ថៃ​ប្រកាស​ថា ​ខ្លួន​អាច​ផលិត​ឧបករណ៍​តេស្ត​រក​វីរុស​កូវីដ​១៩​

តំណាងក្រុមហ៊ុន Siam Bioscience ប្រគល់ឧបករណ៍តេស្តរកមេរោគកូវីដ១៩ (ប្រើបច្ចេកទេស RT-PCR) ទៅរដ្ឋាភិបាលថៃ កាលពីថ្ងទី០២ ខែមេសា ឆ្នាំ២០២០។ (chiangmainews.co.th)

ថៃប្រកាសថា ខ្លួនអាចផលិតឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ១៩បានហើយតាមវិធីសាស្រ្ត RT-PCR ក្រោមកិច្ចសហការរួមគ្នារវាងនាយកដ្ឋានវេជ្ជសាស្រ្តជាតិ និងក្រុមហ៊ុនក្នុងស្រុក ដោយមានការទទួលស្គាល់ស្តង់ដាគុណភាពពីអង្គការសុ​ខ​ភាពពិភពលោក​ WHO។

ប្រភពពីទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ IAEA ឱ្យដឹងថា RT-PCR គឺជាស្តង់ដាពិសោធរកវត្តមានប្រភេទមេរោគបង្កជំងឺជាក់លាក់មួយក្នុងវត្ថុសំណាកតាមប្រតិបតិ្តកម្មនុយក្លេអ៊ែរ ដែលបណ្តាប្រទេសនានាកំពុងប្រើតេស្តរកមេរោគកូវីដ១៩ ដោយស្តង់ដានេះអាចផ្តល់លទ្ធផលក្នុងរយៈពេលពី៦ ទៅ៨ម៉ោង។

តាមសម្តីអ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ របស់ថៃ CCSA លោក Taweesin Visanuyothin ថ្លែងតា​មគេហទំព័រនាយកដ្ឋានកិច្ចការសាធារណៈរបស់រដ្ឋាភិបាលនៅថ្ងៃសុក្រសប្តាហ៍មុនថា ឧបករណ៍តេស្តនេះកើតចេញពីការអភិវឌ្ឍរួមគ្នារវាងនាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្រ្តនៃក្រសួងសុខាភិបាលសាធារណៈថៃ និងក្រុមហ៊ុន Siam Bioscience។

លោក Visanuyothin បញ្ជាក់ថា ក្រុ​ម​ហ៊ុនបាននាំយកឧបករណ៍តេស្តនេះចំនួន ២ម៉ឺនឈុតប្រគល់ជូនរដ្ឋាភិបាលរួចហើ​យក្នុងដំណាកកាលដំបូង ហើយថា ចំនួននេះនឹងបង្កើនដល់ ១សែនឈុតក្នុងរយៈពេល ៦ខែ សម្រាប់រដ្ឋាភិបាលចែកចាយដល់មន្ទីរពេទ្យនៅទូទាំងប្រទេសចំនួន ១០០កន្លែង។

តាមប្រភពដដែល ការរកឃើញនេះបានជួយដោះស្រាយបញ្ហាខ្វះខាតឧបករណ៍តេស្តនៅតាមមន្ទីរពេទ្យ និងកាត់បន្ថយថ្លៃចំណា​យរបស់រដ្ឋដល់ទៅ ៣ដង ដោយសារផលិតក្នុងស្រុក ១ឈុត ថ្លៃត្រឹម ១៥០០បាត (ស្មើនឹងប្រមាណ ៤៥ដុល្លារ) ខណៈផ​លិតផលនាំចូលមានតម្លៃ ៤៥០០បាត ក្នុង១ឈុត។

តាមកាសែត The Nation របស់ថៃ ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍មុន សហគ្រាសឱសថរដ្ឋថៃក៏បានយល់ព្រមចា​​យលុយ ៦៦០លានបាត (ស្មើជាង ២០លានដុល្លារ)ផងដែរ សម្រាប់ទិញម៉ាស N95 ចំនួន ៤សែនម៉ាស់ និងអាវការពារ ៤សែនឈុតពីប្រ​ទេ​សចិន ហើយទំនិញទាំងនេះ នឹងដឹកម​កជាបន្តបន្ទាប់តាមផ្លូវគោក និងផ្លូវអាកាសនៅមុនដំណាច់ខែមេសានេះ។ 

