កម្មករ​ជិត​១​ពាន់​នាក់​នៅ​ផ្លូវ​វេង​ស្រេង​ផ្ទុះ​ការ​តវ៉ា បន្ទាប់​ពី​ថៅ​កែ​បើក​ប្រាក់​ឈ្នួល​មិន​គ្រប់​ និង​យឺត​យ៉ាវ​

នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ កម្មករ-កម្មការិនីបម្រើការងារនៅរោងចក្រកាត់ដេរ ឃែនធើរេន ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង បាននាំគ្នាធ្វើកូដកម្ម មិនព្រមធ្វើការ ដោយថាក្រុមហ៊ុនមានចេតនាពន្យារពេល និងបើកប្រាក់ឈ្នួលមិនគ្រប់ជូនពួកគេ។ (សម្ព័ន្ធសហជីពចលនាកម្មករ)

កម្មករ-កម្មការិនីជិត១ពាន់នាក់ បម្រើការងារនៅរោងចក្រមួយ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងរាជធានីភ្នំពេញ បានផ្ទុះការតវ៉ា បន្ទាប់ពីថៅកែបើកប្រាក់ឈ្នួលឱ្យពួកគេមិនគ្រប់ និងមានភាពយឺតយ៉ាវ។

កម្មការិនីម្នាក់ អ្នកស្រី សាន់ សុផា ប្រាប់វីអូឌីថា កម្មករ-កម្មការិនី ៩៩៥នាក់បម្រើការងារនៅរោងចក្រ ឃែនធើរេន ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ បាននាំគ្នាធ្វើកូដកម្មកអត់ធ្វើការទាំងអស់គ្នានៅថ្ងៃនេះ ដើម្បីទាមទារទៅថៅកែឱ្យបើកប្រាក់ឈ្នួលជូនពួកគេគ្រប់ចំនួន និងបើកទៀងទាត់។

កម្មការិនីរូបនេះ អះអាងថា ថៅកែរោងចក្រ ឃែនធើរេន ដែលជាជនជាតិចិន បានបើកប្រាក់ឈ្នួលឱ្យកម្មករមានភាពយឺតយ៉ាវរយៈពេល៤ខែមកហើយ។

អ្នកស្រី សាន់ សុផា បន្តថា ថៅកែមិនត្រឹមតែបើកយឺតយ៉ាវប៉ុណ្ណោះទេ គឺថែមទាំងបើកប្រាក់ឈ្នួលឱ្យកម្មករមិនគ្រប់ចំនួនថែមទៀត ដោយថា ការបើកប្រាក់ឈ្នួលលើកទី២សម្រាប់ខែមីនានេះ គឺថៅកែបើកឱ្យកម្មករបានតែពាក់កណ្តាលប៉ុណ្ណោះ ដែលធ្វើឱ្យប៉ះពាល់ដល់ការចំណាយរបស់កម្មករ ហើយពួកគេមិនសប្បាយចិត្តក៏បានផ្ទុះការតវ៉ាតែម្តង។

អ្នកស្រីបន្ថែមថា៖ «ផលប៉ះពាល់គឺខ្លាំងមែនទែន យើងត្រូវការលុយចំណាយលើការហូបចុក។ ឥលូវការទិញរបស់របរទីផ្សារឡើងថ្លៃទៀត។ ពួកគាត់តែងរំពឹងថា ដល់ថ្ងៃហ្នឹងគាត់បើកលុយហើយ។ អីចឹង គឺលុយរបស់ពួកគាត់ គឺខើចតែម្តង។ ព្រោះយើងបើក១ខែពីរដង។ បើក១ខែពីរដងហើយ ថៅកែគាត់កាត់ចេញពាក់កណ្តាលទៀត។ អីចឹង ប៉ះពាល់ច្រើន។ អ្នកខ្លះត្រូងបង់ធនាគារ អ្នកខ្លះកូនតូចអឹមទឹកដោះគោ និយាយទៅគឺខ្វះខាតសម្រាប់ការចាយវាយច្រើនតែម្តង»

