លោក​ ស ខេង ថា​ការ​​ផ្សាយ​​ព័ត៌មាន​​មិន​​ពិត​​ពី​​ជំងឺ ​Covid-19 ​មិន​​មែន​​ជា​​ការ​​បញ្ចេញ​​មតិ​នោះ​​ទេ​

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រៃវែង ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅសាលាខេត្តព្រៃវែង។ (ហ្វេសប៊ុកលោក ស ខេង)

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ លើក​ឡើង​ថា ​រដ្ឋាភិបាល​តែង​តែ​គោរព​នូវ​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​លើ​កិច្ច​ការ​ដឹក​នាំ​រដ្ឋរបស់​រដ្ឋាភិបាល​ តែលោក​ថា ការផ្សព្វផ្សាយព័ត៌មានមិនពិតពីស្ថានភាពមេរោគកូវីដ១៩ មិនមែនជាសិទ្ធិនៃការបញ្ចេញមតិទេ គឺជាបទល្មើសបង្កភាពវឹកវរដល់សង្គមទៅវិញ។​

ថ្លែង​ក្នុង​ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តព្រៃវែង នៅព្រឹក​ថ្ងៃ​ទី១២ ខែមីនានេះ​ លោក ស ខេង បាន​ថ្លែង​ថា រដ្ឋាភិបាល​គោរពសិទ្ធិ​បញ្ចេញ​មតិរបស់​ពលរដ្ឋ​តាម​លទ្ធិប្រជាធិបតេយ្យ តែ​សុំ​ឱ្យ​ពលរដ្ឋ​បែង​ចែក​ឱ្យ​ច្បាស់​រវាង​ការ​បញ្ចេញ​មតិ​ទិតៀន និង​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត។ លោក​បន្ថែម​ថា ​ការ​ផ្សាយ​ព័ត៌មានមិន​ពិតនេះ​ហើយ​ដែល​លោក​ចាត់​ទុកជា​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រយោជន៍រួម និង​សង្គម ដែល​ត្រូវ​មាន​វិធាន​ការ។

លោក​ថា៖ «គាត់​បញ្ចេញ​មតិបាន​ តែ​សូម​កុំ​ភ្លេច​ថា ​មតិ​របស់​យើង​បញ្ចេញ​ទៅ​ហ្នឹង​ល្អ ឬ​មិន​ល្អសម្រាប់​សង្គម។ បើ​ធ្វើ​ទៅ​ឱ្យ​វា​វឹកវរ​ ធ្វើ​ឱ្យ​ច្របូល​ច្របល់​ អាហ្នឹង​កុំ​ថា​សិទ្ធិ​មក​ប្រើ​ មក​សំអាង​ថា​ហ្នឹង​ជាសិទ្ធិ​សេរីភាព​ វា​មិន​ត្រូវ​ទេ! អាច​ទិតៀន​រដ្ឋាភិបាល​ថា ​រដ្ឋាភិបាល​មិន​បាន​យក​ចិត្ត​ទុក​ដាក់​អញ្ចេះមួយ​អញ្ចេះពីរបាន គឺ​អត់​អី​ទេ តែ​បើ​ផ្សាយ​ព័ត៌មាន​មិន​ពិត ​គឺ​រឿង​មួយ​ផ្សេង​ទៀត​»។

​ការ​លើកឡើង​របស់​លោក​ ស ខេង បែប​នេះ គឺ​ក្នុង​ពេល​ដែល​រដ្ឋាភិបាល​ចាប់ផ្ដើម​មាន​វិធានការ​ជាបន្តបន្ទាប់​លើ​អ្នក​ចែកចាយ​ព័ត៌មាន​មិន​ពិត​ពី​ជំងឺ​កូ​វីដ​-១៩​ (COVID​-19​) នៅ​លើ​បណ្ដាញ​សង្គម។

វិធានការនេះគឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកអ្នកបំផុសព័ត៌មានមិនពិតពីករណី Covid-19 គឺជាភេរវករកាលពីថ្ងៃទី២ ខែមីនាកន្លងទៅ។

