វិភាគ​​៖​ តើ​​ឥទ្ធិពល​​កូវីដ-១៩​​ធ្វើ​​ឱ្យ​​វិស័យ​​កាត់​ដេរ​​​នៅ​​កម្ពុជា​​ប្រឈម​​យ៉ាង​ណា​?​

កម្មករ-កម្មការិនីកំពុងបំពេញការងារក្នុងរោងចក្រមួយកន្លែងក្នុងក្រុងភ្នំពេញ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤។ (ឆពណ្ណ បញ្ញា)

ជំងឺ​កូវីដ-១៩ ដែល​ផ្ទុះ​ឡើងនៅ​ប្រទេស​ចិន​កាល​ពី​ចុង​ឆ្នាំ​២០១៩ និង​បាន​រីកសាយ​ភាយ​ស្ទើរ​ទូទាំង​ពិភព​លោក​នៅ​ដើម​ឆ្នាំ​២០២០​នេះ ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្ដិសុខ និង​ពាណិជ្ជកម្ម​ពិភព​លោក​ជាខ្លាំង​ ដោយ​សារ​តួនាទី​នៃ​មហា​អំណាចមួយ​នេះ​​ក្នុង​សេដ្ឋកិច្ច​ពិភព​លោក។ ផល​ប៉ះពាល់​នេះ​ក៏​មាន​ឥទ្ធិពល​ដល់​កម្ពុជា​ផង​ដែរ​ដោយ​សារ​តែ​កង្វះ​វត្ថុធាតុ​ដើម​​។

គិត​ត្រឹមថ្ងៃ​ពុធ​សប្ដាហ៍​មុន​ មាន​រោង​ចក្រ​កាត់ដេរ​ និង​ផលិត​ផល​ស្បែក​ជើង​សរុប​៣៣រោង​ចក្រ​នៅ​ទូ​ទាំង​ប្រទេស ​បាន​ស្នើ​សុំ​ព្យួរ​កិច្ច​សន្យាការងារ​រយៈពេល​២សប្ដាហ៍ ដល់​១ខែ ដែល​មាន​កម្មករ​សរុប​ជិត២ម៉ឺន​នាក់​ត្រូវ​ប្រឈម​នឹង​ការ​ព្យួរ​ការងារ។

អ្នក​នាំពាក្យ​ក្រសួង​ការងារ ​លោក ហេង សួរ បាន​សរសេរ​ប្រាប់​VOD តាម​សារអេឡិច​ត្រូនិច​តេលេ​ក្រាម​ (Telegram) ថា៖ «មាន​រោង​ចក្រ​កាត់ដេរ និងផលិតស្បែកជើងសរុប ៣៣រោងចក្រ នៅទូទាំងប្រទេស ដែលបានស្នើសុំព្យួរកិច្ចសន្យាការងារ រយៈពេលពី ២ សប្ដាហ៍ ដល់ទៅ ១ខែ ដែលស្មើនឹងកម្មករចំនួន ១៧ ០៩៦នាក់ លើកម្មករនិយោជិតសរុបចំនួន ៦២ ០៨៧នាក់»។

តើ​ឥទ្ធិពល​ Covid-19 នឹង​ធ្វើ​ឱ្យ​វិស័យ​ការងារ​នៅ​កម្ពុជា​ប្រឈម​យ៉ាងណា?

ប្រឈម​នឹង​ការបាត់បង់ការងារ​

ក្រោយ​រង​ការ​ព្យួរ​ការងារ​ មាន​កម្មករ​នៅ​រោង​ចក្រ​មួយ​ចំនួន​បានចេញ​តវ៉ា​ជា​បន្តបន្ទាប់ ដើម្បី​ឱ្យ​រោង​ចក្រ​គោរព​លក្ខខណ្ឌ​ការងារ ខណៈពេល​ដែល​ពួកគេ​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ការងារ និង​គ្មាន​ប្រាក់​ផ្គត់ផ្គង់ជីវភាព​បន្ទាប់​រោង​ចក្រ​ព្យួរ​ការងារ​នេះ។

