កម្ពុជា-ថៃសម្រេចបិទច្រកព្រំដែនអន្តរជាតិ និងច្រកទ្វារទាំងអស់នៃប្រទេសទាំងពីរជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
សេចក្តីជូនដំណឹងរបស់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវបានចេញផ្សាយនៅថ្ងៃនេះប្រាប់ទៅប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ ធ្វើការ រៀនសូត្រ និងប្រកបរបរក្នុងភូមិសាស្ត្រខេត្តសាកែវ ថា កម្ពុជានិងភាគីថៃ សម្រេចបិទច្រកទ្វាព្រំដែនៃប្រទេសទាំងពីរគ្រប់កម្រិតជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ សម្រាប់ច្រកទ្វាអន្តរជាតិប៉ោយ រាល់ចរាចរណ៍ទាំងអស់ត្រូវបានបិទជាបណ្តោះអាសន្ន លើកលែងតែរថយន្តមួយចំនួនដែលដឹកទំនិញមានការអនុញាត និងបានឆ្លងកាត់ការត្រួតពិនិត្យសុខភាពដោយសមត្ថកិច្ចថៃត្រឹមត្រូវ។ដោយឡែក ច្រកអន្តរជាតិអូស្មាច់ ច្រកអន្តរជាតិព្រំ ច្រកអន្តរជាតិចាំយាម ច្រកទ្វាអន្តរជាតិភ្នំដី និងច្រកទ្វាតំបន់ចំនួន២ទៀត គឺច្រកបឹងត្រកួន ច្រកតំបន់តាប្រាយ៉ា ច្រកម៉ាឡៃ ច្រកបានណងព្រឺ រួមទាំងច្រកទ្វារទ្វេភាគីចំនួន១៥ផ្សេងទៀតរវាងខេត្តសាកែវ-បន្ទាយមានជ័យ និងរវាងខេត្តសាកែវ-ខេត្តបាត់ដំបង ត្រូវបានបិទទាំងស្រុងផងដែរ។
លើសពីនេះទៀត អាជ្ញាធរថៃនៃបណ្តាខេត្តដែលជាប់ព្រំដែនជាមួយកម្ពុជា រួមមានខេត្តឧប៊ុនរាជធានី ខេត្តស៊ីសាកេត ខេត្តបុរីរាំ ខេត្តច័ន្ទបុរី និងខេត្តត្រាត ក៏បានបិទបណ្តោះអាសន្នរាល់ការចរាចរណ៍ឆ្លងកាត់ច្រកព្រំដែននៃប្រទេសទាំងពីរទៀតផង។
សេចក្តីជូនដំណឹងក៏បានក្រើនរំឮកដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅក្នុងប្រទេសថៃ ត្រូវបានការប្រុងប្រយ័ត្នខ្ពស់ ចេះអនាម័យ និងលាងអាល់កុលជាប្រចាំមុនប៉ះពាល់ផ្ទៃមុខ ឬបរិភោគអាហារត្រូវចំអិនឲ្យឆ្អិនល្អបើសង្ស័យថា ក្តៅខ្លួនលើសពី៣៧.៥អង្សារ ក្អកស្ងួត និងថបដង្ហើមខ្លាំងត្រូវទៅមន្ទីរពេទ្យជាបន្ទាន់ ឬទំនាក់ទំនងលេខ១៤២២ ឬផ្ញើសារមកកាន់អ៊ីមែល [email protected] ឬ messenger តាមរយៈទំព័រហ្វេសប៊ុកឈ្មោះ «ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ/Consulate General in Sakaeo» ឬ ទូរសព្ទលេខ ០៣៧២៣០២០៣ ឬលេខ ០៨៥០១២៣៦៦៨៕