យោងតាមរបាយការណ៍ពីមជ្ឈមណ្ឌល CCSA ចេញនៅថ្ងៃនេះ ឱ្យដឹងថា ថៃរកឃើញករណីឆ្លងជំងឺកូវីដថ្មីនៅថ្ងៃអាទិត្យម្សិលមិញ ចំនួន ១០២ករណី និងស្លាប់ ៣ករណី (២នាក់ជាបុរសជនជាតិថៃ) ដែលនាំឱ្យតួលេខឆ្លងសរុបក្នុងប្រទេសកើនដល់ ២១៦៩ករ​ណី ក្នុងនោះស្លាប់កើនដល់ ២៣ក​រណី និងជាសះស្បើយកើនដល់ ៦៧៤ករណី។

លោក Visanuyothin បានប្រាប់កាសែត Bangkok Post ថា ក្នុងចំណោមករណីថ្មីទាំងនោះ មានមិនដល់ ១០ករណីទេ ដែលជាករណីនាំចូល ហើយជាង ៩០ករណីទៀត ភាគច្រើនរកឃើញនៅទីក្រុងបាងកក និងខេត្តទេសចរណ៍ភូកេត និងលើពលរដ្ឋថៃត្រឡប់ពីអឺរ៉ុប។ យ៉ាងណា លោកថា តួលេខកំណើនកំពុងបង្ហាញពីការថមថយ ខណៈរដ្ឋាភិបាលបិទការធ្វើដំណើរឆ្លងកាត់ខេត្តផ្សេងៗ។

នៅសប្តាហ៍មុន អាជ្ញាធរថៃ បានផ្តើមដាក់បម្រាមគោលចរនៅទូទាំងប្រទេសពីម៉ោង ១០យប់ដល់ម៉ោង ៤ទាបភ្លឺ ប​ន្ថែមពីលើវិធា​នការមានស្រាប់ ហើ​យអាចនឹងបង្កើនដល់ ២៤ម៉ោង បើចំណាត់ការនេះនៅតែគ្មានប្រសិទ្ធភាពបន្ថ​យកំណើនករណីឆ្លងថ្មីដែលមានខ្ទង់ ១០០ករណី ក្នុង១ថ្ងៃ។

ប្រធានអង្គការ WHO លោក Tedros Adhanom Ghebreyesus ថ្មីៗនេះបានក្រើនរំឭករដ្ឋាភិបាលប្រទេ​សនានាថា វិធានការបិទប្រទេស ឬតំបន់ផ្ទុះករណីឆ្លង អាចត្រឹមពន្យឺតល្បឿនចម្លងរបស់មេរោគ និងជួយសម្រាលសម្ពាធពេទ្យប៉ុណ្ណោះ តែមិនអាចបញ្ឈប់ការឆ្លងរាលដាល់របស់វាបានឡើយ។

លោកបញ្ជាក់ថា អ្វីដែលសំខាន់នោះគឺ ត្រូវតែបង្កើនកម្លាំង និងសមត្ថភាពបុគ្គលិកពេ​ទ្យ ស្វែងរកករណីសង្ស័យឱ្យអស់នៅស​ហគមន៍មូលដ្ឋាន បង្កើនការតេស្តរកអ្នកផ្ទុកមេរោគ ត្រៀមទីតាំង និងបរិក្ខារពេ​ទ្យដាក់ និងព្យាបាលពួកគេដោយឡែក ហើយពិនិត្យមើ​លប្រសិទ្ធភាពនៃកិច្ចការទាំងនេះ​។

គិតត្រឹមថ្ងៃចន្ទនេះ បើតាមតួលេខពី WorldOMeters មានមនុស្សជិត ១លាន ៣សែននាក់ (១ ២៧៦ ៤៩៥ករណី) បានឆ្លងមេរោគកូវីដ១៩ ខណៈអ្នកស្លាប់កើនដល់ជិត ៧ម៉ឺននាក់ (៩ ៦២០ករណី) និងជាសះស្បើយជិត ៣សែននាក់ (២៦៥ ៩៤៤ករណី) ក្នុងនោះ ករណីឆ្លង ៦២ភាគរយ កើតនៅប្រទេសចំនួន ៥ មាន អាមេរិក អេស្ប៉ាញ អ៊ីតាលី អាល្លឺម៉ង់ និងបារាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