លោក ហយ ឆៀវ បានធ្វើការជាមគ្គុទេសក៍ទេសចរណ៍នៅខេត្តសៀមរាបរយៈពេល ១៩ឆ្នាំហើយ ដោយរកចំណូលបានចន្លោះពី ៧០០ទៅ ១,០០០ដុល្លារក្នុងមួយខែៗ តាមរយៈការនាំភ្ញៀវទេសចរទៅទស្សនាប្រាសាទ និងតំបន់ទេសចរណ៍នានាក្នុងខេត្តសៀម។
លោកបន្តថា ចំណូលដែលលោករកបានពីវិស័យទេសចរណ៍នេះ គឺលោកផ្គត់ផ្គង់គ្រួសារមួយដែលលមានសមាជិកគ្រួសារ ៤នាក់ និងមួយចំណែកទៀត គឺគាត់ត្រូវបង់ធនាគារជិត ៥០០ដុល្លារសហរដ្ឋអាមេរិក។
ប៉ុន្តែ លោក ឆៀវ ប្រាប់ថា លោកកំពុងតែប្រឈមមុខនឹងកង្វះថវិកាសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ និងរ៉ាប់រងបន្ទុកបំណុលដែលត្រូវសងត្រឡប់ទៅធនាគារជារៀងរាល់ខែ បន្ទាប់ពីឧស្សាហកម្មទេសចរណ៍ក្នុងខេត្តនេះ បានធ្លាក់ចុះក្នុងរយៈពេលជិត ៣ខែចុងក្រោយនេះ ព្រោះតែក្ដីបារម្ភពីការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី ឬ Covid-19។
តួលេខកត់ត្រាដោយគ្រឹះស្ថានអង្គរ ដែលជាក្រុមហ៊ុនឯកជនរបស់រដ្ឋគ្រប់គ្រងលើចំណូលបានមកពីការលក់សំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ បង្ហាញថា ភ្ញៀវទេសចរបរទេសចូលទស្សនាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយនេះ បានធ្លាក់ចុះពីចំនួនជាង ៣៧ភាគរយនៅក្នុងរយៈពេល ២ខែដំបូងនៃឆ្នាំនេះ បើធៀបនឹងតួលេខក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរបរទេសចូលទស្សនាតំបន់រមណីយដ្ឋានអង្គរបែបនេះ បានកើតឡើងចំពេលដែលមានក្ដីបារម្ភកាន់តែខ្លាំងជុំវិញការផ្ទុះឡើង និងការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី ឬ Covid-19 ដែលមានប្រភពមកពីប្រទេសចិន។
តួលេខរបស់អង្គការសុខភាពពិភពលោក បង្ហាញថា មនុស្សដល់ទៅជាង ១៤,៥១០នាក់ហើយ បានស្លាប់ក្រោយពីឆ្លងវីរុសដ៏រាតត្បាតនេះ ហើយមនុស្សដល់ទៅជាង ៣៣ម៉ឺននាក់ បានឆ្លងវីរុសនេះនៅទូទាំងពិភពលោក គិតត្រឹមថ្ងៃទី២៣ ខែមីនា។
ទន្ទឹមនេះ កម្ពុជាបានប្រកាសពីការរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មី (Covid-19) សរុប ៩៣ករណីហើយគិតត្រឹមថ្ងៃទី២៥ ខែមីនា ដោយបានរកឃើញឆ្លងទៅលើពលរដ្ឋកម្ពុជាសរុប ៣៥នាក់ និងជនបរទេសសរុប ៥៤នាក់។
សម្រាប់ខេត្តសៀមរាប ក្រសួងសុខាភិបាលក៏បានរកឃើញអ្នកឆ្លង ២ករណីផងដែរ ដែលក្នុងនោះបុរសកម្ពុជាម្នាក់វ័យ ៣៨ឆ្នាំ បានឆ្លងពីជនជាតិជប៉ុន ដែលត្រូវបានរកឃើញឆ្លងមេរោគ Covid-19 ក្រោយវិលត្រឡប់ពីកម្ពុជាទៅដល់ជប៉ុនវិញ និងបុរសកម្ពុជាម្នាក់ទៀតវ័យ ៤០ឆ្នាំ ដែលបានវិលត្រឡប់ពីចូលរួមពិធីបែបសាសនាឥស្លាមនៅក្នុងប្រទេសម៉ាឡេស៊ី។
