សាលា​ខេត្ត​កំពង់ឆ្នាំង​អភិវឌ្ឍ​ដី​៤០​ហិកតា សម្រាប់​ផ្លាស់​ទី​អ្នក​រស់​នៅ​លើ​ទឹក​ឱ្យ​ហើយ​ក្នុង​ឆ្នាំ​នេះ​​

ផ្ទះជនជាតិវៀតណាម នៅខេត្តកំពង់ឆ្នាំង។ (វីអូឌី)

មន្ត្រី​សាលា​ខេត្ត​កំពង់​ឆ្នាំ​ង​បាន​បញ្ជាក់​ថា ទីតាំង​ដី​៤០​ហិកតានៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលរៀបចំ​សម្រាប់​ឱ្យអ្នកកំពុងរស់នៅលើទឹកទៅរស់នៅ ដែលភាគច្រើនជាជនជាតិវៀតណាមនោះ គឺអភិវឌ្ឍន៍បាន​ជាង​២០​ភាគ​រយ​ហើយ នឹង​សង្ឃឹម​ថា អាច​ឱ្យពួកគេ​​ចូល​ទៅ​រស់​នៅ​បាន​ក្នុង​ឆ្នាំ​២០២០នេះ។

ថ្លែង​ក្នុង​សន្និសីទសារព័ត៌មាន​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​១៨ ខែមីនានេះ អភិបាល​រង​ខេត្ត​កំពង់​ឆ្នាំង​លោក ស្រ៊ន សំឬទ្ធី បានឱ្យ​ដឹង​ថា រដ្ឋបាល​ខេត្ត​កំពង់​ឆ្នាំងរហូត​មក​ដល់​ពេល​នេះ ​បាន​ចាក់​ដី​បំពេញ​បាន​២០​ហិកតា រួម​ជា​មួយ​នឹង​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធដូច​ជាសាលារៀន មន្ទីរពេទ្យ សួន​ច្បារ កន្លែង​ចតឡាន ម៉ូតូ និង​ផ្សារ​រួចរាល់​ហើយ ដោយ​សង្ឃឹម​ថា​ នឹង​អាច​បើក​អនុញ្ញាត​ឱ្យអ្នកកំពុងរស់នៅលើទឹកអាច​ចូល​ទៅ​រស់​នៅ​បាន​ក្នុង​ឆ្នាំ​២០២០​នេះ។

ឯកឧត្ដម ស៊្រន សំឫទ្ធី អភិបាលរងខេត្ដកំពង់ឆ្នាំង ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី«វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្ដកំពង់ឆ្នាំង» នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។ (ហ្វេសប៊ុក Royal Government Spokesperson Unit)

លោក ស៊្រន សំឬទ្ធី៖ «ដី៤០ហិកតា​នេះ​ យើង​ធ្វើ​បាន​២០ភាគរយ​ហើយ ​រួច​រាល់។ ហើយ​ក្នុង​ពេល​ឆាប់ៗ​ជា​យន្តការដែល​សម្រេច​ក្នុង​ឆ្នាំ២០១៩ គឺ​ [ចូលទៅ​នៅ] នៅ​ដើម​ឆ្នាំ​២០២០នេះ»។

កាលពីចុង​ឆ្នាំ២០១៩កន្លង​ទៅ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានសម្រេច​ឱ្យ​ពលរដ្ឋដែល​រស់​នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​លើ​ដង​ទន្លេ​សាប បម្លាស់​ទី​ទៅ​រស់​នៅ​លើ​ដី​គោក​ចំនួន ​៤ ៥៦៣​គ្រួសារ​ ដោយ​ក្នុង​នោះ​មាន​ទាំង​ខ្មែរ ខ្មែរ​អ៊ីស្លាម និង​វៀតណាម។ ក្នុងចំណោមនេះ ជនជាតិវៀតណាមមានចំនួនច្រើនជាងគេ គឺមាន​ ២ ៣៨៩គ្រួសារ។​

VOD មិន​អាច​ទាក់ទង​ប្រធាន​សមាគម​វៀតណាម​ប្រចាំ​ខេត្ត​កំពង់​ឆ្នាំ​ង​ លោក ប៊ូច វ៉ឹងប៊ែល បាន​នៅ​ឡើយ​ទេ ដោយ​ទូរសព្ទ​ចូល​គ្មាន​អ្នក​ទទួល។

