លោក​ ហ៊ុន សែន ​ព្រ​មាន​ចាប់​ខ្លួន​នា​យក​រង​អង្គ​ការ​លីកាដូ លោក​ អំ​ សំ​អាត​

(ឆ្វេង) លោក ហ៊ុន សែន ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំថ្មីឆ្នាំ២០២០របស់ក្រសួងសុខាភិបាលនាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ និង(ស្ដាំ) លោក អំ សំអាត ក្នុងថ្ងៃផ្ដល់បទសម្ភាសន៍ដល់វីអូឌី កាលពីខែកក្កដា ឆ្នាំ២០១៨។ (ហ្វេសប៊ុកលោក ហ៊ុន សែន និង វីអូឌី)

​​លោក​នាយក​រដ្ឋម​ន្ត្រី ​ហ៊ុន សែន ព្រមា​នចំ​ៗពីល​​ទ្ធភាព​ចាប់​ខ្លួន​នាយ​ករ​ងអ​ង្គការលី​កា​ដូ ​លោក​ ​អំ សំ​អាត​ បើនៅតែបន្តរិះគន់ទៅលើវិធានការចាប់ឃុំខ្លួនមនុស្សមួយចំនួន ថាបានបំពានទៅនឹងសេរីភាពបញ្ចេញមតិនោះ។

ពីមន្ទីររដ្ឋសភាក្នុងកិច្ចប្រជុំនាថ្ងៃនេះ លោក ហ៊ុន សែន ថ្លែងថា នៅយប់ម៉ិញនេះ លោក អំ សំអាត បាននិយាយជាមួយវិទ្យុនៅក្រៅស្រុកមួយ គាំទ្រមនុស្សដែលអាជ្ញាធរចាប់ខ្លួន ពាក់ព័ន្ធទៅនឹងការប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយមិនពិតពីការឆ្លងរាលដាលនៃកូវីដ១៩នៅកម្ពុជា។

លោកថា៖ «ខ្ញុំសូមព្រមានទុកជាមុន នរណាចង់ថាអីថាទៅ! ខ្ញុំព្រមានលោកឯងទុកជាមុន។ ខ្ញុំព្រមានលោក អ៊ុំ[អំ] សំ​អាត នៃអង្គការលីកាដូ លោកឯងត្រូវប្រុងប្រយ័ត្នក្នុងកាលៈទេសៈនេះ បើទោះច្បាប់ដាក់ប្រទេសក្នុងគ្រាមានអា​សន្នមិនទាន់ចូលជាធរមាន ក៏ខ្ញុំអាចចាប់លោកឯងបានដែរ»។

លោក ហ៊ុន សែន ថ្លែងទៀតថា អ្នកនិយាយគាំទ្រ អ្នកប្រព្រឹតបទល្មើស ក៏ជាប់ក្នុងបទល្មើសដូចគ្នា។

បើទោះបីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងពេលនេះមិនបញ្ចេញឈ្មោះថា មន្ត្រីជាន់ខ្ពស់អង្គការលីកាដូរូបនេះនិយាយជាមួយវិទ្យុណាក៏ដោយ ប៉ុន្តែ នៅយប់មិញនេះ វិទ្យុអាស៊ីសេរីបានដកស្រង់សម្តីលោក អំ សំអាត មកចុះផ្សាយ ពាក់ព័ន្ធទៅនឹងការចាប់ខ្លួនមនុស្សសរុប២៤នាក់ ប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយពីការរីករាលដាលនៃមេរោគរលាកផ្លូវដង្ហើមថ្មី ឬ កូវីដ១៩ នេះ ដែលការឃុំខ្លួននោះ មានទាំងអតីតសកម្មជនបក្សប្រឆាំងផងដែរ។

បើតាមការចុះផ្សាយ លោក អំ សំអាត បានលើកឡើងថា៖ «ប្រសិនជា​យើង​ធ្វើការ​ឃុំខ្លួន​ដោយ​មិន​បាន​ពិចារណា​ឱ្យ​ត្រឹមត្រូវ​ថា​ អ្វី​ជា​សេរីភាព​បញ្ចេញមតិ អ្វី​ជា​បទល្មើស​នោះ​ទេ អាហ្នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដែរ​សម្រាប់​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ​»។

លោក អំ សំអាត នៅថ្ងៃនេះបានចេញមុខបកស្រាយលើបណ្តាញសង្គមថា ការផ្សព្វផ្សាយនោះ បានកាត់សំឡេងខ្លី ដែលលោកថា ខុសពីន័យដើមរបស់លោក។ នាយករងអង្គការលីកាដូរូបនេះ អះអាងថា សម្រាប់រូបលោក ព្រមទាំងអង្គការលីកាដូ គាំទ្រការអនុវត្តច្បាប់ត្រឹមត្រូវ។

