មេរោគកូរ៉ូណាថ្មី ឬកូវីដ១៩ ត្រូវបានអង្គការសុខភាពពិភពលោក (WHO) ប្រកាសថា ជាមេរោគរាតត្បាតជាសកលនៅខែមីនានេះ បន្ទាប់ពីវាបានឆ្លងរាលដាលទៅដល់ប្រទេស និងដែនដីចំនួន១៤២ នៅទូទាំងពិភពលោក ក្នុងនោះមនុស្សជាង ១៧ម៉ឺន(១៧៤,៨១៨)នាក់ បានឆ្លងរោគ ហើយមនុស្សជាង ៦ពាន់(៦,៦៨៦)នាក់ បានស្លាប់ គិតត្រឹមថ្ងៃទី១៦ ខែមីនា។
សម្រាប់កម្ពុជាវិញ ការឆ្លងមេរោគកូរ៉ូណាថ្មីនេះ ត្រូវបានប្រកាសថា បានកើនឡើងដល់ចំនួន ២៤ករណីថ្មី ក្នុងនោះមានពលរដ្ឋកម្ពុជា ១៦នាក់ និងជនបរទេស ៨នាក់។ ក្នុងនោះ ករណីឆ្លងដំបូងទៅលើបុរសជនជាតិចិននៅខេត្តព្រះសីហនុកាលពីខែមករាកន្លងមក ត្រូវបានប្រកាសថា បានជាសះស្បើយហើយ។
ទាក់ទងនឹងកម្រិតនៃការរីករាលដាលនៃកូវីដ១៩នេះ រដ្ឋលេខាធិការក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បានថ្លែងប្រាប់វីអូឌីតាមប្រព័ន្ធអេឡិចត្រូនិចថា ប្រជាពលរដ្ឋខ្មែរមិនត្រូវភ័យខ្លាចខ្លាំងពេកទេ។
អ្នកស្រី ឱ វណ្ណឌីន៖ «កុំភ័យពេក ការបារម្ភលើសុខភាពជាការត្រឹមត្រូវ ក៏ប៉ុន្តែ ត្រូវយល់ដឹងថា មិនទាន់មានករណីឆ្លងនៅក្នុងសហគមន៌នៅឡើយទេ។ ក្រុមការងារកំពុងបន្តកិច្ចការសំខាន់ៗទៀតយ៉ាងសកម្ម ក្រសួងនឹងបន្តធ្វើបច្ចុប្បន្នភាពជូនសាធារណជនបន្ថែមទៀត បើមានការវិវត្តន៌ថ្មីណាមួយ»។
ទោះជាយ៉ាងនេះក្ដី ប្រជាពលរដ្ឋមួយចំនួនបានបារម្ភចំពោះសុវត្ថិភាព និងចំពោះការរីករាលដាលនៃជំងឺកូវីដ១៩។ អ្នកសារព័ត៌មានវីអូឌី បានសាកសួរអាជីវករនៅតាមផ្សារមួយចំនួននៅភ្នំពេញ ដោយអាជីវករទាំងនេះ ឱ្យដឹងថា ពលរដ្ឋបារម្ភខ្លាំងទើបនាំជំរុញឱ្យពួកគេសម្រុកទៅទិញម៉ាស់រហូតធ្វើឱ្យតម្លៃម៉ាស់ឡើងថ្លៃជិត ១០ដងនៃតម្លៃធម្មតា ហើយតម្លៃអាល់កុលឡើងថ្លៃប្រហែលប្រមាណ ២ដងលើសតម្លៃធម្មតា។
ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី៩ ខែមីនា បានកត់សម្គាល់ថា ប្រជាពលរដ្ឋបាននាំគ្នាសម្រុកទិញទំនិញច្រើនខុសប្រក្រតី ក្នុងនោះហាងមួយចំនួនតូច បានឆ្លៀតឱកាសលក់ដំឡើងថ្លៃម៉ាស់ការពារមុខ អាល់កុលលាងដៃ និងទំនិញចាំបាច់មួយចំនួនទៀត។ ក្រសួងថា ការដំឡើងថ្លៃបែបនេះ អាចបង្កឱ្យមានចលាចលក្នុងសង្គមធ្ងន់ធ្ងរ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មនេះ ធ្វើឡើង ២ថ្ងៃក្រោយក្រសួងសុខាភិបាលប្រកាសពីករណីបុរសជនជាតិខ្មែរអាយុ ៣៨ឆ្នាំឆ្លងមេរោគកូវីដ១៩ នៅខេត្តសៀមរាប។
វិធានការដំបូងនៃការត្រួតពិនិត្យរបស់អាជ្ញាធរ