អ្នក​ត្រួត​ពិនិត្យ​នៃ​រោង​ចក្រ​ 7NG ដែល​ត្រូវ​រោង​ចក្រ​ព្យួរ​ការងារជាមួយ​កម្មករ​ជាង​ ៧០០នាក់​ផ្សេង​ទៀត ​អ្នក​ស្រី លាប សុធារី បាន​ត្អួញ​ត្អែរ​ថា ​ការ​ព្យួរ​ការងារ​របស់​រោង​ចក្រ​គឺធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កម្មករ​ជា​ខ្លាំង​ ដោយ​ថា​កម្មករ​ត្រូវ​បាត់​ចំណូល​​ ហើយ​គ្មាន​ការងារ​ថ្មី​ដើម្បី​ជំនួស​បណ្ដោះអាសន្ន​ថែមទៀត។

អ្នក​ស្រី និយាយថា​៖ «និយាយ​ទៅ​ ចាយ​អត់​ទូលំទូលាយ​ដូច​ពី​មុន​ ព្រោះពី​មុន​ យើង​អាច​រក​បាន​៣០០ដុល្លារ​យ៉ាង​តិច​ ដល់​ពេល​ឥឡូវ​យើង​ទៅ​រក​នៅ​ឯណា​ក៏​អត់​បាន​ដែរ។​ បាន​តែ​ ៧៦​ដុល្លារ ហើយ​ខុស​ពី​កន្លែង​ហ្នឹង​ទៅ​ យើងអត់​អា​ច​ទៅ​រក​នៅ​កន្លែង​ណា​បាន​ទៀត! ដោយ​សារ​តែ​យើង​នៅ​រង់ចាំ​រោងចក្រ​បើក​វិញ​អ៊ីចឹង​ណា។ […] ខែ​៤​ បាន​ជាដល់​ថ្ងៃ​ដែល​ត្រូវ​ចូល​វិញ តែ​យើង​ចំណាយ​ពេល​សម្រាប់​១ខែ​ជាង​ហ្នឹង​ដូច​ថា ​វា​ចាប់​ត្រង់នេះ​ខុយ​ ចាប់​ត្រង់នោះ​ខុយ​ ដោយ​សារ​បើ​យើង​ទៅ​ភ្នំពេញ​ យើងត្រូវ​ការ​រក​ផ្ទះ​ជួល​រក​អី​ទៀត រួច​ទម្រាំ​ដែល​បានប្រាក់​ខែ​ពេញ​លេញ​ ធ្វើ​ការ​បាន​ប៉ុន្មាន​ហ្នឹង​សឹង​ថា​កៀក​ថ្ងៃ​ដែល​ត្រូវ​ត្រលប់​មក​វិញ​ហើយ»។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ បាន​លើក​ឡើង​ដោយ​បារម្ភ​ថា ​ក្នុង​ពេល​ដែល​កំពុង​មាន​បញ្ហា​នេះ​ រោងចក្រ​មួយ​ចំនួន​ហាក់​បី​ដូច​ជា​ប្រើលេស​ក្នុង​ការ​បញ្ឈប់​កម្ម​ករ​តែ​ម្ដង ដែល​ជា​សញ្ញាណ​មិន​ល្អ​នោះ​ទេ​ក្នុង​វិស័យ​កាត់ដេរ។

លោក​ថា៖ «អាហ្នឹង​គឺក៏​ជា​សញ្ញាណ​មិន​ល្អ​ដែរ ប្រសិន​ជា​ធ្វើ​អ៊ីចឹង​មែន! គឺ​គាត់​ប្រឈម​នឹង​ការ​បាត់បង់​ការងារ​តែ​ម្ដង ​នៅពេល​ដែលគេ​ដំណើរ​ការ​វិញ​ ក៏​គាត់​មិន​អាច​បាន​[ការងារ]ដែរ។ ក្រុម​ហ៊ុន​ខ្លះ​ព្យាយាម​ដក​កម្មករ​ចាស់ៗ ឬ​ក៏​សមាជិក​សហជីព​អី​ហ្នឹង ​គឺ​អត់​ឱ្យ​ធ្វើ​ការ​ទេ ​បន្ទាប់​មក​គឺ​រើស​កម្ម​ករ​ថ្មី​ឱ្យ​ចូល​វិញ»។

