ក្រុមយុវជន និងព្រះសង្ឃ ជាង ២០០អង្គ/នាក់ បាននាំគ្នាធ្វើយុទ្ធនាការលើបណ្ដាញសង្គម ដើម្បីស្នើទៅរដ្ឋាភិបាលចេញវិធានការបិទរោងចក្រអារឈើនៅជុំវិញតំបន់ព្រៃឡង់ និងនៅទូទាំងប្រទេស ដើម្បីថែរក្សាព្រៃឈើដែលនៅសល់កុំឱ្យបាត់បង់បន្តទៀត។
យោងតាមទំព័រហ្វេសប៊ុកទិវាបរិស្ថានពិភពលោក ឬ World Environment Day Festival – Cambodia ដែលបង្ហោះ សកម្មជនការពារបរិស្ថាន ព្រះសង្ឃ និស្សិត រួមទាំងប្រជាពលរដ្ឋ បាននាំគ្នាឈរកាន់បដាដោយភ្ជាប់ជាមួយពាក្យថា «បិទរោងចក្រអារឈើទូទាំងប្រទេស»។
សកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ ប្រាប់វីអូឌីនៅថ្ងៃនេះថា ការដែលអនុញ្ញាតក្រុមហ៊ុនបើកអាជីវកម្មអារឈើនៅជាប់តំបន់ព្រៃ ជាដើមចមឱ្យមានការកាប់បំផ្លាញព្រៃឈើនៅក្នុងប្រទេសកម្ពុជាកាន់ខ្លាំងឡើង។ លោកបន្តថា បច្ចុប្បន្ន សកម្មភាពនៃការកាប់បំផ្លាញព្រៃឈើ មិនមានការថយចុះឡើយបើសិនរដ្ឋាភិបាលមិនមានវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពនោះ លោកថា ព្រៃឈើនៅប្រទេសកម្ពុជានឹងវិនាសអស់ក្នុងពេលឆាប់ៗ។
សកម្មជនការពារព្រៃឈើរូបនេះ អំពាវនាវទៅប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមការពារ និងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ដោយជំរុញទៅរដ្ឋាភិបាលបញ្ចប់ការផ្តល់លិខិតអនុញ្ញាតដឹកជញ្ជូនផល អនុផលព្រៃឈើនិងបិទរោងចក្រអារឈើទូទាំងប្រទេស ដើម្បីកុំឱ្យមានសកម្មភាពកាប់បំផ្លាញព្រៃឈើនៅកម្ពុជាបន្តទៀត។
លោកថា៖ «យើងជឿជាក់ថា ប្រសិនជាប្រជាពលរដ្ឋចូលរួមច្រើន យើងជឿជាក់ថា ប្រាកដជាមានប្រសិទ្ធភាព ព្រោះយើងមើលកន្លងមក គឺមានតែប្រជាពលរដ្ឋទេ ជាអ្នកស្រែក ជាអ្នកខ្វាយខ្វល់ ហើយឱ្យប្រជាពលរដ្ឋខ្វាយខ្វល់ រដ្ឋាភិបាលគាត់យកចិត្តទុកដាក់រឿងហ្នឹងហើយ»។
លោក ហេង ស្រស់ បន្តថា យុទ្ធនាការនេះចែកចេញមានបីដំណាក់កាល។ យុទ្ធនាការលើកទី១ ដែលធ្វើតាមបណ្ដាញសង្គមហ្វេសប៊ុក គឺមានរយៈពេល ១០ថ្ងៃ ដោយចាប់ថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមេសា។ យុទ្ធនាការទី២ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៧ ខែមេសា ដោយនាំគ្នាចុះល្បាតតំបន់ព្រៃឡង់។
យុទ្ធនាការលើកទី៣ គឺនាំគ្នាដើរផ្សព្វផ្សាយតាមទីប្រជុំជននានានៅទូទាំងខេត្តក្រុង ដើម្បីអប់រំពលរដ្ឋឱ្យចេះស្រលាញ់ព្រៃឈើ និងចូលរួមទប់ស្កាត់បទល្មើសព្រៃឈើទាំងអស់គ្នា។
របាយការណ៍របស់ក្រសួងបរិស្ថានប្រចាំឆ្នាំ២០១៩ បង្ហាញថា កម្ពុជាមានព្រៃឈើ ៥០ភាគរយគ្របដណ្តប់នៅទូទាំងប្រទេស ដែលអត្រានេះ បញ្ជាក់ថា កម្ពុជាមានព្រៃឈើខ្ពស់ជាងគេនៅតំបន់អាស៊ីអាគ្នេយ៍៕