មន្ត្រី​ក្រសួង​សុខា​ភិបាល​ជំរុញ​ឱ្យ​មាន​ការ​ជួយ​សង្គ្រោះ​អ្នក​ដួល​សន្លប់​កុំ​មាន​ការ​ភ័យ​ខ្លាច​

(ឆ្វេង) អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ថ្លែងអំឡុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ និង (ស្ដាំ) ស្ដ្រីម្នាក់ដួលសន្លប់នៅក្នុងផ្សារខេត្តកំពង់ចាម កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ វីអូឌី និង ហ្វេសប៊ុក LY SokMal)

មន្ត្រី​ជាន់ខ្ពស់​ក្រសួងសុខាភិបាល​ ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ជួយសង្គ្រោះ​ដល់​អ្នក​ដួលសន្លប់​នៅ​តាម​ទី​សាធារណៈ​កុំឱ្យ​មានការ​ភ័យខ្លាច​ ដោយ​ថា​ អ្នក​ដួលសន្លប់​មិនមែន​បណ្ដាលមកពី​ជំងឺ​ ​កូ​វីដ​-១៩ ទេ​។

ការជំរុញ​នេះ​ ធ្វើឡើង​បន្ទាប់ពី​មាន​ព័ត៌មាន​ចែក​ចាយ​តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក ដោយមាន​អ្នក​ប្រកាច់​ និង​ដួលសន្លប់​នៅ​តាម​ទី​សាធារណៈ​ជាបន្តបន្ទាប់​ ប៉ុន្តែ​ ប្រជាពលរដ្ឋ​ដែល​បានឃើញ​អ្នក​ដួល​នោះ​ មិន​ហ៊ាន​ចូល​ទៅ​ជួយ​ ព្រោះ​បារម្ភ​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ លោកស្រី​ ឱ វណ្ណ​ឌីន​ ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា​ ​អ្នក​ដែល​ដួលសន្លប់​នៅ​តាម​ទី​សាធារណៈ​បន្តបន្ទាប់​ បណ្ដាល​មកពី​មាន​ពួកគាត់​មាន​បញ្ហា​សុខ​ភាព​ផ្សេង​ៗ មិនមែន​កើតជំងឺ​ កូ​វីដ​-១៩ ឡើយ។ លោកស្រី​បញ្ជាក់​ថា​ អ្នក​ដែល​មាន​ជំងឺ​កូ​វីដ​-១៩​ មិន​អាច​ដួលសន្លប់​ ឬប្រកាច់​ភ្លាម​ៗ ​ដូច​ការ​ផ្សព្វផ្សាយ​តាម​ព័ត៌មាន​ និង​តាម​ពាក្យ​ចចាមអារ៉ាម​មួយចំនួន​នោះ​ទេ​។

លោកស្រី​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ជួយសង្គ្រោះ​ដល់​អ្នក​ដួលសន្លប់​ ដោយ​ទូរសព្ទ​ទៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​តាម​ទូរសព្ទ១១៩ និង១១៥​ ហើយ​ប្រជាពលរដ្ឋ​អាច​ចូល​ទៅ​ជួយ​ ត្រូវ​ពាក់​ម៉ាស់​ និង​ត្រូវ​លាងដៃ​នឹង​សាប៊ូ​ អាកុល​ បន្ទាប់ពី​ប៉ះពាល់​អ្នក​ដួល​នោះ​។

លោក​ថា​៖ «សូមកុំ​ឱ្យ​ពលរដ្ឋ​ភ័យ​តក់ស្លុត​ខ្លាំងពេក​ រហូត​មិន​ហ៊ាន​ជួយ​អ្នក​ដែល​គាត់​មាន​បញ្ហា​សុខ​ភាព​ផ្សេង​ៗទៀត​។ វិធានការ​ដែល​យើង​អាច​ជួយគ្នា​បាន​ ទី១​ យើង​ហៅ​ឡានពេទ្យ​ ឬសួរនាំ​ទៅ​គ្រូពេទ្យ​។ ទី២ ភ្លាម​ហ្នឹង​ យើង​ចូល​ទៅ​ជួយ​គាត់​ទៅ​ យើង​ប្រើ​ម៉ាស់​ ដើម្បី​ចៀសវាង​ខ្លា​ចក្អ​កកណ្ដាស់​អី​ ឬមាន​ធូលី​ដី​អី​ហុយ​មក​យើង​។ ទី៣ យើង​ជួយ​គាត់​ហើយ​ កុំ​យកដៃ​មក​ប៉ះមុខ​ ត្រូវ​លាងដៃ​សាប៊ូ​ និង​អាកុល​ គឺ​ជ្រះ​អស់ហើយ​ មិន​មានអី​ទៀត​ទេ​»។