រយៈពេលជាង ២ខែកន្លះហើយ ដែលពិភពលោកប្រឈមមុខនឹងការរីករាលដាលនៃមេរោគកូរ៉ូណាថ្មី ដែលភាសាវេជ្ជសាស្ត្រហៅថា កូវីដ១៩ (Covid-19) បើគិតចាប់តាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ មកដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ។
ដំណាក់កាលដំបូង ប្រទេសមួយចំនួនរួមមាន កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា កូរ៉េខាងជើង រុស្ស៊ី អ៊ឺរ៉ុប និងសហរដ្ឋអាមេរិក បានសម្រេចរឹតបន្តឹងការចេញចូលរបស់ជនជាតិចិនមកពីទីក្រុងវូហានដែលជាតំបន់ផ្ទុះជំងឺ។ បន្ទាប់មក អំឡុងចុងខែមករា ឆ្នាំ២០២០ ប្រទេសមួយចំនួននៅជាប់ចិន បានសម្រេចបិទព្រំដែនហាមមិនឱ្យពលរដ្ឋចិនចូលតែម្តង។
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្លូវការពីហានិភ័យនៃមេរោគកូរ៉ូណាកាលពីថ្ងៃទី២១ ខែមករា។ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ប្រាប់ពលរដ្ឋឱ្យប្រុងប្រយ័ត្នក្នុងការការពារសុខភាពពីការឆ្លងជំងឺកូរ៉ូណាថ្មី។
ក្រសួងសុខាភិបាល បានផ្ដើមដាក់ម៉ាស៊ីនស្គែនកម្ដៅនៅតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាប បាវិត តាមច្រកព្រំដែនប៉ោយប៉ែត ច្រកព្រំដែនព្រែកចាក និងស្រាវជ្រាវរកករណីសង្ស័យ ដើម្បីដាក់ជននោះនៅបន្ទប់ដាច់ដោយឡែកជាដើម។
តាមរយៈសេចក្តីប្រកាសព័ត៌មានដដែល លោករដ្ឋមន្ត្រីសុខាភិបាល ម៉ម ប៊ុនហេង មានប្រសាសន៍ថា៖ «យើងបុគ្គលិកសុខាភិបាល ២,០០០នាក់ ដើម្បីឆ្លើយតបស្ថានការណ៍អាក្រក់ដែលកើតឡើងជាយថាហេតុ។ យើងមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការការពាររោគរាតត្បាតលើកមុនៗដូចជា ជំងឺសារ និងជំងឺមើ ជាដើម»។
ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី២៧ ខែមករា បានប្រកាសអំពីការរកឃើញករណីឆ្លងវីរុសកូរ៉ូណាថ្មីជាលើកដំបូងលើបុគ្គលកជនជាតិចិនម្នាក់ធ្វើដំណើរមកពីទីក្រុងវូហានមកកាន់ខេត្តព្រះសីហនុ។ លុះ ១៥ថ្ងៃក្រោយមក អាជ្ញាធរកម្ពុជាបានអនុញ្ញាតឱ្យជនជាតិចិនម្នាក់នោះត្រឡប់ទៅចិនវិញ ដោយបញ្ជាក់ពីការជាសះស្បើយពីជំងឺ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើសន្និសីទកាសែតដ៏កម្រមួយនៅថ្ងៃទី៣០ ខែមករា ដើម្បីឆ្លើយតបស្ថានការណ៍មេរោគកូរ៉ូណាថ្មី។ លោក ហ៊ុន សែន ប្រកាសឱ្យមន្ត្រីការទូតកម្ពុជានៅចិន និងនិស្សិតខ្មែរដែលរៀននៅចិន តស៊ូជាមួយចិនក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគនេះ។
