តំណាង​ពលរដ្ឋ​៦​នាក់​មាន​ជម្លោះ​ដី​ធ្លី​ជាមួយ​ឧកញ៉ា​​នៅ​កោះកុង ត្រូវ​តុលាការ​ហៅ​ឱ្យ​​ឆ្លើយ​បំភ្លឺ​ជា​លើក​ទី​៣​

តំណាងពលរដ្ឋ៦នាក់ទទួលដីកាលើកទី២ ពីសមត្ថកិច្ចមូលដ្ឋាន ករណីវិវាទដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅខេត្តកោះកុង។ (ផ្ដល់ឱ្យ)

ពលរដ្ឋ៦នាក់ដែលអះអាងថា តំណាងឱ្យ​ពលរដ្ឋ១៩៧គ្រួសារកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ អេគ្រីខាល់ឈ័រគ្រុប ស្ថិត​ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានតុលាការកោះហៅឱ្យបំភ្លឺជាលើកទី៣។

កាលពីឆ្នាំ២០១៩ តំណាងពលរដ្ឋមានជម្លោះដីធ្លី៦នាក់ក្នុងចំណោម១០នាក់ ត្រូវបានសាលាដំបូងខេត្តកោះកុង ចេញដីកា​កោះហៅឱ្យឆ្លើយបំភ្លឺចំនួនពីរលើករួចមកហើយ ទៅតាមបណ្តឹងរបស់លោក ហេង ហ៊ុយ ដែលចោទប្រកាន់ពីបទ«បរិហារកេរិ៍្តជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ ប៉ុន្តែ តំណាងពលរដ្ឋទាំង៦នាក់នោះបានដាក់ពាក្យសុំពន្យារពេលចូលបំភ្លឺជាបន្តបន្ទាប់ដោយសារជាប់រវល់។

ក្នុងដីកាចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ដូចគ្នា ដែលវីអូឌីទើបទទួលបាននៅថ្ងៃនេះ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង លោក រស់ សារាំ បានកោះហៅលើកទី៣ ឱ្យតំណាងពលរដ្ឋ៦នាក់មានអ្នកស្រី អិប តឹង លោក ឆាន ឈឿន លោក គង់ ម៉ែន លោក ពូ ហ៊ួន លោក សុខ ជៃ និងលោក ហេង ជៃ ឱ្យចូលបំភ្លឺនៅសាលាដំបូងខេត្ត នាថ្ងៃទី២៥ និង២៦ ខែមីនាខាងមុខនេះ។

តំណាងពលរដ្ឋម្នាក់ អ្នកស្រី អិប តឹង ប្រាប់វីអូឌីថា អ្នកស្រីបានត្រៀមខ្លួនរួចហើយដើម្បីចូលទៅឆ្លើយបំភ្លឺចំពោះមុខតុលាការតាមពេលវេលាកំណត់ ដោយពុំមានការភ័យខ្លាច និងព្រួយបារម្ភនោះទេ ដោយថា រូបអ្នកស្រី និងពលរដ្ឋ១៩៧គ្រួសារនៅស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានក្រុមហ៊ុន ហេង ហ៊ុយ រំលោភយកដីធ្លីពិតមែន។

តំណាងពលរដ្ឋរូបនេះបន្តថា វាជារឿងអយុត្តិធម៌មួយសម្រាប់ពួកគាត់ជាពលរដ្ឋក្រីក្រ ដែលបានបាត់បង់ដីធ្លីដោយសារឧកញ៉ា ហេង ហ៊ុយ រំលោភយកហើយ ត្រូវបានឧកញ៉ា​រូបនេះប្តឹងទៅតុលាការថែមទៀត។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំយល់ថា វាគឺជាសម្ពាធមួយទៀតមកលើពួកខ្ញុំអ្នកមានជម្លោះដីធ្លី ដែលពួកខ្ញុំរងគ្រោះបាត់បង់ដីធ្លីដោយសារគេរំលោភយកអស់ និងមិនមានដំណោះស្រាយ ហើយបែរជាតុលាការមកកោះហៅពួកខ្ញុំឱ្យឆ្លើយបំភ្លឺទៀត។ អីចឹង ខ្ញុំនឹងចូលទៅបំភ្លឺ ព្រោះខ្ញុំមិនបាននិយាយបរិហារកេរិ៍្តដូចលោកឧកញ៉ា ហេង ហ៊ុយ ចោទប្រកាន់ទេ»

