អាជ្ញាធរវៀតណាមបានប្រកាសឱ្យថៅកែរោងចក្រនៅទូទាំងប្រទេស ត្រូវឱ្យកម្មកររបស់ពួកគេពាក់ម៉ាស់ធ្វើការ និងនៅឃ្លាតពីគ្នា២ម៉ែត្រ និងបាញ់ថ្នាំសម្លាប់មេរោគនៅកន្លែងធ្វើការ ដើម្បីបញ្ចៀសមេរោគឆ្លងរាតត្បាតក្នុងចំណោមពួកគេ និងទៅដល់សហគមន៍ពួកគេរស់នៅ។
វិធានការនេះ គឺឋិតក្នុងចំណោមវិធានការគម្លាតសង្គម ៦ចំណុចដែលត្រូវបានដាក់ឱ្យអនុវត្តរយៈពេល ១៥ថ្ងៃ រាប់ចាប់ពីថ្ងៃទី០១ ខែមីនា ក្នុងគ្រាប្រទេសត្រូវបានប្រមុខរដ្ឋាភិបាលវៀតណាមប្រកាសថា “កំពុងស្ថិតក្នុងភាពងាយរងគ្រោះថ្នាក់ដោយមេរោគរាតត្បាតកូវីដ១៩នៅទូទាំងប្រទេស”។
វិធានការ ៥ចំណុចទៀតនោះរួមមាន ហាមការប្រមូលផ្តុំគ្នាលើសពី ២នាក់នៅទីសាធារណៈ រក្សាគម្លាតសុវត្ថិភាព ២ម៉ែត្រពីគ្នា មន្រ្តីរដ្ឋត្រូវធ្វើការពីផ្ទះ ផ្អាកមធ្យោបាយដឹកអ្នកដំណើរសាធារណៈ ប្រមូលកម្លាំង និងធនធានទាំងអស់ទៅទប់ស្កាត់ការឆ្លងរាលដាលចេញពីកន្លែងផ្ទុះការចម្លង ២កន្លែងក្នុងក្រុងហាណូយ និងហូជីមិញ។
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីតាមប្រព័ន្ធអនឡាញកាលពីសប្ដាហ៍មុន នាយករដ្ឋមន្រ្តីវៀតណាមបានប្រកាសជាផ្លូវការចាត់ទុកកូវីដ១៩ ជាមេរោគរាតត្បាតទូទាំងប្រទេស។
តាមប្រភពពីសារព័ត៌មានរដ្ឋវៀតណាម ឱ្យដឹងថា ការប្រកាសបែបនេះ ធ្វើឡើងដើម្បីអនុញ្ញាតឱ្យអាជ្ញាធរអាចបង្កើនវិធានការតឹងរ៉ឹងបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងរាតត្បាត ស្របតាមច្បាប់ទប់ស្កាត់ និងប្រឆាំងមេរោគរាតត្បាតរបស់ប្រទេស។
ការសម្រេចនេះដែរគឺធ្វើឡើងបន្ទាប់ពីតួលេខឆ្លងមេរោគកូវីដ១៩ក្នុងប្រទេស បានកើនលើសពី ២០០ករណី គិតត្រឹមបំណាច់ខែមីនា ហើយក្នុងនោះមាន ៤០ករណីរកឃើញនៅមន្ទីរពេទ្យ Bach Mai ក្នុងក្រុងហាណូយ និងនៅហាង Buddha Bar and Grill ក្នុងក្រុងហូជីមីញ ដែលមានអ្នកពាក់ព័ន្ធជាង ៤ម៉ឺននាក់ ត្រូវប្រកាសឱ្យនៅដាច់ដោយឡែក និងមកតេស្តរកមេរោគឆ្លង។
តាមគេហទំព័រព័ត៌មានរដ្ឋវៀតណាម Chinh Phu នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc លើកឡើងថា បានបញ្ជាឱ្យមន្រ្តីគ្រប់ជាន់ថ្នាក់ ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគដែលកំពុងបង្កភាពភ័យខ្លាចដល់មនុស្សជាតិនៅទូទាំងពិភពលោក។
លោក Phuc លើកឡើងថា នេះជាពេលវេលាដែលត្រូវប្រយុទ្ធប្រឆាំងនឹងមេរោគដែលអាចឆ្លងរាតត្បាតលឿនបំផុត និងកាចសាហាវបំផុតនៅទូទាំងប្រទេស ដោយលោកព្រមានថា៖
«យើងមិនអនុញ្ញាតឱ្យនរណាម្នាក់ងាកចេញពីគោលដៅ និងព្រងើយកន្តើយចំពោះបញ្ហាឡើយ»។
យោងតាមគេហទំព័រមូលនិធិ Fair Wear Foundation វៀតណាមមានកម្មករជាង ២លាននាក់ បម្រើការនៅតាមក្រុមហ៊ុន និងរោងចក្រកាត់ដេរសម្លៀកបំពាក់ជាង ៦០០០កន្លែង ក្នុងនោះរោងចក្រភាគច្រើនមានទីតាំងស្ថិតនៅក្នុងក្រុងហាណូយ និងហូជីមិញ។
កាលពីពាក់កណ្តាលខែមីនា អាជ្ញាធរសុខាភិបាលក្រុងទាំង២ បានបញ្ជាទិញឧបករណ៍តេស្តមេរោគពីរោងចក្រក្នុងស្រុកចំនួន ១ម៉ឺន ៥ពាន់ឈុត និងដល់ ៥ម៉ឺន ៥ពាន់ឈុត នៅខែមិថុនា តាមសំណើរបស់ក្រសួងសុខាភិបាល សម្រាប់ត្រៀមទុកតេស្តក្នុងទ្រង់ទ្រាញធំ។
នៅថ្ងៃម្សិលមិញ ក្រសួងសុខាភិបាលវៀតណាម ក៏បាននាំចូលឧបករណ៍តេស្តរហ័ស ២សែនឈុតដែលអាចដឹងលទ្ធផលក្នុងរយៈពេលត្រឹម ១០នាទី ពីប្រទេសកូរ៉េខាងត្បូង បន្ថែមពីលើឧបករណ៍មានស្រាប់ ដើម្បីប្រើតេស្តរកករណីឆ្លងបន្ទាន់ក្នុងទ្រង់ទ្រាយធំ។
បើតាមការចុះផ្សាយរបស់កាសែត Vietnam Insider វៀតណាមអាចផលិតឧបករណ៍តេស្តរកមេរោគកូវីដ១៩បាន ក្រោមកិច្ចសហការរវាងសាកលវិទ្យាល័យវេជ្ជសាស្រ្តយោធារបស់ប្រទេស និងក្រុមហ៊ុន Viet A Corporation ហើយអាចផលិតចេញក្នុងមួយថ្ងៃចំនួន ២០០ឈុត ឬស្មើ ១ម៉ឺនដើម ដោយ ១ដើមថ្លៃពី ៤ ទៅ ៦សែនដុង ឬស្មើនឹង ១៧ ទៅ ២៦ដុល្លារ សម្រាប់បម្រើការក្នុងស្រុក និងការនាំចេញ៕