សាក្សីដែលជាប់ឃុំជាមួយអតីតសកម្មជនដីធ្លី បានអះអាងថា មន្ត្រីប៉េអឹមខេត្តបន្ទាយមានជ័យ បានទាញកាំភ្លើងខ្លីប្រភេទកា៥៤(ចិន) បាញ់ទៅលើលោក ទុយ ស្រស់ ក្នុងពេលដែលឃុំខ្លួននៅទីបញ្ជាការកងរាជអាវុធហត្ថ។
នេះជាការបញ្ជាក់របស់លោក អាន សារួន សាក្សីម្នាក់ក្នុងចំណោមមនុស្ស ៣នាក់ផ្សេងទៀត ដែលបានឃើញហេតុការណ៍នេះ នៅយប់ទី៣ នៃការឃុំខ្លួនពួកគេ។
លោក សារួន បន្តថា លោក ទុយ ស្រស់ ត្រូវបានលោក ឆយ រដ្ឋនា ហៅ សឿង ៣៨ ជាជំនួយការការិយាល័យប្រឆាំងគ្រឿងញៀន បានដកកាំភ្លើងរួចបាញ់មួយគ្រាប់ ប៉ុន្តែ មិនផ្ទុះ។
លោកបន្ថែមថា៖ «ដល់មកលើកទី៣ បានយកកាំភ្លើងមកវិញ។ សឿង ៣៨ ហ្នឹងឯងយកកាំភ្លើងខ្លីមក។ មកដល់ភ្លាម សម្លុតថា ម៉េចឯង ស្ដាប់អញ ឬមិនស្ដាប់។ បើអត់ស្ដាប់ទេ អញបាញ់ឯងគ្រវាត់ចោល បាញ់ឯងចុយតម្រាយឥឡូវនេះហើយ ឯងមានស្ដាប់អញអត់។ ពេលនោះ ស្រាប់តែថា ឯងមានស្គាល់កាំភ្លើងអត់ ហើយចាប់អាមេច្រោក ហើយក៏បាញ់ផាំងភ្លាម។ ពេលបាញ់ហ្នឹង ឃើញទាំងអស់គ្នា គឺបាញ់ក្នុងបន្ទប់ខ្លួនតែម្ដង»។
ទាក់ទិនរឿងនេះ របាយការណ៍កោសលវិច័យរបស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ រកឃើញថា មរណភាពរបស់លោក ទុយ ស្រស់ នេះពិតជាកើតចេញពីការធ្វើទារុណកម្មមែន។ របាយការណ៍ដែលចុះកាលបរិច្ឆេទកាលពីថ្ងៃទី៣ ខែមករា បញ្ជាក់ទៀតថា ការចូលរួមត្រួតពិនិត្យនៃការធ្វើកោសល្យវិច័យនេះ ក្រៅពីមន្ត្រីនគរបាលជំនាញហើយ នៅមានមន្ត្រីតុលាការ និងតំណាងមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរីផងដែរ។
របាយការណ៍ដែលមានកម្រាស់ ៣ទំព័រនេះ រកឃើញថា រាងកាយទាំងមូលរបស់សាកសពលោក ទុយ ស្រស់ រាប់ចាប់ពីក្បាលរហូតដល់ជើង ពិតជាទទួលរងការធ្វើទារុណកម្មមែន។
ផ្អែកការវាយតម្លៃ និងសន្និដ្ឋាននៅក្នុងរបាយការណ៍បង្ហាញថា សាកសពមានស្នាមជាំចំនួន ៨កន្លែងនៅលើរាងកាយសាកសព។ ផ្នែកក្បាលមានស្នាមជាំចំនួន ៦កន្លែងរួមមាន ភ្នែក ក្រោមចង្កាខាងស្ដាំ គុម្ពត្រចៀកខាងស្ដាំ លើថ្ងាស និងបែកបបូរមាត់ខាងលើ។ ដោយឡែក ដងខ្លួនវិញមានស្នាមជាំ ២កន្លែង។ ក្រៅពីនេះ ផ្នែកអវយវៈ មានស្លាកស្នាមជាំនៅលើកដៃទាំងពីរ និងមានស្លាកស្នាមដាច់រលាត់ជុំវិញ។
