មន្ត្រីសហជីពមូលដ្ឋាន ៤រូបរបស់ស៊ីខៅឌូ (CCADOW) ត្រូវបានតុលាការខេត្តកណ្តាល និងក្រសួងមហាផ្ទៃកោះហៅឱ្យឆ្លើយបំភ្លឺទៅតាមបណ្តឹងរបស់ក្រុមហ៊ុន។
ក្នុងដីកាកោះចុះថ្ងៃទី១១ ខែមីនាដូចគ្នា តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល លោក សូ សុវិទ្យា បានកោះមន្ត្រីសហជីពស៊ីខៅឌូ៤នាក់ មានលោក សំរ៉ុង បុរី លោក ទួន ណៃឡេង លោក សែម សាម និងលោក សែម សុផល ជាសហជីពមូលដ្ឋាននៅរោងចក្រ ស្យុង យិន (Zhong Yin Cambodia B Textile Co.LTD) ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ឱ្យចូលទៅឆ្លើយបំភ្លឺនៅសាលាដំបូងខេត្ត នៅថ្ងៃ៣០ និង៣១ ខែមីនានេះ។
បើតាមដីកាដដែលនេះ អ្នកទាំង៤នាក់នោះ ត្រូវបានមេធាវីរបស់ក្រុមហ៊ុន ជេនើរេសិន ថេកស្តាយដីវេឡុបម៉ិនប្តឹងពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទល្មើស គំរាមកំហែង និងធ្វើឱ្យខូចខាតដោយចេតនា គំរាមកំហែងថានឹងធ្វើឱ្យខូចខាតដែលភ្ជាប់នឹងបញ្ហាអ្វីមួយ និងកំហែងយក»។
ក្នុងលិខិតកោះហៅមួយទៀតចុះថ្ងៃទី២៥ ខែមីនាដូចគ្នា ក្រសួងមហាផ្ទៃក៏បានកោះហៅឱ្យមន្ត្រីសហជីពស៊ីខៅឌូ៤នាក់នោះ ឱ្យឆ្លើយបំភ្លឺនៅថ្ងៃទី៣១ ខែមីនាដែរ ទៅតាមបណ្តឹងរបស់ប្រធានរដ្ឋបាលរោងចក្រស្យុងយិន គឺលោក តុំ គឹមសឿន។
ប្រធានរដ្ឋបាលរោងចក្រ ស្យុង យិន លោក តុំ គឹមសឿន មានប្រសាសន៍ថា លោកប្តឹងមន្ត្រី និងថ្នាក់ដឹកនាំសហជីពស៊ីខៅឌូ ដោយសារសហជីពទាំងនោះបាននាំគ្នាតវ៉ាខុសច្បាប់ និងរារាំងមិនឱ្យក្រុមហ៊ុនដឹកទំនេញចេញពីរោងចក្រ។
លោកបន្ថែម៖ «ក្រុមសហជីព និងថ្នាក់ដឹកនាំសហជីពស៊ីខៅឌូ គឺគាត់បានតវ៉ាបិទផ្លូវ គំរាមកំហែងយក រារាំងមិនឱ្យទំទិញបានដឹកចេញចូលក្នុងបរិវេណក្រុមហ៊ុន វាបានធ្វើឱ្យប៉ះពាល់ដល់ដំណើរចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនផ្សេងទៀតដែលនៅក្នុងបរិវេណតែមួយ»។
អគ្គលេខាធិការសហជីពស៊ីខៅឌូប្រចាំរោងចក្រ ស្យុង យិន លោក សំរ៉ុង បុរី បានច្រានចោលការចោទប្រកាន់នេះ ដោយថា ពួកគាត់មិនបានធ្វើអ្វីខុសដូចការចោទប្រកាន់ឡើយ។
មន្ត្រីសហជីពរូបនេះបន្ថែមថា ពួកគាត់ទាំង ៤នាក់មិនទាន់អាចបញ្ជាក់បានថា ត្រូវចូលទៅបំភ្លឺតាមដីកាកោះ ឬដាក់ពាក្យសុំពន្យារនោះទេ ដោយសារពួកគាត់ទើបទទួលបានដីកានេះ និងរង់ចាំពិភាក្សាជាមួយមេធាវីសិន។