មន្ត្រីសម្រប​សម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​កំពង់​ឆ្នាំង​ លោក សំ ចាន់គា មាន​ប្រសាសន៍​ថា ​ក្រោយ​ការ​ប្រកាស​របស់​រដ្ឋាភិបាល​ចំពោះ​ការ​ផ្លាស់​ទី​របស់​ជនជាតិ​វៀតណាម​ពី​ទឹក​មក​ដល់​ដើម​ឆ្នាំ​២០២០នេះ​ គឺ​មាន​ជនជាតិ​វៀតណាម​មួយ​ចំនួន​បាន​ចូល​ទៅ​រស់​នៅ​ទីតាំង​ដី​ថ្មី មួយ​ចំនួន​ឡើង​ត្រឹម​មាត់ច្រាំង ​ខណៈ​មួយ​ចំនួន​ទៀត​នៅ​លើ​ទឹក​ដដែល​នៅ​ឡើយ​។

លោក​បន្ថែម​ថា៖ «រដ្ឋាភិបាល​ធ្វើ​ក្នុង​គោលដៅ​មនុស្ស​ធម៌ គឺ​ត្រឹមត្រូវ​ហើយ​ ក៏​ប៉ុន្ដែ ​សុំរដ្ឋាភិបាល​ហ្នឹង​ពិនិត្យ​មើល​ដល់​ប្រជាពលរដ្ឋខ្មែរ​នៅតំបន់​ដាច់​ស្រយាល​មួយ​ចំនួន​ដែរ គួរ​តែ​គិត​គូរ​ដល់​រឿង​ហ្នឹង​។ បើជ្រុល​ជា​គិត​គូរ​ សូម​គិត​គូរ​ឱ្យ​ស្មើ​ភាព​គ្នា​ទៅ កុំ​ឱ្យ​មាន​ការ​រិះគន់​ថា មាន​លក្ខណៈ​លំអៀង ​ឬ​មិន​លំអៀង​អី​អ៊ីចឹង​»។

តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ចង់​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​មើល​ឡើង​វិញ​ពី​ភាព​ស្របច្បាប់​របស់​ជន​អន្តោប្រវេសន៍​វៀតណាម​ដែល​ត្រូវ​បាន​រដ្ឋរក​ដី​ឱ្យ​នៅ​នេះ ដោយ​លើក​ឡើង​ពី​ក្ដី​បារម្ភ​ថា​ នៅពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​ច្បាប់​ធូរ​រលុង ​វា​នឹង​ធ្វើ​ឱ្យ​មាន​ហានិភ័យ​ដល់​ជាតិ​នា​ថ្ងៃ​ខាង​មុខ។

លោក​ រ៉ុង ឈុន៖ «ពេល​ណា​ដែល​យើង​មាន​ភាព​ធូររលុង​ ពេល​នោះ​ជនជាតិ​យួន​ ឬ​ក៏​ជនជាតិ​ផ្សេង​ៗហៀរ​ចូល​មក​ ហើយ​នៅពេល​ដែល​ហៀរ​ចូល​កាន់​តែច្រើន​ទៅ ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់ច្រើន​នៅ​កម្ពុជា​។ ទីមួយ ​មក​ដណ្ដើម​ការងារ ទីពីរ ​វា​បង្ក​ភាព​ខុសច្បាប់​អ្វី​ដែល​គេ​មិន​ស្គាល់​ពី​វប្បធម៌​ប្រពៃណី​ គេ​មិន​គោរព​ច្បាប់​កម្ពុជា​ អាហ្នឹង​ជា​បញ្ហា​ធ្វើ​ឱ្យ​ប៉ះពាល់​ ហើយ​កំណើន​ពលរដ្ឋ​អន្តោប្រវេសន៍​យូរទៅ ​វា​ធ្វើ​ឱ្យ​ពលរដ្ឋខ្មែរ​ទៅ​ជា​ពលរដ្ឋ​ភាគតិច​វិញ។ យើង​និយាយ​នេះ​មិន​មែន​រើស​អើង​លើ​ជនជាតិ​ណា​ទេ ហើយ​ប្រទេស​ណា​ក៏​មាន​ជនជាតិ​អន្តោប្រវេសន៍​ដែរ​ តែ​ប្រទេស​មាន​ការ​អនុវត្តច្បាប់​តឹង​រ៉ឹង»។

បើ​តាម​លោក រ៉ុង ឈុន ដើម្បី​ការ​ពារ និង​រក្សា​សន្តិសុខ​ជាតិ​បាន​រឹង​មាំ​ គួរ​តែ​ពង្រឹងការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍ឱ្យ​ម៉ឺងម៉ាត់ ជៀស​វាង​អំពើពុករលួយ​ ឬ​ការ​ស៊ុមគ្រលុំផ្សេង​ៗ​ទាក់ទង​នឹង​ការ​ផ្ដល់​ភាព​ស្រប​ច្បាប់​ ឬ​ឱ្យ​ជន​បរទេស​មក​នៅ​លើ​ទឹក​ដី​ខ្លួន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