មិន​មាន​ការ​ងារ​ថ្មី​ជំនួស

វិបត្តិកូវីដ-១៩ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ការងារជា​ច្រើន​រាប់ចាប់​តាំង​ពី​ការងារ​កាត់ដេរ និង​ការងារ​ទេសចរណ៍ សេវាកម្ម ជា​ដើម​ ដែល​ការងារ​ទាំង​​នេះ​សុទ្ធ​តែ​វិស័យ​ស្នូល​របស់​ប្រទេស។

មិន​មាន​ទេ​ការងាក​មករក​​វិស័យ​កសិកម្មវិញ ខណៈ​វិស័យ​សំណង់ក៏​​មិន​សូវ​មាន​តម្រូវ​ការ​ការ​ងារ​ផង​ដែរ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​ និង​ព្រៃ​ឈើ លោក សុខ គីន មាន​ប្រសាសន៍​ថា វិស័យ​សំណង់​នៅពេល​នេះ​គឺ​មិន​ទាន់​រង​ផល​ប៉ះពាល់​ពី​វីរុស ​Covid-19 នៅ​ឡើយ​ទេ តែ​លោក​ថា​ ស្ថាន​ភាព​គឺ​នៅ​នឹង​ថ្កល់​ដោយ​សារ​តម្រូវ​ការការងារ​មិន​មាន​ការ​កើន​ឡើង។

លោក ​សុខ គីន លើកឡើងថា​៖ «ស្ថានភាព​បច្ចុប្បន្ន​ហាក់​បីដូច​ជា​តម្រូវ​ការ​បន្ថែម​ក៏​អត់​ទាន់​មាន​ឃើញ ហើយ​អាចុះ​ក៏​អត់​ទាន់​មាន​។ ហាក់​បី​ដូច​ជា​ស្ថានភាព​ការងារ​ក្នុង​វិស័យ​គឺ​នៅ​លំនឹង​នៅ​ឡើយ​»។

ទោះ​ជា​យ៉ាងណា ​សម្រាប់​វិស័យ​សេវា​កម្មវិញ​​បាន​រង​គ្រោះ​បាត់​ទៅ​ហើយ​នៅពេល​នេះ ដែល​មាន​ន័យ​ថា​ តម្រូវ​ការការ​ងារក្នុង​វិស័យ​នេះ​ស្ទើរ​តែ​គ្មាន​ ជា​ពិសេស​នៅ​ខេត្តទេសចរណ៍​​សៀមរាបតែ​ម្ដង​។

ប្រធាន​សហជីព​ចំណី​អាហារ និង​សេវា​កម្ម​កម្ពុជា ​អ្នក​ស្រី អ៊ូ ទេពផល្លីន មាន​ប្រសាសន៍​ប្រាប់​VODថា ស្ថានភាព​កម្មករ​ក្នុង​វិស័យ​សេវាកម្ម​ និង​ចំណី​អាហារ​ ក៏​កំពុង​ទទួល​រង​គ្រោះ​ពី​ការ​បាត់បង់​ការងារ​ដោយ​សារ​ជំងឺ​កូវីដ-១៩នេះ​ផង​ដែរ​។ អ្នក​ស្រី​បន្ថែម​ថា ស្ថានភាព​នេះ​កើត​ឡើង​ខ្លាំង​នៅ​ខេត្ត​សៀម​រាប។

