ក្រសួងសុខាភិបាលបានប្រកាសថា បុរសជនជាតិម៉ាឡេស៊ី ៣នាក់បន្ថែមទៀតដែលមានកូវីដ-១៩ បានជាសះស្បើយ ដែលធ្វើឱ្យចំនួនអ្នកជាពីជំងឺនេះសរុបកើនដល់ ៥៣នាក់។
តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដែលចេញនៅថ្ងៃទី៦ ខែមេសា នេះបានឱ្យដឹងថា ជនជាតិម៉ាឡេស៊ីទាំង ៣នាក់នោះ មានអាយុ ២៦ឆ្នាំ អាយុ ៣៩ឆ្នាំ និងអាយុ ៤០ឆ្នាំ ដែលត្រឡប់មកពីធ្វើការសាសនា នៅស្រុកកងមាស ខេត្តកំពង់ចាម។ ពេលនេះ ពួកគេត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យខេត្តកំពង់ចាម ត្រឡប់ទៅផ្ទះវិញហើយ។
អ្វីដែលគួរឱ្យកត់សំគាល់ ក្រសួងក៏បានប្រកាសឱ្យដឹងផងដែរថា រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមេសានេះ ក្រសួងរកមិនឃើញមានអ្នកឆ្លងកូវីដ-១៩ថ្មីនោះទេ។
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញអ្នកផ្ទុកកូវីដ១៩ ចំនួន ១១៤ករណី ដែលក្នុងនោះព្យាបាលជាសះស្បើយចំនួន ៥៣នាក់ និងអ្នកកំពុងសម្រាកព្យាបាល ៦១នាក់នៅមន្ទីរពេទ្យថ្នាក់ជាតិ និងថ្នាក់ខេត្ត៕