របាយការណ៍ស្ដីពីការធ្វើកោសលវិច័យទៅលើសាកសពលោក ទុយ ស្រស់ នេះ វាដូចគ្នាទៅនឹងការស្រាវជ្រាវឃើញរបស់គណៈកម្មការចំពោះកិច្ចនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែរ។ ភ្លាមៗក្រោយបើកការស៊ើបអង្កេត នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ គណៈកម្មការនេះ បង្ហាញលទ្ធផលរបស់ខ្លួនថា មន្ត្រីប៉េអឹមទាំងពីរនាក់ ពិតជាបានធ្វើទារុណកម្មទៅលើលោក ទុយ ស្រស់ ដើម្បីយកចម្លើយក្នុងពេលឃុំខ្លួនមែន។
នៅថ្ងៃបញ្ចប់នៃការស៊ើបអង្កេតមួយ អយ្យការអមតុលាការខេត្តបន្ទាយមានជ័យ ក៏បានចេញដីកាចាប់ និងខ្លួនមន្ត្រីប៉េអឹមខេត្ត ២នាក់ភ្លាមដែរ។
ដោយផ្អែកលើភស្តុតាងដាក់បន្ទុក និងបណ្ដឹងរបស់ជនរងគ្រោះផង តំណាងអយ្យការសម្រេចចោទប្រកាន់លោក សរ ប៊ុនសឿង និងលោក ឆយ រដ្ឋនា ហៅសឿង ៣៨ ពី២បទល្មើស គឺហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងហិង្សាដោយចេតនាស្ថានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ តាមបញ្ញត្តិមាត្រា ២១៨ និងមាត្រា ២២៤ នៃក្រមព្រហ្មទណ្ឌ។
បើទោះជាយ៉ាងនេះក៏ដោយចុះ សម្រាប់រដ្ឋបាលខេត្តបន្ទាយមានជ័យវិញ បានចេញសេចក្ដីប្រកាសការពារខ្លួនថា មរណភាពរបស់អតីតអ្នកតស៊ូមតិរឿងដីធ្លីនេះ មិនមែនស្លាប់ព្រោះការធ្វើទារុណកម្មទេ។ ក្រោយលោក ទុយ ស្រស់ ស្លាប់កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ សាលាខេត្តបន្ទាយមានជ័យ ដែលមានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់កម្លាំងសមត្ថកិច្ច ប្រឆាំងនឹងហ្វូងបាតុករ ចេញមុខអះអាងថា លោក ទុយ ស្រស់ ស្លាប់នេះព្រោះតែញៀនស្រាមិនដាច់ និងជាមនុស្សមានស្មារតីមិននឹងនរ។
បញ្ជាក់ជំហរសារជាថ្មីម្ដងទៀត លោក ស៊ុន វុត្ថា មន្ត្រីសាលាខេត្តបន្ទាយមានជ័យ ថ្លែងថា គេមិនមានអ្វីដែលថ្មីដើម្បីបំភ្លឺចំពោះការរកឃើញអំពីមរណភាពរបស់លោក ទុយ ស្រស់ ឡើយ។ លោក វុត្ថា បន្តថា ចម្លើយនៅដូចដើម ហើយក៏ពុំមានសំអាងហេតុណាមួយក្រៅពីលិខិតបំភ្លឺដូចដែលសាលាខេត្តបន្ទាយមានជ័យធ្វើហើយនោះទេ។
