ADB ព្យាករ​ថា​ សេដ្ឋកិច្ច​​កម្ពុជា​​នឹង​​ខាត​បង់​​យ៉ាង​​តិច​​៣៥០​​លាន​​ដុល្លារ​​នៅ​​ឆ្នាំ​​នេះ​​ដោយ​សារ​​មេរោគ​​ COVID-19​

ស្ថានភាពចរាចរតាមដងផ្លូវមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។ (រូបភាព៖ ហេង វិចិត្រ)

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា ឥទ្ធិពលនៃជំងឺ COVID-19 នឹងអាចនាំឱ្យកម្ពុជា​ខាតបង់ថវិកាយ៉ាងតិចណាស់ជិត៣៥០លានដុល្លារក្នុងឆ្នាំ២០២០នេះ ហើយ​ទំហំ​នៃ​ការ​ខូច​ខាត​មក​លើ​សេដ្ឋកិច្ច​ប្រទេស​មួយ​នេះ អាច​មាន​ទំហំ​កាន់តែ​ធំ​ថែម​ទៀត។

ធនាគារ​ ADB បាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​របាយការណ៍​សង្ខេបរបស់​ខ្លួន​​មានចំណងជើងថា​ «អ្វីជាផលប៉ះពាល់ផ្នែក​សេដ្ឋកិច្ច​បណ្ដាល​មកពីការរីករាលដាលនៃ COVID-19 នៅអាស៊ី» ចេញ​កាល​ពី​សប្ដាហ៍​មុន​ ដែល​បានព្យាករពីផលប៉ះពាល់​មក​លើ​​សេដ្ឋកិច្ច​របស់ប្រទេសទាំងអស់ក្នុងតំបន់អាស៊ី​ បណ្ដាលពី COVID-19។

ABD លើកឡើងថា ការរីករាលដាលនៃ COVID-19 កំពុងប៉ះពាល់ដល់ចិន និងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី រួមមានការធ្លាក់ចុះយ៉ាងខ្លាំងនូវតម្រូវការក្នុងស្រុក ការថយចុះនៃសកម្មភាពទេសចរណ៍ និងការធ្វើពាណិជ្ជកម្ម ព្រមទាំងបង្អាក់ការផ្គត់ផ្គង់វត្ថុធាតុដើម និងផលប៉ះពាល់សុខភាពសាធារណៈ។

ABD លើកឡើង​បន្ត​ថា ការរីករាលដាលនៃមេរោគ COVID-19 នឹងធ្វើឱ្យប៉ះពាល់ខ្លាំងដល់​ប្រ​ទេសកំពុងអភិវឌ្ឍន៍ ក្នុង​នោះ​រួម​ទាំង​កម្ពុជាផងដែរ។​

បើតាមADB ផលិតផល​ក្នុង​ស្រុក​សរុប (GDP)​ របស់កម្ពុជា អាចនឹងខាត​បង់​ប្រមាណជាង ១.៤០​ភាគរយ ឬស្មើ​នឹងទឹកប្រាក់ប្រមាណជាង ៣៤៥.៧​លាន​ដុល្លារ​ ក្នុងករណីមានផល​ប៉ះពាល់កម្រិត​តិចបំផុត។

របាយការណ៍​ដដែល​នេះ ប៉ាន់​ប្រមាណ​ទៀត​ថា ​សេដ្ឋកិច្ច​កម្ពុជា អាចនឹងខាត​បង់​កំណើន​ប្រមាណជិត ២ភាគរយ​ ឬស្មើនឹងជាង ៤៧៣​លានដុល្លារ ក្នុងករណីមានផលប៉ះពាល់កម្រិតមធ្យម ហើយ​កំណើន​សេដ្ឋកិច្ច​កម្ពុជា អាចនឹងបាត់​បង់​ក្នុងរង្វង់ជិត ៣.៥​ភាគរយ​ ក្នុងករណីផល​ប៉ះពាល់​មានកម្រិតខ្ពស់។

ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានកត់សម្គាល់ក្នុងសេចក្តីសង្ខេបរបស់ខ្លួនថា៖ «របាយការណ៍​នេះ​​ គឺធ្វើឡើងក្នុងបំណងឱ្យអ្នករៀបចំគោលនយោបាយ​នៃបណ្ដាប្រទេសនីមួយៗរៀប​ចំយុទ្ធ​សាស្ត្រ​​នានាក្នុងការបង្ការហានិភ័យ និង​ឆ្លើយតបឱ្យទាន់ពេលវេលា»

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បាន​ទទួល​ស្គាល់​ពី​ផល​ប៉ះ​ពាល់​មក​លើ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​របស់​កម្ពុជា ដែល​បណ្ដាលមក​ពី​ការ​ផ្ទុះ​ឡើង និង​ការ​រីក​រាល​ដាល​នៃ​មេរោគ​កូរ៉ូណា​ថ្មី​ ដែល​វាយ​ប្រហារ​ទៅ​លើ​សង្វាក់​នៃ​ការ​ផ្គត់​ផ្គង់​វត្ថុ​ធាតុ​ដើម​ពី​ប្រទេស​ចិន។

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ លោក ហេង សួរ បាន​​ប្រាប់​ថា រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើង​សរុប ៣៣​ហើយ បាន​ស្នើ​សុំ​ព្យួរ​កិច្ច​សន្យា​ការងារ​​រយៈ​ពេល ២​សប្ដាហ៍​ គិត​ត្រឹម​សប្ដាហ៍​ទី​មួយ​នៃ​ខែ​មីនា​នេះ (ថ្ងៃ​ទី​០៤ ខែ​មីនា)។

បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​រូប​នេះ កម្មករ​និយោជិត​ចំនួន ១៧,០៩៦​នាក់​ នៃ​ចំនួន​កម្មករ​និយោជិត​បម្រើ​ការងារ​ ៦២,០៨៧​នាក់​​ ដែល​បម្រើ​ការងារ​នៅ​រោងចក្រ​ទាំង ៣៣​នោះ នឹង​ត្រូវ​ផ្អាក​ការងារ ដោយសារ​តែ​កង្វះ​ខាត​វត្ថុ​ធាតុ​ដើម​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន ជា​ទី​ដែល​មេរោគ​កូរ៉ូណាថ្មីបាន​ផ្ទុះ​ឡើង និង​រីក​រាល​ដាល​ទូទាំង​ពិភព​លោក​ចាប់​តាំង​ពី​ចុង​ឆ្នាំ​មុនមក។

គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​បាន​ប្រកាស​ពី​ការ​រក​ឃើញ​​ការ​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី​​ចំនួន ៣​ករណី ដែល​ករណី​ដំបូង​ត្រូវ​បាន​រក​ឃើញ​លើ​បុរស​ជន​ជាតិ​ចិន​ម្នាក់​ដែល​ធ្វើ​ដំណើរ​ចូល​មក​ខេត្ត​ព្រះសីហនុ​ កាល​ពី​ខែ​មករា​កន្លង​មក ករណី​ទី​ពីរ ​ត្រូវ​បាន​រក​ឃើញ​លើ​បុរស​កម្ពុជា​នៅ​ខេត្ត​សៀមរាប និង​ករណី​ថ្មី​បំផុត​ ត្រូវ​បាន​រក​ឃើញ​លើ​ស្ត្រី​ជា​ពលរដ្ឋ​អង់គ្លេស​ម្នាក់​វ័យ ៦៥​ឆ្នាំ ដែល​បាន​ធ្វើ​ដំណើរ​កម្សាន្ត​តាម​នាវា​លើ​ផ្ទៃ​ទន្លេ​មេគង្គ​ ចាក​ចេញ​ពី​ប្រទេស​វៀតណាម​មក​ដល់​ខេត្ត​កំពង់ចាម។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​កាល​ពី​ខែ​មុនថា ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូរ៉ូណា​ថ្មី​នេះ កំពុង​តែ​វាយ​ប្រហារ​ដោយ​ផ្ទាល់​ទៅ​វិស័យ​ទេសចរណ៍​កម្ពុជា ដែល​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ដល់​ទៅ​ជាង ៣០​ភាគរយ​នៃ​ភ្ញៀវ​ទេសចរ​បរទេស​សរុប​ចូល​មក​លេង​កម្ពុជា។

អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភក្តិ ថ្លែងប្រាប់វីអូឌីថា ចំនួនទេសចរមកកាន់​កម្ពុជា កំពុង​ស្ថិត​ក្នុង​និន្នាការ​ធ្លាក់ចុះជាលំដាប់​ចាប់​តាំងពីផ្ទុះជំងឺនេះនៅដើមខែមករាមក។ លោកថា វិស័យទេសចរណ៍​កំពុងរងផលប៉ះពាល់ខ្លាំង ពិសេសតំបន់ដែលពឹងលើភ្ញៀវទេសចរជនជាតិចិនតែម្តង។

លោក តុប សុភក្តិ ប្រាប់​ថា៖ «ទេសចរណ៍យើងជួបបញ្ហាខ្លាំង ដូចយ៉ាងនៅសៀមរាបហ្នឹង ភ្ញៀវធ្លាក់ៗ​មែនទែន។ បើនិយាយពីភ្ញៀវចិនវិញ នៅសៀមរាប ធ្លាក់រហូតដល់ជាង ៩០​ភាគរយ ចំណែកភ្ញៀវផ្សេង​វិញក៏ធ្លាក់ខ្លាំង​ណាស់ដែរ។ សណ្ឋាគារ ផ្ទះសំណាក់ និងអ្នករកទទួលទានលើវិស័យនេះ​ កំពុង​លំបាកក្នុង​ពេល​ផ្ទុះ​ជំងឺនេះ»

ទោះជាយ៉ាងណាក្ដី កាលពីថ្ងៃទី១០ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា កម្ពុជាត្រៀមថវិកាចន្លោះ​ពី ៨០០លានដុល្លារ​ ទៅ ២ពាន់លានដុល្លារ ដើម្បីឆ្លើយតបនឹងបញ្ហាប្រ​ឈមផ្នែកសេដ្ឋកិច្ច និងសុខភាពសាធារណៈ។

លោក ហ៊ុន សែន៖ «យើងមានសេណារីយ៉ូទប់ទល់នឹងកូវីដ១៩នេះ។ បើកូរ៉ូណាអូសបន្លាយរយៈពេល ៦ខែ យើងត្រៀម ៨០០លានដុល្លារ ដើម្បីស្រោចស្រង់សេដ្ឋកិច្ច។ យើងក៏បានប៉ាន់ស្មានថា សេដ្ឋកិច្ចធ្លាក់កំណើនប៉ុណ្ណា ផលប៉ះពាល់ធំប៉ុណ្ណា? បើវាកើតដល់ ១ឆ្នាំ យើងត្រូវប៉ះប៉ូវ​នូវទំហំទឹកប្រាក់ប៉ុណ្ណា? អ៊ីចឹង វាស្ថិតនៅចន្លោះពី ៨០០លានទៅ ២ពាន់លានប៉ុណ្ណឹង បើវាអូសបន្លាយដល់ ១ឆ្នាំ។ ខ្ញុំគិតថា ពិភពលោកនឹងខិតខំដោះស្រាយបញ្ហានេះ»

ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ចុង​ខែ​កុម្ភៈ​កន្លង​មក​នេះ អគ្គលេខាធិការ​​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក មាស សុខសេនសាន បាន​ថ្លែង​ថា សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​នេះ នឹង​កើន​ឡើង​ក្នុង​រង្វង់ ៦​ភាគរយ ដែល​ទាប​ជាង​អត្រា​កំណើន ៦.៨​ភាគរយ ដែល​ត្រូវ​បាន​ព្យាករ​ទុក​នៅ​មុន​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​កូរ៉ូណា​ថ្មី​នេះ។

ការ​ថម​ថយ​នៃ​កំណើន​សេដ្ឋកិច្ច​​កម្ពុជា​បែប​នេះ ត្រូវ​បាន​មន្ត្រី​សេដ្ឋកិច្ច​រូប​នេះ​បញ្ជាក់​ថា បណ្ដាល​មក​ពី​ការ​ផ្ទុះ​ឡើង​ និង​ការ​រីករា​លដាល​នៃ​មេរោគ​កូរ៉ូណា​ថ្មី និង​មួយ​ផ្នែក​ទៀត​បណ្ដាល​មក​ពី​ការ​ដក​ហូត​មួយ​ផ្នែក​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​«អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» (EBA) ដែល​សហភាព​អឺរ៉ុប​ផ្ដល់​មក​កម្ពុជា។

អ្នកស្រាវជ្រាវនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ លើក​ឡើង​ថា បញ្ហា​មេរោគកូវីដ១៩នេះ ជាបញ្ហារបស់សកលលោក ដែលទាមទារឱ្យប្រទេសទាំង​អស់​រួមគ្នា​​ដោះ​ស្រាយ។ លោកថា ជំងឺនេះបង្កឱ្យប៉ះពាល់ជំហានដំបូង​ដល់សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​កម្ពុជា។

លោក គី សេរីវឌ្ឍន៍ ប្រាប់​ថា​៖ «រដ្ឋាភិបាលកម្ពុជាត្រូវរៀបចំខ្លួនឱ្យបានល្អមែនទែន​ចំពោះបញ្ហានេះ។ សំខាន់ រដ្ឋាភិបាលត្រូវប្រឈមនឹងការចំណាយខ្ពស់ដើម្បី​ទប់ទល់នឹងកូវីដ​នេះ។ កម្ពុជាត្រូវ​ធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួនឱ្យទាន់ពេលវេលា ទាន់សភាពការណ៍»

ទិន្នន័យពីអង្គការ​សុខ​ភាពពិភពលោក (WHO) បង្ហាញ​ថា គិតមកដល់ថ្ងៃ​ទី១១ ខែ​មីនា​ ការ​រីករាល​ដាល​នៃ​កូវីដ១៩នេះ កើតឡើងដល់​ចំនួន​ជិត ១២​ម៉ឺន​នាក់ (១១៩,២២០​ករណី)​ ហើយនៅ​ទូទាំងសកលលោក ខណៈអ្នកស្លាប់មាន ៤,២៩៩​នាក់ និង​ករណីអ្នកជំងឺជាសះស្បើយមានចំនួន ៦៦,៥៦៨​នាក់។

សេចក្ដីសង្ខេបរបស់ ADB បញ្ជាក់ថា ទំហំនៃផលប៉ះពាល់សេដ្ឋកិច្ច នឹងអាស្រ័យលើរបៀបដែលការផ្ទុះឡើងនៃ​មេរោគ COVID-19 នៅតាមបណ្ដាប្រទេសនីមួយៗ។ ADB បង្ហាញថា ការផ្ទុះ COVID19 នាំឱ្យប៉ះពាល់សេដ្ឋកិច្ចជាសកល​មានទំហំ​ពី ៧៧ពាន់លានដុល្លារ ទៅ ៣៤៧​ពាន់លានដុល្លារ ឬ​ស្មើនឹង ០,១ភាគរយ ទៅ ០,៤​ភាគរយ​ នៃ​ទំហំ​សេដ្ឋកិច្ច​ពិភព​លោក​ទាំង​មូល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