គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហៅកាត់ GDP បានបង្ហាញការសោកស្តាយចំពោះវិធានការរបស់រដ្ឋាភិបាល ថាមានភាពយឺតយ៉ាវ ដើម្បីឆ្លើយតបទៅនឹងការវិលចូលប្រទេសពីសំណាក់ពលករខ្មែរដែលទៅធ្វើការងារនៅប្រទេសថៃ។
ក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននៅថ្ងៃនេះ លើកឡើងថា ក្រោយដឹងពីវិធានការបិទច្រកព្រំដែននេះ ពលករខ្មែរជាច្រើនបានវិលមកស្រុកកំណើតវិញតាមច្រកព្រំដែនកម្ពុជា-ថៃ ដោយក្នុងនោះ GDP មើលឃើញថា រដ្ឋាភិបាលខ្វះចន្លោះលើការអនុវត្តវិធានការវេជ្ជសាស្ត្រ ធ្វើតេស្តរកជំងឺកូវីដ១៩ ក៏ដូចជាការដឹកជញ្ជូន និងការស្នាក់នៅរបស់ពួកគាត់ផងដែរ។
ទោះបីជាសោកស្តាយចំពោះភាពយឺតយ៉ាវជុំវិញវិធានការរបស់រដ្ឋអំណាចនេះក៏ដោយ ប៉ុន្តែ គណបក្ស GDP យល់ថា រដ្ឋាភិបាលនៅមានវិធានការសមស្របដើម្បីសម្រួលដល់ការវិលចូលស្រុករបស់ពលរដ្ឋខ្មែរ និង ចំណាត់ការទប់ស្កាត់ជំងឺកូវីដ១៩ នៅមិនទាន់ហួសពេលទេ។
គណបក្សនេះស្នើដូច្នេះថា៖ «គបម ស្នើឱ្យរាជរដ្ឋាភិបាលសម្របសម្រួលការដឹកជញ្ជូន និងរៀបចំស្នាក់នៅបណ្តោះអាសន្ននៅតាមតំបន់ជិតព្រំដែន ហើយរាជរដ្ឋាភិបាលជួយឧបត្ថម្ភជីវភាព និងធ្វើតេស្តពិនិត្យសុខភាពមុននឹងបន្តដំណើរទៅភូមិស្រុកខ្លួន»។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បន្ថែមថា ចំពោះពលករខ្មែរដែលបានទៅដល់ស្រុកកំណើត សុំឱ្យអាជ្ញាធរមូលដ្ឋានសម្របសម្រួលពួកគាត់មកស្នាក់នៅកន្លែងតែមួយ ឬនៅផ្ទះដាច់ដោយឡែក ដោយរដ្ឋត្រូវផ្តល់ការឧបត្ថម្ភជាកន្លែងស្នាក់នៅ បាយ ទឹក និងពិនិត្យតាមដានសុខភាពរបស់ពួកគាត់ មុននឹងបញ្ជាក់ថា ពួកគាត់មិនមានជំងឺកូវីដ១៩ ទើបអនុញ្ញាតឱ្យពួកគាត់អាចដើរហើរជាធម្មតាបាន។
នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង ឬCDC បានអះអាងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា គិតត្រឹមម៉ោង ១០ព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ក្រសួងរកឃើញអ្នកជំងឺ COVID-19 សរុបទាំងអស់ចំនួន៨៦ករណី ដោយខាងក្រសួងទើបនឹងរកឃើញ២ករណីថ្មីទៀត ដែលត្រូវបានរកឃើញនៅខេត្តកំពង់ចាម ១ករណី និងខេត្តកោះកុង ១ករណី។
នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង លើកឡើងថា ពុំទាន់រកឃើញភស្តុតាងបញ្ជាក់ថា មានការឆ្លងក្នុងសហគមន៍នៅឡើយទេ តែលទ្ធភាពនឹងអាចកើតមានឡើង៕