​ប្រជា​​នេសាទ​​ទទូច​​ឱ្យ​​ការពារ​​សហគមន៍​​ពួក​គេ​​ជា​ជាង​​លុប​​ឆ្នេរ​សមុទ្រ​​សម្រាប់​​គម្រោង​​អភិវឌ្ឍន៍​​

ពលរដ្ឋខ្មែរ​ឥស្លាម​វ័យ​ជាង​ ៦០ឆ្នាំ​ លោក​ ប៊ូ​ សុះ ដែលជាប្រជានេសាទម្នាក់ រៀបរាប់ពីរបរនេសាទ និងការរស់នៅរបស់ប្រជានេសាទដទៃទៀត នៅក្នុងដែន​សហគមន៍​នេសាទ​ព្រែកត្នោត​ ស្ថិតនៅ​ក្នុង​ឃុំ​ព្រែកត្នោត ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត។ (យាង សុជាមេត្តា)

នៅ​ឯមាត់​ឆ្នេរសមុទ្រ​ស្ថិត​ក្នុង​ស្រុក​ទឹកឈូ​ ខេត្តកំពត​ ប្រជា​នេសាទ​មួយ​រូប​ លោក​ ប៊ូ​ សុះ​ បាន​អង្គុយ​នៅ​លើ​ទូក​នេសាទ​ដែល​ចត​ក្នុង​បរិវេណ​នៃ​ដែន​សហគមន៍​នេសាទ​ព្រែកត្នោត​ ស្ថិតនៅ​ក្នុង​ឃុំ​ព្រែកត្នោត​ ចម្ងាយ​ប្រហែល​ ៣០គីឡូម៉ែត្រ​ភាគ​ខាងលិច​នៃ​ទីក្រុង​កំពត​។

ជា​ពលរដ្ឋខ្មែរ​ឥស្លាម​វ័យ​ជាង​ ៦០ឆ្នាំ​ លោក​ ប៊ូ​ សុះ​ បាន​យកដៃ​ចង្អុល​ទៅកាន់​លំហ​ផ្ទៃសមុទ្រ​ ជាទី​ដែល​លោក​ប្រាប់​ថា​ លោក​បាន​ចាប់​យក​របរ​នេសាទ​នេះ​សម្រាប់​ចិញ្ចឹមជីវិត​តាំងពី​ឆ្នាំ១៩៨០មក​ម៉្លេះ​ ហើយ​មុខរបរ​នេះ​ក៏បាន​បន្ត​ដល់​កូន​ៗមួយចំនួន​របស់​លោក​ផង​ដែរ​។

ប៉ុន្តែ​ ទន្ទឹមគ្នា​នេះ​ដែរ​ លោក​ ប៊ូ​ សុះ​ បាន​បង្ហាញ​ក្ដី​កង្វល់​ចំពោះ​អនាគត​នៃ​របរ​នេសាទ​របស់​ក្រុម​គ្រួសារ​គាត់​ បន្ទាប់ពី​ក្រុមហ៊ុន​ឯកជន​មួយ​ បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ដើម្បី​ចាក់​ដី​លុប​ឆ្នេរសមុទ្រ​សម្រាប់​អភិវឌ្ឍ​នៅ​លើ​សហគមន៍​នេសាទ​របស់​ពលរដ្ឋ​នៅ​ទីនោះ​។

លោក​ ប៊ូ​ សុះ​ ថ្លែង​បញ្ជាក់​ថា​៖ «ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ព្រែកត្នោត​ ឃុំ​ព្រែកត្នោត​ រស់នៅ​តែ​តំបន់​នេសាទ​ រស់​សព្វថ្ងៃ​ដើម្បី​នេសាទ​ហ្នឹងហើយ​ ហើយ​ដល់ពេល​យើង​ចាក់​លុប​ទៀត​ ប្រជាពលរដ្ឋ​សង្ឃឹម​ស្អី​»។

