ក្រសួង​បដិសេធ​ព័ត៌មាន​ថា គ្រូ​ពេទ្យ​រុញ​ដាក់​គ្នា​ពេល​ពលរដ្ឋ​ចង់​​ធ្វើ​​តេស្ត​រក​កូវីដ-១៩​

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ លោកស្រី​ ឱ វណ្ណ​ឌីន ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចពិភាក្សា ស្ដីពី “សារព័ត៌មាន៖ ចំពោះមុខ COVID-19 និងព័ត៌មានក្លែងក្លាយ” នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បដិសេធព័ត៌មានដែល​ថា គ្រូពេទ្យរុញដាក់គ្នាពេលដែល​ពលរដ្ឋចង់​ធ្វើតេស្តរក​កូវីដ-១៩។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃនេះថា ក្រសួងបានពិនិត្យរួចហើយ មិនមានករណីគ្រូពេទ្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មិនធ្វើតេស្តរកជំងឺកូវីដ-១៩ ឱ្យប្រជាពលរដ្ឋ ហើយបែរជារុញឱ្យទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដូចព័ត៌មានមួយចំនួនបានផ្សព្វផ្សាយឡើយ។

លោកស្រីបន្តថា ប្រសិនបើក្រុមគ្រូពេទ្យមិនធ្វើតេស្ត ដោយសារតែអ្នកដែលទៅធ្វើតេស្តនោះ មិនត្រូវតាមនិយមន័យនៃការសង្ស័យថាមានជំងឺកូវីដ-១៩។

លោកថា៖ «​ប្រសិនបើគាត់ចូលនិយមន័យនៃការសង្ស័យ ទើបក្រុមគ្រូពេទ្យ​សម្រេចចិត្តយកវត្ថុសំណាក​ទៅពិនិត្យ មិនមែនយើងចេះតែទៅទាមទារថា ខ្ញុំត្រូវតែធ្វើតេស្តចាំបាច់នោះទេ។ ​ខ្ញុំបានពន្យល់រួចហើយថា ការដែលយើងធ្វើតេស្ត ទាល់តែយើងទៅជួបជាមួយក្រុមគ្រូពេទ្យ ហើយក្រុមគ្រូពេទ្យពិនិត្យ ហើយភាពសសង្ស័យ​វាច្រើន បានគេ​ធ្វើតេស្ត​។ ការធ្វើតេស្តនេះ មិនមែនទៅបូមឈាមអីទេ វាត្រូវការការពារ ស្លៀកពាក់ឱ្យបានត្រឹមត្រូវដើម្បីការពារ ពីព្រោះ​យើងត្រូវគិតពីការចម្លងរោគនៅក្នុងមន្ទីរពេទ្យដែរ»។

ការបដិសេធរបស់ក្រសួងសុខាភិបាលនេះ ធ្វើឡើងបន្ទាប់ពីមានពលរដ្ឋមួយចំនួន​ចែករំលែកព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុក ដោយថា ពេលដែលពួកគេទៅធ្វើតេស្តរកមេរោគកូរ៉ូណានៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនោះ ហើយត្រូវបានគ្រូពេទ្យរុញឱ្យទៅធ្វើតេស្តនៅមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាវិញ។

គិតត្រឹម​ព្រឹកថ្ងៃទី​១៩ ខែមីនានេះ កម្ពុជារកឃើញ​អ្នកផ្ទុក​កូវីដ-១៩ សរុបចំនួន​៣៧ករណី ដែល​ក្នុងនោះមាន​ជនជាតិចិន១នាក់ អង់គ្លេស៣នាក់ កាណាដា១នាក់ ប៊ែលហ្ស៊ិក១នាក់ បារាំង២នាក់ ម៉ាឡេស៊ី៥នាក់ ខ្មែរ២៤នាក់ ដែលក្នុងនោះ ២១នាក់​ជាអ្នកដែល​បាន​ចូលរួម​ពិធីសាសនានៅម៉ាឡេស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