លោកថា៖ «គោលបំណងរបស់ខ្ញុំបាទ និងអង្គការលីកាដូ ធ្វើយ៉ាងណាជំរុញឱ្យមានការអនុវត្តច្បាប់ គោរពសិទ្ធិគ្នាទៅវិញទៅមក ដើម្បីឱ្យប្រទេសយើងរស់នៅក្នុងសុខសន្តិភាព រស់នៅក្នុងភាពសុខដុមរមនា ហើយរូបខ្ញុំ ក៏ដូចអង្គការលីកាដូ គាំទ្រវិធានការអនុវត្តច្បាប់»។

អ្នកនាំពាក្យសមាគមអាដហុកការពារសិទ្ធិមនុស្ស លោក ស៊ឹង សែនករុណា ហៅសារព្រមានរបស់រដ្ឋាភិបាល ក្នុងការប៉ុនប៉ងចាប់ខ្លួនមេអង្គការលីកាដូនេះ វាបានដើរឆ្ងាយពីស្មារតីរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលរដ្ឋាភិបាលបានផ្តល់សច្ចាប័ន ខណៈកម្ពុជាមិនទាន់ប្រកាសឱ្យប្រើច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្ននៅឡើយនោះ។

លោកថា៖ «ប្រទេសយើង […] មិនទាន់មានច្បាប់ណាហាមនុស្សមិនឱ្យបញ្ចេញមតិយោបល់នៅឡើយទេ ពីព្រោះរដ្ឋធម្មនុញ្ញយើងក៏នៅជាធរមានដែរអំពីសេរីភាពបញ្ចេញមតិហ្នឹង»។

ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី អះអាងថា ច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្ននឹងត្រូវព្រះមហាក្សត្រប្រកាសឱ្យប្រើប្រាស់ក្នុងស្ថានភាពប្រញាប់ក្នុងពេលដ៏ឆាប់តាមសំណើរបស់រដ្ឋាភិបាល ក្រោយពីមានការយល់ព្រមពីរដ្ឋសភា និងព្រឹទ្ធសភា។

ក្រៅពីព្រមានចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ឃ្លាំមើលសិទ្ធិមនុស្សនៅអង្គការលីកាដូ លោកនាយករដ្ឋមន្ត្រី ក៏បានចេញបញ្ជាផ្ទាល់មាត់ទៅសមត្ថកិច្ច ឱ្យបន្តតាមចាប់ខ្លួនអ្នកលក់តាមអនឡាញ ដែលផ្សព្វផ្សាយថា មានថ្នាំព្យាបាលជំងឺកូវីដ១៩ និងអ្នកផ្សព្វផ្សាយលក់ឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ១៩ ដោយមិនចាំបាច់ឆ្លងកាត់ក្រសួងសុខាភិបាលផងដែរ។

របាយការណ៍មួយចំនួនរបស់អ្នកឃ្លាំមើល បានកត់សម្គាល់ថា សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិ ត្រូវបានធ្លាក់ចុះនៅអាណត្តិទី៦ ក្រោយបោះឆ្នោតឆ្នាំ២០១៨ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលឯកបក្ស ។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានចេញរបាយការណ៍មួយវាយតម្លៃថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នាឆ្នាំ២០១៨ បានធ្លាក់ដុនដាបខ្លាំង។

របាយការណ៍ដដែលលើកឡើងទៀតថា នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មានការអនុម័តច្បាប់មួយចំនួនដែលមានលក្ខណៈរឹតត្បិតក្នុងគោលបំណងបំបិទសំឡេងជំទាស់។ ក្នុងពេលជាមួយគ្នានេះ លំហសម្រាប់អង្គការសង្គមស៊ីវិលក៏ត្រូវបានបំបិទ ចំពេលមានការចោទប្រកាន់នានាជុំវិញ“បដិវត្តន៍ពណ៌”

CCHR​ អះអាងទៀតថា៖ «ការជំនុំជម្រះ និងការកាត់ទោសតក់ក្រហល់ទៅលើបុគ្គលដែលរិះគន់រដ្ឋាភិបាល ព្រមទាំងបរិយាកាសអាប់អួនៅជុំវិញការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បាននាំឱ្យការចូលរួមរបស់សាធារណជនក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះ»។

គម្រោង​យុត្តិធម៌​ពិភពលោក​ World​ Justice​ Project​ បាន​ចេញ​របាយការណ៍​កាលពីឆ្នាំ២០១៩ ដែល​​វាយតម្លៃ​ថា​ ប្រទេសកម្ពុជាមាននីតិរដ្ឋទាប ដោយឱ្យតម្លៃប្រព័ន្ធ​យុត្តិធម៌​កម្ពុជា ​ស្ថិតនៅ​ជិត​បាត​តារាង​​ក្នុង​ចំណោម​១១៣ប្រទេស កម្ពុជាជាប់លំដាប់ប្រទេស១១២។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