ស្ថិតនៅ​ជាប់នឹង​ព្រំប្រទល់​ស្រុក​វាលរេញ​របស់​ខេត្ត​ព្រះសីហនុ​ ព្រែកត្នោត​ គឺជា​សហគមន៍​នេសាទ​សមុទ្រ​មួយ​ ក្នុងចំណោម​សហគមន៍​នេសាទ​សរុប​ ៩ នៅក្នុង​ស្រុក​ទឹកឈូ​ របស់​ខេត្តកំពត​ផង​ដែរ​។

សហគមន៍​នេសាទ​ព្រែកត្នោត​ ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ២០០២​ ហើយ​ត្រូវ​បាន​ចុះបញ្ជី​ទទួលស្គាល់​ដោយ​រដ្ឋាភិបាល​នៅក្នុង​ឆ្នាំ២០១១​ ជាមួយ​វិសាលភាព​គ្របដណ្ដប់​លើ​ផ្ទៃសមុទ្រ​សម្បូរទៅដោយ​ព្រៃកោងកាង​ទំហំ​ ១,១៦៨ហិ​កតា​។

សហគមន៍​នេសាទ​ព្រែកត្នោត​ និង​សហគមន៍​នេសាទ​ត្រពាំង​រពៅ​ដែល​ស្ថិតនៅ​ជាប់គ្នា​នោះ​ ត្រូវ​បាន​ស្នើ​ឡើង​សម្រាប់​ធ្វើការ​អភិវឌ្ឍ​ទៅជា​កំពង់ផែ​ មណ្ឌល​លម្ហែ​កាយ​ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ដែល​សំណើ​នោះ​ត្រូវ​បាន​ធ្វើឡើង​ដោយក្រុម​ហ៊ុន​ ជីង​គ័រ​ អ៊ី​មផត​ អិច​ផត​ (ChingKor​ Import​ & Export​ Co​. Ltd​) ចាប់តាំងពី​ខែកញ្ញា​ ឆ្នាំ២០១២មក​។

បើ​តាម​បញ្ជី​ការ​នៅ​ក្រសួង​ពាណិជ្ជកម្ម​ ក្រុមហ៊ុន​មួយ​នេះ​ ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​អ្នកស្រី​ កែវ​ ម៉ាលី​ ដែល​ជា​អតីត​សមាជិកព្រឹទ្ធសភា​របស់​គណបក្សប្រជាជន​កម្ពុជា​ នៅចន្លោះ​ពីឆ្នាំ២០១២ រហូតដល់​ចប់​អាណត្តិ​នៅ​ឆ្នាំ២០១៨​ និង​ជា​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ផង​ដែរ​។

បើ​តាម​លោក​ ប៊ូ​ សុះ​ ប្រជា​នេសាទ​នៅ​សហគមន៍​របស់​លោក​ ចង់​ឃើញ​សហគមន៍​មួយ​នេះ​ មិន​ត្រូវ​បាន​ដកហូត​យក​ទៅ​បម្រើ​ឱ្យ​គោលបំណង​អភិវឌ្ឍន៍​ធ្វើឡើង​ដោយក្រុម​ហ៊ុន​ឯកជន​នោះ​ឡើយ​ ហើយ​រក្សាទុក​សម្រាប់​សហគមន៍​តទៅមុខ​ទៀត​។

លោក​ ប៊ូ​ សុះ​ និយាយ​បន្ត​ថា​៖ «អីចឹង ​ប្រជាពលរដ្ឋ​ទាមទារ​ទុក​កន្លែង​នេសាទ​ហ្នឹង​ចុះ​ ខ្ញុំ​អត់​ទាមទារ​ឱ្យ​ចង់​ជួយ​លុយកាក់​មាសប្រាក់​អី​មក​ឱ្យ​ដល់​ខ្ញុំ​ អត់​ចង់ឱ្យ​ជួយ​ទេ​ សម្រាប់​ខ្ញុំ​ ឱ្យ​តែ​ទុក​ឱ្យ​ប្រជាពលរដ្ឋ​នេសាទ​ប៉ុណ្ណឹង​ ខ្ញុំ​អរ​ណាស់​»។