លោកបន្តថា៖ «បងសួរខ្ញុំអ៊ីចឹង ខ្ញុំមិនដឹងឆ្លើយថាម៉េចដែរទេ។ ខាងសាលាខេត្តគេមានជារបាយការណ៍ហើយតើ! បងអាចមើលរបាយការណ៍ហ្នឹងទៅ។ ពួកខ្ញុំអត់មានចម្លើយអ្វីដែលត្រូវជូនទៀតទេ។ ឥឡូវនេះកំពុងទៅក្នុងព្រៃ»។
លោក ហ៊ឹម គីរី តំណាងម្នាក់ក្នុងចំណោមពួកគេទាំង ៥នាក់ អះអាងថា លោកបានឃើញលោក ទុយ ស្រស់ ពិតជាត្រូវបានប៉េអឹមទាញកាំភ្លើងខ្លីបាញ់មែន ក្នុងអំឡុងពេលឃុំខ្លួននៅថ្ងៃទី២។ យូរឃើញលើកដៃស្ទាបត្រង់មុខរបួសដែលមានស្នាមជាំ ក្រោយរងការធ្វើទារុណកម្ម លោក គិរី បន្តថា ជាសំណាងល្អ ពេលដែលបាញ់នោះ គឺគ្រាប់មិនផ្ទុះ ជាហេតុធ្វើឱ្យលោក ទុយ ស្រស់ អាចបន្តរស់រានមុននឹងត្រូវស្លាប់នៅថ្ងៃទី១ ដើមខែមករា ឆ្នាំ២០២០។
លោកបន្ថែមថា៖ «ពេលចេញមកវិញ សឿង ៣៨ បានយកកាំភ្លើង៥៩ ទៅភ្ជង់មុខ ទុយ ស្រស់ ហើយខ្ញុំនៅជិតហ្នឹងឯង។ ពេលនោះ សឿង ៣៨ បាញ់យកតែម្ដង។ ស្រាប់តែអាមេច្រោក បាញ់ផ្លេកនៅនឹងមុខខ្ញុំហ្នឹងតែម្ដង។ ខ្ញុំភ្ញាក់ប៉ុនគេចោលតែម្ដង។ ខ្ញុំក៏ចាប់ផ្ដើមថយទៅដេកនៅឆ្ងាយពី ទុយ ស្រស់ បន្តិចវិញ។ ខ្ញុំចាប់ដេកជិតបង្គន់វិញម្ដង។ វាបាញ់ចេញពីបង្អួច ហើយ ទុយ ស្រស់ គិតតែអង្គុយលុតជង្គង់មើលមុខ សឿង ៣៨»។
ជាអតីតមន្ត្រីយោធាក្នុងកងពល៥១ លោក អាន សារួន បញ្ជាក់ថា ក្នុងពេលឃុំខ្លួននៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកបានឃើញសរសៃជើងទាំង២របស់លោក ទុយ ស្រស់ ត្រូវបានគេកាត់ផ្ដាច់។ លោកបន្តថា ការកាត់ផ្ដាច់សរសៃកែងជើងទាំង២នេះ គឺនៅមុនពេលគេបញ្ជូនចេញពីបន្ទប់ឃុំខ្លួននៅប៉េអឹម។ ហើយស្នាមកាត់នេះទៀតសោត គឺមានទំហំប៉ុនចង្កឹះនៅកែងជើងទាំងសងខាង។ ប្រភពបញ្ជាក់បន្ថែមថា សាកសពអតីតអ្នកតស៊ូរឿងដីធ្លីនេះ ត្រូវបានអាជ្ញាធរខេត្តតម្រូវឱ្យក្រុមគ្រួសារបូជាយ៉ាងប្រញាប់ថែមទៀតផង។
លោក អ៊ិន គង់ជិត មន្ត្រីអង្គការលីកាដូ (Licadho) ប្រចាំខេត្តបន្ទាយមានជ័យ ឱ្យដឹងថា កាលណាមន្ត្រីកងរាជអាវុធហត្ថប្រើប្រាស់អាវុធដើម្បីបង្ខំឱ្យជនសង្ស័យផ្ដល់ចម្លើយ ទោះស្ថិតក្នុងហេតុផលណាមួយក៏ដោយ គឺមិនត្រឹមត្រូវឡើយ។ លោកបន្ថែមថា កងកម្លាំងដែលអាចប្រើប្រាស់អាវុធបាន លុះត្រាក្នុងករណីចាំបាច់ណាស់។