លោក ហ៊ុន សែន ថ្លែងថា៖ «រឿងអីពេលសុខស្រួលនៅជាមួយគ្នា ពេលលំបាកបែរជារត់ចោលគ្នា? បើខ្ញុំជា ស៊ី ជិនពីង ឬក៏ជា លី ឃឺឈាង គឺខ្ញុំអត់ឱ្យទេ! ហែងរត់ចោលអញហើយ អ្ហែងមកធ្វើអីទៀត។ អាហ្នឹង យើងសាកគិតខ្លួនគេខ្លួនយើងទៅចុះ!»។
លោក ហ៊ុន សែន ក៏បានប្រកាសបញ្ចប់ការទាមទារឱ្យបិទជើងហោះហើរពីចិនមកកម្ពុជា។
លោក ហ៊ុន សែន ថ្លែងបន្តថា៖ «សំណូមពរបិទជើងហោះហើរពីចិន ជាការសម្លាប់ផ្នែកមួយនៃសេដ្ឋកិច្ចជាតិ និងកាត់បន្ថយទំនាក់ទំនងល្អរវាងកម្ពុជាចិន»។
វិធីបញ្ច្រាស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
នៅដើមខែកុម្ភៈ ក្នុងអំឡុងពេលដែលប្រទេសជប៉ុន អាល្លឺម៉ង់ និងអាមេរិក ប្រកាសជម្លៀសពលរដ្ឋខ្លួនចេញពីចិន មេដឹកនាំកម្ពុជា លោក ហ៊ុន សែន បានប្រកាសដំណើរទស្សនៈមួយទៅកាន់ទីក្រុងវូហានប្រទេសចិន។
លោក ហ៊ុន សែន ថ្លែងថា ដំណើរនោះ គឺដើម្បីសួរសុខទុក្ខនិស្សិតខ្មែរ និងលើកទឹកចិត្តប្រជាជនចិននៅទីនោះ។ ២ថ្ងៃបន្ទាប់ គឺនៅថ្ងៃទី០៥ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រីបានប្រកាសថា ចិនមិនអនុញ្ញាតឱ្យលោកទៅតំបន់ផ្ទុះជំងឺឡើយ ដោយទទួលលោកត្រឹមទីក្រុងប៉េកាំង។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបមេដឹកនាំកំពូលទាំងបីរបស់ចិន រួមមាន ប្រធានាធិបតី លោក ស៊ី ជីងពីង នាយករដ្ឋមន្ត្រី លី ឃឺជាង និងរដ្ឋមន្ត្រីការបរទេស លោក វ៉ាង យី។
កម្ពុជាបានអនុញ្ញាតឱ្យនាវា MS Westerdam ដែលផ្ទុកទៅដោយអ្នកដំណើរ ១ ៤៥៥នាក់ និងបុគ្គលិកបម្រើការលើនាវា ៨០២នាក់ ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ។ នាវាមួយនេះ បានចំណាយពេល ២សប្ដាហ៍នៅលើផ្ទៃសមុទ្រ បន្ទាប់ពីវាត្រូវបានបដិសេធមិនឱ្យចូលចតពីសំណាក់ប្រទេស និងដែនដីកោះចំនួន៥ រួមមាន ជប៉ុន តៃវ៉ាន់ កោះហ្គាំ ហ្វីលីពីន និងថៃ។
ទំនាស់ពាក្យសម្ដីការទូត បានកើតឡើងរវាងកម្ពុជា និងម៉ាឡេស៊ី បន្ទាប់ពីម៉ាឡេស៊ីប្រកាសថា រកឃើញស្ត្រីម្នាក់វ័យ ៨៣ឆ្នាំ ដែលជិះក្នុងនាវា MS Westerdam ដែលធ្វើដំណើរពីកម្ពុជាទៅម៉ាឡេស៊ី មានផ្ទុកមេរោគកូរ៉ូណាថ្មី ឬ Covid-19។ ៣ថ្ងៃក្រោយមក ម៉ាឡេស៊ីប្រកាសវិញថា ស្ត្រីម្នាក់នោះជាសះស្បើយជំងឺរួចហើយ។
កម្ពុជាក៏បានទទួលការសាទរកោតសរសើរពីបណ្ដាប្រទេសមួយចំនួនដែលមានពលរដ្ឋខ្លួនជាប់នៅលើនាវាដូចយ៉ាង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងការអរគុណកោតសរសើរពីសំណាក់នាយកអង្គការសុខភាពពិភពលោក (WHO) ជាដើម ។
ការត្រៀមថវិកាដើម្បីទប់ទល់នឹងកូវីដ១៩
