​វិភា​គ៖ ប្រសិទ្ធិភាព​នៃ​​វិធាន​ការ​ឱ្យ​កម្មករ​ដែល​ព្យួរ​ការងារ ផ្អាក​សង​បំណុល​ធនាគារ​

(ឆ្វេង) បុគ្គលិកការិយាល័យ៨៧នាក់របស់ក្រុមហ៊ុន ស៊ីន ទ្រី ផ្ទុះការតវ៉ាមុខក្រុមហ៊ុន នៅរាជធានីភ្នំពេញ បន្ទាប់ពីថៅកែបញ្ឈប់ពួកគេពីការងារដោយមិនបានប្រាប់មូលហេតុច្បាស់លាស់ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ និង(ស្ដាំ) លោក ហ៊ុន សែន(ស្ដាំ) ក្នុងថ្ងៃជួបពិភាក្សាការងារជាមួយលោកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។ (ជន ចាន់រ៉ែន និង ហួត វុទ្ធី)

​លោក​នា​យ​ក​រដ្ឋ​មន្ត្រី​ ហ៊ុ​ន ​សែន ​កាលពី​ថ្ងៃ​ចន្ទ​ បា​នបញ្ជា​ផ្ទា​ល់មាត់​ទៅ​ម្ចាស់​បំណុលឱ្យលើកលែ​ងការប្រា​ក់ និង​ពន្យា​រពេល​សងបំណុលពីកូនបំណុល ដែលលោកសំដៅដល់កម្មករប្រមាណជា២ម៉ឺននាក់ ប្រឈមនឹងព្យួរការងារ ក្រោមឥទ្ធិពលកូវីត១៩ ។

ការថ្លែងរបស់មេដឹកនាំកំពូលនេះ ធ្វើឡើងក្នុងពិធីមួយនៅខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៩ ខែមិនា។

ក្នុងពិធីនោះ លោកនាយករដ្ឋមន្ត្រី ប្រាប់ទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និងអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ ឱ្យបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដោះស្រាយរឿងនេះ។

លោកបន្ថែមថា៖ «ចំពោះមីក្រូហិរញ្ញវត្ថុ ឬក៏ធនាគារ ត្រូវលើកលែងការប្រាក់សម្រាប់កម្មករដែលត្រូវបានព្យួរការងារ។ នៅថ្ងៃនេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និងឯកឧត្តម ជា ចាន់តូ នឹងដឹកនាំប្រជុំ»

ការថ្លែងរបស់នាយករដ្ឋមន្ត្រីនេះ មិនមែនជារឿងចៃដន្យទេ ព្រោះមុននេះមួយខែ ក្រ​សួង​ការងា​របានជូនដំណឹងថា គិតត្រឹមខែនេះ រោងចក្រ២០០នឹងត្រូវផ្អាកសង្វាក់ផលិតកម្មរបស់ខ្លួនបណ្តោះអាសន្នដោយមិនកំណត់ពេល ។

ក្រសួងបញ្ជាក់ថា បញ្ហានេះ វាបានបង្កឱ្យមាន​កម្មករប្រមាណ១៦ម៉ឺននាក់ត្រូវព្យួរការងារបណ្តោះអាសន្ន ដោយ​សារតែរោងចក្រខ្វះវត្ថុធាតុដើមស​ម្រា​ប់ផ​លិត ពាក់ព័ន្ធទៅនឹងការឆ្លងរាលដាលនៃមេរោគកូវីត១៩ មានប្រភពមកពីប្រទេសចិន។

ប៉ុន្តែ ក្រសួងការងារ បានការពារថា បញ្ហានេះមិនមែនកើតចេញពីការដែលសហភាពអឺរ៉ុបដកប្រព័ន្ធអនុ​គ្រោះ​ពន្ធ​ EBA ២០ភាគរយពីកម្ពុជា កាលពីថ្ងៃទី១២ ខែកុម្ភៈនោះទេ។

តើវិធានការឱ្យកម្មករដែលព្យួរការងារផ្អាកសងបំណុលធនាគារមានប្រសិទ្ធភាពទេ?