លោកបន្ថែមថា៖ «កងកម្លាំង គឺគាត់អត់ត្រូវប្រើប្រាស់អាវុធបែបហ្នឹងទេ។ ការប្រើប្រាស់អាវុធនេះ គឺវាផ្ទុយពីបទបញ្ជារបស់កងកម្លាំង។ ការប្រើប្រាស់អាវុធហ្នឹងលុះត្រាតែមានការការពារខ្លួន ឬបើកកិច្ចប្រតិបត្តិការបង្ក្រាបទៅលើបទល្មើសអ្វីមួយ ដែលមានជនសង្ស័យ ឬជនដែលប្រព្រឹត្តិគាត់តដៃ។ បើបែបនេះ គឺច្បាប់អនុញ្ញាតឱ្យកងកម្លាំងអាចប្រើប្រាស់បាន ប៉ុន្តែ វាសមាមាត្រ»។
បើតាមលោក អាន សារួន គិតមកដល់ពេលនេះ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មានអ្នកដែលស្លាប់ព្រោះធ្វើទារុណកម្មចំនួន ១១នាក់រួចមកហើយ។ និយាយបណ្ដើរ លើកអាវបង្ហាញស្នាមជាំ ហើយប៉ោងឆ្អឹងជំងឺ ក្រោយការធ្វើទារុណកម្មបណ្ដើរ លោក សារួន បន្ថែមថា ក្រុមប៉េអឹមដែលធ្វើទារុណកម្ម ដើម្បីយកចម្លើយពីពួកគាត់ បានគំរាមសម្លាប់បន្ថែមទៀត ប្រសិនបើនៅទទឹងរឹងរូស មិនព្រមសហការផ្ដល់ចម្លើយតាមការចង់បានរបស់ពួកគេទេ។
លោកបន្តថា៖ «អញបញ្ជាវ៉ៃ គឺពួកឯងវ៉ៃទៅ។ បើវាងាប់ ចាំអញអ្នកយកចេញទាំងយប់។ មាន ១១នាក់ហើយដែលងាប់ទីនេះ ម៉េចចង់ឱ្យគ្រប់ ១២នាក់ទៀតមែន។ បើបាន ១២នាក់ ចាំអញយកចេញ និងដោះស្រាយ។ អញវ៉ៃស្លាប់អស់ ១១នាក់ហើយនៅក្នុងពេលឃុំខ្លួន ដោយស្នាដៃអញ។ ឯងមានស្គាល់អញទេឈ្មោះ សឿង ៣៨។ ពេលនេះ ឯងចង់ឱ្យអញសម្លាប់ឱ្យគ្រប់ ១២នាក់ បើឯងម្នាក់ទៀតគ្រប់ ១២នាក់តែម្ដង ហើយចាំអញអ្នកយកចេញខ្មោចនេះ»។
រហូតមកដល់ពេលនេះ ពុំមានប្រភពណាម្នាក់ដែលបានផ្ដល់សម្ភាសន៍បញ្ជាក់ថា ពួកគេត្រូវបានអ្នកណាម្នាក់ញុះញង់ ឬដឹកនាំឱ្យទៅចាប់ដីនៅទីតាំងដែលមានទំនាស់ទេ។ ដីដែលចាប់នោះ គឺដឹងតៗគ្នាប៉ុណ្ណោះ មិនមានអ្នកណាម្នាក់ដឹកនាំឡើយ។ ប្រជាពលរដ្ឋភាគច្រើន មកពីភូមិឃុំ និងស្រុកផ្សេងៗគ្នា។
លោក នូវ នឿន ឱ្យដឹងថា មានអ្នកខ្លះមកពីប៉ោយប៉ែត អ្នកខ្លះមកពីស្រុកភ្នំស្រុក ស្រុកមង្គលបូរី និងមកពីខេត្តផ្សេងទៀតក៏មានដែរ ដូចជាខេត្តសៀមរាបជាដើម។