អ្នកស្រី អ៊ូ ទេពផល្លីន៖ «ព្រោះ​នៅ​សៀម​រាប​ភាគច្រើន​គេ​ធ្វើ​តាម​Tour ចុះ​ MOU ជា​មូយ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ ដល់​ពេល​នៅ​ភ្នំពេញ​នេះ​ដូច​ជា​មិន​ទាន់​អី​ទេ​ ព្រោះភាគច្រើន​ជា​ភ្ញៀវ​ក្នុង​ស្រុក​ ដល់​អ៊ីចឹង​អត់សូវ​ជា​ជួប​បញ្ហា​ធំ​នៅ​ឡើយ​ទេ​។ សម្រាប់​នៅ​កំពង់​សោម​ ខាង​ផលិត​ស្រាបៀរ​ ខាង​ផលិត​ស្រាបៀរ​វិញ​ ក្រុម​ហ៊ុន​រំលាយ​កម្មករ​ច្រើន​តាម​រយៈ​គេ​ផ្ដូរ​ប្រព័ន្ធ​ការងារ​ថ្មី។ មាន​ការ​រើស​ថ្មី​ដែរ​ តែ​មិន​មាន​ការ​ប្រកាស​ជា​សាធារណៈ​ឡើយ​»។

​​សា​ស្ត្រាចារ្យ​​ផ្នែ​ក​ការ​ទូត​​​ និង​​កិច្ចការ​​ពិ​ភពលោក​​នៅ​​សាកលវិទ្យាល័យ​ Occidenta​l Co​ll​ege​ ទីក្រុង ​Lo​s Ang​e​les លោ​កបណ្ឌិ​ត អៀ ​សុផល​ បាន​លើក​ឡើង​ប្រាប់​VOD តាម​សារអេឡិច​ត្រូនិច​អ៊ីម៉ែល​ថា នៅពេល​ដែល​កម្មករ​បាត់បង់​ការ​ងារ​ ពិតណាស់​នឹង​មាន​ការ​ការងារ​ថ្មី តែ​អ្វី​ដែល​ជា​សំណួរ​នោះ​ ថា​តើ​កម្ពុជា​មាន​ការងារ​អ្វីខ្លះ​សម្រាប់​ផ្ដល់​ជូន​ដល់​ពលរដ្ឋ?

លោក​សរសេរ​ថា៖ «បញ្ហា​នោះ​គឺ​ សេដ្ឋកិច្ច​កម្ពុជា​គ្មាន​ភាព​ចម្រុះ​បែប​នោះ​ទេ។ តើ​កម្មករ​រោងចក្រ​អាច​ធ្វើ​ការ​សំណង់​បាន​ទេ? មិន​អាច​ទេ! តើ​គេ​អាច​ធ្វើ​ការ​ក្នុង​វិស័យ​ទេសចរណ៍​បាន​ទេ? អាច​បាន​ តែ​គេ​អាន​ និង​និយាយភាសា​បរទេស​បាន​ឬអត់ នេះ​នៅ​មិន​ទាន់​គិត​ដល់​ កូវីដ-១៩ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យទេសចរណ៍​ផង​។ ហើយ​ចំពោះ​សេវា​បម្រើ​ស្រាបៀរ​ វា​ជាជម្រើ​សមួយ​ដែល​គ្រោះថ្នាក់»។

ការ​ប៉ះទង្គិច​នៃ​ កូវីដ-១៩ គឺ​បាន​ជះផល​អវិជ្ជមាន​ដល់វិស័យនៃ​ឈាម​សេដ្ឋកិច្ច​ទាំង​​មូលរបស់​កម្ពុជា​ ដែល​មាន​ន័យ​ថា​ ការងារ​អាច​ប្រឈម​នឹង​បាត់បង់ ខណៈ​ការងារ​ថ្មី​មិន​សូវ​មាន។

ដំណោះស្រាយពី​​រដ្ឋាភិបាល

កាលពីថ្ងៃទី២៤ ខែកុម្ភៈ រដ្ឋាភិបាលបានដាក់ចេញនូវវិធានការធំចំនួន៣ ដើម្បីរក្សាសេដ្ឋកិច្ចជាតិក្នុងពេលប្រឈមសកលនៃវីរុសកូរ៉ូណា។ វិធានការទាំងនោះមានវិធានការមួយចំនួនគឺជួយដល់កម្មករនិយោជិតពីការបាត់បង់ការងារ និងស្វែងរកការងារថ្មីដល់កម្មករ។

