កម្ពុជា​​ថា​​សារ​​ព័ត៌មាន​​វៀតណាម​​បាន​​កែ​​អត្ថបទ​​ដែល​​ភ្ជាប់​​កម្ពុជា​​ជា​មួយ​​កូវីដ​១៩ ​

ព័ត៌មានដែលសារព័ត៌មានវៀតណាម VNA បានចុះផ្សាយអំពីវីរុសកូវីដ១៩ ទាក់ទងនឹងប្រទេសកម្ពុជា ដែលបានផ្សាយកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០។ (VNA/ Screenshot)

ក្រសួង​ការបរទេស​កម្ពុជា​ថា ​ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម​ VNA​ បាន​កែសម្រួល​អត្ថបទ​របស់​ខ្លួន​ហើយ​បន្ទាប់ពី​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ប្រតិកម្ម​ចំពោះ​ការ​ចុះផ្សាយ​ភ្ជាប់​កម្ពុជា​ជាមួយ​ស្ថានភាព​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ដោយ​មេរោគ​កូ​រ៉ូ​ណា​នោះ​ថា​ ជា​ចេតនា​អាក្រក់​។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស ​លោក​ កុយ​ គួង​ បាន​បញ្ជាក់​ប្រាប់VODថា​ អត្ថបទ​ដែលVNA​ បាន​សរសេរ​ថា​រដ្ឋាភិបាល​វៀតណាម​បាន​ដាក់​ប្រជាជន​កម្ពុជា​ ចូលក្នុង​បញ្ជី​ប្រទេស​ដែល​ត្រូវ​មានការ​ពិនិត្យ​សុខភាព​មុន​ចូល​ប្រទេស​ខ្លួន​នោះ​ ត្រូវ​បាន​ទីភ្នាក់ងារ​សារព័ត៌មាន​នេះ​កែ​សម្រួល​រួចហើយ​បន្ទាប់ពី​មាន​ប្រតិកម្ម​ពី​កម្ពុជា​។ 

លោក​សរសេរ​យ៉ាង​ខ្លី​ប្រាប់VODថា​៖ «VNA​ ​បាន​កែសម្រួល​ព័ត៌មាន​គេ​ហើយ​»។

ក្នុង​អត្ថបទ​ចេញផ្សាយ​ថ្ងៃទី៦​ ខែមីនា​ ឆ្នាំ២០២០​ Vietnam​ News​ ដែល​ជា​បណ្ដាញ​ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម​(VNA​) បាន​សរសេរ​អត្ថបទ​មួយ​ដែល​ដាក់​ចំណងជើង​ថា​ «សេចក្តី​បញ្ជាក់​ស្ថានភាព​សុខភាព​អនុវត្ត​សម្រាប់​អ្នកធ្វើ​ដំណើរ​មក​ពី​អឺរ៉ុប​ និង​កម្ពុជា​» ដែល​ក្នុង​អត្ថ​បទ​នោះ​បាន​សរសេរ​ថា​៖

«ក្រសួងសុខាភិបាល​បាន​បញ្ជា​ដល់​អភិបាលខេត្ត​ និង​គណៈកម្មការ​ប្រជាជន​ក្រុង​ ក្នុង​ការរៀបចំ​ឱ្យ​មានការ​ប្រកាស​ពី​ស្ថានភាព​សុខភាព​ទាក់ទង​នឹង​ជំងឺCOVID​-19​ លើ​អ្នកធ្វើ​ដំណើរ​មក​ពី​សហភាព​អឺរ៉ុប​ ឬប្រទេស​កម្ពុជា​ ចាប់ពី​ពាក់កណ្ដាល​យប់​ថ្ងៃទី៧​ មីនា​ឆ្នាំ២០២០​ ទៅ​» ។ 

កាលពី​ម្សិលមិញ​ ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​ដែល​ជា​ជំនួយ​ពី​ប្រទេស​ចិន​មួយ​ខ្សែ​ នៅ​ខេត្ត​ពោធិ​សាត់​ដោយមាន​ឯកអគ្គ​រដ្ឋទូត​ចិន​ចូលរួម​ផង​នោះ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា​ កាលពី​ថ្ងៃសៅរ៍​ និង​ថ្ងៃអាទិត្យ​ លោក​បាន​បញ្ជា​ដល់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ​ឱ្យ​តវ៉ា​ទៅ​វៀតណាម​ចំពោះ​ការ​ចុះផ្សាយ​បែបនេះ​ ដោយ​ថា​ ជា​ព័ត៌មាន​ដែល​មាន​ចេតនា​អាក្រក់​។