បើតាមលោក នូវ នឿន ក្នុងមួយគ្រួសារ អាចចាប់ដីបានត្រឹមក្បាលដី ២៥ម៉ែត្រ គុណនឹង ៤៥ម៉ែត្រប៉ុណ្ណោះ ហើយទំហំដីបែបនេះ គឺដូចៗគ្នា។
រស់នៅក្នុងបន្ទប់ជួល ដែលមានទំហំប្រហែល ២ម៉ែត្របួនជ្រុង ហើយផ្ទុកណែនដោយអីវ៉ាន់ក្នុងសង្កាត់លេខ៤ ក្រុងប៉ោយប៉ែត លោក នឿន និយាយថា ដោយសារឃើញដីទំនេរ ហើយមានពលរដ្ឋចេះតែទៅចាប់តៗគ្នា ទើបក្រុមគ្រួសាររបស់លោក សម្រេចចិត្តចាប់ដីនឹងគេដែរ។
ម្យ៉ាងវិញទៀត ការតវ៉ានៅខាងមុខសាលាខេត្តកាលពីឆ្នាំមុននោះ គឺពុំមានអ្វីក្រៅពីទាមទារឱ្យចៅហ្វាយខេត្តជួយរកដំណោះស្រាយ និងសងសំណងខ្លះៗដែលកម្លាំងសមត្ថកិច្ចដុតបំផ្លាញ និងរុះរើលំនៅឋានពួកគេចេញប៉ុណ្ណោះ។
លោកបន្ថែមថា៖ «ដល់ពេលជុំគ្នាទៅវិញអស់ទៅគឺថាឥឡូវយើងបើគេឈូសឆាយរបស់យើង យើងមកសុំតែថ្លៃឈើ និងសោហ៊ុយសោដាត្រឡប់មកវិញ។ យ៉ាងណាក៏បានខ្លះត្រឡប់មកវិញ ព្រោះយើងជាអ្នកខ្វះខាត»។
នេះជាប្រភេទដីសាធារណៈរបស់រដ្ឋ និងជាស្ថានីយស្តារព្រៃឈើ ដែលគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើខេត្ត ហើយមួយភ្នែកនៃដីនេះស្ថិតនៅក្នុងឃុំសិង្ហ នៃស្រុកអូរជ្រៅ និងមួយភ្នែកទៀតស្ថិតនៅក្នុងឃុំស្លក្រាម ស្រុកស្វាយចេក។ ទាក់ទិនទំហំផ្ទៃដីពិតប្រាកដនេះ ពុំទាន់មានរបាយការណ៍ពីអង្គការ ឬប្រភពណាម្នាក់អាចបញ្ជាក់លំអិតបាននូវឡើយទេ។
មន្ត្រីសមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តបន្ទាយមានជ័យ ឱ្យដឹងថា ដើមហេតុនៃដីទំនាស់នេះ ផ្ដើមចេញពីមនុស្ស២នាក់ ដែលស្ថិតនៅក្នុងអតីតកូតាគណបក្សហ្វ៊ុនស៊ិនប៉ិចដូចគ្នា។ លោក តួ ធានទឺ អតីតអភិបាលរងខេត្តបន្ទាយមានជ័យ និងអ្នកស្រី ចក់ ពួក ត្រូវជាប្រពន្ធរបស់លោកឧកញ៉ា តែ ហាំង ដែលអ្នកទាំងពីរ សុទ្ធតែមនុស្សរបស់អតីតគណបក្សហ្វ៊ុនស៊ិនប៉ិចតែមួយ។
លោក ស៊ុំ ចន្ទគារ បញ្ជាក់ទៀតថា នៅអំឡុងឆ្នាំ២០០៦ រដ្ឋបាលព្រៃឈើខេត្ត បានកាត់គម្រប់ដីព្រៃឈើដែលកាន់កាប់ដោយលោក តួ ធានទឺ នេះ មកគ្រប់គ្រងវិញ។ ប៉ុន្តែ ក្រោយមក ស្រាប់តែដីដែលកាត់ចេញនេះ ត្រូវអ្នកស្រី ចក់ ពួក កាន់កាប់មួយចំនួន ផ្ទុយពីលោក តួ ធានទឺ ត្រូវអស់ដីគ្រប់គ្រងទាំងស្រុងនៅទីនោះ ក្រោយរដ្ឋកាត់ចូលជាគម្រប់ដីព្រៃរបស់រដ្ឋបាលព្រៃឈើ។ ប្រភពបន្តថា អ្នកទាំងពីរ បានក្លាយជាគូទំនាស់ក្នុងរឿងដីធ្លីរហូតមក។