ថ្លែង​ក្នុង​ពិធី​ប្រកាស​វិធាន​ការ​នេះ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​ថា​៖ « អ្វី​ដែល​ដាក់​ចេញ​នាពេល​នេះ គឺ​ជា​កញ្ចប់​វិធានការជុំ​ទី​មួយ​ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ រក្សា​លំនឹង​អាជីវកម្ម និង​លំនឹង​ជីវភាព​ជូន​ក្មួយៗកម្មករ និយោជិតទាំង​អស់។ រាជរដ្ឋាភិបាល​នឹង​បន្ត​តាមដាន​ស្ថានភាព​សេដ្ឋកិច្ច​ជា​ប្រចាំ។ ក្នុងករណី​ដែល​ស្ថាន​ភាព​សេដ្ឋកិច្ច​រងផលប៉ះពាល់​កាន់​តែធ្ងន់ធ្ងរ រាជរដ្ឋាភិបាល​អាច​បន្តអនុវត្ត​វិធាន​ការ​ទាំង​នេះ និង​ដាក់​ចេញ​នូវ​វិធានការ​ថ្មីៗ​បន្ថែម​ទៀត តាម​ការ​ចាំ​បាច់ » ។ ​

សម្រាប់​ប្រធាន​សហភាពការងារ​កម្ពុជា​ លោក អាត់ ធន់ មើល​ឃើញ​ថា ​វិធាន​ការ​នេះ​ហាក់​ដូច​ជា​មិន​សូវ​មាន​ប្រសិទ្ធភាព​នោះ​​ទេ ដោយ​សារ​វា​ធ្វើ​ឱ្យ​បាត់​ប្រយោជន៍​រោងចក្រ។

លោក​ អាត់ ធន់ និយាយថា​៖ «វិធាន​ការ​ហ្នឹង ​រដ្ឋាភិបាល​ចេញ​ហើយ តែ​យើង​មិន​ដឹង​ថា ​ក្រុម​ហ៊ុនគេ​អនុវត្ត ​ឬ​មិន​អនុវត្តទេ។ តែ​ជា​ទូទៅ ក្រុម​ហ៊ុន​មិន​ងាយ​ទេ​អា​ទាក់ទង​នឹង​ប្រយោជន៍​​របស់​ខ្លួន​នោះ ទាល់​តែ​រដ្ឋាភិបាល​នោះ​ចេញ​វិធាន​ការ​អនុវត្ត​ទៀត រៀប​ចំ​មនុស្ស​ចុះ​អនុវត្តទៀត ​បាន​ក្រុម​ហ៊ុនវា​ព្រម! ព្រោះ​កន្លង​មក​យើង​ដឹង​ហើយ​ សូម្បី​តែ​ច្បាប់​ការងារ​សរសេរច្បាស់​ទែង​ហ្នឹង ​ក្រុម​ហ៊ុន​មិន​ងាយ​នឹង​អនុវត្ត​ផង​ ហើយ​មន្ត្រី​ចុះ​ទៅ​ពិនិត្យ​មើល​​ ក្រុម​ហ៊ុន​មិន​ខ្លាច​ផង ​ទម្រាំ​វិធាន​ធម្មតា​គឺ​មិន​ងាយ​ទេ » ។

អនុសាសន៍

នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បាន​លើក​ឡើង​ថា ​រដ្ឋ​គួរ​បែង​ចែក​ដំណោះស្រាយ​ការងារ​ទាំង​រយៈពេល​ខ្លី និង​គិត​គូរ​រយៈពេល​វែង​។ លោក​បន្ថែម​ថា ការងារ​ក្នុង​រយៈពេល​ខ្លី​​គឺ​រដ្ឋ​គួរ​តែរកការងារ​បណ្ដោះអាសន្ន​ដែល​អាច​ឱ្យ​កម្មករ​អាច​ធ្វើ​ក្នុង​រយៈពេល​ខ្លី​ ជាពិសេស​គួរ​​ងាករក​វិស័យ​កសិកម្ម និង​ពង្រឹង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ឱ្យ​មាន​ឱកាស​បង្កើត​ការងារ​ដល់​ពលរដ្ឋឱ្យ​ច្រើន​នៅពេល​នេះ។