មគ្គុទេសក៍ទេសចរណ៍ លោក ហយ ឆៀវ ប្រាប់ថា ស្ថានភាពលំបាកបែបនេះនៃឧស្សាហកម្មទេសចរណ៍នៅខេត្តសៀមរាប បានជំរុញឱ្យលោកស្ថិតក្នុងស្ថានភាពផុងខ្លួនក្នុងបំណុល ដែលលោកបានខ្ចីពីវិស័យហិរញ្ញវត្ថុ។
លោក ហយ ឆៀវ ប្រាប់ថា៖ «២ ទៅ៣ថ្ងៃទៀត នឹងសុំសួរខាងធនាគារថា ខាងធនាគារគួរជួយចូលរួមដំណោះស្រាយយើងខ្លះតាមលទ្ធភាពដែលអាចជួយបាន អាចពន្យារការបង់ ឬក៏យើងអាចបង់តែការប្រាក់សិន ដោយសុំជំពាក់អាដើម ហើយវាគួរតែខាងហ្នឹង គិតដំណោះស្រាយឱ្យយើងខ្លះ ហើយបើសិនឱ្យយើងបង់ពេញៗ ក៏យើងបង់អត់ទៅរួចដែរ»។
ប្រធានសមាគមមគ្គុទេសក៍អង្គរខេត្តសៀមរាប លោក ខៀវ ធី បានឱ្យដឹងថា ការធ្លាក់ចុះជាបន្តបន្ទាប់នៃវិស័យទេសចរណ៍នៅក្នុងខេត្តនេះ បានបង្ខំឱ្យសមាជិករបស់លោកមួយចំនួន ផ្លាស់ប្ដូរមុខរបរ ឬក៏បាត់បង់ប្រាក់ចំណូលយ៉ាងច្រើន ដែលប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃ និងលទ្ធភាពសងត្រឡប់ទៅវិស័យធនាគារ និងហិរញ្ញវត្ថុវិញ។
លោក ខៀវ ធី ប្រាប់ថា៖ «មគ្គុទេសក៍ខ្លះគាត់ជំពាក់ធនាគារ គាត់យ៉ាប់រឿងបង្វិលលុយ។ គាត់ចេះតែឆក់កណ្ដៀតពីបងប្អូនគាត់បន្តិចបន្តួច បង្វិលចុះបង្វិលឡើង ដើម្បីសងធនាគារទៅ»។
បើតាមលោក ខៀវ ធី មគ្គុទេសក៍ទេសចរណ៍ដែលកំពុងបម្រើការនៅក្នុងខេត្តសៀមរាបនៅពេលនេះ មានប្រមាណ ៥០០នាក់ បែងចែកជា ១១ភាសា ក្នុងនោះមានប្រមាណ ១០ភាគរយប៉ុណ្ណោះ ដែលទទួលប្រាក់ខែពីសណ្ឋាគារ ឬក្រុមហ៊ុនទេសចរេណ៍ ក្រៅពីនោះគឺជាមគ្គុទេសក៍ដែលធ្វើតាមការព្រមព្រៀងគ្នានៅពេលដែលមានភ្ញៀវទេសចរមកលេង។
ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរចូលទៅលេងខេត្តមួយនេះ ក៏បានចាប់បង្ខំឱ្យសណ្ឋាគារ និងអាជីវកម្មពាក់ព័ន្ធ ផ្អាកដំណើរការអាជីវកម្មរបស់ពួកគេផងនៅក្នុងរយៈពេលជិត ៣ខែចុងក្រោយនេះ។
អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៣ ខែមីនានេះ សណ្ឋាគារ ៥៧ ក្នុងចំណោមសណ្ឋាគារ ២២៨កន្លែងនៅខេត្តសៀមរាប បានបិទទ្វារ ឬផ្អាកដំណើរការអាជីវកម្មរបស់ពួកគេហើយ ដែលបង្ខំឱ្យបុគ្គលិកនិយោជិតចំនួន ២,៥៤៨នាក់នៅក្នុងចំណោមបុគ្គលិកនិយោជិតសរុប ១២,១៩២នាក់ កំពុងបាត់បង់ការងារធ្វើ។
កញ្ញា ហាន ដា អាយុ ៣០ឆ្នាំ មកពីខេត្តកំពង់ធំ បានធ្វើការជាគណនេយ្យករនៅក្នុងសណ្ឋាគារ Prince de’ Angkor រយៈពេល ២ឆ្នាំមកហើយនោះ។ កញ្ញាបានឱ្យដឹងថា ចាប់ពីខែមករា ឆ្នាំ២០២០មក គឺមានការកាត់បន្ថយថ្ងៃធ្វើការរបស់បុគ្គលិក ហើយថៅកែសណ្ឋាគារបានជូនដំណឹងថា នឹងចាប់ផ្តើមផ្អាកដំណើរការសណ្ឋាគារតែម្ដងនៅដើមខែមេសាខាងមុខនេះ ដោយមិនបានជូនដំណឹងថា ផ្ដល់អ្វីខ្លះឱ្យដល់បុគ្គលិក ហើយនឹងផ្អាករយៈពេលប៉ុន្មាននោះទេ។ កញ្ញាបន្តថា ក្រៅពីថ្លៃចំណាយផ្សេងហើយនៅ គឺបង់ធនាគារក៏ជាបញ្ហាប្រឈមធំមួយផងដែរ។