វីអូឌី ព្យាយាមរកលេខទូរសព្ទអ្នកទាំងពីរ ដើម្បីទំនាក់ទំនង និងបកស្រាយបំភ្លឺ ប៉ុន្តែ ពុំអាចទាក់ទងបាន រហូតមកដល់ពេលនេះ។ វីអូឌី បានទទួលលិខិតមួយច្បាប់ ដែលគេជឿថា លោក តួ ធានទឺ ស្ថិតនៅពីក្រោយនៃលិខិតស្នើសុំកាន់កាប់ដីប្រមាណជិត ២ពាន់ហិកតានៅចំណុចឃុំតាបែន ឃុំស្វាយចេក ឃុំស្លក្រាម ស្ថិតក្នុងស្រុកស្វាយចេក និងឃុំចង្ហា ឃុំសិង្ហ ឃុំអូរបីជាន់ ស្ថិតក្នុងអូរជ្រៅនេះ។
លិខិតដែលចុះកាលបរិច្ឆេទថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ដែលសរសេរថា តំណាងឱ្យពលរដ្ឋជាង ១៥០០គ្រួសារ បានស្នើសុំលោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មជនបទ ជួយសម្រួលឱ្យពួកគេរស់នៅបានដោយសមរម្យផង។ លិខិតបញ្ជាក់ទៀតថា ពលរដ្ឋប្រមាណ ១៥០០គ្រួសារ បានមកតាំងទីលំនៅត្រង់ចំណុចដីស្នើសុំនេះតាំងពីឆ្នាំ២០០៩ រហូតមកដល់ពេលបច្ចុប្បន្ន។
បើទោះជាបែបណា ទីទាំងដីដែលមានតំណាងពលរដ្ឋចំនួន ១៥០០គ្រួសារដែលស្នើសុំបង្កើតទៅជាភូមិនេះ លែងជាបញ្ហាតទៅទៀហើយ។ បញ្ហាដែលកើតឡើងកាលពីចុងឆ្នាំ២០១៩នោះ គឺស្ថិតនៅចំណុចដីថ្មី ដូចជា ចំណុចអូរកំបុត អាងកន្សែង និងភូមិទ័ពសៀម ព្រមទាំងទីទាំងសំបុកចាប និងភូមិបឹងស្នោដែលស្ថិតនៅឃុំស្លក្រាម និងឃុំស្វាយចេកឯណោះទៅវិញទេ។ ភូមិសាស្ត្រដីទាំងនោះ គឺស្ថិតនៅចន្លោះឃុំចង្ហា ឃុំស្លក្រាម និងឃុំសិង្ហ ដែលនៅក្បែរនឹងដីរបស់អតីតអភិបាលរងខេត្ត លោក តួ ធានទឺ និងអ្នកស្រី ចក់ ពួក ធ្លាប់មានទំនាស់ដែរ។
លោក ហ៊ឹម គិរី ដែលបានអះអាងថា ក៏ជាជនរងគ្រោះក្នុងវិវាទដីធ្លីនេះ បញ្ជាក់ថា តាមពិតប្រជាពលរដ្ឋផ្អើលទៅចាប់ដីនេះ គឺជាដីទំនេរ និងពុំមានម្ចាស់គ្រប់គ្រងថែមទៀតផង។ ប៉ុន្តែ ក្រោយពីផ្ទុះដំណឹងថា មានពលរដ្ឋចូលទៅចាប់ដីសាធារណៈនេះ ស្រាប់តែមានមនុស្សមួយចំនួន អះអាងថា ដីដែលពលរដ្ឋកំពុងចាប់នោះ ពួកគេជាម្ចាស់កម្មសិទ្ធិទៅវិញ។