លោកបន្ថែមថា៖ «ខ្ញុំមិនបានទៅគំរាមកំហែង មិនបានទៅញុះញង់ណា! កម្មករ! ពួកគាត់ជាអ្នកធ្វើខ្លួនឯងតើ! កម្មករគាត់អត់សប្បាយចិត្ត គាត់ភ័យខ្លាច ឃើញខាងក្រុមហ៊ុនហ្នឹង យកឡានមកដឹកម៉ាស៊ីនចេញពីរោងចក្រ។ គាត់ព្រួយបារម្ភ គាត់ស្ទាក់ឡានដោយខ្លួនឯងទេ មិនមែនខ្ញុំអ្នកបញ្ជាឱ្យធ្វើណា! ពួកគាត់មិនសប្បាយចិត្ត ដោយសារមិនបើកប្រាក់ខែឱ្យពួកគាត់»។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCADOW) លោក គង់ អាទិត្យ មានប្រសាសន៍ថា ករណីក្រុមហ៊ុនប្តឹងសហជីពទៅតុលាការ និងក្រសួងមហាផ្ទៃនេះ វាជារឿងអយុត្តិធម៌មួយសម្រាប់មន្ត្រីសហជីពរបស់លោក។
លោក គង់ អាទិត្យ បន្តថា វិវាទការងារនៅរោងចក្រ ស្យុង យិន (Zhong Yin Cambodia B Textile Co.LTD) កើតឡើងដោយសារក្រុមហ៊ុនបញ្ចប់កិច្ចសន្យាកម្មករ ដោយមិនបានដោះស្រាយសំណងត្រឹមត្រូវ ហើយថា ការបញ្ចប់កិច្ចសន្យានេះទៀតគឺក្រុមហ៊ុនបានបំពានលើប្រសាសន៍លោកនាយករដ្ឋមន្ត្រី ដែលមិនឱ្យភាគីក្រុមហ៊ុនបញ្ចប់កិច្ចសន្យាកម្មករ ខណៈពេលក្រុមហ៊ុនមានបញ្ហាខ្វះវត្ថុធាតុដើម។
លោកបន្ថែមថា៖ «ក្រុមហ៊ុនអត់បើកប្រាក់ដែលជំពាក់កម្មករហើយ មិនត្រឹមតែប៉ុណ្ណឹងទេ ពេលកម្មករគាត់ផ្ទុះការតវ៉ាបន្តិចបន្តួចទាមទារប្រាក់ខែ និងអត្ថប្រយោជន៍របស់ពួកគាត់ហ្នឹង។ ក្រុមហ៊ុនបានហេតុផលនេះប្តឹងពួកគាត់ទៅតុលាការទៀត។ អីចឹងរឿងនេះវាមិនយុត្តិធម៌សម្រាប់កម្មករទេ។ ហើយមួយទៀត ក្រុមហ៊ុនបានរំលោភទៅលើគោលការណ៍របស់រដ្ឋាភិបាលដែលបានដាក់ចេញពេលថ្មីៗនេះ។ ឥលូវកំពុងរៀបចំឯកសារដាក់ទៅមេធាវី និងរដ្ឋាភិបាលដើម្បីជួយពួកគាត់»។
កាលពីខែកុម្ភៈ លោក ហ៊ុន សែន ក៏ប្រកាសមិនឱ្យថៅកែរោងចក្របញ្ចប់កិច្ចសន្យាការងារកម្មករ ខណៈដែលរោងចក្រកំពុងខ្វះវត្ថុធាតុដើមដោយសារបញ្ហាជំងឺកូរ៉ូណា ឬ Covid-19 នោះទេ។
លោកបន្ថែមថា៖ «ដោយសារប៉ុន្មានថ្ងៃនេះ មានរោងចក្រកន្លែងនេះកន្លែងនោះ ព្យួរការងារកម្មករ។ ខ្ញុំសូមអំពាវនាវ ទី១ សូមកុំឱ្យរោងចក្រនានា ឆ្លៀតពេលដែលកំពុងព្យួរការងារ លុបចោលនូវកិច្ចសន្យាការងារជាមួយកម្មករ។ នេះជាចំណុចដែលដាច់ខាតមិនត្រូវធ្វើរឿងនេះក្នុងពេលវេលាដែលកម្មករជួបការលំបាក»។
កម្មករ-កម្មការិនីប្រមាណជាង ២០០នាក់បម្រើការងារនៅរោងចក្រ ស្យុង យិន (Zhong Yin Cambodia B Textile Co.LTD) ស្ថិតក្នុងភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានថៅកែបញ្ឈប់ពីការងារជាបន្តបន្ទាប់តាំងពីខែសីហា ឆ្នាំ២០១៩មក ដោយកម្មករអះអាងថា ពួកគេមិនបានទទួលសំណងត្រឹមត្រូវតាមផ្លូវច្បាប់នោះទេ៕