ប្រជា​នេសាទ​រូប​នេះ​ បាន​បង្ហាញ​កង្វល់​របស់​លោក​បែបនេះ ​ចំ​ពេល​ដែល​រដ្ឋបាល​ជលផល​ខេត្តកំពត​ និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន៦​ រៀបចំ​ពិព័រណ៍​បាតសមុទ្រ​ នៅ​ឯភូមិ​ព្រែកត្នោត​ កាលពី​ថ្ងៃទី៣​ ខែមីនា​កន្លងមក​នេះ​ ដើម្បី​ជំរុញ​ការចូលរួម​របស់​សហគមន៍​ យុវជន​ រដ្ឋាភិបាល​ អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ និង​វិស័យ​ឯកជន​ក្នុង​ការ​អភិរក្ស​ធនធាន​ជីវចម្រុះ​សមុទ្រ​ដូចជា​ ព្រៃកោងកាង​ ស្មៅ​សមុទ្រ​ និង​ផ្កាថ្ម​ ដែល​ជា​ជម្រក​ដ៏​សំខាន់​បំផុត​របស់​ជីវចម្រុះ​សមុទ្រ​។

ប្រធាន​គម្រោង​សុវត្ថិភាព​ដីធ្លី​នៃ​អង្គការ​អាក់​សិន​អេ​ត លោក​ ឡាត់​ គី​ រំពឹង​ថា​ តាមរយៈ​ព្រឹត្តិ​ការណ៍​នេះ​ អាជ្ញាធរ​ដឹង​កាន់តែ​ច្បាស់​ថែមទៀត​ពី​កង្វល់​របស់​សហគមន៍​ជុំវិញ​គម្រោង​អភិវឌ្ឍន៍​។

ប្រធាន​គម្រោង​សុវត្ថិភាព​ដីធ្លី​នៃ​អង្គការ​អាក់​សិន​អេ​ត លោក​ ឡាត់​ ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត ស្ដីពីគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ​ស្ថិត​ក្នុង​ស្រុក​ទឹកឈូ​ ខេត្តកំពត កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

លោក​ ឡាត់​ គី​ និយាយ​ថា​៖ «ក្នុងនាម​យើង​ជា​អង្គការ​ដែល​ធ្វើការ​ជាមួយ​សហគមន៍​នេសាទ​នៅ​តំបន់​នេះ​ ស្នើសុំ​ឱ្យ​រាជរដ្ឋាភិបាល​មេត្តា​ធ្វើការ​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ឱ្យ​បាន​សមស្រប​តាម​លក្ខណៈ​បច្ចេកទេស​ បទដ្ឋាន​ ជាពិសេស​គឺ​គោលការណ៍​ធុរកិច្ច​ និង​គោលការណ៍​សិទ្ធិមនុស្ស​ ដែល​ជៀសវាង​ការ​អភិវឌ្ឍ​ទៅ​ ធ្វើ​ឱ្យ​មានការ​ឈឺចាប់​ទៅដល់​ប្រជាពលរដ្ឋ​នេសាទ​»។

បើ​តាម​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ អ្នកចូលរួម​ពិព័រណ៍​នេះ​ បាន​ដាំ​កូន​កោងកាង​ចំនួន​ ៣ពាន់​ដើម​ទៀត​បន្ថែម​ទៅលើ​ការ​ដាំ​កូន​កោងកាង​បាន​ជាង​ ២ម៉ឺន​ ៥ពាន់​ដើម​រួចមក​ហើយ​ ចាប់តាំងពី​យុទ្ធនាការ​ដាំ​កូន​កោងកាង​នៅ​សហគមន៍​នេសាទ​ឱ្យ​បាន​ ១សែន​ កាលពី​ខែកក្កដា​ឆ្នាំមុន​មក​។

