ស្នងការរងទទួលផែនសន្តិសុខខេត្តសៀមរាប អះអាងថា សមត្ថកិច្ចបានដោះលែងស្ត្រីម្នាក់ដែលបង្ហោះពត៌មានមិនពិតថា ត្រូវស្ងោរពងញ៉ាំម្នាក់មួយគ្រាប់ដើម្បីការពារជំងឺកូរ៉ូណាវិញហើយកាលពីម្សិលមិញ ក្រោយពេលហៅយកទៅអប់រំ និងចុះកិច្ចសន្យាហើយ។
ស្នងការរងទទួលផែនសន្តិសុខខេត្តសៀមរាប លោក ហួត សុធី ប្រាប់វីអូឌីនៅថ្ងៃនេះថា ការដែលសមត្ថកិច្ចដោះលែង បន្ទាប់ពីសមត្ថកិច្ចធ្វើអប់រំ និងកិច្ចសន្យា ដោយមានការធានាពីអាណាព្យាបាល។
លោកថា៖ «គាត់ថា ការយល់ដឹងរបស់គាត់នៅមានកម្រិត ចង់និយាយថា គាត់ស្ដាប់នៅពីគេមក ហើយគាត់ចង់តែបង្ហោះទៅ ដើម្បីឱ្យគេចាប់អារម្មណ៍ ដល់អ៊ីចឹងទៅ យើងក៏បានសុំការអនុញ្ញាតពីព្រះរាជអាជ្ញារហើយថ្នាក់ដឹកនាំ ក៏ធ្វើកិច្ចសន្យា អប់រំគាត់ ហើយឱ្យក្រុមការងារដឹកគាត់ទៅផ្ទះវិញ»។
ស្រ្តីឈ្មោះ ដុស សុខឡី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅភូមិទក្សិណត្បូង សង្កាត់គោកចក ខេត្តសៀមរាប។ ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីស្ត្រីរូបនេះ បង្ហោះព័ត៌មានមួយកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ តាមគណនីឈ្មោះ សុខ ឡី ដែលមានខ្លឹមសារថា «នៅស្រុកខ្ញុំ មានកូនង៉ាទើបកើតបាន២ថ្ងៃ ហើយក៏ចេះនិយាយប្រាប់ថា ក្នុងថ្ងៃនេះ ត្រូវស្ងោរពងញ៉ាំម្នាក់មួយគ្រាប់ ដើម្បីការពារជំងឺកូវីដ-១៩ ឬ កូរ៉ូណា»៕