មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ថា​ ការ​ឃុំ​ខ្លួន​ពលរដ្ឋ​ក្នុង​ពន្ធនាគារ​អនុវត្តន៍​ដោយ​ស្មើ​ភាព​គ្នា​

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែងក្នុងសន្និសីទកាសែតនៅទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃព្រសហ្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០។ (សូត សុខប្រាថ្នា)

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លើកឡើងថា ​​ការអនុវត្តភារកិច្ចឃុំខ្លួនពលរដ្ឋនៅក្នុងពន្ធនាគារកន្លងមក គឺធ្វើដោយស្មើភាពគ្នា គ្មានការបែងចែកថា អ្នកមានប្រាក់ត្រូវមានឱកាស​ច្រើនជាងអ្នកក្រនោះឡើយ។

ការអះអាងនេះ ក្រោយមានការលើកឡើងថា អ្នកមានប្រាក់ ឬមានអំណាចនៅកម្ពុជា ​នៅពេលជាប់ឃុំ​ ពួកគេ​តែងមានឱកាសនៅក្រៅពន្ធនាគារច្រើនជាងអ្នកក្រ ដោយប្តូរមកសម្រាកនៅមន្ទីរពេទ្យជាប់រហូត ក្រោមហេតុផលថា​ មានជំងឺធ្ងន់ធ្ងរ។

ថ្លែងក្នុងសន្និសីទកាសែតនៅទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃព្រសហ្បតិ៍ម្សិលមិញ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍​ថា​ ជាគោលការណ៍ច្បាប់​ ​មិនបានបែងចែកថា អ្នកមានគឺមានឱកាសមកព្យាបាលជំងឺ ឬសម្រាកនៅមន្ទីរពេទ្យច្រើនជាងអ្នកក្រទេ ពោលគឺការឃុំខ្លួន​អ្នកជាប់ឃុំក្នុងពន្ធនាគារទាំងអស់អនុវត្តន៍ដោយស្មើភាពគ្នា។ 

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះ បន្តថា ពន្ធនាគារ​គ្រាន់តែជាអ្នកមើលការខុសត្រូវអ្នកជាប់ឃុំប៉ុណ្ណោះ ប៉ុន្តែ រាល់ការសម្រេច​ឱ្យអ្នកជាប់ឃុំមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខាងតុលាការជាអ្នកសម្រេច។

លោក ខៀវ សុភ័គ មានប្រសាសន៍ថា៖ «តែច្បាប់គេអត់មានថាអីចឹងទេ ច្បាប់។ នៅក្នុងពន្ធនាគារ​ នៅពេលយើងមានជំងឺ​ធ្ងន់ធ្ងរ មានការបញ្ជាក់ពីពេទ្យ អនុរក្សពន្ធនាគារត្រូវតែអនុវត្តន៍។ បញ្ជូនមកពេទ្យរុស្ស៊ី ហើយទៅវិញ ហើយនៅពេលពេទ្យថាទេ មិនទាន់បាន [មិនទាន់សះស្បើយ] អនុរក្សពន្ធនាគារគ្រាន់តែជាអ្នក​ទទួលបន្ទុកអ្នកហ្នុងតើ!»

​អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា ​ផ្លូវច្បាប់​គ្មានការបែងចែកអ្នកមាន ឬអ្នកក្រអ្វីនោះទេ ដោយកំណត់ថា អ្នកជាប់ឃុំអាចទៅសម្រាកនៅមន្ទីរពេទ្យបាននៅពេល​សុខភាព​ពួកគេតម្រូវឱ្យមានការស្នាក់នៅមន្ទីរពេទ្យជាចាំបាច់ ដោយមានការបញ្ជាក់ត្រឹមត្រូវពីខាងមន្ទីរពេទ្យ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំមិនបានដឹងថា អ្នកមានអ្នកក្រជាប់ឃុំហ្នឹងខុសគ្នាម៉េចទេ ក៏ប៉ុន្តែ ជានីតិវិធីច្បាប់ អ្នកជាប់ឃុំអាចទៅសម្រាកនៅមន្ទីរពេទ្យបាន កាលណាស្ថានភាពសុខភាពហ្នឹងវាតម្រូវចាំបាច់ត្រូវសម្រាកនៅមន្ទីរពេទ្យ។ ហើយការចាំបាច់ ឬមិនចាំបាច់ហ្នឹង គឺមានការបញ្ជាក់វេជ្ជសាស្ត្រពីខាងមន្ទីរពេទ្យ មិនមែនយើងមើលនឹងភ្នែកខាងក្រៅ ហើយធ្វើការសន្និដ្ឋានថា ចាំបាច់ ឬមិនចាំបាច់បានទេ»។

នាយករងអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត ​កត់សម្គាល់ថា ​​​ករណីឃុំខ្លួនមួយចំនួន​ហាក់ធ្វើឡើងគ្មានតម្លាភាព ពោលគឺអ្នកមានប្រាក់ ឬមានអំណាចខ្លះ​ មានឱកាស​បានសម្រាកព្យាបាលនៅមន្ទីរពេទ្យ​យូរជាងការជាប់ឃុំក្នុងពន្ធនាគារ ផ្ទុយពីអ្នកជាប់ឃុំក្រីក្រ សកម្មជនសិទ្ធិមនុស្ស ឬសកម្មជននយោបាយមួយចំនួន។

លោកមានប្រសាសន៍ថា៖ «យើងកត់សម្គាល់ថា ភាគច្រើនអ្នកមានលុយ ឬឋានៈឧកញ៉ានេះ គាត់អាស្នាក់នៅព្យាបាលមន្ទីរពេទ្យបាន ខ្លះដល់រាប់ឆ្នាំ ដែលខុសអំពីពលរដ្ឋ ឬអ្នកជាប់ឃុំទូទៅដែលគាត់ឈឺធ្ងន់ធ្ងរមែនទែន រហូតដល់​ពេទ្យពន្ធនាគារអត់មានលទ្ធភាព ទើបបញ្ជូនមកមន្ទីរពេទ្យ។ យើងឃើញថា អនុញ្ញាតឱ្យស្នាក់នៅមន្ទីរពេទ្យហ្នឹង ជួនកាលរយៈពេលខ្លី ជួនកាលបញ្ជូនមកទទួលការព្យាបាល ហើយបញ្ជូនត្រឡប់ទៅវិញ »។

អតីតសកម្មជនគណបក្សសង្រ្គោះជាតិ លោក យា ថុង ត្រូវបានក្រុមគ្រួសារ​របស់លោក​អះអាងថា មានជំងឺធ្ងន់ធ្ងរនៅក្នុងពន្ធនាគារ ហើយលោកក៏បានស្នើសុំមកសម្រាកនៅមន្ទីរពេទ្យរហូត ប៉ុន្តែ មិនត្រូវបានអនុញ្ញាតឡើយ ក្រោយមកលោក យា ថុង ក៏ស្លាប់ បន្ទាប់ពីចេញពីពន្ធនាគារបានមួយរយៈ។

ភរិយាលោក យា ថុង គឺអ្នកស្រី ប៉ុល រំដួល ឱ្យវី.អូ.ឌីដឹងកាលពីឆ្នាំមុនថា ប្តីអ្នកស្រីបានស្លាប់ ដោយសារតែ​មិនទទួលបានព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា បន្ទាប់ពីខាងពន្ធនាគារបដិសេធមិនបញ្ជូនប្តីខ្លួនមកសម្រាកនៅមន្ទីរពេទ្យ។ ​

លោក ខៀវ សុភ័គ ​ថា​បច្ចុប្បន្ន​អ្នកជាប់ឃុំក្នុងពន្ធនាគារ មានចំនួនជាង ៣ម៉ឺន៧ពាន់នាក់ (៣៧០០៧) ក្នុងនោះស្រីមានចំនួនជាង ២ពាន់នាក់ (២៥៨៤) ហើយលោកថា អ្នកជាប់ឃុំ ២ភាគ៣ មិនទាន់​កាត់ទោសនៅឡើយ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