ក្រៅពីនោះ​ អ្នក​រៀបចំ​ពិព័រណ៍​ក៏​ដាក់​តាំង​ផ្ទាំង​រូបគំនូរ​ រូបថត​ជីវចម្រុះ​សមុទ្រ​ សារ​អប់រំ​ពី​ការ​ថែរក្សា​ធនធាន​សមុទ្រ​ ឧបករណ៍​នេសាទ​ និង​សត្វ​សមុទ្រ​ដែល​សហគមន៍​នេសាទ​មាន​ដូចជា​ ខ្យង​ចប​ គ្រែង​ឈាម​ ងាវ​ភក់​ ក្តាមសេះ​ ក្តាម​ថ្ម​ ចាក់ច្រែង​ កា​ចរ​ និង​ត្រី​អណ្តែង​ ព្រុយ​ ជាដើម​។

ប្រធាន​សហគមន៍​នេសាទ​ព្រែកត្នោត​ លោក​ អ៊ុ​ក សុវណ្ណា​រិទ្ធិ​ សម្តែង​ក្តី​រីករាយ​ដែល​ឃើញ​អាជ្ញាធរ​តាំងពី​ថ្នាក់​ឃុំ​រហូតដល់​ថ្នាក់​ខេត្ត​ ចូលរួម​ពិធី​តាំងពិព័រណ៍​។ លោក​សង្ឃឹមថា​ អាជ្ញាធរ​នឹង​ជួយការ​ពារ​តំបន់​នេសាទ​របស់​សហគមន៍​។

ប្រធាន​សហគមន៍​នេសាទ​ព្រែកត្នោត​ លោក​ អ៊ុ​ក សុវណ្ណា​រិទ្ធិ​ ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត ស្ដីពីគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ​ស្ថិត​ក្នុង​ស្រុក​ទឹកឈូ​ ខេត្តកំពត កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

លោក​ សុវណ្ណា​រិទ្ធិ​ និយាយ​ថា​៖ «ខ្ញុំ​នឹង​ប្រឹងប្រែង​តស៊ូ​មតិ​ បើសិនជា​ថ្នាក់​ឃុំ​ដោះស្រាយ​អត់​បាន​ ខេត្ត​ដោះស្រាយ​អត់​បាន​។ ពេលណា​ខ្ញុំ​បាន​ទៅ​ប្រជុំ​នៅ​ក្រសួង​ ឬថ្នាក់​ជាតិ ​ខ្ញុំ​នឹង​លើក​បញ្ហា​ព្រួយបារម្ភ​របស់​ប្រជាជន​ពី​ក្រុមហ៊ុន​គាត់​ចូល​មក​វិនិយោគ​នៅ​តំបន់​នេះ»។

មេឃុំ​ព្រែកត្នោត​ លោក​ គង់​ ប៊ុ​នរា​ ឱ្យ​ដឹង​ថា​ ប្រហែល​ ៧០ភាគរយ​នៃ​ប្រជា​សហគមន៍​ព្រែកត្នោត​ កំពុង​ប្រកបរបរ​នេសាទ​ ហើយ​ទទួលស្គាល់​ពីសា​រៈសំ​ខាន់​នៃ​ការ​ថែរក្សា​ធនធាន​ធម្មជាតិ​ និង​ការ​អភិវឌ្ឍ​ផង​ដែរ​ ប៉ុន្តែ​ លោក​ថា​ វា​ទាមទារ​នូវ​ការសិក្សា​ឱ្យ​បាន​ស៊ីជម្រៅ​។

មេឃុំ​ព្រែកត្នោត​ លោក​ គង់​ ប៊ុនរា (អាវលឿង ឈរកណ្ដាល)។ (ជន ចាន់រ៉ែន/ ០៣ មីនា ២០២០)