កំពុងអង្គុយលើកៅអីជ័របណ្ដើរ និងយូរៗយកដៃស្ទាបមុខរបួសបណ្ដើរ លោក គិរី បញ្ជាក់ថា អ្នកដែលចេញមុខបញ្ជាក់ពីដីមានកម្មសិទ្ធិនេះ ភាគច្រើនជាមន្ត្រីកំពុងបម្រើការនៅតាមមន្ទីររបស់រដ្ឋក្នុងខេត្តបន្ទាយមានជ័យបច្ចុប្បន្ន។
លោកបន្ថែមថា៖ «ខ្ញុំស្គាល់នែ៎! ម្ចាស់ដីហ្នឹង ខ្ញុំស្គាល់អត់ទាន់អស់ទេ ព្រោះអ្នកធំនៅកន្លែងដីនោះវាមានច្រើន។ បើខ្ញុំនិយាយទៅមានអ្នកស្រី ចក់ ពួក តែនេះជារឿងដែលយូរណាស់មកហើយ។ តែរឿង ព្រឹម សាលី និង យិប គង់ ជាដើម ហើយនៅមានប៉ុន្មាននាក់ផ្សេងទៀត ដែលគេប្ដឹងពួកខ្ញុំ»។
អ្នកស្រី ចាន់ នី ត្រូវជាភរិយាលោក ព្រឹម សាលី មន្ត្រីកំពុងបម្រើការនៅនាយកដ្ឋានពន្ធដារខេត្តបន្ទាយមានជ័យ បដិសេធថា អ្នកស្រីពុំបានប្ដឹងពលរដ្ឋទាំងនោះទេ។ ផ្ទុយទៅវិញ ក្នុងនាមជាម្ចាស់ដី ដែលមានប្លង់ផ្ទេរសិទ្ធិកាន់កាប់ត្រឹមត្រូវពីសាច់ញាតិ គឺគ្រាន់តែដាក់លិខិតស្នើសុំកិច្ចអន្តរាគមន៍ពីស្ថាប័នរបស់រដ្ឋប៉ុណ្ណោះ។ អ្នកស្រីបន្ថែមថា ដីដែលស្ថិតនៅចំណុចអាងកន្សែងនោះ គឺមានទំហំក្បាលដីចំនួន ៤០ហិកតា ហើយការផ្ទេរសិទ្ធិគ្រប់គ្រងលើអចលនទ្រព្យនេះ អ្នកស្រី និងក្រុមគ្រួសារបានអនុវត្តតាំងពីឆ្នាំ២០១៦ ដែលមានដំណាំហូបផ្លែគ្រប់ប្រភេទរួចមកហើយ។
អ្នកស្រីបន្ថែមថា៖ «តាមពិតដីហ្នឹងគឺជាដីកេរដំណែលពីឪពុករបស់ខ្ញុំទេ លុះដល់ពេលចូលនិវត្តន៍ទៅ គាត់បានចែកមកកូន។ និយាយឱ្យចំទៅ តាមពិតដីនេះជាទ្រព្យរបស់ខ្ញុំទេ។ ឪពុកក្មេកខ្ញុំគាត់ចែកជូន»។
យ៉ាងណាក៏ដោយ នៅក្នុងរបាយការណ៍បំភ្លឺរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ផ្ញើទៅលោក ស ខេង ដែលវីអូឌី ទទួលបាន គឺលោក អ៊ុំ រាត្រី បានចាត់ទុកអ្នកតវ៉ាទាំងនោះថា ជាក្រុមបង្កភាពវឹកវរដល់សន្តិសុខសង្គម។
លិខិតដែលចេញកាលពីចុងឆ្នាំ២០១៩ បន្ថែមទៀតថា អ្នកដែលទៅចាប់ដីនៅចំណុចភូមិសាស្ត្រមួយចំនួន ដូចជា ចំណុចអូរកំបុត អាងកន្សែង និងភូមិទ័ពសៀម ព្រមទាំងទីទាំងសំបុកចាប និងភូមិបឹងស្នោដែលស្ថិតនៅឃុំស្លក្រាម និងឃុំស្វាយចេកជាដើម គឺជាក្រុមអនាធិបតេយ្យ។