កញ្ញា ហាន ដា ប្រាប់ថា៖ «ចង់ឱ្យរដ្ឋាភិបាលគិតគូរ ខាងសណ្ឋាគារគិតគូរដូចខាងរោងចក្រដែរ គឺផ្ដល់ប្រាក់ខែ ៦០ភាគរយ ព្រោះមិនថា កម្មកររោងចក្រនោះទេ សណ្ឋាគារគឺដូចតែគ្នា ហើយបើសិនជាសណ្ឋាគារបិទ ឬផ្អាកយូរ វាអាចប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារខ្លាំង ព្រោះយើងពឹងផ្អែកទៅលើប្រាក់ខែដើម្បីយកមកចំណាយ ហើយដល់ពេលបិទយូរអ៊ីចឹង វាពិបាក ព្រោះអីវាមិនដឹងទៅរកការងារនៅកន្លែងណាព្រោះនៅសៀមរាបគេបិទច្រើន»។
អភិបាលក្រុងសៀមរាប លោក នួន ពុទ្ធារ៉ា ប្រាប់ VOD ថា ចំពោះផលប៉ះពាល់ដល់អ្នកបម្រើការក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប លោកឱ្យដឹងថា លោកអភិបាលខេត្តសៀមរាប បានប្រជុំជាមួយបណ្ដាធនាគារនៅក្នុងខេត្តសៀមរាប ដើម្បីរកវិធីថា តើគួរជួយបែបណាដល់ក្រុមអ្នកមានបញ្ហាទាំងអស់ ខណៈដែលមានការផ្អាក និងបិទទ្វារអាជីវកម្មជាបន្តបន្ទាប់នៅក្រុងសៀមរាបនេះ។
លោក នួន ពុទ្ធារ៉ា ប្រាប់ថា៖ «ឯកឧត្តមអភិបាលខេត្ត បានបើកិច្ចប្រជុំបន្ទាន់មួយ ហើយបានជជែកជាមួយធនាគារពាណិជ្ជទាំងអស់ ក្នុងន័យថា តើយើងអាចរកវិធីយ៉ាងណាសម្របសម្រួល ឬជួយបែបណាទៅដល់ក្រុមអ្នកមានបញ្ហាទាំងអស់។ យើងនិយាយរួម វាពាក់ព័ន្ធតាំងពីសណ្ឋាគារ ពាក់ព័ន្ធដល់បុគ្គលិក ខាងក្រុមហ៊ុនអចលនទ្រព្យ វាពាក់ព័ន្ធដល់ប្រជាពលរដ្ឋដែលមានការទិញអីទាំងអស់នោះ»។
អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក បានឱ្យដឹងថា ក្រសួងបានរៀបចំផែនការរួចរាលសម្រាប់វគ្គបណ្ដុះបណ្ដាលនានាឆ្លើយតបនឹងបញ្ហានេះ ប៉ុន្តែ ករណីកូរ៉ូណានេះបានផ្ទុះឡើងនៅខេត្តសៀមរាប ដែលទាមទារឱ្យក្រសួងកែប្រែកម្មវិធីដែលបានរៀបចំសម្រាប់បុគ្គលិកដែលត្រូវផ្អាកការងារនៅខេត្តសៀមរាបទាំងនោះ ដោយមិនអាចបើកវគ្គបណ្តុះបណ្ដាលជំនាញដែលមានការប្រមូលផ្តុំមនុស្សច្រើនបាននោះទេ គឺអាចធ្វើតាមរយៈប្រព័ន្ធ Online។
លោក តុប សុភ័ក ប្រាប់ថា៖ «ការពិត យើងធ្វើតាមការណែនាំរបស់រាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាលក៏មានគម្រោងជួយដល់បុគ្គលិកនិយោជិតដែលគាត់បាត់បង់ការងារហ្នឹង ឱ្យមកចុះឈ្មោះចូលរៀនបណ្ដុះបណ្ដាលរយៈពេល ៤ខែ។ បើយើងគិតពីខែ៣ហ្នឹងទៅ ដោយក្នុងនោះ យើងមានការឧបត្ថម្ភ ដើម្បីទី១ ចំណេះដឹងរបស់គាត់ ហើយទី២ អាចថា គាត់ទទួលបានប្រាក់លើកទឹកចិត្តសម្រាប់គាត់ចំណាយហូបចុកសម្រាប់គាត់»៕