លោក​ គង់​ ប៊ុ​នរា​ និយាយ​ថា​៖ «ខ្ញុំ​គិតថា​ ការ​អភិរក្ស​ ការ​ថែរក្សា​ធនធាន​ធម្មជាតិ​របស់​យើង​ គឺ​មាន​សក្តា​នុពល​សំខាន់​ តែ​ការ​អភិវឌ្ឍ​ក៏​ជាផ្នែក​មួយ​ដែរ​។ ទាក់ទង​ការ​ព្រួយបារម្ភ​របស់​គាត់​ គឺជា​កត្តា​សំខាន់​ ជា​ការត្រឹមត្រូវ​របស់​គាត់​។ ប្រសិនបើ​មានការ​អភិវឌ្ឍ​ ទាមទារ​ឱ្យ​មានការ​សិក្សា​ឱ្យ​ស៊ីជម្រៅ​ ហើយ​ធ្វើ​ម៉េច​ឱ្យ​បងប្អូន​យើង​ទទួលយក​បាន​»។

ថ្លែង​នៅ​ពិធី​ពិព័រណ៍​នោះ​ដែរ​ អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពត​ លោក​ សំ​ សុវណ្ណា​ បាន​បង្ហាញ​កង្វល់​ចំពោះ​ការបាត់បង់​ធនធាន​ធម្មជាតិ​នៅ​ក្រោមទឹក​សមុទ្រ​ ខណៈ​លោក​ថ្លែង​លើកឡើង​ពីសា​រៈសំ​ខាន់​នៃ​ធនធាន​ធម្មជាតិ​ក្រោម​បាតសមុទ្រ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។

លោក​ សំ​ សុវណ្ណា​ ថ្លែង​ថា​៖ «យើង​មានការ​ខ្វល់ខ្វាយ​ពី​ការបាត់បង់​ធនធាន​ធម្មជាតិ​ ពិសេស​ធនធាន​ក្រោមទឹក​ដែល​សម្បូរទៅដោយ​ស្មៅ​សមុទ្រ​ អណ្ដើក​សមុទ្រ​ ជ្រូក​ទឹក​ និង​សត្វ​សមុទ្រ​ មច្ឆា​សមុទ្រ​ផ្សេង​ៗទៀត​ជាច្រើន​ដែល​ជា​ជម្រក​ជ្រក​កោក​ និង​បន្ត​ពូជ​កូនចៅ​របស់​ពួកគេ​។ ខ្ញុំ​សូម​លើកទឹកចិត្ត​ និង​គាំទ្រ​ ព្រមទាំង​រួមគ្នា​ការពារ​ធនធាន​ជលផល​ ពិសេស​តំបន់ឆ្នេរ​ឱ្យ​បាន​គង់វង្ស​ ដើម្បី​ជា​ប្រយោជន៍​ដល់​កូនចៅ​ជំនាន់​ក្រោយ​របស់​យើង​ទាំងអស់គ្នា​»។

ក្នុង​អត្ថបទ​ស៊ើបអង្កេត​កាលពី​ខែតុលា​ឆ្នាំមុន​ សារព័ត៌មាន​ VOD​ បាន​រក​ឃើញថា​ ក្រុមហ៊ុន​ ជីង​គ័រ​ បាន​ដាក់​លិខិត​ជាបន្តបន្ទាប់​ទៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ និង​រដ្ឋបាល​ខេត្តកំពត​ ដើម្បី​ស្នើសុំ​បូម​ដី​ចាក់​បំពេញ​តំបន់ឆ្នេរ​សមុទ្រ​ទំហំ​ដល់ទៅ​ ៦៤០ហិ​កតា​ ស្ថិតនៅ​ភូមិ​ត្រពាំង​រពៅ​ និង​ភូមិ​ព្រែក​គ្រែង​ ស្ថិត​ក្នុង​ឃុំ​ព្រែកត្នោត​ ដើម្បី​ពង្រីក​តំបន់​អភិវឌ្ឍន៍​ បង្កើត​ទៅជា​កំពង់ផែ​ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​។

