រោងចក្រ​ជាង​៥០​បាន​ដាក់​សំណើ​ព្យួរ​ការងារ​កម្មករ​

កម្មការិនី២នាក់ដើរនៅពីមុខរោងចក្រមួយកន្លែង នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ប្រាប់វីអូឌីតាមប្រព័ន្ធតេលេក្រាម(Telegram) នៅថ្ងៃនេះថា គិតមកដល់ថ្ងៃទី២០ ខែមីនានេះ មានរោងចក្រជាង៥០ បានដាក់សំណើសុំព្យួរការងារ និងប៉ះពាល់កម្មករជិត៣ម៉ឺននាក់។

វីអូឌីនៅថ្ងៃនេះ បានសាកសួរទៅអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ពាក់ព័ន្ធការវិវឌ្ឍនៃការដាក់សំណើសុំព្យួរការងារកម្មកររបស់រោងចក្រនានានោះ លោក ហេង សួរ ប្រាប់វីអូឌីតាមប្រព័ន្ធ Telegram ថា គិតមកដល់ថ្ងៃនេះ ក្រសួងទទួលបានសំណើសុំព្យួរការងារកម្មករចំនួន ៥៤រោងចក្រ និងមានកម្មករ ២៨០០០នាក់។

កាលពីខែកុម្ភៈ លោក ហេង សួរ ប្រកាសថា បញ្ហាឥទ្ធិពលនៃវីរុសកូរ៉ូណា ឬ​ កូវីដ-១៩ ​នឹងធ្វើឱ្យរោងចក្រកាត់ដេរ​ប្រមាណ ២០០​រោងចក្រ​ ប្រឈមនឹងកង្វះខាត​វត្ថុធាតុដើម​សម្រាប់​បម្រើ​ឱ្យ​ការ​ផលិត​ និងអាចប៉ះពាល់ដល់ការងារកម្មករ-កម្មការិនី​ប្រមាណ ១៦ម៉ឺននាក់ នៅត្រឹមខែមីនា និងមេសា។

កាលពីថ្ងៃទី២៤ ខែកុម្ភៈ លោក ហ៊ុន សែន ប្រកាសថា នៅពេលដែលរោងចក្រព្យួរការងារ ​កម្មករដែលត្រូវបានព្យួរការងារ នឹងទទួលបានប្រាក់ឈ្នួល ៦០ភាគរយនៃប្រាក់ខែគោលរបស់ពួកគេ​ ក្នុង​នោះ​ ថៅកែរោងចក្រត្រូវទទួល​បន្ទុក​បើក​ឱ្យកម្មករ ៤០ភាគរយ និងរាជរដ្ឋាភិបាលចូល​រួម​ចំណែក ២០ភាគរយ ប៉ុន្តែថា លុយ ២០ភាគរយនេះ កម្មករអាចទទួលបានលុះត្រាតែពួកគេចុះឈ្មោះ និងចូលរៀនវគ្គបណ្តុះបណ្តាលជំនាញ ដែលរៀបចំដោយក្រសួងការងារ។

កម្មករម្នាក់បម្រើការងារនៅរោងចក្រគ្រីស្តាល់ម៉ាទីន ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NG លោក សាក់ សំណាង ដែលត្រូវបានថៅកែព្យួរការងារពីរខែ ប្រាប់វីអូឌីថា ថៅកែរោចក្រគ្រីស្តាល់ម៉ាទីន បានព្យួរការងារលោក ​និងកម្មករជាង ៧០០នាក់ផ្សេងទៀតជិត១ខែហើយ គឺពួកគាត់ទទួលបានប្រាក់ឈ្នួលពីថៅកែតែ ៤០ភារយប៉ុណ្ណោះ។ ចំណែកប្រាក់ ២០ភាគដែលរដ្ឋាភិបាលប្រកាសផ្តល់ឱ្យនោះ គឺមិនទាន់ទទួលបានទេ ហើយថា លោកក៏មិនរំពឹងទទួលបានលុយនោះដែរ ដោយថា លោកមិនមានពេលគ្រប់គ្រាន់សម្រាប់ទៅរៀនវគ្គបណ្តុះបណ្តាលនោះទេ។