ប្រធាន​មជ្ឈមណ្ឌល​ទស្សនវិជ្ជា​អនុវត្ដ​ន៍​ និង​សីលធម៌​កម្ពុជា​ លោក​ ប៉ា​ ចន្ទ​រឿន​ មានប្រសាសន៍​ថា​ ខ្មែរ​ជា​ជាតិសាសន៍​មួយ​ដែល​តែងតែ​ចេះ​ជួយគ្នា​នៅពេល​ឃើញ​មាន​អ្នក​ខ្យល់គរ​ ឬដួលសន្លប់​ ប៉ុន្តែ​ ក្រោយពី​មាន​ជំងឺឆ្លង​កូ​វីដ​-១៩​ មក​ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច​ខ្លាំង​លែង​ហ៊ាន​ជួយគ្នា​ ដោយ​បារម្ភ​ខ្លាច​អ្នក​ដែល​ដួល​នោះ​មាន​ជំងឺ​កូ​វីដ​-១៩​។

លោក​បន្ត​ថា​ ​លោក​ចង់ឱ្យ​ប្រជាពលរដ្ឋ​បន្ត​ជួយគ្នា​ដដែល​ ប៉ុន្តែ​ ប្រសិនបើ​បារម្ភ​ខ្លាច​ឆ្លង​ជំងឺ​ពី​អ្នក​ដួល​នោះ​ ​លោក​ថា​ ពួកគាត់​អាច​ខល​ទៅ​លេខទូរសព្ទ១១៥​ ដែល​ក្រសួងសុខាភិបាល​ប្រកាស​ ជាជាង​គ្រាន់តែ​ឈរ​មើល​។ ​លោក​ ប៉ា​ ចន្ទ​រឿន​ ចាត់ទុក​ការ​មិន​ជួយ​មនុស្ស​ដែល​ដួលសន្លប់​ ឬខ្យល់​ ថា​បង្ហាញ​ពី​ភាព​អមនុស្សធម៌។ 

លោក​ថា​៖ «យើង​ឈរ​ឆ្ងាយ​ ៣ម៉ែត្រ​ពី​អ្នកជំងឺ​ ដូចជា​មិន​ឆ្លង​ទេ​ ​អាច​ឈរ​ ឬនិយាយប្រាប់​ ហើយ​បើសិនជា​អ្នក​ដែល​ដួលសន្លប់​ពាក់​ម៉ាស់​ អាច​ឱ្យ​គាត់​ដោះ​ម៉ាស់​ចេញ​ ហើយ​ជួយ​ហុច​ប្រេងខ្យល់​ ប្រេង​ក្រឡា​ ដើម្បី​ឱ្យ​គាត់​ព្យាយាម​ជួយ​ខ្លួនឯង​ បើសិន​យើង​មិន​អាច​ទៅ​ចាប់​ ជួយ​គាត់​ដោយ​ផ្ទាល់​។ រក​មធ្យោបាយ​ណា​ដែល​អាច​ជួយសង្គ្រោះ​ជនរងគ្រោះ​បាន​ ដែល​ដួលសន្លប់ ​ជាង​ឈរ​ថត​បង្ហោះ​តាម​ហ្វេ​សប៊ុ​ក»។

កាលពី​ថ្ងៃទី៥​ ខែមីនា​ ឆ្នាំ២០២០​ ក្រសួងសុខាភិបាល​ បាន​ប្រកាស​រក​ឃើញ​ករណី​ឆ្លង​វីរុស​ ​កូ​វីដ​-១៩​ លើកដំបូង​នៅលើ​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​នៅ​ខេត្តសៀមរាប​។ ​គិត​មក​ត្រឹម​ថ្ងៃនេះ​ កម្ពុជា​ប្រកាស​ទទួលស្គាល់​ថា​ មាន​អ្នក​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​ ៣នាក់​ហើយ​គឺ​ជនជាតិ​ខ្មែរ​ម្នាក់​ ជប៉ុន​នាក់​ និង​ចិន​ម្នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