វីអូឌីមិនអាចសុំការឆ្លើយតបពីប្រធានរដ្ឋបាលរោងចក្រ ឃែនធើរេន លោក គីម ប៊ូ បានទេ ដោយទូរសព្ទចូលច្រើនដងគ្មានអ្នកទទួល។

អគ្គលេខាធិការរងគណៈកម្មការដោះស្រាយកូដកម្ម បាតុកម្មគ្រប់មុខសញ្ញា នៃក្រសួងការងារ លោក វង្ស សុវណ្ណ មានប្រសាសន៍ថា ករណីវិវាទការងារនៅរោងចក្រ ឃែនធើរេន គឺមន្ត្រីក្រសួងកំពុងសម្របសម្រួលដោះស្រាយហើយ ប៉ុន្តែ លទ្ធផលយ៉ាងណានោះ គឺលោកមិនទាន់បានដឹងនៅឡើយទេ។

បើតាមអ្នកស្រី សាន់ សុផា ការតវ៉ារបស់ក្រុមកម្មករនៅថ្ងៃនេះ គឺមន្ត្រីក្រសួងការងារបានចុះមកដោះស្រាយដែរ ប៉ុន្តែ មិនទទួលបាលលទ្ធផលអ្វីនោះទេ ដោយភាគីក្រុមហ៊ុននៅតែរក្សាជំហរដដែល គឺបើកប្រាក់ឈ្នួលជូនកម្មករបានតែពាក់កណ្ដាលនៃប្រាក់ឈ្នួលបើកលើកទី២ ដោយរង់ចាំបើកបង្គ្រប់នៅដើមខែក្រោយ។ ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា មានប្រសាសន៍ថា ករណីថៅកែបើកប្រាក់ឈ្នួលឱ្យកម្មករមិនគ្រប់ និងមិនទៀងទាត់នេះ គឺជារឿងខុសច្បាប់។ លោកថា បញ្ហានេះថៅកែមិនបានជូនដំណឹងដល់កម្មករដឹងមុននោះទេ។

មេសហជីពរូបនេះ បានស្នើទៅក្រសួងការងារត្រូវចាត់មន្ត្រីចុះមកដោះស្រាយជាបន្ទាន់ ដើម្បីកុំឱ្យកម្មករជួបការលំបាកលើការចំណាយផ្សេងៗរបស់ពួកគេ។

លោកបន្ថែមថា៖ «ក្រសួងការងារត្រូវចាត់ក្រុមការងារមកអន្តរាគមន៍ភ្លាមៗ ដើម្បីដោះស្រាយរឿងនេះ។ពីព្រោះថា រឿងហិរញ្ញវត្ថុ វាជារឿងចាំបាច់បំផុតសម្រាប់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនកម្មករ។ យើងមិនអាចឱ្យនិយោជកហ្នឹងគាត់ចេះតែយកលេសអញ្ចេះ យកលេសអញ្ចុះ ក្នុងការពន្យារពេលបើកប្រាក់ឈ្នួលម្តងថ្ងៃនេះ ម្តងថ្ងៃនោះទេ។ ប៉ុន្តែ អ្វីដែលកម្មករជំពាក់បំណុល គេមិនលើកហេតុផលពីហេតុដែលយើងជួបប្រទះបានទេ។ តែហ៊ានបង់សងខុសថ្ងៃខុសខែ ខុលពេលវេលា គេនឹងផាកពិន័យគាត់ហើយ»

បើតាមកម្មករ រោងចក្រ ឃែនធើរេន គឺជារោងចក្រកាត់ដេរសម្លៀកបំពាក់ មានថៅកែជាជនជាតិចិន និងមានកម្មករ៩៩៥នាក់ កំពុងបម្រើការងារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