កម្មកររូបនេះ រៀបរាប់ថា ករណីរោងចក្រព្យួរការងារកម្មករនេះ បានធ្វើឱ្យលោកជួបការលំបាកច្រើនក្នុងជីវភាពគ្រួសារ ដោយថា ពុំមានលុយគ្រប់គ្រាន់សម្រាប់ការចំណាយប្រចាំថ្ងៃ ដូចជា កូនរៀន និងគ្មានលុយបង់សងធនាគារជាដើម។

លោកបន្ថែមថា៖ «យើងជួបការលំបាកច្រើន។ លំបាកត្រង់ថា ពេលយើងត្រូវការបង់ធនាគារ យើងអត់ការងារធ្វើ យើងអត់លុយបង់សងគេ។ ពីមុនយើងធ្វើការងារ ពេលយើងបើកលុយមក យើងបង់សងភ្លាម។ ម្សិលមិញនេះ ខាងក្រសួងការងារតេមកប្រាប់ខ្ញុំឱ្យរៀនជំនាញទន់។ គេថា លុយ២០ភាគរយដែលរដ្ឋាភិបាលប្រកាសឱ្យហ្នឹង ទាល់តែយើងទៅរៀន បានគេឱ្យ»

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានស្នើឱ្យរាជរដ្ឋាភិបាលពិចារណាឡើងវិញ​ចំពោះនីតិវិធីដោះស្រាយសំណងជូនកម្មករនេះ។ លោកថា កម្មករប្រហែលជាមិនអាចទទួលបានប្រាក់ ៤០ភាគរយនោះទេ ប្រសិនបើរដ្ឋាភិបាលនៅតែតម្រូវឱ្យកម្មករចុះឈ្មោះរៀននោះ ដោយថា កម្មករមិនសូវមានពេលវេលាគ្រប់គ្រាន់ និងពុំមានលុយសម្រាប់ការចំណាយរយៈពេលកំពុងរៀន។

លោក អាត់ ធន់៖« ឧទាហរណ៍ថា ក្រុមហ៊ុនត្រូវព្យួរ១ខែ។ អីចឹង ខាងរដ្ឋាភិបាលត្រូវមានតារាងឈ្មោះច្បាស់លាស់នៅពេលកម្មករចូលធ្វើការងារវិញ។ ឧទាហរណ៍ នៅសប្តាហ៍ចុងក្រោយនៃ១ខែហ្នឹង គឺឱ្យកម្មករទៅរៀននៅសប្តាហ៍ចុងក្រោយហ្នឹង នៅរោងចក្ររបស់គាត់។ មានន័យថា ពេលគាត់ត្រឡប់មកពីស្រុក មកស្នាក់នៅផ្ទះមុន១សប្តាហ៍ហើយ គាត់ទទួលបានលុយ ២០ភាគរយហ្នឹងដើម្បីចំណាយ។ វីធីទី២ គឺរដ្ឋាភិបាលធ្វើយ៉ាងម៉េចឱ្យគាត់បានលុយប្រហែល ២០០ដុល្លារ ដើម្បីឱ្យគាត់អាចផ្គត់ផ្គង់បានរយៈពេលព្យួរការងារហ្នឹង»។

វីអូឌី បានសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ដែរថា តើរហូតមកដល់ពេលនេះមានកម្មករចំនួនប៉ុន្មាន អ្នកបានចុះឈ្មោះចូលរៀនវគ្គខ្លីក្រោយពីពួកគេព្យួរពីការងារនោះ ប៉ុន្តែ លោក ហេង សួរ មិនឆ្លើយប្រាប់នោះទេ។

ផ្អែកតាមទិន្នន័យដែលផ្តល់ដោយក្រសួងពាណិជ្ជកម្ម​កាល​ពី​ពាក់​ខែ​កុម្ភៈ​នេះ ឱ្យដឹងថា គិតត្រឹមពាក់កណ្ដាល​ឆ្នាំ២០១៩ កម្ពុជាមានរោងចក្រ​សរុបប្រមាណជាង ១ ៥០០​រោងចក្រនៅទូទាំងប្រទេស ដោយ​ផ្ដល់​ការងារ​ដល់​កម្មករ​ជាង ៨០ម៉ឺននាក់ ដែលភាគច្រើនលើស​លប់​ជាស្ត្រី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