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមគាំទ្រការអំពាវនាវរបស់រដ្ឋាភិបាល ក្រោយពីប្រមុខរដ្ឋាភិបាលរូបនេះថ្លែងបានប៉ុន្មានម៉ោងក្រោយមក។

សេចក្តីថ្លែងការណ៍រួមនោះបញ្ជាក់ថា ខ្លួននឹងពិនិត្យតាមលទ្ធភាពជាក់ស្តែងក្នុងការដោះស្រាយបំណុលយឺតយ៉ាវដែលបណ្តាលមកពីផលប៉ះពាល់នៃវីរុស Covid-19 នេះ។

ប៉ុន្តែ សេចក្តីថ្លែងការណ៍ មិនបានបញ្ជាក់ថា អ្នកជាប់បំណុលប៉ុន្មាននាក់ ឈប់ឱ្យសងការប្រាក់ និងកម្មករប៉ុន្មាននាក់ ត្រូវបានសម្រេចឱ្យពន្យារពេលសងប្រាក់ប្រចាំខែត្រឡប់ទៅម្ចាស់បំណុលវិញនោះទេ។

នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក ផល វ៉ាន់ឌី ឱ្យដឹងបន្ថែមថា កម្មករ២ម៉ឺននាក់ ដែលត្រូវព្យួរការ​ងារ ដែលនាយករដ្ឋមន្ត្រីលើកឡើង ជាក្រុមអាទិភាពត្រូវយកមកពិភាក្សារកលទ្ធភាពទទួលបានលក្ខខណ្ឌយោ​គយល់មុនគេ ។

ប៉ុន្តែ មន្ត្រីជាន់ខ្ពស់រូបនេះ​ អះអាងថា គិតត្រឹមថ្ងៃពុធនេះ ក្រុមការងារមិនទាន់អាចប្រាប់បានថា មានកម្មករប៉ុន្មាននាក់ទទួលបានលក្ខខណ្ឌដកការប្រាក់ និងប៉ុន្មាននាក់​ត្រូវផ្អាកសងបំណុល តាមការអំពាវនាវរបស់រដ្ឋាភិបាលនៅឡើយទេ ដោយរង់ចាំលទ្ធផលនៃកិច្ចប្រជុំរួមជាមុនសិន។

លោកថា៖ «ជាអាទិភាពរួម វិស័យកាត់ដេរនឹងមុនគេហើយ និងអូតែល [សណ្ឋាគារ] ផ្ទះសំណាក់។ ព្រោះថា បងប្អូនយើងខាងហ្នឹងគាត់ប៉ះធ្ងន់ ហើយសម្តេចគាត់អំពាវនាវចំវិស័យហ្នឹង ដោយសារលោកជ្រាបថា វិស័យហ្នឹងវាប៉ះពាល់ធំជាងគេ»។

នៅពេលសួរថា តើនៅពេលកម្មករទទួលបានលក្ខខណ្ឌផ្អាកសងប្រាក់ ហើយនៅពេលម្ចាស់បំណុលត្រូវឱ្យកម្មករចាប់ផ្តើមសងឡើងវិញ ម្ចាស់បំណុលតម្រូវឱ្យកូនបំណុលសងប្រាក់សរុបចំនួនខែដែលបានផ្អាក​ ឬក៏យ៉ាងណានោះ? មន្ត្រីជាន់ខ្ពស់នៅស្ថាប័នផ្តល់ប្រាក់កម្ចីរូបនេះ​ អះអាងថា នីតិវិធីនេះក៏នៅមិនទាន់ច្បាស់ដែរ។

លោកថា៖ «ដូចបងជ្រាបហើយ​ លក្ខខណ្ឌធនាគារ និងមីក្រូហិរញ្ញវត្ថុនេះ សុទ្ធតែមានបំណុលខ្ចីតពីអ្នកវិនិយោគនៅក្រៅប្រទេសដែរ។ អីចឹងហើយ ត្រូវតែធ្វើការជាមួយគ្នាដោយស្មារតីយោគយល់គ្នាខ្ពស់ និងរកដំណោះស្រាយសមស្រប»។

បើតាមលោក ផល វ៉ាន់ឌី គិតត្រឹមដើមឆ្នាំនេះ ប្រាក់កម្ចីសម្រាប់មីក្រូហិរញ្ញវត្ថុដែលបានចុះបញ្ចី មានជាង៧ពាន់លានដុល្លារ បម្រើដល់អតិថិជនជាង២លាននាក់ ដែលថា ភាគច្រើនជាស្ត្រីនៅតាមជនបទ។លោកថា ក្នុងនោះមានកូនបំណុលជាកម្មករក្នុងវិស័យកាត់ដេរ ចន្លោះពី១៥ ទៅ២០ភាគរយ។

ប្រធានចាត់ការទូទៅសមាគមធនាគារនៅកម្ពុជា លោក ហេង កូយ មានប្រសាសន៍ប្រហាក់ប្រហែលដែរថា កម្មករដែលទទួលបានពីលក្ខខណ្ឌយោគយល់នៃការសងប្រាក់ប្រចាំខែត្រឡប់ទៅម្ចាស់បំណុលវិញនេះ ផ្តោតលើកម្មករក្នុងវិស័យកាត់ដេរ ចំពោះតែអ្នកដែលត្រូវព្យួរការងារតែប៉ុណ្ណោះ។

