីក្នុង១សប្តាហ៍ចុងក្រោយ បានថមថយជាលំដាប់ ដោយគិតត្រឹម២៤ម៉ោងថ្ងៃម្សិ​លមិញ ករណីស្លាប់ថ្មីបានថយមកនៅ៣១នាក់ ឯអ្នកឆ្លងថ្មីបានថយមកជាង១៦០នាក់ ខណៈ១សប្តាហ៍មុន អ្នកស្លាប់ថ្មីមានជាង១រយនាក់ ឯអ្នកឆ្លងថ្មីមានរាប់ពាន់នាក់ក្នុង១ថ្ងៃ។

មេរោគកូរ៉ូណាថ្មី ត្រូវបានរកឃើញលើកដំបូងនៅក្រុងវូហាន ខេត្តហ៊ើប៉ី កាលពីចុងឆ្នាំ២០១៩ ហើយបន្ទាប់ពីមើលឃើញការរាតត្បាតក្នុងតំបន់កាន់តែធ្ងន់​ធ្ងរ រដ្ឋាភិបាលបានចាត់វិធានការបិទផ្ទប់ចរាចរណ៍ទូទាំងខេត្តដែលមានពលរដ្ឋ៥៨លាននាក់នោះ ចាប់ពីថ្ងៃទី២៣ ខែមករា និងបិទខេត្តក្រុងមួយចំនួនជាបន្តបន្ទាប់ទៀត។

អ្នកវិទ្យាសាស្រ្តផ្លូវដង្ហើម លោក Zhong Nanshan បានប៉ាន់ប្រមាណក្នុងអត្ថបទស្រាវជ្រាវថា បើរដ្ឋាភិបាលចិនព​ន្យឺ​តការអនុវត្តវិធានគ្រប់គ្រងការរាតត្បាតរបស់មេរោគត្រឹម៥ថ្ងៃនោះ ការរាលដាលនៅក្នុងតំបន់នឹងធ្ងន់ធ្ងរជាងពេលបច្ចុប្បន្ន៣ដង។

លោកបន្ថែមថា តួលេខករណីស្លាប់ និងឆ្លងថ្មីបានធ្លាក់ចុះចាប់ពីចុងខែកុម្ភៈមក ហើយវានឹងបន្តធ្លាក់ចុះទាបរហូតដល់កម្រិ​ត​សូន្យនៅចុងខែមេសា ជាមួយតួលេខឆ្លងពី៩ម៉ឺន ទៅ១២ម៉ឺននាក់។   

យ៉ាងណា លោក Zhong ព្រមានថា បើអាជ្ញាធរចិនហ៊ានបន្ធូរវិធានការនៅក្រុងវូហាន នោះការរីករាលដាលក្នុងតំបន់នេះនឹងកើនឡើងវិញនៅពាក់កណ្តាលខែមីនា។

ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom ធ្លាប់លើកឡើងថា លោកមិនបារម្ភចំពោះសមត្ថភាពប្រ​ព័​ន្ធសុខាភិបាលចិននោះទេ តែលោកបារម្ភចំពោះប្រទេសដែលមានប្រ​ព័ន្ធសុខាភិបាល​ខ្សោ​យ ហើយមិនបានត្រៀមខ្លួនក្នុងការបង្ការ និងទប់ស្កាត់បានល្អ។

លោក Tedros បានថ្លែងក្នុងសន្និសីទកាសែតកាលពីចុងខែកុម្ភៈថា ប្រទេសដែលមិនទាន់រកឃើញករណីឆ្លង ឬឆ្លងថ្មីដូចជា កម្ពុជា ហ្វីលីពីន និងវៀតណាម ជាដើម ​មិនប្រាកដថា ​គ្មាន​ករណីឆ្លង​​កើត​ឡើងនោះទេ។ ​លោកថា ការ​គិត​ថា​ប្រទេស​ខ្លួន​មិន​កើតមាន​ករណីឆ្លង វា​ជា​រឿង​ដែល​ខុសឆ្គង​ដ៏​គ្រោះថ្នាក់​បំផុត ព្រោះមេរោគឆ្លង​នេះ​គ្មាន​ព្រំដែន ឬ​បែង​ចែក​​ជាតិ​សាសន៍អ្វី​ឡើយ។

ក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំង១០ គឺមានប្រទេសមីយ៉ាន់ម៉ា ប្រ៊ុយណេ និងឡាវ នៅមិនទាន់រកឃើញករណីឆ្លងមេរោគកូវីដ១៩ ខណៈកម្ពុជា វៀតណាម ហ្វីលីពីន បានរកឃើញករណីឆ្លង ប៉ុន្តែ អ្នកជំងឺទាំងនោះត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញហើយ ប​ន្ទាប់ពីឆ្លងកាត់ការព្យាបាលបានជាសះស្បើយ។

ធនាគារពិភពលោកនៅថ្ងៃម្សិលមិញ បានសម្រេចបើកកញ្ចប់ហិរញ្ញប្បទានដំណាក់កាលដំបូងចំនួន១២ពាន់លានដុល្លារ សម្រាប់ជួយប្រទេ​ស​កំពុងអភិវឌ្ឍន៍ជាសមាជិក ឱ្យមានលទ្ធភាពចាត់វិធានការជាក់ស្តែងឆ្លើយតប និងកាត់បន្ថយផលប៉ះទង្គិចធ្ងន់ធ្ងរបង្កដោយមេរោគកូវីដ១៩។

នៅក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃពុធរបស់ធនាគារពិភពលោក បានឱ្យដឹងថា កញ្ចប់ហិរញ្ញប្បទាននេះ ក៏នឹងមានអមមកជា​មួយនូវ​ការ​ផ្តល់​ប្រឹក្សា​គោលនយោបាយ និង​ជំនួយបច្ចេកទេស ដែលផ្អែកលើ​ជំនាញឯកទេស​លើសកលលោក និង​ចំណេះដឹងនៅក្នុង​ស្រុក​តាម​ប្រទេសនីមួយៗដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