កម្ពុជាមានថវិកាជាតិសម្រាប់ចំណាយក្នុងវិស័យសុខាភិបាលចំនួនជាង ៥២៥លានដុល្លារនៅឆ្នាំ២០២០នេះ។ នេះបើតាមច្បាប់ថវិកាជាតិឆ្នាំ២០២០ ដែលព្រះមហាក្សត្របានឡាយព្រះហស្តលេខាដាក់ឱ្យប្រើកាលពីខែធ្នូឆ្នាំមុន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីចុងខែមករាកន្លងទៅថា ថវិកាជាតិសម្រាប់ក្រសួងសុខាភិបាលនេះ នឹងត្រូវយកទៅប្រើប្រាស់ដើម្បីទប់ទល់នឹងមេរោគកូរ៉ូណាថ្មីនេះ។ លោកថា កម្ពុជាមានប្រាក់គ្រប់គ្រាន់ដើម្បីដោះស្រាយ។
លោក ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំមិនបញ្ជាក់ថា យើងត្រៀមប្រាក់ប៉ុន្មានទេ តែខ្ញុំសូមប្រាប់ថា បើត្រូវចាយប៉ុន្មានក៏យើងចាយដែរ ទោះអស់ ១ពាន់លានដុល្លារក៏ដោយ»។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា ឥទ្ធិពលនៃជំងឺ COVID-19 នឹងអាចនាំឱ្យកម្ពុជាខាតបង់ថវិកាយ៉ាងតិចណាស់ជិត ៣៥០លានដុល្លារក្នុងឆ្នាំ២០២០នេះ ហើយទំហំនៃការខូចខាតមកលើសេដ្ឋកិច្ចប្រទេសមួយនេះ អាចមានទំហំកាន់តែធំថែមទៀត។
ធនាគារមួយនេះ បានលើកឡើងបែបនេះនៅក្នុងរបាយការណ៍សង្ខេបរបស់ខ្លួនមានចំណងជើងថា «អ្វីជាផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចបណ្ដាលមកពីការរីករាលដាលនៃ COVID-19 នៅអាស៊ី»កាលពីដើមមីនា។
ទោះជាយ៉ាងណាក្ដី លោក ហ៊ុន សែន បានប្រកាសថា កម្ពុជាត្រៀមថវិកាចន្លោះពី ៨០០លានដុល្លារ ទៅ ២ពាន់លានដុល្លារ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងសុខភាពសាធារណៈ បណ្ដាលមកពីកូវីដ១៩។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន នៅថ្ងៃទី១៦ ខែមីនា មានប្រសាសន៍ប្រាប់វីអូឌីថា ក្រសួងសេដ្ឋកិច្ចបានបញ្ចេញប្រាក់បណ្ដើរៗហើយ ទៅឱ្យក្រសួងសុខាភិបាល សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពទប់ទល់នឹងមេរោគកូវីដ១៩នេះ។
លោក មាស សុខសេនសាន ប្រាប់ថា៖ «ជំហានៗយើងអាចវាយតម្លៃដំបូងត្រឹម ៨០០លាន បន្ទាប់មកដល់ ២ពាន់លានដូចប្រសាសន៍សម្តេច។ ផែនការជាក់លាក់ផ្ទាល់ហ្នឹង យើងផ្ដល់ ៦០លានដុល្លារ។ យើងបញ្ចេញបណ្ដើរៗ ប្រើប្រាស់ថវិកាបណ្ដើរៗហើយ ក្នុងការចាត់ចែងការងារចាំបាច់ទាំងអស់ហ្នឹង»។
អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បានថ្លែងក្នុងសន្និសីទកាសែតកាលពីខែកុម្ភៈថា ការចំណាយលើផ្នែកសុខាភិបាលនឹងកើនឡើង ដើម្បីទប់ទល់នឹងមេរោគនេះ។ អ្នកស្រី បន្ថែមថា ថវិកាទាំងនោះ នឹងអាចចំណាយលើបរិក្ខារវេជ្ជសាស្ត្រ ឱសថ និងសម្ភារចាំបាច់សម្រាប់អ្នកជំងឺផង។
