លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទសួរអ្នកដែលមិនឱ្យតម្លៃសមត្ថភាពគ្រូពេទ្យកម្ពុជា ហើយស្វែងរកការព្យាបាលជំងឺនៅក្រៅប្រទេសថា ហេតុអ្វីបានជានៅសហរដ្ឋអាមេរិក និងបារាំង មានករណីអ្នកជំងឺឆ្លង និងស្លាប់ ដោយសារមេរោគកូរ៉ូណាដែរ។
នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៅព្រឹកនេះ លោក ហ៊ុន សែន បានជំរុញឱ្យពលរដ្ឋទូទាំងប្រទេសត្រូវសហការជាមួយក្រុមគ្រូពេទ្យកម្ពុជាក្នុងការព្យាបាលជំងឺ។ លោកបញ្ជាក់ថា អ្នកដែលមានកម្ពៅខ្ពស់ប្រទេសផ្សេងៗគេមិនអនុញ្ញាតឱ្យចូលក្នុងប្រទេសគេដើម្បីស្វែងរកការព្យាបាលនោះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទជាសំនួរប្រៀបធៀបពីសមត្ថភាពរបស់គ្រូពេទ្យកម្ពុជា និងគ្រូពេទ្យនៃប្រទេសរីកចម្រើនផ្សេងៗទៀត ករណីទប់ស្កាត់ និងព្យាបាលមេរោគកូរ៉ូណា។
លោក ហ៊ុន សែន៖ «ថាគ្រូពេទ្យកម្ពុជាអន់ ចុះគ្រូពេទ្យអាមេរិកកាំង ម៉េចធ្វើពលរដ្ឋជំងឺឆ្លង ស្លាប់ គ្រូពេទ្យបារាំង ម៉េចធ្វើឱ្យមនុស្សឆ្លង និងស្លាប់? អាល្លឺម៉ង់ អ៊ីតាលី និងប្រទេសដដៃទៀត?»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏តែងតែប្រកាសពីការទៅពិនិត្យជំងឺប្រទេសសិង្ហបុរីជាបន្ទាប់ដែរ ស្របពេលដែលលោកប្តេជ្ញាពង្រឹងគុណភាពនៅមន្ទីរពេទ្យកាល់ម៉ែតរួចហើយ នឹងពិចារណាព្យាបាលជំងឺនៅក្នុងប្រទេសវិញ៕