ម្ចាស់​ពាន​រង្វាន់​បរិស្ថាន​ពិភពលោក​ អ៊ូច ឡេង និង​សកម្មជន​​៣​រូប​ទៀត​ ត្រូវ​បញ្ជូន​ទៅ​តុលាការ​​ព្រឹក​នេះ​

លោក អ៊ូច ឡេង ជិះគោយន្តទៅល្បាតព្រៃជាមួយប្រជាសហគមន៍នាពេលកន្លងទៅ។ (រូបភាព៖ទំព័រហ្វេសប៊ុក Cambodian Youth Network – CYN)

ម្ចាស់ពានរង្វាន់វីរជនបរិស្ថាន Goldman Environmental Prize និងសកម្មជនព្រៃឈើ៣រូបទៀត ត្រូវបាន​សមត្ថកិច្ចបញ្ជូនទៅតុលាការខេត្តក្រចេះនាព្រឹកនេះ បន្ទាប់ពីក្រុមហ៊ុន ស៊ីងបាយអូតិក (Think Biotech) ចោទថា ​លួចចូលក្នុងទីតាំង​ក្រុមហ៊ុនដោយមិនមានការអនុញ្ញាត។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក សឹង សែនករុណា ដែលតាមដានករណីនេះ បានប្រាប់​វីអូឌី​ថា លោក អ៊ូច ឡេង និងប្រជាពលរដ្ឋ​៣​នាក់​​ទៀតដែលជាសមាជិកបណ្ដាញអ្នកការពារព្រៃឡង់ រួមមាន​លោក ខេម សុឃី ​លោក ស្រី ថី  និងលោក មេន ម៉ាត់ ត្រូវ​បានសមត្ថកិច្ចខេត្តក្រចេះ បញ្ជូនទៅតុលាការ​នៅវេលាម៉ោង៨ព្រឹកនេះ ដើម្បីសួរនាំពាក់ព័ន្ធនឹងសំណុំរឿងក្រុមហ៊ុន ស៊ីងបាយអូតិក (Think Biotech) ចោទថា លួចចូលក្នុងទីតាំង​ក្រុមហ៊ុនឯកជនដោយមិនមានការអនុញ្ញាត។

លោក សឹង សែនករុណា បន្តថា លោក អ៊ូច ឡេង និងសកម្មជន៣នាក់ទៀត ជាអ្នកស្រាវជ្រាវពីបទល្មើសព្រៃឈើ និងជួយការពារធនធានធម្មជាតិ ដូចនេះ តុលាការគួរតែលើកទឹកចិត្ត ហើយដោះលែងពួកគេឱ្យមាន​សេរីភាព​វិញ ដើម្បីជួយការពារធនធានធម្មជាតិនៅកម្ពុជា។

លោកមានប្រសាស៍ថា៖ «យើងក៏ទទូចទៅស្ថាប័នថ្នាក់ជាតិស្រាវជ្រាវលើករណីនេះ ហើយដោះ​លែងពួកគាត់​ឱ្យមានសេរីភាព​វិញ ពីព្រោះលោក អ៊ូច ឡេង និងសកម្មជន៣នាក់ទៀតហ្នឹង គាត់គ្រាន់តែជាអ្នកធ្វើការ​ជួយ​ការពារបរិស្ថាន និងការពារធនធានធម្មជាតិតែប៉ុណ្ណោះ និងលាតត្រដាងអ្វីដែលជាការពិត គឺគាត់មិនមាន​ចេតនា​អាក្រក់​លើស្ថាប័នណាមួយនោះទេ»។

មន្ត្រីសិទ្ធិមនុស្សរូបនោះ ស្នើទៅសមត្ថកិច្ច អង្គភាពរដ្ឋាភិបាលនៅថ្នាក់ជាតិ ចុះធ្វើការស្រាវជ្រាវបន្ថែមទៀត​លើករណីនេះ។ លោកថា​ លោក អ៊ូច ឡេង និងសកម្មជន៣រូបនោះទៀត បានទទួលព័ត៌មាន​ពីតំណាង​សហគមន៍​ថា ក្រុមហ៊ុននោះបានកាប់ដើមជ័រច្បោះ និងការកាប់បំផ្លាញព្រៃឈើ បញ្ជូនទៅដាក់​ក្នុងក្រុមហ៊ុន​ជាដើម ទើប​ពួកគេចុះ​ទៅធ្វើ​ការតាមដានករណី​នេះ។

អធិការស្រុកសំបូរ លោក ប៊ុន ឈឿន មានប្រសាសន៍ថា សមត្ថកិច្ចបញ្ជូនលោក អ៊ូច ឡេង និងសកម្មជន៣រូបទៀត ទៅតុលាការ ដោយសារ ក្រុមហ៊ុន ស៊ីងបាយអូតិក (Think Biotech ) ប្តឹងមកសមត្ថកិច្ចថា ពួកគេលួចចូលក្នុងទីតាំងក្រុមហ៊ុនឯកជនដោយមិនមានការអនុញ្ញាត។

អធិការស្រុកសំបូរបញ្ជាក់ថា ក្រោយមក សមត្ថកិច្ចបានសហការជាមួយព្រះរាជអាជ្ញារងខេត្តក្រចេះ លោក​ ជា សុភ័ក្រ ធ្វើការសួរនាំ រួចបញ្ជូនទៅថ្នាក់លើចាត់វិធានការតាមច្បាប់។

វីអូឌី បានទំនាក់ទំនងទៅព្រះរាជអាជ្ញារង លោក ជា សុភ័ក្រ ដែរ ប៉ុន្តែ លោកថា មិនបានកាន់សំណុំរឿងហ្នឹងទេ ដោយលោកបង្វែរសំនួរឱ្យវីអូឌីស្រាវជ្រាវសួរមន្ត្រីតុលាការផ្សេងទៀត។

អ្នកការពារព្រៃឈើទាំង៤នាក់នោះ ត្រូវបានបុគ្គលិកក្រុមហ៊ុនឯកជនមួយឈ្មោះ ស៊ីងបាយអូតិក (Think Biotech) ចាប់ឃាត់ខ្លួន​កាលពីព្រឹក​ថ្ងៃទី​១៣ ខែមីនា នៅចំណុចដំបូកស ភូមិរមួល ឃុំបឹងចា ស្រុក​សំបូរ ខេត្តក្រចេះ ។

ទាក់ទងនឹងសំណុំរឿងនេះដែរ អង្គការចំនួន៦ បានធ្វើសេចក្តីថ្លែងការណ៍រួមមួយកាលពីម្សិលមិញ​ បាន​អំពាវនាវទៅសមត្ថកិច្ចខេត្តក្រចេះ រក្សាសុវត្ថិភាព និងដោះលែងអ្នកទាំង៤នាក់ ដោយគ្មានលក្ខខណ្ឌ និងស្នើឱ្យធ្វើការស៊ើបអង្កេតចំពោះភាពមិនប្រក្រតីនៃការឃាត់ខ្លួនសកម្មជនការពារបរិស្ថានទាំង៤នាក់នោះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