ក្រុមហ៊ុន​នេះ​ បាន​ស្នើសុំ​ចាក់​ដី​បំពេញបន្ថែម​បែបនេះ​ ដើម្បី​ពង្រីក​ផ្ទៃដី​បន្ថែម​លើ​ផ្ទៃដី​ទំហំ​ ៣០ហិ​កតា​ ដែល​ក្រុមហ៊ុន​នេះ​បាន​កាន់កាប់​ និង​បាន​វិនិយោគ​រោងចក្រ​ម៉ាស៊ីន​កិនស្រូវ​ខ្នាត​អន្តរជាតិ​ និង​កំពង់ផែ​រួចមក​ហើយ​ចាប់តាំងពី​ឆ្នាំ២០១៧មក​។

ប៉ុន្តែ​ ផែនទី​ជា​ឧប​សម្ព័ន្ធ​ដែល​ត្រូវ​បាន​ភ្ជាប់​ជាមួយ​សំណើ​ផ្ញើ​ទៅ​ក្រសួង​រៀបចំ​ដែនដី​ កាលពី​ខែកញ្ញា​ ឆ្នាំ២០១២​ បង្ហាញថា​ ក្រុមហ៊ុន​មួយ​នេះ​ បាន​ស្នើ​បូម​ដី​ចាក់​បំពេញ​ឆ្នេរសមុទ្រ​នៅ​ប្លុក​ A និង​ប្លុក​ B សរុប​បញ្ចូល​គ្នា​មាន​ទំហំ​ដល់ទៅ​ ១,០០០ហិ​កតា​។

ក្នុង​កិច្ច​សម្ភាស​ជាមួយ​វី​អូ​ឌីកា​លពី​ថ្ងៃទី៦​ ខែមីនា​កន្លងមក​នេះ​ នាយិកា​ក្រុមហ៊ុន​ ជីង​គ័រ​ អ្នកស្រី​ កែវ​ ម៉ាលី​ ថ្លែង​ថា​ រដ្ឋាភិបាល​បានសម្រេច​រួចហើយ​ ឱ្យ​ក្រុមហ៊ុន​លោកស្រី​វិនិយោគ​លើ​តំបន់ឆ្នេរ​នោះ​។ អតីត​សមាជិកព្រឹទ្ធសភា​បក្ស​កាន់អំណាច​រូប​នេះ​ ថ្លែង​បញ្ជាក់​ថា​ ការ​អភិវឌ្ឍ​នេះ​ គឺ​ដើម្បី​នាំការ​រីកចម្រើន​ទៅ​ឱ្យ​ប្រជាជន​នៅក្នុង​តំបន់​។

លោកស្រី​ កែវ​ ម៉ាលី​ ថ្លែង​បន្ត​ថា​៖ «ក្រុមហ៊ុន​ គឺ​ត្រូវ​ធ្វើ​ផែ​សម្រាប់​នេសាទ​មួយ​ គម្រោង​ធ្វើ​ផ្សារ​ឱ្យ​ប្រជាពលរដ្ឋ​នេសាទ​មួយ​ ធ្វើ​ផ្លូវ​ឱ្យ​មួយ​ ហើយនិង​ធ្វើ​ទីស្នាក់ការ​សម្រាប់​ក្រុម​ចិញ្ចឹម​ត្រី​…ខ្ញុំ​រកស៊ី​អត់មាន​ខ្នង​អត់​អាង​អី​ទេ​ មានតែ​ធ្វើតាម​ច្បាប់​ ធ្វើ​ម៉េច​យើង​វិនិយោគ​កន្លែងណា​ឱ្យ​រាស្រ្ត​គ្នា​រស់​ផង​។ បើ​វិនិយោគ​ឱ្យ​រស់​វេទនា​ យើង​វិនិយោគ​ធ្វើ​អី​»។