ប៉ុន្តែ នៅពេលសួរថា តើមានកម្មករប៉ុន្មាននាក់ ទទួលបានលក្ខខណ្ឌមិនយកការប្រាក់ពីម្ចាស់បំណុលតាមការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាល លោកឆ្លើយថា អាស្រ័យលើការយោគយល់របស់ម្ចាស់បំណុលប៉ុណ្ណោះ។

លោកថា៖ «តួនាទីរបស់សហមាគមយើងៗមិនបង្គាប់បញ្ជាទេ ប៉ុន្តែ យើងសុំឱ្យគាត់មានភាពបត់បែនតាមលទ្ធភាពដែលអាចធ្វើទៅបាន ពិសេសទៅដល់ក្រុមគោលដៅដែលជាអាទិភាព ដែលសម្ដេចគាត់បានណែនាំជូន»។

អ្នកចាត់ការទូទៅនៃសមាគមធនាគាររូបនេះ ឱ្យដឹងទៀតថា អតិថិជនដែលទទួលបានលក្ខខណ្ឌយោគយល់ ស​ម្រាប់​ពន្យារការសងប្រាក់តាមអនុសាសន៍របស់រដ្ឋាភិបាល លុះណាតែពួកគេត្រូវបានបញ្ជាក់អត្តសញ្ញាណពីក្រ​សួ​ង​ការងារ។

លោកថា៖ «សមាគមធនាគារក៏ដូចជាសមាគមមីក្រូហិរញ្ញវត្ថុយើងនឹងធ្វើការងារជាមួយក្រសួង ហើយជាមួយនឹងភាគីពាក់ព័ន្ធ ដើម្បីជួយដល់ធនាគារ និងគ្រឹះស្ថានគាត់មានអត្តសញ្ញាណច្បាស់លាស់ជាមួយក្រុមគោលដៅ ឬក៏ក្រុមអតិថិជន [កម្មករដែលព្យួរការងារ] ដែលត្រូវជួយសម្របសម្រួលមានភាពទន់ភ្លន់»។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ដែលធ្វើការលើកកម្ពស់សិទ្ធិកម្មករ បង្ហាញការយល់ឃើញថា ភាពមិនច្បាស់លាស់នៃយន្តការធានាពីប្រសិទ្ធភាពអនុសាសន៍រដ្ឋាភិបាល វាហាក់បានបន្សល់ទុកនូវបន្ទុកធ្ងន់ធ្ងរសម្រាប់កម្មករដែលត្រូវព្យួរការងារទាំងជាប់បំណុលដដែល។

លោកថា៖ «ច្បាប់ផងគេមិនអនុវត្ត ទំរាំអាការស្នើសុំ។ អីចឹង ទាល់តែមានវិធានការតាមដានសម្របសម្រួលឱ្យបានច្រើន ទើបអាចធ្វើទៅបាន ហើយកម្មករយើងចាំតែរងគ្រោះទេ ប្រសិនជារដ្ឋាភិបាលជួយបាន អាចរួចមួយរយៈ តែបើជួយមិនបាន វាប៉ះពាល់ហើយ»។

លោក អាត់ ធន់ អះអាងថា តាមការស្ទង់មតិពេលប្រជុំតាមរោងចក្រ កម្មករចន្លោះពី៧០ ទៅ៨០ភាគរយ បានលើកដៃបញ្ជាក់ថា ពួកគេជាប់បំណុល ក្នុងនោះមានទាំងវិស័យឯកជនដែលរកស៊ីចងកាប្រាក់ជាលក្ខណៈគ្រសារផងដែរ ដែលថា ពួកគេម្នាក់ៗត្រូវសងរំលស់ទៅម្ចាស់បំណុលវិញ ចន្លោះពី៥០ ទៅ១០០ដុល្លារក្នុង១ខែ។

អ្នកធ្វើការលើកកម្ពស់សិទ្ធិកម្មកររូបនេះ​​ បង្ហាញការយល់ឃើញថា ការជួយសង្គ្រោះកម្មករក្នុងវិស័យកាត់ដេររយៈពេលយូរហើយមានប្រសិទ្ធភាព រដ្ឋាភិបាលត្រូវឆ្លើយតបទៅនឹងលក្ខខណ្ឌរបស់សហភាពអឺរ៉ុប រក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA។