តំណាងពលរដ្ឋម្នាក់ទៀត លោក ឆាន ឈឿន ស្នើទៅតុលាការពិចារណាដោយមិនចាត់ការលើសំណុំរឿងរបស់ពួកគាត់ និងស្នើទៅប្រមុខរដ្ឋាភិបាលឱ្យដោះស្រាយបញ្ចប់វិវាទដីធ្លីជូនពួកគាត់ឱ្យបានឆាប់។

លោកបន្ថែមថា៖ «ខ្ញុំសុំឱ្យផ្តល់យុត្តិធម៌ដល់ពួកខ្ញុំផង ព្រោះពួកខ្ញុំបាត់បង់ដីធ្លីដោយសារលោក ហេង ហ៊ុយ រំលោភយកពិតប្រាកដពិតមែន និងសុំឱ្យតុលាការទម្លាក់ចោលការកោះហៅពលរដ្ឋតទៅទៀត»

វីអូឌីមិនអាចសុំការឆ្លើយតបពីលោក ហេង ហ៊ុយ បានទេពាក់ព័ន្ធករណីនេះ។

ពាក់ព័ន្ធតុលាការកោះហៅតំណាងពលរដ្ឋឱ្យឆ្លើយបំភ្លឺតាមបណ្តឹងលោកឧកញ៉ា​ ហេង ហ៊ុយ នេះ មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូប្រចាំខេត្តកោះកុង លោក ប៉ែន វុទ្ធា មានប្រសាសន៍ថា វាជាការគំរាមកំហែងពលរដ្ឋមិនឱ្យចេញតវ៉ាដីធ្លីតទៅទៀត។

មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរូបនេះស្នើទៅរដ្ឋាភិបាលត្រូវដោះស្រាយបញ្ចប់វិវាទដីធ្លីនេះជូនពលរដ្ឋឱ្យបានឆាប់ ជាជាងចោទប្រកាន់ពលរដ្ឋទៅតាមបណ្តឹងឧកញ៉ា។ លោកបន្តថា ប្រសិនបើរឿងនេះមិនបានដោះស្រាយបញ្ចប់ទេ ប្រជាពលរដ្ឋនៅតែបន្តតវ៉ា ហើយនៅតែបង្ហាញថា កម្ពុជានៅតែបន្តរំលោភសិទ្ធិមនុស្ស។

លោកមានប្រសាសន៍ថា៖ «បើមើលពីទិដ្ឋភាពទៅ វាហាក់ដូចជារដ្ឋាភិបាលមិនបានបង្ហាញពីការយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែលជាម្ចាស់ដី ហើយបានបាត់បង់ដីនោះទេ ដែលចំណុចនេះអន្តរជាតិគេនៅតែមើលឃើញថា កម្ពុជានៅតែបន្តរំលោភសិទ្ធិមនុស្ស»

ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៩មក ពលរដ្ឋ ១៩៧គ្រួសារ មកពីឃុំជីខលើ និងជីខក្រោម បានឡើងមកតវ៉ានៅភ្នំពេញជាបន្តបន្ទាប់ ដើម្បីរកអន្តរាគមន៍ពីក្រសួងរៀបចំដែនដីជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ ដោយចោទថា ក្រុមហ៊ុន ហេង ហ៊ុយ រំលោភយកតាំងពីឆ្នាំ២០០៧។

ប៉ុន្តែ រហូតមកដល់ពេលនេះ ​ក្រសួងរៀបចំដែនដីបានចេញសេចក្តីប្រកាសព័ត៌មានចំនួន៣ដងហើយ ដោយបានបដិសេធដោះស្រាយដីធ្លី និងស្នើទៅអាជ្ញាធរពាក់ព័ន្ធឱ្យចាត់វិធានការផ្លូវច្បាប់ចំពោះពលរដ្ឋ១៩៧គ្រួសារនោះ។

បច្ចុប្បន្ន មានពលរដ្ឋ១០នាក់ក្នុងចំណោមពលរដ្ឋ១៩៧គ្រួសារ កំពុងជាប់បណ្តឹងនៅតុលាការ បន្ទាប់ពីពួកគេតវ៉ាទាមទារ​ដីធ្លីពីក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា​ ហេង ហ៊ុយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