អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) អះអាងថា ថៅកែរោងចក្រគ្មានលទ្ធភាពបើកប្រាក់៤០ភាគរយឱ្យកម្មករពេលព្យួរការងារតាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រីទេ បន្ទាប់ពីអ្នកបញ្ជាទិញមួយចំនួនផ្អាកទទួលទំនិញពីកម្ពុជា ។
អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លោក ខេន លូ ប្រាប់វីអូឌីនៅថ្ងៃនេះថា ប្រសិនបើរដ្ឋាភិបាលតម្រូវឱ្យថៅកែរោងចក្របើកប្រាក់៤០ភាគរយដល់កម្មករ ក្នុងអំឡុងពេលព្យួរការងារនោះ។ លោកថា ថៅកែរោងចក្រគ្មានលទ្ធភាពឡើយ ដោយសារ បច្ចុប្បន្ន អ្នកបញ្ជាទិញមួយចំនួនបានផ្អាកទទួលទំនិញពីរោងចក្រ។ លោកបន្តថា អ្នកបញ្ជាទិញផ្អាកមិនឱ្យនាំទំនិញទៅ គឺចាប់តាំងមានផ្ទុះជំងឺកូវីដ១៩។
លោកថា៖ «អីវ៉ាន់ដែលធ្វើហើយ អត់ឱ្យយកនាំចេញ អីវ៉ាន់ដែលផលិត គេឱ្យយើងឈប់ភ្លាម។ អ៊ីចឹង ពេលដែលមិនបានប្រគល់អីវ៉ាន់ឱ្យអ្នកបញ្ជាទិញ គឺអ្នកបញ្ជាទិញអត់ឱ្យលុយយើងទេ។ អ៊ីចឹង រយៈពេល១ ទៅ២ ខែទៅមុខ រោងចក្រភាគច្រើននឹងអត់មានលុយហូរចូលទេ»។
លោកស្នើទៅអ្នកបញ្ជាទិញឱ្យទទួលទំនិញដែលបានផលិតរួចពីកម្ពុជា ដើម្បីឱ្យថៅកែរោងចក្រមានប្រាក់បើកឱ្យកម្មករ។ ក្រៅពីទទូចឱ្យអ្នកបញ្ជាទិញទទួលទំនិញផលិតរួច លោក ខេន លូ ក៏ស្នើទៅរដ្ឋាភិបាលឱ្យជួយអន្តរាគមន៍ ដោយចេញប្រាក់មួយចំណែកនៃប្រាក់ ៤០ភាគរយ ដែលនិយោជកបើកឱ្យកម្មករអំឡុងពេលរោងចក្រព្យួរការងារកម្មករ។
លោកថា៖ «ប្រសិនបើខែហ្នឹង អត់ទទួលទំនិញ រោងចក្រអត់មានលុយហូរចូល អ៊ីចឹងបើសិនត្រូវទូទាត់៤០ ភាគរយនៃប្រាក់ខែកម្មករ រោងចក្រភាគច្រើនអត់មានលទ្ធភាពទូទាត់ទេ។ អ៊ីចឹង ក៏ស្នើសុំទៅរដ្ឋាភិបាលឱ្យជួយខ្លះដែរ។ បាទ! [អ្នកបញ្ជាទិញ] អត់មានទូទាត់ប្រាក់មកឱ្យ ធម្មតាយើងផលិតអីវ៉ាន់ ប្រគល់អីវ៉ាន់ ហើយកាត់ទូទាត់លុយឱ្យយើង។ ឥឡូវគេអត់ទទួលអីវ៉ានផង អ៊ីចឹងសួរមានលុយពីណា»។
អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) រូបនេះ បន្តថា គិតត្រឹមថ្ងៃទី៣១ ខែមីនានេះ មានរោងចក្រជាង ៧០ បានស្នើសុំព្យួរការងារ ដែលប៉ះពាល់កម្មករប្រហែល ៣ម៉ឺននាក់។ លោកបន្តថា ការព្យួរការងារកម្មករនេះ ដោយសារ រោងចក្រគ្មានវត្ថុធាតុដើមសម្រាប់ផលិតផងដែរ។
កាលពីថ្ងៃទី២៤ ខែកុម្ភៈ លោក ហ៊ុន សែន ប្រកាសថា នៅពេលរោងចក្រព្យួរការងារកម្មករនោះ លោកថា កម្មករនឹងទទួលបានប្រាក់ឈ្នួល ៦០ភាគរយនៃប្រាក់ខែគោលរបស់ពួកគេ ក្នុងនោះ ថៅកែរោងចក្រត្រូវទទួលបន្ទុកបើកឱ្យកម្មករ ៤០ភាគរយ និងរាជរដ្ឋាភិបាលចូលរួមចំណែក ២០ភាគរយ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ប្រសិនថៅកែរោងចក្រមិនផ្ដល់ ៤០ ភាគរយឱ្យកម្មករទេ លោកថា កម្មករនឹងជួបការលំបាកខ្លាំង ដោយពួកគេគ្មានប្រាក់សម្រាប់ដោះស្រាយបញ្ហាជីវភាពក្នុងគ្រួសារ។ លោកស្នើទៅថៅកែរោងចក្រឱ្យពិចារណាចំពោះឡើងវិញ។
លោកថា៖ «និយោជកគួរតែពិចារណាឡើងវិញ ចំពោះការផ្ដល់ ៤០ភាគរយហ្នឹងបន្តទៀត រយៈពេលពីរ ទៅបីខែខាងមុខ ខ្ញុំគិតថា មិនអីប៉ុន្មានទេ ដោយសារ និយោជករកស៊ី៤ ទៅ១០ឆ្នាំ មានលុយគួរសម ហើយកម្មករយើងពិបាកណាស់។ ចំពោះ ២០ភាគរយ រដ្ឋាភិបាលគួរតែផ្ដល់ឱ្យកម្មករដដែល ដោយមិនចាំបាច់មានលក្ខខណ្ឌទៅរៀនទៅសូត្រអ្វីទេ ព្រោះឥឡូវដោយសារជំងឺក៏ពិបាកទៅរៀនដែរ»។
ផ្អែកតាមទិន្នន័យដែលផ្តល់ដោយក្រសួងពាណិជ្ជកម្មកាលពីពាក់កណ្តាលខែកុម្ភៈនេះ ឱ្យដឹងថា គិតត្រឹមពាក់កណ្ដាលឆ្នាំ២០១៩ កម្ពុជាមានរោងចក្រសរុបប្រមាណជាង ១៥០០រោងចក្រនៅទូទាំងប្រទេស ដោយផ្ដល់ការងារដល់កម្មករជាង ៨០ម៉ឺននាក់ ដែលភាគច្រើនលើសលប់ជាស្ត្រី៕