លោក ហ៊ុន សែន៖ «ការបំផុសព័ត៌មានដ៏អាក្រក់ពីជនទុច្ចរិត នៅខាងមុខ ខ្ញុំនឹងចាត់ទុកអ្នកឯងថា ជាពួកភេរវករ ព្រោះការបំផុសព័ត៌មានពីការដួលស្លាប់អាជំងឺ COVID-19 នេះ វាអត់មាននរណាទៅប្រកាច់ងាប់ទេ កុំឆ្ងល់។ វាមិនមែនដើរតុកៗទៅដួលងាប់ដូចដាច់សរសៃឈាមទេ ដើរទៅសួរលើពិភពលោកទៅ»។

​រហូតមកដល់​ពេលនេះ ​មាន​មនុស្ស​យ៉ាងហោចណាស់៦នាក់​ហើយដែល​ត្រូវ​ចាប់ខ្លួន​ និង​ធ្វើ​កិច្ចសន្យា​ពាក់ព័ន្ធ​នឹង​ការបង្កើត​ព័ត៌មាន​ពី​ជំងឺ​កូ​វីដ​-១៩​ (COVID​-19​)នេះ​ ក្នុង​នោះ​មាន២នាក់​ត្រូវ​បញ្ជូន​ទៅ​តុលាការ​។ អ្នកដែលត្រូវចាប់បញ្ជូនខ្លួនទៅតុលាការពាក់ព័ន្ធករណីនេះ មានម្នាក់ឈ្មោះ កូយ សំអាត នៅភ្នំពេញ និងម្នាក់ទៀតឈ្មោះ ភុត ថុនា នៅសៀមរាប។​

អនុប្រធាន​អង្គការ​លីកាដូ លោក អំ សំអាត​ យល់​ថា ​រដ្ឋាភិបាល​គួរ​បែង​ចែក​ឱ្យ​ច្បាស់​ពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​បទ​ល្មើស។ លោក​បន្ថែម​ថា​ ការ​គ្រាន់​តែ​បញ្ចេញ​នូវយោបល់​របស់​ខ្លួន ​ក៏​ត្រូវ​រង​នូវ​ការ​ចោទ​ប្រកាន់​នោះ​ វា​នឹង​ធ្វើ​​ឱ្យ​ពលរដ្ឋ​លែង​ហ៊ាន​បញ្ចេញ​យោបល់​ក្នុង​សង្គមតទៅទៀត។

លោក ​អំ សំអាត៖ «បើ​យើង​បែង​ចែក​សេរីនៃ​ការ​បញ្ចេញ​មតិ និង​បទល្មើស​មិន​ដាច់​ទេ អាហ្នឹង​គឺ​ហានិភ័យ​នៃ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​តែ​មាន​បន្តទៀត​ ហើយ​នៅ​តែ​មាន​ការភ័យ​ខ្លាច»។

ក្នុង​សេចក្ដី​សម្រេច​ចុះ​ថ្ងៃ​ទី​១១ ខែមីនា ក្រសួង​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា​ ក្រសួង​សម្រេច​បង្កើត​គណៈកម្មការ​តាមដាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ​ ដែល​មាន​សមាសភាព​ជាង​៧០នាក់​ក្នុង​ការ​តាមដាន​ និងរាយការណ៍​ព័ត៌មានក្លែង​ក្លាយ និង​កំណត់​អត្តសញ្ញាណ​អ្នកផ្សព្វផ្សាយ​ ដើម្បីសហការ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ ចាត់​​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ផង​ដែរ។ ​

អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​ លោក ផុស សុវណ្ណ ក៏​បាន​លើក​ឡើង​ថា ជាទូទៅ​ក្រសួង​តែងតែ​ប្រកាន់​នូវ​គោលការណ៍​អប់រំ​ជាជាង​វិធានការ​ក្ដៅ​ដល់​អ្នក​សរសេរ​ ឬបង្ហោះ​លើ​អ៊ិ​នធឺណិ​ត តែ​លោក​ថា​ នៅពេល​ដែល​ព័ត៌មាន​មិន​ពិត​ត្រូវ​បាន​បង្កើត​កាន់តែ​ច្រើន​ គឺ​រដ្ឋាភិបាល​ត្រូវ​មាន​វិធានការ​ខ្លះ​ហើយ ​ដើម្បីការពារ​​កុំឱ្យ​មាន​ទំនោរ​នេះ​កើតឡើង​នា​ថ្ងៃ​អនាគត​ទៀត​។

