ភរិយា​នាយក​រដ្ឋ​មន្រ្តី​កាណាដា​ឆ្លង​វីរុស​​កូវីដ-១៩​​

លោកនាយករដ្ឋមន្រ្តីកាណាដា Justin Trudeau និងភរិយា លោកស្រី Sophie Grégoire។ (BRETT GUNDLOCK/ BLO)

ភរិយាលោកនាយករដ្ឋមន្រ្តីកាណាដា Justin Trudeau លោកស្រី Sophie Grégoire ត្រូវបានពិនិត្យឃើញមានផ្ទុកមេរោគកូវីដ១៩ នៅថ្ងៃម្សិលមិញ បន្ទាប់ពីលោកស្រីលេចអាការផ្តាសាយ និងក្តៅខ្លួន។

តាមសេចក្តីរាយការណ៍របស់កាសែត Bloomberg នៅថ្ងៃនេះ បានឱ្យដឹងថា ដំណឹងនេះចេញពីខុទ្ធកាល័យនាយករដ្ឋមន្រ្តី Trudeau នៅយ​ប់ថ្ងៃម្សិលមិញ។

ប្រភពដដែលឱ្យដឹងបន្ថែមថា បច្ចុប្បន្ន លោកស្រីមានអាការ​ល្អធម្មតា គ្រាន់តែក្តៅខ្លួន និងផ្តាសាយតិចតួច ហើយកំពុងនៅដាច់ដោ​យ​ឡែកនៅគេហដ្ឋាន និងគោរពតាមរាល់ការណែនាំរបស់គ្រូពេទ្យ។

ដោយឡែក ស្វាមីរបស់លោកស្រី ដែលជានាយករដ្ឋមន្រ្តីប្រទេសកាណាដា លោក Justin Trudeau មានសុខភាពល្អធម្មតា និងមិនមានការលេចចេញរោគសញ្ញាអ្វីឡើយ ប៉ុន្តែ លោ​កត្រូវរស់នៅផ្តាច់ខ្លួនពីអ្នកដទៃរយៈពេល១៤ថ្ងៃសិន ដើម្បីឱ្យប្រាកដថា លោកមិនបានឆ្លងមេរោគពីភរិយា។

យ៉ាងណា ប្រមុខរដ្ឋាភិបាលកាណាដារូបនេះ នៅតែបន្តចាត់ចែងកិច្ចការងារទាក់ទងជាមួយមេដឹកនាំប្រទេសដទៃ និងចូលរួមកិច្ចប្រជុំផ្សេងៗតាមប្រព័ន្ធអ៊ីនធឺណីតពីគេហដ្ឋាន ហើយតាមដានសុខភាពលោកដោយខ្លួនលោកផ្ទាល់។

ទន្ទឹមនឹងនេះ មេដឹកនាំបក្សប្រឆាំង NDP លោក Jagmeet Singh ក៏កំពុងបំពេញការងារប្រចាំថ្ងៃពីគេហដ្ឋានផងដែរ ក្រោយពីលោកមានអារម្មណ៍មិនស្រួល។

លោក Jagmeet បានបង្ហោះសារលើទំព័រ Twitter នៅថ្ងៃនេះថា លោកបានទូរសព្ទសួរគ្រូពេទ្យម្នាក់។ ទាំងគ្រូពេទ្យ និងរូបគាត់ផ្ទាល់ មិនជឿថា នោះគឺជារោគសញ្ញាកូវីដ-១៩នោះទេ ប៉ុន្តែ គ្រូពេទ្យណែនាំឱ្យលោកត្រូវជៀសខ្លួនពីសាធារណជនមួយរយៈសិន រហូតមានអារម្មណ៍ល្អវិញ។

ក្រសួងសុខាភិបាលកាណាដា បានក្រើនរំឭកដល់ពលរដ្ឋខ្លួនដែលត្រឡប់ពីប្រទេសរងការឆ្លងរាតត្បាតពីមេរោគកូរ៉ូណាថ្មីខ្លាំង ដូចជា ចិន អ៊ីតាលី និងអ៊ីរ៉ង់ ត្រូវនៅដោយឡែករយៈពេល១៤ថ្ងៃសិន មុននឹងចេញជួបអ្នកដទៃ។ សេចក្តីណែនាំនេះ ធ្វើឡើងបន្ទាប់ពីមានករណីឆ្លងរាលដាលក្នុងប្រទេសបានកើនឡើងជាបន្តបន្ទាប់។

បើតាមតួលេខចុងក្រោយពី World O Meters កាណាដារកឃើញករណីឆ្លងថ្មី៣២ករណីនៅថ្ងៃម្សិលមិញ ធ្វើឱ្យតួលេខសរុបកើនដល់១៤២នាក់ ក្នុងនោះករណីស្លាប់មានម្នាក់ ខណៈមេរោគនេះកំពុងរាតត្បាតខ្លាំងនៅតំបន់អឺរ៉ុប ប្រទេសអ៊ឺរ៉ង់ និងកូរ៉េខាងត្បូង ខណៈចិន ការរាតត្បាតធ្លាក់ចុះស្ទើរស្មើសូន្យ។

នៅប្រទេសអង់គ្លេស កាលពីថ្ងៃពុធ រដ្ឋមន្រ្តីសុខាភិបាលប្រទេសនេះ គឺលោកស្រី Nadine​ Dorries​ បានឆ្លងមេរោគកូវីដ-១៩ និងកំពុងស្នាក់​នៅដោយឡែកក្នុងគេហដ្ឋានរបស់លោកស្រី ខណៈមន្រ្តីក្នុងក្រសួងដែលបានប៉ះផ្ទាល់ជាមួយលោកស្រី កំ​​ពុ​ងឋិតក្រោមការតា​មដាន។

នៅអាមេរិក លោកប្រធានាធិបតី Donald Trump ត្រូវបានសង្ស័យថា លោកអាចនឹងឆ្លងមេរោគកូរ៉ូណាថ្មី បន្ទាប់ពីលោកត្រូវបានឃើញឈរ​ថតជាមួយមន្រ្តីទំនាក់ទំនងប្រេស៊ីលម្នាក់ដែលក្រោយមករកឃើញមានផ្ទុកមេរោគ ក្នុងជំនួបជាមួយប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro កាលពីសប្តាហ៍មុន។

យ៉ាងណា បើតាមសេចក្តីរាយការណ៍របស់កាសែត The Guardian មន្ទិលនោះត្រូវបានអ្នកនាំពាក្យសេតវិមានប្រកាសទាត់ចោល ក្រោមហេតុផលថា លោក Trump ស្ទើរតែមិនបានប៉ះផ្ទាល់សោះឡើយជាមួយមន្រ្តីទំនាក់ទំនងនោះ ដូច្នេះ មិនចាំបាច់ពិនិត្យនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