លោកថា៖ «យើងដោះស្រាយពិតជាលំបាកហើយ ប៉ុន្តែ បើយើងរកវិធីធ្វើម៉េចកុំឱ្យជួបបញ្ហាហ្នឹង វារឹតតែល្អ ដូចខ្ញុំធ្លាប់និយាយពីបញ្ហា EBA អីចឹង បើគេដក វាមានបញ្ហាហើយ»។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅ សង់ត្រាល់ លោក មឿន តុលា ហៅការអំពាវនាវរបស់រដ្ឋាភិបាលជាសញ្ញាវិជ្ជមានមួយក្នុងការជួយដោះបន្ទុកកម្មករដែលបាត់បង់ការងារ ក្នុងគ្រាដែលពួកគេនៅជាប់បំណុល។

ប៉ុន្តែ អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងសិទ្ធិការងាររូបនេះ ផ្តល់ជាយោបល់ថា ប្រសិទ្ធភាពនៃការជួយសង្គ្រោះកម្មករ និងទប់ស្កាត់ភាពចលាចលក្នុងសង្គម រដ្ឋាភិបាលត្រូវចេញជាសារាចរណែនាំ ឬជាអនុក្រឹត្យបង្កើតក្រុមការងារ ចុះអនុវត្តឈរលើគោលការណ៍ច្បាប់ ដើម្បីជៀសវាងការរឹបអូសទ្រព្យសម្បត្តិកូនបំណុល​ ។

លោកថា៖ «មនុស្សកំពុងតែអត់ការងារធ្វើ ហើយអត់ចំណូល ត្រូវបានគេយកផ្ទះទៀត អាហ្នឹងវាអាចនឹងមានវិបត្តិសង្គមកើតឡើង»។

បើតាមលោក មឿន តុលា ប្រាក់ចំណូលរបស់កម្មករ ចន្លោះពី៦០ ទៅ៧០ភាគរយក្នុង១ខែ ត្រូវបង់រំលស់សងទៅម្ចាស់បំណុល។

លោកថា៖ «បើបាន១០០ដុល្លារមក គាត់ត្រូវសងគេពី៦០ ទៅ៧០ដុល្លារហើយ។ អីចឹង បានកម្មករជាទូទៅគាត់បើកលុយថ្ងៃ១០ ថ្ងៃ១៥ ឬក៏២០ គាត់ចាប់ផ្តើមខ្ចីលុយគេទៀតហើយ»។

អង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ និង​សមាគម​ធាង​ត្នោត​ កាលពីខែសីហា ឆ្នាំ២០១៩ បាន​ចេញ​របាយការណ៍​មួយ​ ​បញ្ជាក់ថា បំណុល​មីក្រូហិរញ្ញវត្ថុនៅប្រទេសកម្ពុជា បណ្តាលឱ្យ​មាន​ការ​​រំលោភ​សិទ្ធិ​មនុស្ស​​ជាលក្ខណៈ​ប្រព័ន្ធ​ធ្ងន់ធ្ងរ និង​បាន​រិះគន់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុថា បាន «ជញ្ជក់ឈាម» និងមិនអនុវត្ត​តាមគោលការណ៍​ក្រមសីលធម៌​ក្នុងការ​ផ្តល់ប្រាក់ក​ម្ចី។

ប៉ុន្តែ ប៉ុន្មានថ្ងៃក្រោយមក ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​​ រួមទាំងរដ្ឋាភិបាលផង បាន​ចាត់ទុក​របាយការណ៍​នោះ​ថា ​គ្មាន​លក្ខណៈវិទ្យាសាស្ត្រ និង​គ្មាន​ភាព​ត្រឹមត្រូវ​។

ក្រសួងការបទេសកម្ពុជា ធ្លាប់ចេញសេចក្តីថ្លែងការណ៍មុនសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយ ថា ការបាត់បង់ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មនេះ នឹងធ្វើឱ្យប៉ះពាល់ដល់កម្មករក្នុងវិស័យកាត់ដេរ ៧៥ម៉ឺនាក់ ដែលថា ពួកគេភាគច្រើនជាស្ត្រី រួមទាំងប៉ះពាល់ដល់ពលរដ្ឋខ្មែរច្រើនលាននាក់ផ្សេងទៀតដោយប្រយោល។

អ្នកឃ្លាំងមើលសិទ្ធិកម្មករ បង្ហាញការព្រួយបារម្ភថា ឥទ្ធិពលកូវីត១៩ ពិតជាបានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា រួមទាំងបណ្តាលប្រទេសមួយចំនួនលើពិភពលោក។ ប៉ុន្តែថា បើរដ្ឋាភិបាលមិនឆ្លើយតបជាវិជ្ជមានទៅនឹងលក្ខខណ្ឌរបស់សហភាពអឺរ៉ុប ធ្វើឱ្យអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA ទៀតនោះ វិស័យកាត់ដេរនៅកម្ពុជាដើរដល់ចំនុចប្រកាសអាសន្ន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