លោក​ ហ៊ុន​ សែន​៖ «បើ​យោង​ទៅលើ​អ្វី​ដែល​ស្ថានទូត​វៀតណាម​បញ្ជូន​មក​ក្រសួង​ការបរទេស​ គណៈ​ការពារ​សុខភាព​របស់​វៀតណាម ​គេ​ណែនាំ​ឱ្យ​មានការ​ពង្រឹង​សុវត្ថិភាព​នៃ​ការ​ចេញចូល​ប្រទេស​គេ​ គ្រប់​ជាតិ​ទាំងអស់​។ ប៉ុន្ដែ​ បែរជា​សារព័ត៌មានVNA​ របស់​វៀតណាម ​ថា​រឹត​បន្ដឹង​ចំពោះ​ពលរដ្ឋ​ដែល​មក​ពី​អឺរ៉ុប​ និង​កម្ពុជា​។ អ៊ីចឹង​ កម្ពុជា​ត្រូវ​ចូលក្នុង​ចំណាត់ថ្នាក់​ដែល​វៀតណាម​ដាក់​ឱ្យ​នៅជា​មនុស្សចម្លែក​ អ៊ីចឹង ​ខ្ញុំ​អត់​ព្រម​ទេ​!»

អ្នក​តាមដាន​នយោបាយ​កម្ពុជា​ លោក​ ឯម​ សុវណ្ណ​រ៉ា​ យល់ថា​ ការប្រកាស​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នេះ​ មាន​ចេតនា​ក្នុង​ការ​បំបាត់​ការសង្ស័យ​ និង​ការភ័យខ្លាច​របស់​ពលរដ្ឋ​ ហើយ​ការប្រកាស​នៅចំពោះមុខ​ទូត​ចិន​នេះ ​គឺ​លោក​ ហ៊ុន​ សែន​ មានបំណង​បញ្ជាក់​ថា ​ក្នុងនាម​ជា​មិត្ត​ដែកថែប​ជាមួយ​កម្ពុជា​ គឺ​ចិន​មិនដែល​ធ្វើ​រឿង​ថ្នាំងថ្នាក់​ដល់​កម្ពុជា​ឡើយ​។

លោ​ក ឯម​ សុវណ្ណរ៉ា​៖ «ចង់​បញ្ជាក់​ទៅ​វៀតណាម​ថា​ កម្ពុជា​មិនមែន​ជា​ប្រទេស​ដែល​មាន​ហានិភ័យ​នោះ​ទេ​ ហើយ​កម្ពុជា​នៅ​បន្ត​កិច្ច​សហប្រតិបត្តិ​ការ​ និង​ពាណិជ្ជកម្ម​ជាមួយ​វៀតណាម​ច្រើនណាស់​ វា​ត្រូវ​អាស្រ័យ​លើ​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក​ អ៊ីចឹង​បាន​ជានា​យក​រដ្ឋមន្ត្រី​គាត់​ប្រកាស​។ តែ​ការប្រកាស​នៅមុខ​ចិន​ហ្នឹង​គឺ​ចង់​បញ្ជាក់​ថា ​កម្ពុជា​-ចិន​ កន្លងមក​គឺជា​មិត្ត​ដែកថែប​ និង​ល្អូក​ល្អឺ​ន ហើយ​វៀតណាម​ល្អូក​ល្អឺ​នដែ​រ តែ​បង្ក​ឱ្យ​មាន​បញ្ហា​នៅ​លើ​កាសែត​របស់​ខ្លួន​»។

ក្នុង​អត្ថបទ​ដែល​ធ្វើការ​កែតម្រូវ​នៅ​ថ្ងៃទី៧​ ខែមីនា​ វេលា​ម៉ោង១០​ និង៤១នាទី​ សារព័ត៌មានVietnam​ News​ បាន​កែ​អត្ថបទ​ទាំងស្រុង​របស់​ខ្លួន​ ដោយ​បាន​ដាក់​ចំណងជើង​ថា​ Compulsory​ e-health​ declaration​ for​ all​ passengers​ entering​ Việt​ Nam​ ដែល​មានន័យថា​ ការពិនិត្យ​សុខភាព​អេ​ឡិច​ត្រូ​និច​ជា​កា​តព្វ​កិច្ច​សម្រាប់​អ្នកដំណើរ​ទាំងអស់​ដែល​ចូល​ទៅ​ប្រទេស​វៀតណាម​ ដែល​សំដៅ​ទៅលើ​អ្នកដំណើរ​ចូល​ប្រទេស​វៀតណាម​ទាំងអស់​តម្រូវ​ឱ្យធ្វើ​ការពិនិត្យ​សុខភាព​ពាក់ព័ន្ធ​នឹង​ជំងឺ​ Covid​-19​ មុន​ឈានជើង​ចូល​ប្រទេស​វៀតណាម​។ ការ​កែតម្រូវ​នេះ​នេះ​​ក្រោយតែ​មួយថ្ងៃ​ប៉ុណ្ណោះ​ ក្រោយពី​ចេញ​អត្ថបទ​មុន​ដែល​ធ្វើ​ឱ្យ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ប្រតិកម្ម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