រឹតតែជាបញ្ហា នៅក្នុងរបាយការណ៍របស់លោក អ៊ុំ រាត្រី គូសបញ្ជាក់ថា លោក តួ ធានទឺ ជាអតីតអភិបាលរងខេត្តកូតាមកពីគណបក្សហ្វ៊ុនស៊ិនប៉ិចនេះ ជាមេខ្លោងដែលនាំឱ្យមានការទន្ទ្រានដីរដ្ឋ និងដីឯកជនស្របច្បាប់។
បើតាមលោក នូវ នឿន ដែលអះអាងថា ជារងគ្រោះក្នុងទំនាស់ដីធ្លីនេះដែរ បញ្ជាក់ថា តាមពិតត្រង់ទីតាំងដីដែលលោក តួ ធានទឺ ចែកឱ្យពលរដ្ឋនោះ ពុំមានទំនាស់ និងសៅហ្មងអ្វីឡើយ។ ម្យ៉ាងវិញទៀត អតីតអភិបាលរងខេត្តរូបនោះ ក៏មិនមែនជាអ្នកដែលញុះញង់ឱ្យពលរដ្ឋ ចូលទៅចាប់ដីនៅលើទីតាំងកើតហេតុនោះដែរ។
លោកបន្ថែមថា៖ «ខ្ញុំឃើញគេបាននៅហើយ មិនឃើញមានរឿងអីផង ដោយសារ តួ ធានទឺ គាត់ចែកឱ្យប្រជាពលរដ្ឋ។ ដោយសារមិនឃើញមានរឿង ដោយសារឃើញមានផ្ទះ និងដោយសារឃើញមានពលរដ្ឋដំណាំអីផ្សេងៗនេះឯង ទើបមានទំនុកចិត្ត ហើយម្យ៉ាងទៀត ដោយសារ តួ ធានទឺ គាត់មានដីចែកឱ្យពលរដ្ឋនៅ គឺជាដីរបស់គាត់»។
ទាក់ទិនហិង្សាដែលផ្តើមចេញពីទំនាស់ដីធ្លីនេះ ត្រូវបានលោក អ៊ិន គង់ជិត មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ យល់ឃើញថា ប្រសិនបើអាជ្ញាធរខេត្ត និងភាគីពាក់ព័ន្ធព្យាយាមដោះស្រាយដោយសន្តិវិធី នឹងមិនមានរឿងបែបនេះកើតឡើងទេ។ លោកបន្តថា ការធ្វើទារុណកម្មដោយភ្ជាប់ទៅនឹងសព្វាវុធ ដើម្បីយកចម្លើយពីជនរងគ្រោះ វាជាកំហុសយ៉ាងធំ ចំពោះមន្ត្រីដែលបំពេញតួនាទី និងកំពុងអនុវត្តច្បាប់។
លោកបន្ថែមថា៖ «អ៊ីចឹង ការប្រើប្រាស់អាវុធនេះ វាខុសបទបញ្ជា និងវាអត់ត្រឹមត្រូវ ចំពោះការអនុវត្តតួនាទីរបស់កងកម្លាំង។ ជនដែលជាប់ឃុំគាត់មានអាវុធណា ហើយគាត់មានអីតដៃណា។ គាត់ឆ្លើយបាទៗរហូត។ ហើយសំពះអង្វរថា គាត់រាងហើយ គាត់ស្ដាប់បានហើយ ហើយនៅតែធ្វើបាបគាត់ទៀត»។
មាត្រា ២០ នៃច្បាប់ស្ដីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ចែងថា ជនណាដែលបំពាក់តាមខ្លួន កាន់កាប់ ប្រើប្រាស់ លក់ ទិញ នូវអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ដល់ ២ឆ្នាំ និងពិន័យលុយពី ៥០ម៉ឺន ទៅ ២លានរៀល។ ច្បាប់នេះ ក៏បានបញ្ញត្តិទៀតថា ទោសទណ្ឌនេះនៅមិនគិតដល់បទល្មើសព្រហ្មទណ្ឌផ្សេងទៀត៕