ទោះជាយ៉ាងណា​ លោក​ អ៊ុ​ក សុវណ្ណា​រិទ្ធិ​ បញ្ជាក់​ថា​ គម្រោង​អភិវឌ្ឍន៍​នេះ​ នឹង​មិន​ធ្វើ​ឱ្យ​ពលរដ្ឋ​រីកចម្រើន​នោះ​ទេ​ ប៉ុន្តែ​ វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជា​នេ​សាទ​ ៣សហគមន៍​ នៅក្នុង​ឃុំ​ព្រែកត្នោត​ គឺ​សហ​គម​ន៍​ចង្ហោន​ ត្រពាំង​រពៅ​ និង​ព្រែកត្នោត​ ដែល​មាន​សមាជិក​ជាង​ ១ពាន់​គ្រួសារ​។ លើស​ពីនេះ​ វា​ក៏​នឹង​ធ្វើ​ឱ្យ​បាត់បង់​ព្រៃកោងកាង​ ស្មៅ​សមុទ្រ​ ផ្កាថ្ម​ ប៉ះពាល់​ជីវភាព​ពលរដ្ឋ​ បាត់បង់​ប្រាក់ចំណូល​ បាត់បង់​ការសិក្សា​ ជំរុញ​ឱ្យ​មានការ​ចំណាកស្រុក​ បែកបាក់​គ្រួសារ​ទៅវិញ​។

ក្នុង​ពិធីបុណ្យ​សមុទ្រ​លើក​ទី៨​ នៅ​ខេត្តកំពត​ កាលពី​ខែធ្នូ​ឆ្នាំមុន​ លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា​ កម្ពុជា​ត្រូវការ​ពារ​ឆ្នេរសមុទ្រ​ឱ្យ​បាន​គង់វង្ស​ ដោយ​មិន​ត្រូវ​ឱ្យ​មានការ​​ចាក់​ដី​ចូល​សមុទ្រ​ ឬការ​កាប់ព្រៃ​កោងកាង​ ដើម្បី​ទន្ទ្រាន​យក​ដី​នោះ​ទេ​។ 

លោក ហ៊ុន សែន ថ្លែងបើកពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត នៅល្ងាចថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៩។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោក​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា​៖ «ពិតមែនហើយ​ យើង​មាន​គណៈកម្មការ​ឆ្នេរ​ដែល​មាន​ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី​ធ្វើជា​ប្រធាន​ និង​មាន​អនុរដ្ឋ​មន្រ្តី​មួយចំនួន​ធ្វើជា​អនុប្រធាន​ ក៏ប៉ុន្តែ​ ភារកិច្ច​ទទួលខុសត្រូវ​ ត្រូវតែ​ជា​គណៈ​អភិបាលខេត្ត​នី​មួយ​ៗ ត្រូវ​ទទួលខុសត្រូវ​មើល​ឱ្យ​បាន​ដិតដល់​ ហាម​ចាក់​ដី​នៅ​ទីកន្លែង​ណា​ដែល​គ្មាន​ការ​អនុញ្ញាតិ​»។

ប្រធាន​សហគមន៍​នេសាទ​ព្រែកត្នោត​ លោក​ អ៊ុ​ក សុវណ្ណា​រិទ្ធិ​ និយាយ​ថា​ ប្រជា​សហគមន៍​ហាក់​បាន​ធូរស្បើយ​ចិត្ត​ខ្លះ​ដែរ​ ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថ្លែង​បែបនេះ​ ប៉ុន្តែ​ លោក​ថា​ សហគមន៍​នៅតែ​បារម្ភ​ និង​បន្ត​តាមដាន​ដំណើរការ​នៃ​គម្រោង​អភិវឌ្ឍន៍​របស់​អ្នកស្រី​ កែវ​ ម៉ាលី​ ដដែល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