លោក ​មឿន តុលា លើកឡើងថា៖ «វិធាន​ការ​ភ្លាមៗ រឿង​មួយ​គឺ​ពាក់ព័ន្ធ​នឹង​បំណុល​ ហើយ​រឿង​ទីពីរ​គឺ​រកមើលការងារ​ដែល​បណ្ដោះអាសន្ន ​ដូច​ជា​ ការ​កែ​ច្នៃ​វត្ថុ​អនុស្សាវរីយ៍​អី​។ល។​»។

ចំពោះ​គោលនយោបាយ​រយៈពេល​វែង​វិញ​ លោក មឿន តុលា​ ឱ្យ​ជា​យោបល់​ថា វិស័យ​ពីរ​ដែល​ត្រូវ​គិត​គូរ​នោះគឺ​ទេសចរណ៍ និង​កសិកម្ម ដោយ​ថា ​ការ​ពង្រឹង​វិស័យ​កសិកម្ម​ឱ្យ​ខ្លាំង នឹង​បង្កើត​ឱ្យ​មាន​ការ​ផលិត​វត្ថុធាតុ​ដើម​ក្នុង​ស្រុកប្រើប្រាស់​គ្រប់​គ្រាន់ មាន​ការងារ​ដល់​ពលរដ្ឋ ខណៈ​​ការ​គិត​គូរ​ពី​គុណភាព​នៃ​ទេសចរណ៍ វា​នឹងជួយបង្កើន​ចំណូល​ជាតិ បង្កើត​ការងារ​ ទប់​ស្កាត់​ការ​ចំណាក​ស្រុក ជា​ពិសេស​វា​នឹង​ជួយ​យឹតយោង​ការងារ​ពីវិស័យ​ផ្សេង​ផង​ដែរ​នៅ​ពេល​មាន​បញ្ហា​នាថ្ងៃ​អនាគត​។

លោក​ មឿន តុលា មានប្រសាសន៍ថា ៖ «ស្រុក​ខ្មែរ​ បើ​យើង​យក​តែ​វិស័យ​ពីរ វិស័យ​កសិកម្ម​មួយ​ ហើយ​និង​វិស័យ​ទេសចរណ៍​មួយ​ទៀត យក​ជា​វិស័យ​ជា​អាទិភាពដើម្បី​កសាង​ប្រទេស ​ខ្ញុំ​គិត​ថា ​ទៅ​ដោយ​រលូន។ ហើយ​វិស័យ​កាត់​ដេរនេះ ​គឺ​យើង​រក្សា​វា​ដើម្បី​ឱ្យ​ជា​លំនឹង​សិន ទម្រាំយើង​កសាង​វិស័យ​ទាំង​ពីរ​បាន​រឹង​មាំ។ វិស័យ​កាត់​ដេរ​នេះ​ជា​វិស័យ​លើក​គេ​ឱ្យ​ដើរ​ទេនិយាយ​មែន​ទែន​ទៅ កាល​ណា​ប្រទេស​ហ្នឹង​មាន​ប្រាក់​ឈ្នួល​ខ្ពស់​ខ្លាំង ឬ​ក៏​មាន​ការីក​ចំរើន​​ខ្លាំង​ គឺវិស័យ​នេះ​មិន​អាច​នៅ​ទេ។ ព្រោះ​វិស័យ​រោង​ចក្រ​កាត់​ដេរ​នេះ​ភាគច្រើន​គឺ​ទៅ​រក​តែ​ប្រទេស​ក្រីក្រ​ទេ » ។ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