ទាក់ទងនឹងវិធានការរបស់រាជរដ្ឋាភិបាលនេះ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី ថ្លែងប្រាប់វីអូឌីថា វិធានការដែលរដ្ឋាភិបាលដាក់ចេញជាបន្តបន្ទាប់នោះ តែងមានចន្លោះប្រហោងខ្លះ ដូចជាករណីរកមិនឃើញអ្នកជំងឺនៅខ្មែរ តែពេលទៅដល់បរទេសគេរកឃើញជាដើម។ តែទោះជាយ៉ាងណា លោកលើកទឹកចិត្តឱ្យរដ្ឋាភិបាលប្រឹងប្រែងបន្ថែមទៀត ដើម្បីទប់ទល់ការរីករាលដាលនៃកូវីដ១៩ នេះ។
លោក មាស នី មានប្រសាសន៍ថា៖ «នៅពេលនេះ លែងជាពេលបន្ទោសគ្នាហើយ ជាពេលដែលរួមគ្នាទប់ទល់ការរីករាលដាលនៃមេរោគនេះ។ រាជរដ្ឋាភិបាលត្រូវការពារ និងចាត់វិធានការចំពោះជនឱកាសនិយម ដែលឆ្លៀតដំឡើងតម្លៃទំនិញអីជាដើមនៅក្នុងពេលដ៏លំបាកនេះ»។
ប្រធានអង្គការគណនេយ្យភាពសង្គម លោក សន ជ័យ មានប្រសាសន៍ថា វិធានការខាងលើមិនគ្រប់គ្រាន់នៅឡើយ។ លោកបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនបានអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងទូលំទូលាយពីជំងឺកូវីដ១៩នេះទេ។
លោក សន ជ័យ ប្រាប់ថា៖ «ក្រុមអ្នកមានចំណេះដឹង គេយល់ដឹងច្រើនពីវីធីការពារអនាម័យ តែសម្រាប់អ្នកលក់ដូរនៅតាមផ្សារ តាមទីសាធារណៈ ទៅដល់សហគមន៍ក្រីក្រ អ្នកលក់បន្លែ អ្នករត់ម៉ូតូឌុប ស្ត្រីបម្រើសេវាកម្សាន្ត សុទ្ធតែជារឿងដែលអាជ្ញាធរ ត្រូវមានយុទ្ធនាការផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ សិស្សសាលារួចមួយក្រុមហើយ ព្រោះគេបិទសាលា តែសម្រាប់សហគមន៍នៅមិនទាន់មានការយល់ដឹងនៅឡើយ»។
អាជ្ញាធរកម្ពុជា បានចេញវិធានការមួយចំនួនដើម្បីទប់ទល់កូវីដ១៩នេះ រួមមាន វិធានការរបស់ក្រសួងអប់រំក្នុងការអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាទាំងអស់នៅទូទាំងប្រទេស ចូលវិស្សមកាលមុនពេលកំណត់ វិធានការលុបអង្គរសង្ក្រាន្តនៅសៀមរាប ដែលអនុម័តដោយអភិបាលខេត្តសៀមរាបជាដើម។
ទោះជាយ៉ាងណាក្ដី អាជ្ញាធរសុខាភិបាលកម្ពុជា មិនទាន់បានចេញបំរាមស្ដីពីការជួបជុំប្រមូលផ្តុំគ្នានៅឡើយ។ កម្មវីធីបុណ្យទន្លេមានមនុស្សរាប់ពាន់នាក់ចូលរួមទើបបញ្ចប់កាលពីថ្ងៃអាទិត្យ កម្មវិធីប្រដាល់ ការប្រគុំតន្ត្រី ពិធីបុណ្យ មង្គលការ ពិធីសាសនា នៅតែដំណើរការជាធម្មតា។
ក្រសួងសុខាភិបាល ទើបចេញលិខិតផ្លូវការមួយផ្ញើទៅចៅហ្វាយខេត្តគ្រប់ខេត្ត ឱ្យបង្កើតគណៈកម្មាការប្រយុទ្ធជំងឺកូវីដ១៩ នៅតាមបណ្ដារាជធានីខេត្តនៅទូទាំងប្រទេស ដើម្បីទប់ទល់ការរីករាលដាលនៃមេរោគនេះនៅល្ងាចថ្ងៃទី១៦ ខែមីនា៕