លោក​ថា៖ «កន្លងទៅ​ សម្តេច​នាយក​រដ្ឋមន្ត្រី​ធ្លាប់ធ្វើ​ការ​អំពាវនាវ​ច្រើន​ជាមួយ​សារព័ត៌មាន​ ហើយក៏​ចាត់​ចំណាត់ថ្នាក់​អ្នក​ដែល​បំផុស​ព័ត៌មាន​ ឬដំណឹង​ក្លែងក្លាយ​ស្ទើ​រតែ​ជា​ភេរ​វករ​។ បើសិន​យើង​យោង​តែ​អនុសាសន៍​មួយ​នេះ ​គឺ​យើង​អាច​កៀរគរ​កម្លាំង​មក​ធ្វើ​បាន​ហើយ​ តាំងពី​អាវុធហត្ថ​ ឬក៏​ក្រសួង​យុត្តិធម៌​ចូលរួម»។

នាយិកាប្រតិបត្តិនៃអង្គការក្រុមការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ កញ្ញា ស្រី សុធាវី មាន​ប្រសាសន៍​ថា វា​ជា​ការ​ត្រឹមត្រូវ​ដែលរដ្ឋ​មាន​វិធានការ​នេះ តែ​កញ្ញា​​មិន​គាំទ្រ​ចំពោះ​ការ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​នោះ​ទេ ​ដោយ​សារ​វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​បញ្ចេញ​មតិរបស់​ពលរដ្ឋ​ធ្ងន់ធ្ងរ។

កញ្ញា ស្រី សុធាវី៖ «អ្វី​ដែល​រដ្ឋាភិបាល​គាត់​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​គឺ​ សំដែង​នូវ​អ្វី​ដែល​ជា​ការ​ស្មោះត្រង់​ជា​មួយ​ប្រជាពលរដ្ឋ​ ហើយ​ធ្វើ​ការ​ផ្សព្វផ្សាយ​នូវ​អ្វីដែលជា​ការ​ត្រឹមត្រូវ​សម្រាប់​ប្រជា​ពលរដ្ឋ ឱ្យ​គាត់​យល់​ដឹង​ពី​ការ​ទប់​ស្កាត់​ ហើយយល់​ដឹង​កុំ​ឱ្យ​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ដំណើរ​ការ​ហ្នឹង។ ហើយ​ខ្ញុំ​គិត​ថា ​ពេល​ខ្លះ​អ្វី​ដែល​ពលរដ្ឋ​គាត់​បញ្ចេញ​មតិ ​ក៏​ចេះ​តែ​មាន​ការ​ចោទ​ប្រកាន់​ ឬ​ក៏​ដាក់​បន្ទុក​លើ​គ្នា​តាម​ផ្លូវ​ច្បាប់ ឬ​មាន​វិធាន​ការ​អី​មើល​ទៅ​វា​អត់​សម​ហេតុផល បើ​យើង​និយាយ​អំពី​សិទ្ធិ​បញ្ចេញ​មតិ»។

​រហូតមកដល់​ពេលនេះ ​ក្រសួងសុខាភិបាល​កម្ពុជា​បាន​រក​ឃើញ​អ្នកជំងឺ​កូ​វីដ​-១៩​ (COVID​-19​) ចំនួន៦នាក់​ហើយ​ ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​ម្នាក់​ដែល​នៅ​ខេត្តសៀមរាប​ បន្ទាប់ពី​មានការប្រកាស​ពី​ការ​​រក​ឃើញ​នេះ​ ពលរដ្ឋខ្មែរ​មួយចំនួន​បាន​នាំគ្នា​ទៅ​រក​ទិញ​ស្បៀងអាហារ​ និង​ម៉ាស់​ស្តុក​ទុក​នៅផ្ទះ​រៀងខ្លួន​ ដែល​សកម្មភាព​នេះ​ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី​ចាត់ទុកថា ​ជា​ការភ័យខ្លាច​ជ្រុល​ហួសហេតុ និង​អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​មាន​ការ​ស្ងប់​ចិត្ត​ទុក​ចិត្ត​លើ​រដ្ឋាភិបាល​លោក​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